នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៣នេះ បន្ទាប់ពីបើកសវនាការរួចមក ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចអនុញ្ញាតឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត «គ.ជ.ប» ធ្វើការបើកកញ្ចប់សុវត្ថិភាព «ក» មួយចំនួន ដើម្បីផ្ទៀងផ្ទាត់ភាពមិនប្រក្រតីនៃការបោះឆ្នោតតាមសំណើរបស់គណបក្សសង្គ្រោះជាតិជាផ្លូវការហើយ។
សេចក្តីសម្រេចលេខ២៨/២០១៣កបធ.សសរ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៣ របស់ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចអនុញ្ញាតឲ្យ គ.ជ.ប បើកកញ្ចប់សុវត្ថិភាព «ក» មួយចំនួននៅមណ្ឌលខេត្តក្រចេះមានការិយាល័យលេខ០២៥៩ ០២៦០ ០២៦១ ០២៦២ ០២៦៣ ០២៧៦ ០២៧៧ ០២៧៨ ០៣៤៥ ០៣៦៨ ០៣៧៤ ០៤០៧ និង លេខ០៤២៤ នៅឃុំស្វាយជ្រះ ដើម្បីផ្ទៀងផ្ទាត់លទ្ធផលឆ្នោត។
ការបើកកញ្ចប់សវុត្ថិភាព «ក» នេះ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចឲ្យធ្វើនៅទីស្តីការ គ.ជ.ប នៅថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០១៣ វេលាម៉ោង០៨ព្រឹក ដែលក្នុងនោះក្រុមប្រឹក្សាធម្មនុញ្ញក៏នឹងចាត់តាំងតំណាងឲ្យទៅចូលរួម ស្រាវជ្រាវ ស៊ើបអង្កេតផងដែរ៕