ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

នាយករដ្ឋមន្ត្រី​កម្ពុជាលើកទឹកចិត្ត​ប្រជាពលរដ្ឋ​ឲ្យ​ចេះនិង​ប្រឹង​ជក់បារី​?

ព្រះរាជាណាចក្រ​កម្ពុជា បាន​ចូលរួម​ជា​សមាជិក​ក្នុង​អនុសញ្ញា​ស្តីពី​ការត្រួតពិនិត្យ​ថ្នាំជក់​របស់​អង្គការ​សុខភាព​ពិភពលោក ដែល​ធ្វើ​នៅ​ទីក្រុង​ហ្សឺ​ណែវ នា​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០០៣ តាមច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា ចូលរួម​ក្នុង​អនុសញ្ញា​ស្តីពី​ការត្រួតពិនិត្យ​ថ្នាំជក់ ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/​រកត​/០១០៦/០០២ ចុះ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០០៦​។​ ​

អនុសញ្ញា​របស់​អង្គការ​សុខភាព​ពិភពលោក​ស្តីពី​ការត្រួតពិនិត្យ​ថ្នាំជក់​ឆ្នាំ​២០០៣ មាន៣៨​មាត្រា ក្នុងនោះ​មាត្រា​១៤ បានចែង​អំពី​វិធានការ​បន្ថយ​ការ​ញៀន​បារី និង​ការឈប់​ជក់បារី ដែល​តម្រូវ​ឲ្យ​ភាគី​រដ្ឋ​នីមួយៗ​ជា​សមាជិក​នៃ​អនុសញ្ញា​នេះ ត្រូវ​ចាត់វិធានការ​មាន​ប្រសិទ្ធភាព ដើម្បី​ជំរុញ​ការឈប់​ប្រើ​ថ្នាំជក់ និង​ការព្យាបាល​ត្រឹមត្រូវ​ចំពោះ​ការ​ញៀន​ថ្នាំជក់​។​- ​

ព័ស្តុតាង​ជាក់ស្តែង​មួយ​បានបង្ហាញ​ឲ្យ​ឃើញ​ជា​សាធារណៈ​ថា ក្នុង​ដំណើរ​ចុះសាកសួរ​សុខទុក្ខ និង​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តកណ្តាល កាលពី​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៣ ម្សិលមិញ​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​បុរស​ខ្លាំង​នៃ​កម្ពុជា បាន​កាន់​ដែកកេះ​អុជ​បារី​ឲ្យ​ប្រជាពលរដ្ឋ​ជក់​នៅ​ចំពោះមុខ​មន្ត្រី​ហែហម​សម្តេច និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​។ ពោលគឺ​សម្តេចនាយក​រដ្ឋមន្ត្រី ដែល​តំណាង​ឲ្យ​ភាគី​រដ្ឋ​មួយ​ជា​សមាជិក​អនុសញ្ញា​ស្តីពី​ការត្រួតពិនិត្យ​ថ្នាំជក់​របស់​អង្គការ​សុខភាព​ពិភពលោក​មិនបាន​ប្រាប់ ឬ​ណែនាំ​ប្រជាពលរដ្ឋ​ឲ្យ​ឈប់​ជក់បារី​តាម​ស្មារតី​នៃ​អនុសញ្ញា​ស្តីពី​ការត្រួតពិនិត្យ​ថ្នាំជក់​នោះឡើយ ហើយ​បែរជា​បាន​លើកទឹកចិត្ត​កាន់​ដែកកេះ​អុជ​បារី​ដោយ​ផ្ទាល់ដៃ​ឲ្យ​ប្រជាពលរដ្ឋ​ជក់​ក្នុង​កាយវិការ​យ៉ាង​ស្និទ្ធស្នាល​ទៅវិញ​។​

​មជ្ឈដ្ឋាន​អ្នក​រិះគន់​ដើម្បី​កែលម្អ បាន​លើកឡើងថា ទោះបី «​សម្តេច​តេ​ជោ​សែន​» ចង់បង្ហាញ​នូវ​កាយវិការ​ស្និទ្ធស្នាល​ជាមួយ​ប្រជាពលរដ្ឋ​របស់​សម្តេច​យ៉ាងណាក៏ដោយ ក៏​សម្តេច​មិនគួរ​បង្ហាញ​អំពី​រូបភាព​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ជក់បារី ឬ​ឈានទៅ​ញៀន​បារី​នោះដែរ ពីព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​ផង និង​បង្ហាញ​អំពី​ទម្លាប់​អាក្រក់​របស់​កម្ពុជា ក្នុង​ការមិន​អនុវត្តន៍​តាម​ស្មារតី​នៃ​អនុសញ្ញា​របស់​អង្គការ​សុខភាព​ពិភពលោក​ស្តីពី​ការត្រួតពិនិត្យ​ថ្នាំជក់​ផង​។​

​ក្រុម​អ្នក​រិះគន់​មាត់ដាច​មួយចំនួនបាន​លើកឡើងថា ទំនងជា​សម្តេចនាយក​រដ្ឋមន្ត្រី​ដែលជា​បុរស​ខ្លាំង​នៃ​កម្ពុជា​ចង់​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ឲ្យ​ចេះ ឬ​ប្រឹង​ជក់បារី ដូច​សម្តេច​ធ្លាប់បាន​ពិសា និង​ញៀន​បារី​នៅ​គ្រប់​ទីកន្លែង​ពី​អតីតកាល​ដែរ​ហើយ បានជា​សម្តេច​មិន​ហាមប្រាម ឬ​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ជក់បារី​កុំ​ឲ្យ​ជក់​តទៅទៀត ឬ​សម្តេច​មិន​ផ្តល់​ថ្នាំ ដើម្បី​កាន់​បន្ថយ ឬ​បំបាត់​ការ​ញៀន​បារី បែរជា​សម្តេច​ជួយ​អុជ​បារី​ឲ្យ​ប្រជាពលរដ្ឋ​ជក់​បែបនេះ​៕

hun-sen-smoking

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.