ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

គណបក្សប្រឆាំង​បដិសេធ​រូបមន្ត​បង្កើត​គណៈកម្មការ​ចម្រុះ​ស៊ើបអង្កេត​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​ដែល​អវត្តមាន​អង្គការ​សង្គម​ស៊ីវិល និង​អ្នកសង្កេតការណ៍​ជាតិ​-​អន្តរជាតិ​

​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បានធ្វើ​លិខិត​ជា​ផ្លូវការ​នៅ​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៣​នេះ ជម្រាបជូន​ ​ឯកឧត្តម អ៊ឹម សួស្តី ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត «​គ​.​ជ​.​ប​» ដោយ​ធ្វើការ​ស្នើសុំ​ឲ្យ​ការបង្កើត​គណៈកម្មការ​ចម្រុះ​ស៊ើបអង្កេត​អំពី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​មាន​វត្តមាន​ចូលរួម​ពី​អង្គការ​សង្គម​ស៊ីវិល អ្នកសង្កេតការណ៍​ជាតិ​-​អន្តរជាតិ និង​អង្គការសហប្រជាជាតិ​ជា​អាជ្ញាកណ្តាល​មិន​មែនមាន​សមាសភាព​តែត្រឹម​តំណាង​គណបក្សនយោបាយ​ទាំងពីរ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ជាមួយ គ​.​ជ​.​ប នោះឡើយ​។​ ​

លិខិតផ្លូវការ​របស់​ឯកឧត្តម សម រង្ស៊ី ដែល​ជម្រាបជូន​ប្រធាន គ​.​ជ​.​ប ជាបន្ទាន់​នេះ គឺ​បន្ទាប់ពី គ​.​ជ​.​ប បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ពេលព្រឹក​មិញ​ថា លទ្ធផល​ជំនួប​ពិភាក្សា​រវាង​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ព្រមទាំង គ​.​ជ​.​ប បាន​ឯកភាពគ្នា​ជាគោលការណ៍​បង្កើត​គណៈ​កម្ម​ការ​ចម្រុះ​មួយ​ដែលមាន គ​.​ជ​.​ប និង​គណបក្ស​ទាំងពីរ​ចូលរួម ដោយ​ការប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប នេះ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​ភ្ញាក់ផ្អើល​នៅត្រង់ថា ហេតុអ្វី​បាត់​សមាសភាព​អង្គការ​សង្គម​ស៊ីវិល អ្នកសង្កេតការណ៍​ជាតិ​-​អន្តរជាតិ និង​តំណាង​អង្គការសហប្រជាជាតិ មិនឃើញ​មាន​ក្នុង​គណៈកម្មការ​ចម្រុះ​តាម​សំណើសុំ​ពីដំបូង​របស់​ឯកឧត្តម សម រង្ស៊ី ទៅវិញ​។​ ​

ឯកឧត្តម សម រង្ស៊ី បានបញ្ជាក់​នៅក្នុង​លិខិតផ្លូវការ​របស់​ឯកឧត្តម​ថា «គណបក្ស​សង្គ្រោះ​ជាតិ​បានចាត់ទុក​ជំនួប​រវាង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ដោយមាន​ការសម្របសម្រួល​របស់ គ​.​ជ​.​ប នា​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៣​នេះ គឺជា​ជំ​ហ៊ាន​ជា​វិជ្ជមាន​មួយ​ឆ្ពោះទៅរក​ការបង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​មួយ​សម្រាប់​ធ្វើការ​ឃ្លាំ​មើ​ល ស៊ើបអង្កេត និង​ដោះស្រាយ​ភាពមិនប្រក្រតី​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​។

ប៉ុន្តែ​ទោះយ៉ាងណា​ក៏ដោយ គណបក្ស​សង្គ្រោះ​ជាតិ​យល់ឃើញថា សមាសភាព​គណៈកម្មកា​រ​ចំពោះ​កិច្ច​ដែល គ​.​ជ​.​ប បានស្នើ​ឡើង​គឺ​នៅមាន​លក្ខណៈ​ចង្អៀត​នៅឡើយ ដែល​ផ្ទុយ​ពី​គោលបំណង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចង់បាន​គណៈកម្មការ​ចំពោះ​កិច្ច​មួយ​ដែលមាន​លក្ខណៈ​ទូលំទូលាយ​ជាង​នេះ​ដែលមាន​ការចូលរួម​ពី​តំណាង​គណបក្សនយោបាយ​ទាំងពីរ គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​អង្គការ​សង្គម​ស៊ីវិល អ្នកសង្កេតការណ៍​ជាតិ​-​អន្តរជាតិ​ដោយមាន គ​.​ជ​.​ប ជា​អ្នកសម្របសម្រួល និង​អង្គការសហប្រជាជាតិ​ជា​អាជ្ញាកណ្តាល​។

ដូច្នេះ ការណ៍​ដែល គ​.​ជ​.​ប ស្នើ​អញ្ជើញ​ឲ្យ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ប្រជុំ ដើម្បី​ពិភាក្សា​អំពី​អាណត្តិ និង​តួនាទី ភារកិច្ច របស់​គណៈកម្មការ​ចំពោះ​កិច្ច​នៅ​ថ្ងៃស្អែក​នេះ គណបក្ស​សង្គ្រោះ​ជាតិ​មិនទាន់​អាច​ចាត់​តំណាង​ឲ្យ​ចូលរួម​បានទេ ដោយ​រង់ចាំ​ឲ្យ​មានការ​បង្កើត​គណៈកម្មកា​រ​ចំពោះ​កិច្ច​មួយ​ដែលមាន​សមាសភាព​ចូល​រួមមាន​លក្ខណៈ​ទូលំទូលាយ​តាម​ការស្នើសុំ​ជាមុនសិន​»។​ ​

ដោយឡែក​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បានចេញ​សេចក្តី​ថ្លែង​ការ​នៅ​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៣​នេះ មាន​ខ្លឹមសារ​ដូចគ្នា​ទៅនឹង​លិខិត​របស់​ឯកឧត្តម សម រង្ស៊ី ជា​ប្រធាន​គណបក្ស​ដែរ ដើម្បី​ធានា​ឲ្យ​ដំណោះស្រាយ​ដែល​កើតចេញពី​គណៈកម្មការ​ចំពោះ​កិច្ច​នេះ​មាន​តម្លាភាព សមធម៌ និង​អាច​ទទួលយកបាន​ពី​គ្រប់ភាគី​ទាំងអស់​៕​

cnrp-letter-3

 

cnrp-letter-4

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.