ជីវិតមនុស្សដែលបានស្លាប់បាត់បង់ជីវិតជាហូរហែនៅសួនកម្សាន្តមួយឈ្មោះ ឌ្រីមលែនឌ៍ ឋិតនៅក្បែសណ្ឋាគារកាំបូឌីយ៉ាណា ទល់មុខកាស៊ីណូណាហ្គាវើល ក្នុងភូមិសាស្ត្រសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ គឺពិតជាថៅកែសួនកម្សាន្តនេះឲ្យតម្លៃទាបជាងសត្វតិរច្ឆានមែន។
ព័ស្តុតាងបានបង្ហាញថា បុរសម្នាក់ឈ្មោះ ស្រ៊ាវ ប៊ុនវិឆ័យ អាយុ២៥ឆ្នាំ ស្នាក់នៅសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអធ័មកាលពីវេលាម៉ោងប្រមាណ១១ ព្រឹក នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៣ ខណៈដែលបុរសមានមុខរបរជាជាងផ្សារដែករូបនេះទទួលរងការឆក់ខ្សែភ្លើងដែលឋិតនៅរតាត់រតាយពេលកំពុងធ្វើការផ្សារទ្វារដែក ក្នុងសួនកម្សាន្តឌ្រីមលែនឌ៍។
ការស្លាប់បាត់បង់ជីវិតរបស់បុរសជាងផ្សារដែករូបនេះមិនត្រូវបានអ្នកគ្រប់គ្រងសួនកម្សាន្តឌ្រីមលៃនឌ៍ ធ្វើការសហការជាមួយសមត្ថកិច្ចចុះត្រួតពិនិត្យ និងធ្វើកោសលវិច័យអ្វីទេគឺមានតែបង្ខំយកសាកសពចេញពីកន្លែងកើតហេតុភ្លាមៗទាំងតក់ក្រហល់ទៅវិញ ដោយក្រុមហ៊ុនសួនកម្សាន្តឌ្រីមលែនឌ៍នេះ យល់ព្រមបង់លុយឲ្យជនរងគ្រោះត្រឹមចំនួនប្រមាណ១លានរៀល «២៥០ដុល្លារអាមេរិក» ប៉ុណ្ណោះ ទុកជាថ្លៃដឹកសាកសពទៅវត្តទួល ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដើម្បីបូជា និងចាត់ចែងការធ្វើបុណ្យ។
រូបភាពនៃការបង់លុយពោរពេញដោយភាពប្រមាថនេះទៀតសោតត្រូវបានក្រុមគ្រួសារជនរងគ្រោះដូចជាលោកយាយ សឿ សារិន អាយុ៧៣ឆ្នាំ ត្រូវជាជីដូនជនរងគ្រោះ និងឈ្មោះ មុំ ត្រូវជាបងស្រីជនរងគ្រោះ បញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនសួនកម្សាន្តឌ្រីមលែនឌ៍បានបង់លុយឲ្យជាពីរដំណាក់កាលគឺ៖ លើកទី១ចំនួន៥០ដុល្លារអាមេរិក ពេលដឹកសាកសពទៅវត្តដើម្បីចាត់ចែងបូជា និងលើកទី២ ចំនួន២០០ដុល្លារអាមេរិក។
អនុលោមតាមព័ស្តុតាងជាក់ស្តែងទាំងនេះបានបង្ហាញឲ្យឃើញថា អ្នកគ្រប់គ្រងសួនកម្សាន្តឌ្រីមលែនឌ៍ មិនត្រឹមតែមិនបានទទួលរងការចាត់វិធានការតាមផ្លូវច្បាប់ «ផ្អាកដំណើរការឬបើកការស៊ើបអង្កេតឲ្យបានជាក់លាក់» នោះទេ គឺក្រុមហ៊ុនសួនកម្សាន្តឌ្រីមលែនឌ៍នេះ បានផ្តល់តម្លៃ និងចាត់ទុកអាយុជីវិតអ្នកស្លាប់បាត់បង់ជីវិតនៅកន្លែងរបស់ខ្លួនទាបជាងសត្វតិរច្ឆានទៅទៀត «មិនឲ្យសមត្ថកិច្ចពិនិត្យឲ្យបានច្បាស់លាស់ជាមុននិងបង់លុយឲ្យធ្វើបុណ្យត្រឹមចំនួនប្រមាណ១លានរៀល»។
គួររំលឹកដែរថា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣ វេលាម៉ោងប្រមាណ១៩ យប់ មានស្ត្រីម្នាក់ឈ្មោះ គឹម គង្គា អាយុ៣១ឆ្នាំ បម្រើការងារក្នុងអង្គការអែនហ្ស៊ូឌីណា ក៏បានស្លាប់បាត់បង់ជីវិតយ៉ាងវេទនាផងដែរដោយសារធ្លាក់ពីលើឧបករណ៍ទ្វីនទ្វីស្ទ័រដែលដំឡើងមិនត្រឹមត្រូវស្របតាមលក្ខណៈបច្ចេកទេសធ្វើឲ្យដាច់ខ្សែក្រវាត់សុវត្ថិភាពមកដីកម្ពស់ប្រមាណ១០ម៉ែត្រ បាក់ឆ្អឹងឆ្អែងខ្ទេចខ្ទីអស់ «សូមចូលអានគេហទំព័រសារព័ត៌មានដើមត្នោតចុះផ្សាយថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៣ បន្ថែម»។
សូមបញ្ជាក់ជូនថា សួនកម្សាន្តឌ្រីមលែនឌ៍ «Dream Land» មានឧកញ៉ាវ័យក្មេងអាយុ៣៨ឆ្នាំម្នាក់ ឈ្មោះ ជាម ឃុនណាត ជាថៅកែ ហើយពេលសម្ពោធបើកឲ្យប្រើប្រាស់នៅសួនកម្សាន្តនេះគឺមានវត្តមានលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត កូនប្រុសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់។
នេះគឺជារូបភាពដ៏មហាអយុត្តិធម៌មួយនៅក្នុងសង្គមខ្មែរក្រោមការដឹកនាំរបស់ «សម្តេចតេជោសែន» ដែលអ្នកមានអំណាច អ្នកមានលុយ ឲ្យតម្លៃទៅលើអ្នកក្រីក្រទាបជាងសត្វតិរច្ឆាន៕