ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

មេ​គណបក្សប្រឆាំង​នៅ​តែ​បន្ដ​ទទូច​ឱ្យ​​គ.ជ.ប បង្កើត​គណៈកម្មាធិការ​ចម្រុះ​ស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​

​ឯកឧត្ដម​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចេញ​លិខិត​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​៣០​ខែ​ កក្កដា​ឆ្នាំ​២០១៣​នេះ​ ជម្រាប​ជូន​ឯកឧត្ដម​ អ៊ឹម​ សួស្ដី​ ប្រធាន​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ “គ.ជ.ប”​ស្នើ​សុំ​សម្រួល​ដល់​ការ​បង្កើត​គណៈកម្មាធិការ​ចម្រុះ​ដើម្បី​ ធ្វើការ​ស៊ើបអង្កេត​ និង​ធ្វើ​របាយ​ការណ៍​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៥​ថ្ងៃ​ទី​២៨​ខែកក្កដា​ឆ្នាំ​ ២០១៣​ ។​

លិខិតផ្លូវការ​របស់​ឯកឧត្ដម​ សម​ រ​ង្ស៊ី​ ដែល​បាន​ជម្រាប​ជូន​ ប្រធាន​ គ.ជ.ប បាន​បញ្ជាក់​ថា​ “​តាម​ភាព​ជាក់ស្ដែង​ដែល​គណ​បក្ស​សង្គ្រោះ​ជាតិ​ និង​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោតជាតិ​-​អន្ដរជាតិ​ បាន​បង្ហាញ​ឱ្យ​ឃើញ​ និង​តាមប្រតិកម្ម​ពី​ប្រជាពលរដ្ឋ​ពី​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ដែល​កើត​មាននៅ​ថ្ងៃ​បោះ​ឆ្នោត​កន្លង​ទៅ​នេះ​នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត​ ទាំង​នៅ​រាជធានី​ និង​នៅ​តាម​ខេត្ដ​នានា​នៅ​ថ្ងៃ​បោះ​ឆ្នោត​ និង​រាប់​សន្លឹក​ឆ្នោត​ ដែល​ជា​អាទិ៍​មាន​ដូច​ជា​ ៖​ ប្រជាពលរដ្ឋ​ដែល​ធ្លាប់​មានឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត​និង​ធ្លាប់​បាន​ទៅ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១២​ជា​ច្រើន​រូប​ត្រូវ​បាត់ឈ្មោះ​ពី​បញ្ជី​ ខ្លះ​ត្រូវ​បាន​គេ​កែប្រែ​ឱ្យ​ខុស​ឈ្មោះ​ ខ្លះ​ទៀត​ត្រូវ​បាន​ផ្ទេរ​ឈ្មោះ​ទៅ​ការិយាល័យ​ផ្សេង​ធ្វើ​ឱ្យ​រក​ឈ្មោះ​មិនឃើញ​ ខ្លះ​មាន​គេ​បោះ​ឆ្នោត​ជំនួស​ មានការ​ជួយ​បន្លំ​មនុស្ស​ ដែល​មិន​មាន​សិទ្ធិ​បោះ​ឆ្នោត​ឱ្យ​បោះ​ឆ្នោត​បាន​តាម​រយៈ​ការ​ធ្វើ​លិខិត​ បញ្ជាក់​អត្ដសញ្ញាណ​ ។​ល​។​និង​ ។​ល​។​

ដូច្នេះ​ ដើម្បី​ផ្ដល់​យុត្ដិធម៌​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​អំណាច​ និង​ដល់​គណបក្ស​នយោបាយ​ដែល​ចូលរួម​ប្រកួត​ក្នុង​ការ​បោះ​ឆ្នោត​ឱ្យ​ទទួលលទ្ធផល​ពិតប្រាកដ​ពី​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៨​ខែកក្កដា​ឆ្នាំ​ ២០១៣​បាន​ គ.ជ.ប ត្រូវ​តែ​បង្កើត​គណៈកម្មាធិការ​ចម្រុះ​មួយ​ជា​បន្ទាន់​ ដើម្បី​ធ្វើការ​អង្កេត​លើ​ភាព​មិន​ប្រក្រតី​ទាំងឡាយ​នេះ​ ដោយ​មាន​សមាសភាព​មក​ពី​គណបក្ស​ សង្គ្រោះ​ជាតិ​គណបក្ស​ប្រជាជន​កម្ពុជា​ តំណាង​អង្គការ​សហ​ប្រជា​ជាតិ​ តំណាង​អង្គការ​សង្គម​ស៊ី​វិល​ជាតិ​-​អន្ដរជាតិ​ ។​ គណៈ​ក​ម្មា​ធិ​ការ​ចម្រុះ​ត្រូវធ្វើ​របាយការណ៍​អំពី​ភាព​មិន​ប្រក្រតី​ដែល​បាន​រក​ឃើញ​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ជ្រើស​ តាំង​តំណាងរាស្ដ្រ​នេះ​ ដើម្បី​ឱ្យ​គ.ជ.ប​ធ្វើការ​កែ​លំអ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ដែល​បាន​ប្រកាស​នេះ​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​យ៉ាង​ពិតប្រាកដ​ របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ។​”​ ៕

CNRP-Letter1

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.