ការដាក់ឱ្យចុះទឹកនូវនាវាចម្បាំងយក្សរបស់ជប៉ុនប្រភេទ BBH-183 Izumo ចំណុះ២៧ពាន់តោន បណ្ដោយប្រវែង២៤៨ម៉ែត្រ និងទទឹងប្រវែង៣៨ម៉ែត្រ មានតម្លៃរហូតដល់ ១,២ពាន់លានដុល្លារ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៣កន្លងទៅថ្មីៗនេះ បាននាំឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងដល់ប្រទេសរុស្ស៊ី និងប្រទេសចិន ជាពិសេសប្រទេសចិន ដែល កំពុងមានជម្លោះតានតឹងជាមួយប្រទេសជប៉ុននៅជុំវិញប្រជុំកោះសេនកាគូ ។
នាវាចម្បាំងធុនយក្សរបស់ជប៉ុនដែលបានដាក់ឱ្យចុះទឹកនៅពេលថ្មីៗនេះ គឺស្របគ្នាទៅនឹងឯកឧត្ដមនាយករដ្ឋមន្ដ្រីជប៉ុន ស៊ីនហ្សូ អាបេ ប្រកាសធ្វើការកែទម្រង់រដ្ឋធម្មនុញ្ញរបស់ជប៉ុន ពីរូបភាពការពារប្រទេស មកជាការធ្វើសង្គ្រាមវិញម្ដង ក្រោយពេលជប៉ុនទទួលរងការគំរាមកំហែងអធិបតេយ្យភាពឥតឈប់ឈរ ។ ជាមួយគ្នានេះ ជប៉ុនក៏បានគ្រោងបង្កើត កងពលទាហានវាយលុកឡើងគោក ព្រមទាំងគ្រោងបញ្ជាទិញយន្ដហោះល្បាតគ្មានមនុស្សបើកពីសហរដ្ឋអាមេរិកផងដែរ ដើម្បីការពារអធិបតេយ្យដែនកោះរបស់ខ្លួនដែលឋិតនៅទីឆ្ងាយៗ ។
ក្រសួងការពារជាតិជប៉ុនបានប្រកាសឱ្យដឹងថា នាវាចម្បាំងរបស់ជប៉ុនដែលទើបនឹងដាក់ឱ្យចុះទឹកនេះ ជប៉ុនបានបង្កើតដំឡើង និងបំពាក់បច្ចេកវិទ្យាដោយខ្លួនឯង ដោយប្រើប្រាស់ អស់រយៈពេលចំនួន២ឆ្នាំ ដើម្បីបំពេញតួនាទីសំខាន់ក្នុងការការពារដែនអាកាសនិងដែនសមុទ្ររបស់ជប៉ុន ខណៈដែលជប៉ុនក៏មានគម្រោងបំពាក់ប្រព័ន្ធកាំជ្រួចមីស៊ីលការពារនៅ លើនាវាចម្បាំងនេះថែមទៀត ។
ប្រព័ន្ធផ្សព្វផ្សាយនានាបានឱ្យដឹងថា នាវាចម្បាំងរបស់ជប៉ុនដែលទើបតែដាក់ឱ្យចុះទឹកក្រោមវត្ដមានអ្នកចូលរួមអបអរសាទរប្រមាណ៣.៦០០នាក់ រួមទាំងឯកឧត្ដមនាយករដ្ឋមន្ដ្រីជប៉ុនផងនាពេលថ្មីៗនេះ អាចផ្ទុកយន្ដហោះចម្បាំងមិនតិចជាង២០គ្រឿងឡើយ ហើយមានបំពាក់ប្រព័ន្ធការពារកាំជ្រួចផ្លោង និងប្រព័ន្ធមីស៊ីលការពារដែនអាកាសថែមទៀត។
លោកឧត្ដមសេនីយ៍ Feliks Gromov អតីតមេបញ្ជាការកងទ័ពជើងទឹករុស្ស៊ី បានមានប្រសាសន៍ឱ្យដឹងថា រុស្ស៊ីចាំបាច់ត្រូវដាក់ពង្រាយនាវាចម្បាំងផ្ទុកយន្ដហោះយ៉ាងតិចណាស់ ចំនួន២គ្រឿង ទើបអាចទប់ទល់ទៅនឹងនាវាចម្បាំងរបស់ជប៉ុនប្រភេទ BBH-183 Izumo បាន ។
រីឯលោក Li Daguang សាស្ដ្រាចារ្យនៅសាកលវិទ្យាល័យការពារជាតិក្រុងប៉េកាំង បានមានប្រសាសន៍ឱ្យដឹងដែរថា ការប្រកួតប្រជែងនាវាចម្បាំងកំពុងតែកើតមានឡើងនៅក្នុង តំបន់ ដូច្នេះ ចិនចាំបាច់ត្រូវតែត្រៀមលក្ខណៈបង្ការការពារនូវឧបសគ្គដែលអាចកើតមានឡើងនៅពេលអនាគត ។
សូមបញ្ជាក់ជូនថា ចាប់តាំងពីចុងឆ្នាំ២០១២មក ទាំងចិន ទាំងឥណ្ឌា ទាំងរុស្ស៊ី បានខិតខំប្រឹងប្រែងពង្រឹងយ៉ាងខ្លាំងលើវិស័យកងទ័ពជើងទឹក និងនាវាចម្បាំង ដែលសូម្បីតែប្រទេសរុស្ស៊ីក៏បានចុះកិច្ចព្រមព្រៀងទិញនាវាចម្បាំងវាយលុកឡើងគោកប្រភេទ Mistral ពីប្រទេសបារាំងសម្រាប់បំពាក់ដល់ទាហានជើងទឹករបស់ខ្លួនផងដែរ ។
ដោយឡែក កាលពីពេលកន្លងទៅថ្មីៗនេះដែរ ប្រទេសចិនបានចុះកិច្ចព្រមព្រៀងទិញកាំជ្រួចមីស៊ីលប្រឆាំងនាវាចម្បាំងវាយប្រហារពីដែនអាកាសប្រភេទ KH-31A មានតម្លៃ ប្រមាណ៥០លានដុល្លារអាមេរិក និងមីស៊ីលប្រភេទ KH-59MK ព្រមទាំងកាំជ្រួចមីស៊ីលប្រឆាំងប្រព័ន្ធរ៉ាដាប្រភេទ KH-58USHKE ពីប្រទេសរុស្ស៊ី ដែលគេប៉ាន់ស្មានទុកថា ដើម្បី ត្រៀមទប់ទល់នឹងការពង្រឹងវិស័យយោធារបស់ប្រទេសជប៉ុន ក្រោមការជួយគាំពារពីសហរដ្ឋអាមេរិក ៕