ទោះបីនៅជាលទ្ធផលបណ្ដោះអាសន្ននៅឡើយក៏ដោយ ប៉ុន្ដែវានឹងគ្មានអ្វីប្លែក ឬប្រែប្រួលខ្លាំងនោះទេទៅនឹងលទ្ធផលស្ថាពរផ្លូវការ គឺលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៥ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត “គ.ជ.ប” ប្រកាសរួចហើយ កាលពី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣ម្សិលមិញនេះ ដោយបានបង្ហាញឱ្យឃើញថា គណបក្សប្រជាជនកម្ពុជាទទួលបានការឈ្នះឆ្នោតទៅលើគណបក្ស សង្គ្រោះជាតិចំនួន២៨៩.៧៩៣សំឡេងប៉ុណ្ណោះនៅទូទាំងប្រទេស “គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតគាំទ្រចំនួន៣.២៣៥.៩៦៩ សំឡេង និងគណបក្សសង្គ្រោះជាតិទទួលបានសំឡេងឆ្នោតគាំទ្រចំនួន២.៩៤៦.១៧៦សំឡេង” ។
ប៉ុន្ដែអ្វីដែលមជ្ឈដ្ឋានទូទៅមានការចាប់អារម្មណ៍ខ្លាំងបំផុតទៅនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៥ឆ្នាំ២០១៣នោះ គឺនៅ ត្រង់ថា តើបាត់ចំនួនអ្នកទៅបោះឆ្នោតរហូតដល់ជាង៣លាននាក់ទៅណា ? និងមកពីមូលហេតុអ្វីពិតប្រាកដ ? នេះហើយជាអាថ៌កំបាំង ។
តាមតួលេខរបស់ គ.ជ.ប បានឱ្យដឹងថា ចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៣នេះសរុបមាន ៩.៦៧៥.៤៥៣នាក់ ប៉ុន្ដែអ្នកដែលបានទៅបោះឆ្នោត “យោងតាមសន្លឹកឆ្នោតទទួលបាន”មានចំនួនប្រមាណតែ ៦.៦២៧.១៥៩នាក់ប៉ុណ្ណោះ ។ ពោលគឺ បាត់ចំនួនអ្នកបោះឆ្នោតប្រមាណ ៣.០៤៨.២៩៤នាក់ ដោយមិនដឹងអំពីមូលហេតុពិតប្រាកដនៅឡើយ ។ មានន័យថា ចំនួនអ្នកមិនបានទៅបោះឆ្នោតជិតស្មើនឹងសំឡេងឆ្នោតគាំទ្រដែលគណបក្សប្រជាជនកម្ពុជាទទួលបាន និងច្រើនជាងសំឡេងឆ្នោតគាំទ្ររបស់គណបក្សសង្គ្រោះ ជាតិទទួលបានទៅទៀត ។
មិនទាន់ឃើញមានគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតណាមួយចេញមុខមកពន្យល់បកស្រាយបំភ្លឺបញ្ជាក់អំពីការបាត់ចំនួនអ្នកទៅបោះឆ្នោតដ៏ច្រើនសន្ធឹកបែបនេះថា មកពីមូលហេតុអ្វីពិតប្រាកដទេ ប៉ុន្ដែមជ្ឈដ្ឋានអ្នកតាមដានព្រឹត្ដិការណ៍នយោបាយ និងការបោះឆ្នោតជាតិឆ្នាំ២០១៣នៅកម្ពុជា បានលើកឡើងអំពីមូលហេតុមួយចំនួនទាក់ទងនឹងអាថ៌កំបាំងនៃការបាត់ចំនួនអ្នកទៅបោះឆ្នោត ដូចខាងក្រោម ៖
១-អាចមកពីអារម្មណ៍របស់អ្នកមានឈ្មោះបោះឆ្នោតលែងចង់ទៅបោះឆ្នោត ដ្បិតពួកគេយល់ឃើញថា ទៅបោះឆ្នោតក៏ដូចជាអត់បោះ ឥតប្រយោជន៍ ព្រោះលទ្ធផលឆ្នោតត្រូវបានរៀបចំទុករួចជាស្រេចទៅហើយ ត្រូវតែឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានការឈ្នះឆ្នោត ។
២-អាចមកពីទទួលរងការរំខានតាមគ្រប់រូបភាព ធ្វើឱ្យអ្នកមានឈ្មោះបោះឆ្នោតលែងមានឱកាសបានទៅបោះឆ្នោតតាមសម្បជញ្ញៈរបស់ខ្លួន។
៣-អាចមកពីអ្នកមានឈ្មោះបោះឆ្នោតធ្វើចំណាកស្រុកទៅឆ្ងាយ ឬរហូតដល់ទៅក្រៅប្រទេស នាំឱ្យគ្មានឱកាសមកបោះឆ្នោតបានទាន់ពេលវេលា ។
៤-អាចមកពី គ.ជ.ប ធ្វើតួលេខបំប៉ោងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដើម្បីឱ្យមានឈ្មោះស្ទួន ងាយស្រួលឱ្យអ្នកបោះឆ្នោតណាមួយក្នុងចំណោម អ្នកមានឈ្មោះស្ទួននោះបានបោះឆ្នោតជំនួសរួចជាស្រេចតាមការបង្គាប់បញ្ជាពីអង្គការចាត់តាំងច្បាស់លាស់…។ល។
គួររំលឹកជូនថា នាសម័យបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៤“២០០៨-២០១៣”កន្លងមក អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមាន ចំនួន៨.១២៥.៥២៩នាក់ ប៉ុន្ដែអ្នកបានទៅបោះឆ្នោតពិតប្រាកដមានចំនួនប្រមាណ៦.០១០.២៧៧នាក់ប៉ុណ្ណោះ ។ ពោលគឺ បាត់បង់ចំនួនអ្នកទៅ បោះឆ្នោតប្រមាណ២.១១៥.២៥២នាក់ ដោយមិនដឹងមូលហេតុច្បាស់លាស់ ហើយឋិតនៅជាអាថ៌កំបាំងទល់សព្វថ្ងៃនេះ ។
ដូច្នេះ គ្រប់គណបក្សនយោបាយដែលបានឈរឈ្មោះបោះឆ្នោតទាំងអស់ គួរតែពិចារណាទៅលើអាថ៌កំបាំងនៃការបាត់ចំនួនអ្នកទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រពីមួយអាណត្ដិទៅមួយអាណត្ដិ ជាពិសេសការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៥ឆ្នាំ២០១៣ បាត់ចំនួនអ្នកទៅបោះឆ្នោតរហូតដល់ទៅជាង៣លាននាក់ ដោយមិនដឹងមូលហេតុពិតប្រាកដជាក់លាក់នេះផង ៕