ថ្ងៃ ពុធ ទី ២៧ ខែ មករា ឆ្នាំ ២០២១

វិភាគ​៖ ជម្រើស​ពីរ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ជ្រើសរើស​ដោយ​ប្រុងប្រយ័ត្ន​

​អនុលោម​តាម​ឥរិយាបទ​និង​ការប្តេជ្ញាចិត្ត​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​អនុប្រធាន​តែ​ជា​ថ្នាក់ដឹកនាំ​ក្នុង​បក្ស​ដ៏​មាន​ឥទ្ធិពល​ខ្លាំង​មហិមា​នោះ លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ឆ្នាំ​២០១៣​នេះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា «​ត្រូវតែ​ឈ្នះ​» គ្មាន​ពាក្យ​និយាយ ឬ​អក្សរ​សរសេរថា «​ចាញ់​» ឡើយ ស្របទៅនឹង «​យុទ្ធសាស្ត្រ​ឈ្នះ​-​ឈ្នះ​» តាក់តែងឡើង​ដោយ​បុរស​ខ្លាំង​នៅ​កម្ពុជា ទោះបីជា​បង្កើត​ឲ្យ​មាន​គណៈកម្មការ​ចម្រុះ​ស៊ើបអង្កេត​លើ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​ក៏ដោយ ដ្បិត​គណៈកម្មការ​នេះ​នៅ​ទីបំផុត​ទៅ​បង្កើតឡើង​ខ្លាំង​បំផុត​ត្រឹមតែ​បំពេញ​កិច្ច​ប៉ុណ្ណោះ​។​ ​

ទោះបី​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្សនយោបាយ​កាន់កាប់​អំណាច​ផ្តាច់មុខ​នៅ​កម្ពុជា និង​មានទ្រព្យ​សម្បត្តិ​មហាសាល​ច្បាម​យក​លទ្ធផល​នៃ​ការ​ឈ្នះឆ្នោត​ក៏ដោយ ក៏​ការ​ឈ្នះឆ្នោត​នេះ​មិន​ដាច់​ឆ្ងាយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្សនយោបាយ​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​ទេ ព្រោះ​លទ្ធផល​ឆ្នោត​ដែល​ទទួលបាន​ជាបឋម​ត្រូវបាន​លាតត្រដាង​ឲ្យ​ដឹង​ជា​សាធារណៈ​រួចមកហើយ​។​ ​

តាម​ការប្រកាស​ជា​ឯកតោភាគី​របៀប​ទស្សន៍​ទាយ​ដែល​មិនទាន់​ផ្លូវការ​របស់​មន្ត្រី​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​ដឹងថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​អាសនៈ​ក្នុង​រដ្ឋសភា​នីតិកាល​ទី​៥ ចំនួន​ពី​៦៧ ទៅ ៦៨ អាសនៈ ក្នុងចំណោម​អាសនៈ​សរុប​ចំនួន​១២៣​។​ ​

ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​អាសនៈ​ក្នុង​រដ្ឋសភា​នីតិកាល​ទី​៥ ចំនួន​ពី​៦៧ ទៅ ៦៨ អាសនៈ​ពិតប្រាកដ​មែន​នោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេង​ភាគច្រើន​ដាច់ខាត​ក្នុងការ​ស្នើសុំ​សេចក្តីទុកចិត្ត​ពី​រដ្ឋសភា ដើម្បី​បង្កើត​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​នៃ​រដ្ឋសភា ខណៈដែល​ត្រូវការ​កូរ៉ុម​ប្រជុំ​រដ្ឋសភា​ជា​សាធារណៈ​ចំនួន​លើសពី​ពាក់កណ្តាល​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល​។​ ​

ឥឡូវ​ងាក​មក​និយាយ​អំពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទទួលបាន​អាសនៈ​លំដាប់​ទី​២ បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា​វិញ «​ឧបមា​ថា លទ្ធផល​ប្រមាណ​៥៥ ទៅ ៥៦ អាសនៈ ជាការ​ពិត​» គឺ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ជម្រើស​ពីរ ត្រូវ​ជ្រើសរើស ដើម្បី​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ «​បញ្ជៀ​ស​ការជាប់គាំង​ផ្នែក​នយោបាយ និង​អំពើហិង្សា​ជាយថាហេតុ​កើតមាន​នៅ​កម្ពុជា​» ដូចខាងក្រោម​៖

១- ជម្រើស​ទី​១៖ ធ្វើជា​គណបក្សនយោបាយ​ប្រឆាំង​តទៅទៀត​នៅក្នុង​រដ្ឋសភា ដោយ​ទាមទារ​ឲ្យ​មានមុខ​តំណែង​សមរម្យ​នៅក្នុង​គណៈកម្មាធិការ​អចិ​ន្រៃ​យ៍​រដ្ឋសភា​នីតិកាល​ទី​៥ «​រួមមាន​៖ ប្រធានរដ្ឋសភា អនុប្រធានរដ្ឋសភា និង​ប្រធាន​គណៈកម្មការ​របស់រ​ដ្ឋ​សភា​»​។​ ​

ក​- គុណ​ស​ម្ប​តិ្ត​៖ មាន​និរន្តរភាព និង​កម្លាំង​គាំទ្រ​គណបក្ស​កាន់​តែមាន​សន្ទុះ​កើនឡើង​ខ្លាំង​ថែមទៀត ហើយ​អាចឈាន​ឆ្ពោះទៅរក​ភាពជោគជ័យ​ដោយ​ឥត​បារម្ភ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ «២០១៨-២០២៣» បើ​អ្នកតំណាងរាស្ត្រ​គណបក្សនយោបាយ​ប្រឆាំង​នេះ​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​ឃ្លាំមើល ត្រួតពិនិត្យ និង​ជំរុញ​ឲ្យ​មានការ​អនុវត្ត​ច្បាប់​ប្រកាន់​គោលការណ៍​នីតិរដ្ឋ​នៅ​កម្ពុជា និង​បានផ្តល់​ផលប្រយោជន៍​ដល់​ជាតិ​យ៉ាង​ធំធេង​។​ ​

ខ​- គុណវិបត្តិ​៖ សកម្មជន​គណបក្ស​មួយចំនួន​ដែល​សំឡឹង​ឃើញ​ផលប្រយោជន៍ លាភសការៈ​ដែលជា​អ្នក​មិន​ជាប់​ឈ្មោះ​សមាជិក​រដ្ឋសភា​អាច​សម្តែង​នូវ​ការខកចិត្ត ហើយក៏​អាច​ឲ្យ​សកម្មជន​ទាំងនោះ​ប្រឈមមុខ​នឹង​បញ្ហា​ជីវភាព ពីព្រោះ​សិល្បៈ​នៃ​ការចែករំលែក​នៅក្នុង​គណ​បក្សប្រឆាំង​មួយ​នេះ​នៅមានកម្រិត​ទន់ខ្សោយ​នៅឡើយ​។​

២- ជម្រើស​ទី​២៖ ចូលធ្វើ​រាជរដ្ឋាភិបាលចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ដែល​ថ្នាក់ដឹកនាំ និង​មន្ត្រី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ស្នើសុំ​មុខតំណែង​សមស្រប​នៅក្នុង​ជួរ​រាជរដ្ឋាភិបាល ដូចជា ថ្នាក់​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ​… ។​ល​។ តាម​ការចចារ​ត្រូវរ៉ូវ​គ្នា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​ ​

ក​- គុណសម្បត្តិ​៖ អាចធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​សកម្មជន​គណបក្ស​មួយចំនួន​សប្បាយចិត្ត​រីកថ្លើម​រីក​ប្រមាត់ ជាពិសេស​ក្រុម​អ្នក​ស្រឡាញ់​បុណ្យស័ក្តិ និង​លាភសក្ការៈ​ព្រមទាំង​អាច​ផ្គត់ផ្គង់​ទ្រទ្រង់​ជីវភាព​ដល់​សកម្មជន​គណបក្ស​ផង​។​ ​

ខ​- គុណវិបត្តិ​៖ ប្រជាប្រិយភាព​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​នឹង​ធ្លាក់ចុះ​ដុនដាប ហើយ​គ្មាន​សង្ឃឹមថា នឹង​អាច​ឈ្នះឆ្នោត​ជា​រៀងរហូត ដ្បិត​ការចូលរួម​ក្នុង​រាជរដ្ឋាភិបាលចម្រុះ​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​នោះ គឺ​គណបក្សនយោបាយ​កាន់អំណាច​អាច​នឹង​ប្រើ​ល្បិចកល​គ្រប់យ៉ាង​ឲ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ប្រឡាក់ប្រឡូស​នឹង​អំពើពុករលួយ​ជា​ប្រព័ន្ធ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ដើរតួ​ជា​អ្នកឃ្លាំមើល និង​ជា​ម្ចាស់​ទៅវិញ​។​ ​

សរុបសេចក្តី​មក គណបក្ស​សង្គ្រោះ​ជាតិ​នឹង​គេច​មិន​ផុតពី​ការជ្រើសរើស​នូវ​ជម្រើស​មួយ​ក្នុងចំណោម​ជម្រើស​ទាំងពីរ​នេះឡើយ ប៉ុន្តែ​សូម​ឲ្យ​ការជ្រើសរើស​នោះ​មាន​ភាព​ប្រុងប្រយ័ត្ន​ខ្ពស់​ជាមុន​ផង សឹម​សម្រេច​ចៀសវាង​ជ្រុលខ្លួន​ហើយ​ទើប​ប្រើពាក្យ​ថា «​ស្តាយក្រោយ​»៕​

glo

Filed in: Feature, ទស្សនៈនយោបាយ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.