ប្រជានេសាទរស់នៅស្រុកស្ទឹងហាវ ខេត្ដព្រះសីហនុ សឹងគ្រប់គ្នាដែលធ្លាប់តែបរិភោគត្រី បង្គា មឹក និងក្ដាមសមុទ្រនោះ ឥឡូវពួកគាត់កំពុងជក់មាត់នឹងការបរិភោគសាច់ក្រពើ ដោយមិនចាំបាច់ចំណាយប្រាក់កាសមួយកាក់មួយសេនឡើយ ។ ហេតុអ្វី ?
ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វក្រពើមួយកន្លែងឋិតនៅភូមិអូរត្រេះ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្ដព្រះសីហនុ មានឈ្មោះ ហាវ បានឱ្យដឹងថា កសិដ្ឋានរបស់គាត់មានចិញ្ចឹមសត្វក្រពើរាប់ពាន់ក្បាលកំពុងតែប្រឈមនឹងបញ្ហាទីផ្សារគ្មានអ្នកទិញ ។
លោក ហាវ ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វក្រពើដ៏ធំនេះបានបញ្ជាក់ប្រាប់ថា បច្ចុប្បន្នដោយសារមានឈ្មួញពីប្រទេសថៃត្រូវការទិញស្បែកក្រពើខ្លះៗនោះ គឺគាត់បង្ខំចិត្ដសម្លាប់សត្វ ក្រពើក្នុងមួយថ្ងៃៗប្រមាណជាង៥០ក្បាល ដើម្បីពន្លាត់យកស្បែកលក់ឱ្យឈ្មួញប្រទេសថៃ រីឯសត្វក្រពើដែលឈ្មួញមិនត្រូវការទិញនោះ គាត់បានចែកចាយឱ្យអ្នកភូមមិបរិភោគស្ទើរ គ្រប់ៗផ្ទះ ។
លោក ហាវ បានបញ្ជាក់ប្រាប់ទាំងទឹកមុខស្ងួតទៀតថា គាត់ចិញ្ចឹមក្រពើអស់ជាច្រើនឆ្នាំមកហើយ តែគ្មានទីផ្សារលក់ចេញសោះ គឺមានតែការចំណាយទៅលើចំណីឱ្យសត្វក្រពើ ជារៀងរាល់ថ្ងៃ ដែលគិតជាទឹកប្រាក់អស់មិនតិចឡើយ ហើយឥឡូវដើម្បីស្រង់ដើមបានមកវិញខ្លះ គាត់ត្រូវបង្ខំចិត្ដសម្លាប់សត្វក្រពើពន្លះយកស្បែកវាលក់ឱ្យទៅឈ្មួញថៃជារៀងរាល់ថ្ងៃ ក្នុងតម្លៃថោកពី៨០ដុល្លារទៅ១០០ដុល្លារអាមេរិកប៉ុណ្ណោះគិតតាមស្បែកត្រូវប៉ាន់ ។
មន្ដ្រីជំនាញជលផលម្នាក់បាននិយាយឱ្យដឹងថា ទីផ្សារចិញ្ចឹមក្រពើសព្វថ្ងៃពិតជាគ្មានមែន ដែលធ្វើឱ្យម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើមួយចំនួនសឹងបោះបង់ចោលមុខរបរនេះហើយៗ ការអប់រំប្រជាកសិករអំពីវិធីចិញ្ចឹមសត្វក្រពើក៏លែងសូវមានន័យ និងមានអត្ថប្រយោជន៍ទៀតដែរ ៕