ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

កូនប្រុស​របស់​មេ​ប្រឆាំង​អំពើពុករលួយ​ដែល​ធ្វើ​ទាហាន​បាន​ឡើង​ឋានន្តរស័ក្តិ​ពាក់​ផ្កាយ​២ ទាំង​២​នាក់​ហើយ​

​លោក យ៉ិនទៀង ពុទ្ធិ​រ៉ា នាយទាហានជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ​អត្តលេខ​២៣១៤៧៧ ត្រូវជា​កូនប្រុស​របស់​ឯកឧត្តម​បណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេចនាយក​រដ្ឋមន្ត្រី​មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​នោះ ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ «​ផ្កាយ​២» បន្ត​ទៀតហើយ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៣/៧២៨ ចុះ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៣​។

​ ​លោក​ឧ​ត្ត​ម​សេនីយ៍ យ៉ិនទៀង ពុទ្ធិ​រ៉ា ធ្លាប់បាន​បម្រើ​ការងារ​ជា​អតីត​ប្រធាន​នាយកដ្ឋាន​ចារកម្ម និង​ស៊ើបអង្កេត​នៃ​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ជាតិ​ប្រឆាំង​ភេរវកម្ម «​សូម​ចូល​អាន​គេហទំព័រ​សារព័ត៌មាន​ដើមត្នោត​ចុះផ្សាយ​ថ្ងៃទី ០៥ ខែសីហា ឆ្នាំ​២០១៣ បន្ថែម​»​។​

ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ «​ផ្កាយ​២» ជូន​លោក យ៉ិនទៀង ពុទ្ធិ​រ៉ា គឺ​ក្នុងខណៈដែល​លោក យ៉ិនទៀង ពុទ្ធិ​រិ​ទ្ធ នាយទាហានជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ​អត្តលេខ​២៣១៧០២ ត្រូវជា​កូនប្រុស​ឯកឧត្តម​បណ្ឌិត ឱម យ៉ិនទៀង ក៏មាន​ឋានន្តរ​ស័​កិ្ត​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ «​ផ្កាយ​២» ដែរ​។

​ដូច្នេះ កូនប្រុស​ទាំង​២​នាក់ របស់​ឯកឧត្តម​បណ្ឌិត ឱម យ៉ិនទៀង ដែល​ធ្វើជា​ទាហាន​នោះបាន​ពាក់​ផ្កាយ​២ គ្រប់ៗ​គ្នា​ហើយ គឺ​នៅ​រង់ចាំតែ​នឹង​ឡើង​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក «​ផ្កាយ​៣» ប៉ុណ្ណោះ​។​

​ក្រៅពី​មាន​ឋានៈ និង​មុខងារ​ក្នុង​ក្របខ័ណ្ឌ​នៃ​កង​យោពល​ខេមរភូមិន្ទ លោក​ឧ​ត្ត​ម​សេនីយ៍ យ៉ិនទៀង ពុទ្ធិ​រ៉ា ក៏មាន​មុខតំណែង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ឯកជន​មួយ​ឈ្មោះ ឡុង សូរិយា អ៊ឹម​ផត អ៊ិ​ច​ផត «Long Sorya Import Export Co.,Ltd.» ដែលមាន​អត្តលេខ​ចុះបញ្ជី​ពាណិជ្ជកម្ម​លេខ Co.12962/08P ចុះ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០០៨ ផងដែរ​។​ ​

មជ្ឈដ្ឋាន​អ្នកច្បាប់​ឯករាជ្យ​នៅ​កម្ពុជា បាន​លើកឡើងថា អំពើ​របស់លោក​ឧ​ត្ត​ម​សេនីយ៍ យ៉ិនទៀង ពុទ្ធិ​រ៉ា កូនប្រុស​មេ​ប្រឆាំង​អំពើពុករលួយ ដែលមាន​ក្របខ័ណ្ឌ​ជា​នាយទាហានជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ ហើយ​បែរ​ទៅធ្វើជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ឯកជន​នោះ​គឺជា​ការប្រព្រឹត្ត​ខុសច្បាប់ បើ​យោងទៅតាម​មាត្រា​២៥ នៃ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​បានប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ជ​ស​/​រកម​/១១៩៧/០៥ ចុះ​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​១៩៩៧ ដែល​បាន​ចែងថា «​យោធិន​អាជីព​ត្រូវ​ហាមឃាត់​៖ -​មិន​ឲ្យ​យក​ម៉ោង​រដ្ឋបាល​ទៅ​ប្រកប​វិជ្ជាជីវៈ​ឯកជន​, -​មិន​ឲ្យ​ចូល​ជា​សមាជិក​នៃ​ក្រុមប្រឹក្សាភិបាល ឬ​គ្រប់គ្រង​ក្រុមហ៊ុន​ជា​លក្ខណៈ​ឯកជន​…​។​»​។​

​ឋានន្តរស័ក្តិ​ថ្នាក់​សុទ្ធតែ​ផ្កាយ​ដែល​បាន​រះ​នៅលើ​ស្មា​កូនប្រុស​របស់​មេ​ប្រឆាំង​អំពើពុករលួយ​ទាំង​២​នាក់ មិន​ខុសប្លែក​អ្វី​ពី​កូនប្រុស​ទាំង​២​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ បណ្ឌិតសភា​ចា​រ្យ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ធ្វើ​ទាហាន​នោះឡើយ គឺ​លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត ពាក់​ផ្កាយ​៣ «​ឧ​ត្ត​ម​សេនីយ៍​ឯក​» និង​លោក ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ានិត ពាក់​ផ្កាយ​១ «​ឧ​ត្ត​ម​សេនីយ៍​ត្រី​» ព្រមទាំង​កូនប្រសា​របស់ «​សម្តេច​តេ​ជោ​សែន​» ដែល​ធ្វើជា​ប៉ូលិស​ក៏បាន​ពាក់​ផ្កាយ​២ «​ឧ​ត្ត​ម​សេនីយ៍​ទោ​» យ៉ាង​ហ៊ឺហា​ដែរ​៕ ​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.