ថ្ងៃ ចន្ទ ទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១

ប្រជាប្រិយភាព​គណបក្ស​ប្រ​ឆាំង​បំបាក់មុខ​“​សម្ដេច​ទាំង​បី​”​ថ្នាក់ដឹកនាំ​គណបក្សកាន់អំណាច​ក្នុង​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​២០១៣

ថ្វី​ដ្បិត​គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាស​ថា​ បាន​ទទួល​ជ័យជម្នះ​អាសនៈ​ភាគច្រើន​ដាច់ខាត​ក្នុង​រដ្ឋសភា​នីតិកាល​ថ្មី​ក្ដី​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត​បឋម​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​“​គ​.ជ.​ប​”​ក្ដី​ ប៉ុន្តែលទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៥“២០១៣-២០១៨”​នេះ​ ត្រូវ​បាន​គ.ជ.​ប​ប្រកាស​ឱ្យ​ដឹង​ជា​សា​ធារ​ណៈ​រួច​ហើយ​ ។​

អនុលោម​តាម​លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត​ប្រកាស​ដោយ​ គ.ជ.​ប បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ នៅ​មណ្ឌល​រាជធានី​​ភ្នំពេញ​ គណ​បក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ចំនួន​៣៨១.៧៥៦​សំឡេង​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ចំនួន​២៥៤.២១០​សំឡេង​,​ នៅ​មណ្ឌល​ខេត្ដកំពង់ចាម​ គណបក្សសង្គ្រោះ​ជាតិ​ទទួល​បាន​សំឡេង​ ឆ្នោត​គាំទ្រ​ចំនួន​៤៥៦.៣៩៥​សំឡេង​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ចំនួន​ ៣៧៤.៥៥៩​សំឡេង​ និង​នៅ​មណ្ឌល​ខេត្ដកណ្ដាល​ គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ចំនួន​៣៦៥.៤០១​សំឡេង​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ចំនួន​២៦១.​៦២៤​សំឡេង​ ។​ ​

ដោយឡែក​ នៅ​ក្នុង​មណ្ឌល​ខេត្ដ​មួយ​ចំនួន​ទៀត​ដូច​ជា​មណ្ឌល​ខេត្ដព្រៃវែង​ គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ចំនួន​២៨៧.៨៥៨​សំឡេង​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ចំនួន​២៥១.​៩០២​សំឡេង​ និង​មណ្ឌល​ខេត្ដ​កំពង់ស្ពឺ​ គណបក្ស​សង្គ្រោះ​ជាតិ​ ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ចំនួន​១៨៦.៩៦៦​សំឡេង​ និង​គណបក្ស​ ប្រជាជន​កម្ពុជា​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ចំនួន​១៨០.១០៣​សំឡេង​។​ សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មណ្ឌល​ខេត្ដព្រៃវែង​ មានឯកឧត្ដម​ ប៊ិ​ន​ ឈិ​ន​ ជា​បេក្ខជន​តំណាងរាស្ដ្រ​ពេញ​សិទ្ធិ​លេខ​រៀង​ទី​១​ និង​នៅ​មណ្ឌល​ខេត្ដកំពង់ស្ពឺ​មាន​ឯកឧត្ដម​ សាយ​ ឈុំ​ ជា​បេក្ខជន​ តំណាងរាស្ដ្រ​ពេញ​សិទ្ធិ​លំដាប់​លេខ​រៀង​ទី​១​ ។​

អ្នក​តាមដាន​ព្រឹត្ដិការណ៍​ន​យោ​បាយ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា​ គីឡូ​ប្រកួតប្រជែង​នៅ​លើ​សង្វៀន​នយោបាយ​កម្ពុជា​ រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ភាព​ខុស​គ្នា​ឆ្ងាយ​ណាស់​ ពីព្រោះ​គណបក្ស​ប្រជា​ជន​កម្ពុជា​ជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​ដុះ​ស្លែ​ មាន​ទ្រព្យសម្បត្ដិ​មហាសាល​ មាន​រចនាសម្ព័ន្ធ​កម្លាំង​បណ្ដាញ​ពីលើ​រហូត​ដល់​ថ្នាក់​ក្រោម​ ភូមិ​ ក្រុម​ និង​មាន​ គ.ជ.​ប មិន​ឯករាជ្យ​សម្រាប់​ជួយ​បំពេញការងារ​ក្នុង​កិច្ចការ​បោះ​ឆ្នោត​ថែម​ទៀត​…​ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ​ គឺជា​គណបក្ស​នយោបាយ​ប្រឆាំង​ដែល​គ្មាន​អំណាច​ គ្មាន​កម្លាំង​ប្រដាប់​អាវុធ​នៅ​ក្នុង​ដៃ​ដើម្បី​គំរាមកំហែង​អ្នក​ផ្សេង​ គ្មាន​លុយកាក់​សម្រាប់​ ទិញ​ទឹកចិត្ដ​អ្នកបោះឆ្នោត​ និង​គ្មានរចនាសម្ព័ន្ធ​អំណាច​គ្រប់គ្រាន់​ពី​លើ​ដល់​ក្រោម​ដូច​គណបក្ស​កាន់​អំណាច​ទេ​ ព្រមទាំង​ទទួល​រង​នូវ​ការ​គាបសង្កត់​ និង​រើសអើង​ពី​អាជ្ញាធរ​មូលដ្ឋាន​ជា​មនុស្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​ខ្លាំងក្លា​…​ ។ លើស​ពី​នេះ​ ប្រធាន​ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បេក្ខជន​នាយក​រដ្ឋមន្ដ្រី​ គឺ​ឯកឧត្ដម​ សម​ រ​ង្ស៊ី​ មានឱកាស​តិចតួច​ និង​មាន​រយៈពេល​ខ្លី​បំផុត​ក្នុង​ការ​ចុះ​ឃោសនា​រក​សំឡេង​ឆ្នោត​គាំទ្រ​នៅ​តាម​បណ្ដា​ខេត្ដ​នានា​ ហើយ​ត្រូវ​បាន​គេ​បំបិទ​សិទ្ធិ​បោះ​ឆ្នោត​ និង​សិទ្ធិ​ឈរឈ្មោះ​បោះ​ឆ្នោត​ទៀត​ផង​ ។​ ​

ឥឡូវនេះ​ គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ច្រើន​ជាង​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​មណ្ឌល​ភ្នំពេញ​ ដែល​ជា​រាជ​ធានី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជា​បេះដូង​របស់​ប្រទេស​កម្ពុជា​ មាន​សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម​ ប្រធាន​គណបក្ស​ប្រជា​ជន​កម្ពុជា​ ជា​បេក្ខជន​តំណាង​រាស្ដ្រ​ពេញ​សិទ្ធិ​លេខ​រៀង​ទី​១​ នៅ​មណ្ឌល​ខេត្ដកំពង់ចាម​មាន​សម្ដេចអគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានកិត្ដិយស​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​បេក្ខជន​តំណាងរាស្ដ្រ​ពេញ​សិទ្ធិ​លេខ​រៀង​ទី​១​ និង​នៅ​មណ្ឌល​ខេត្ដកណ្ដាល​មាន​សម្ដេច​ អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ អនុប្រធាន​គណបក្ស​ប្រជា​ជន​កម្ពុជា​ជា​បុរស​ខ្លាំង​នៃ​កម្ពុជា​ ជា​បេក្ខជន​តំណាងរាស្ដ្រ​ពេញ​សិទ្ធិ​លេខ​រៀង​ទី​១​ ។​ មាន​ន័យ​ថា​ ប្រជាប្រិយភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​ឯកឧត្ដម​ សម​ រ​ង្ស៊ី​ ជា​ប្រធាន​ បាន​បំបាក់​មុខ​“​សម្ដេច​ទាំង​បី​”​ជា​ថ្នាក់ដឹកនាំ​ របស់​គណបក្សកាន់អំណាច​ក្នុង​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​២០១៣​នេះ​យ៉ាង​ធ្ងន់ធ្ងរ​សឹង​ងើបមុខ​លែង​រួច​ ទោះ​បី​សំឡេង​ឆ្នោត​គាំទ្រ​សរុប​របស់​គណបក្សកាន់អំណាច​នៅ​ទូ​ទាំង​ ប្រទេស​មាន​ចំនួន​ច្រើន​ជាង​សំឡេង​ឆ្នោត​គាំទ្រ​របស់​គណបក្សប្រឆាំង​ក៏​ដោយ​ "គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតសរុបទូទាំងប្រទេសចំនួន ៣.២២៧.៦៩៣សំឡេង និងគណបក្សសង្គ្រោះជាតិទទួលបានសំឡេងឆ្នោតសរុបចំនួន ២.៩៤១.១៣៣សំឡេង" ។​ ​

មជ្ឈដ្ឋាន​អ្នក​រិះគន់​មាត់ដាច​មួយ​ចំនួន​បាន​សម្ដែង​នូវ​ការ​ងឿង​ឆ្ងល់​ថា​ ឧបមា​ថា​ ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​នៅ​តាម​បណ្ដា​ខេត្ដ​មួយ​ចំនួន​ទៀត​មាន​ស្ថានភាព​ដូច​នៅ​រាជធានី​ភ្នំពេញ​ ខេត្ដកំពង់ចាម​ ខេត្ដកណ្ដាល​ ខេត្ដព្រៃវែង​ និង​ខេត្ដកំពង់ស្ពឺ​នោះ​ តើ​សំឡេង​ឆ្នោត​គាំទ្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ទៅ​ជា​យ៉ាងណា​ ?​ ហើយ​“​សម្ដេច​ទាំង​បី​”​ជា​ថ្នាក់​ដឹក​នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​យកមុខ​ទៅ​ទុក​នៅឯណា​ ?

ក្រុម​អ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា​ លទ្ធផល​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​២០១៣​នេះ​ គឺជា​សញ្ញា​ឬ​ជា​មេរៀន​មួយ​ធ្វើ​ឱ្យ​ថ្នាក់ដឹកនាំ​គណ​បក្ស​ប្រជាជន​កម្ពុជា​ ជា​ពិសេស​ “​សម្ដេច​ទាំង​បី​”​ព្រមទាំង​មន្ដ្រី​ចូល​ចិត្ដ​ហៃអើ​ វាយ​អែប​ស៊ី​អប​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងឡាយ​បាន​ភ្លឺភ្នែក​ទៅ​នឹង​ការ​វិ​វ​ឌ្ឍ​ផ្នែក​ស្មារតី​ និង​ចិត្ដគំនិត​ ព្រម​ ទាំង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​លែង​ចង់​ត្រូវការ​របៀបរបប​ ឬ​ប្រព័ន្ធ​ដឹកនាំ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ជា​បណ្ដើរៗ​តទៅ​ទៀត​ហើយៗ​ក៏​មាន​ន័យ​ថា​ យុទ្ធសាស្ដ្រ​សាម​កុក​របស់​“​សម្ដេច​តេ​ជោ​សែន​”​សម្រាប់​តែ​ប្រើប្រាស់​នៅ​ស្រុក​ចិន​ពី​សម័យ​អតីតកាល​រាប់​រយ​រាប់​ពាន់​ឆ្នាំ​មកនោះ​ទេ​ តែ​នៅ​ស្រុក​ខ្មែរ​គ្មាន​ប្រសិទ្ធភាព​ឡើយ​ ៕

Sam-Raingsy-Kim-Sokha

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.