កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣ម្សិលមិញនេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការនៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម បានចេញលិខិតមួយច្បាប់ជម្រាបជូនគណៈគ្រប់គ្រងការផ្សាយវិទ្យុអាស៊ីសេរី ស្នើឲ្យមានការកែតម្រូវព័ត៌មានមិនពិត ដែលបានចុះផ្សាយជាខេមរភាសាតាមវិទ្យុអាស៊ីសេរី និងគេហទំព័រវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៣កន្លងមក ។
លិខិតផ្លូវការរបស់បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ដែលមានលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាមេបញ្ជាការ បានជម្រាបជូនគណៈគ្រប់គ្រងការផ្សាយវិទ្យុអាស៊ីសេរីថា "បីថ្ងៃមុនពេលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៥ គឺនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៣ វិទ្យុអាស៊ីសេរីបានចេញផ្សាយព័ត៌មានមិនពិតតាមរលកធាតុអាកាសផ្សាយសំឡេងវិទ្យុអាស៊ីសេរី និងគេហទំព័រវិទ្យុអាស៊ីសេរី ដោយមានចំណុចខ្លឹមសារដើមថា ៖ (លោក ហ៊ុន សែន ដំឡើងបុណ្យស័ក្តិដល់កូនប្រុស២នាក់មុនថ្ងៃបោះឆ្នោត) ដោយក្នុងការផ្សាយនោះបានពិព័ណ៌នាថា (មានព្រះរាជក្រឹត្យពីរផ្សេងគ្នាបង្ហាញថា កូនប្រុសច្បងលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ត្រូវបានដំឡើងស័ក្តិជានាយឧត្តមសេនីយ៍ ចំណែកលោក ហ៊ុន ម៉ានិត ជាឧត្តមសេនីយ៍ឯក) ដែលនេះជាព័ត៌មានប្រាសចាកពីការពិត ខ្វះសច្ចៈធម៌ ព្រមទាំងបានឲ្យអ្នកវិភាគធ្វើការវិភាគរិះគន់វាយប្រហារបន្ថែម ដោយអំពើទាំងនេះបានធ្វើឲ្យសាធារណជនមានការភ័ន្តច្រឡំ ។
ទោះបីជាការផ្សាយនេះជាកំហុសអចេតនាដោយសារខ្វះការបញ្ជាក់ព័ត៌មានឲ្យបានសុក្រឹតមុននឹងផ្សាយ ឬជាចេតនាក្នុងគោលបំណងណាមួយនៅមុនពេលបោះឆ្នោត ក្នុងខណៈសារព័ត៌មានផ្សេងទៀតជាច្រើនបានផ្សាយនូវព័ត៌មានត្រឹមត្រូវក៏ដោយ មកទល់ពេលនេះនៅពុំទាន់មានការកែតម្រូវពីសំណាក់វិទ្យុអាស៊ីសេរីនៅឡើយទេ ។ " ។
ខ្លឹមសារលិខិតរបស់បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ក៏បានលើកឡើងបន្ថែមទៀតដែរថា "ក្នុងនាមជាវិទ្យុដែលមានមនសិការ និងវិជ្ជាជីវៈ សូមគណៈគ្រប់គ្រងការផ្សាយវិទ្យុអាស៊ីសេរីមេត្តាធ្វើការកែតម្រូវនូវព័ត៌មានមិនពិតខាងលើ ហើយនៅមុនការផ្សព្វផ្សាយអត្ថបទអ្វីមួយ គប្បីស្រាវជ្រាវ ថ្លឹងថ្លែង និងពិនិត្យពិច័យឲ្យបានច្បាស់លាស់ ជៀសវាងនូវការផ្សាយព័ត៌មានមិនពិត និងនាំឲ្យអ្នកស្តាប់មានការភ័ន្តច្រឡំ ។ " ។
គួររំលឹកជូនថា លោកឧត្តមសេនីយ៍ទោ ហ៊ុន ម៉ាណែត អត្តលេខ០៣៣៨៨៣ នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ និងត្រូវជាកូនប្រុសច្បងរបស់សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បណ្ឌិតសភាចារ្យ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក(ផ្កាយ៣) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១៣/៦៧១ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣ (សូមចូលអានគេហទំព័រសារព័ត៌មានដើមត្នោតចុះផ្សាយថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣បន្ថែម) ៕