ថ្ងៃ ចន្ទ ទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១

មួយ​ព្រនង់​ចុងក្រោយ​របស់ គ​.​ជ​.​ប បាន​សំពង​ទៅលើ​អាចារ្យ A មេ​វិទ្យុ ABC FM 107.5 MHz ដែល​ទំនើង​មិន​ស្តាប់​ការព្រមាន​

​បន្ទាប់ពី​បានចេញ​លិខិត​ព្រមាន​កាលពី​ថ្ងៃទី​២៤ ខេ​កក្កដា ឆ្នាំ​២០១៣ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត «​គ​.​ជ​.​ប​» ទៅលើ​នាយក​ស្ថានីយ៍​វិទ្យុ ABC FM 107.5 MHz រួចមក កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៣ ម្សិលមិញ​នេះ គ​.​ជ​.​ប បានធ្វើ​សំណើ​ជា​ផ្លូវការ​ទៅ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ស្នើសុំ​ឲ្យ​ចាត់វិធានការ​ជាបន្ទាន់​ដើម្បី​ផ្អាក​ការផ្សាយ​របស់​វិទ្យុ ABC FM 107.5 MHz ដែលមាន​លោក​សេង ប៊ុន​វ៉េង ហៅ​អាចារ្យ A ជា​នាយក​រហូតដល់​ក្រោយ​ការបោះឆ្នោត​។​ ​

លិខិត​សំណើ​របស់ គ​.​ជ​.​ប លេខ​៧២៥/១៣​គ​.​ជ​.​ប ចុះ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៣ ដែល​បាន​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​នោះ បាន​បញ្ជាក់ថា «​វិទ្យុ ABC FM 107.5 MHz បាន​ផ្សព្វផ្សាយ​ព័ត៌មាន​រំលោភ​ទៅនឹង​ច្បាប់ បទបញ្ជា និង​នីតិវិធី​របស់ គ​.​ជ​.​ប ។ គ​.​ជ​.​ប បានចេញ​លិខិត​ព្រមាន​រួចហើយ ដើម្បី​ឲ្យ​បញ្ឈប់​ការផ្សព្វផ្សាយ​ព័ត៌មាន​ដែល​រំលោភ​ទៅនឹង​បទបញ្ជា និង​នីតិវិធី​នៃ​ការឃោសនាបោះឆ្នោត ប៉ុន្តែ​ស្ថានីយ៍​វិទ្យុ​នេះ នៅតែ​បន្ត​ផ្សព្វផ្សាយ​ដដែល ដោយ​ម្ចាស់​ស្ថានីយ៍​វិទ្យុ​នេះ ធ្វើការ​សម្ភាសន៍​តាម​ទូរស័ព្ទ​ពី​ទល់ដែន​ខ្មែរ​-​ថៃ​។ ហើយ​ការផ្សព្វផ្សាយ​ទាំងនេះ​នៅតែ​ប្រើ​ភាសា និង​ពាក្យពេចន៍​ញុះញង់ បំភិតបំភ័យ​អ្នកបោះឆ្នោត​ដដែល​។ អាស្រ័យហេតុនេះ សូម​ឯកឧត្តម​រដ្ឋមន្ត្រី​ចាត់វិធានការ​ជាបន្ទាន់ ដើម្បី​ផ្អាក​ការផ្សាយ​របស់​វិទ្យុ ABC FM 107.5 MHz ចាប់ពីពេលនេះ​រហូតដល់​ក្រោយ​ការបោះឆ្នោត​។​»​។​ ​

អនុលោម​តាម​ចំណាត់ការ​ហូរហែ​របស់ គ​.​ជ​.​ប ទៅលើ​អាចារ្យ A ដែលជា​មេ​វិទ្យុ ABC FM 107.5 MHz ដូចនេះ បានបង្ហាញ​ឲ្យ​ឃើញថា អាចារ្យ A គឺជា​ប្រភេទ «​ជន​ទំនើង​» ដែល​មិន​ខ្លាច ឬ​ហ៊ាន​ឌឺ​ដាក់ គ​.​ជ​.​ប ទើប​បណ្តាល​ឲ្យ គ​.​ជ​.​ប សំពង​មួយ​ព្រនង់​ចុងក្រោយ​ដោយ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ចាត់វិធានការ​ផ្អាក​ការផ្សាយ​របស់​វិទ្យុ​នេះ​តែម្តង​។​ ​

យ៉ាងណា​ក៏ដោយ មជ្ឈដ្ឋាន​អ្នកតាមដាន​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា បាន​លើកឡើងថា ចំណាត់ការ​របស់​ឯក​ឧ​ត្ត​ម អ៊ឹម សួស្តី ប្រធាន គ​.​ជ​.​ប ទៅលើ​អាចារ្យ A ដែល​ស្នើ​ឲ្យ​ក្រសួង​ព័ត៌មាន​ផ្អាក​ការផ្សាយ​វិទ្យុ ABC FM 107.5 MHz នោះ គឺ​យឺត​មួយ​ជំហាន​ទៅហើយ​ពីព្រោះ​អាចារ្យ A បានប្រកាស​កាលពី​វេលា​ម៉ោង ០៧ និង ៤០​នាទី​ព្រឹក ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៣ កន្លងមក​ក្រោយ​ការព្រមាន​របស់ គ​.​ជ​.​ប រួច​ជាមុន​ហើយ​ថា វិទ្យុ ABC FM 107.5 MHz នឹង​ឈប់​ផ្សាយ​ដោយ​ខ្លួនឯង​ទោះបីជា​ក្រសួង​ព័ត៌មាន​មិនទាន់​ប្រកាស​ឲ្យ​បិទ​ក៏ដោយ​។

មជ្ឈដ្ឋាន​ដដែល​នេះ បានលើកឡើង​ទៀតថា អាចារ្យ A មេ​វិទ្យុ FM 107.5 MHz ហ៊ាន​ឌឺ​ដាក់​ឯកឧត្តម អ៊ឹម សួស្តី មេ គ​.​ជ​.​ប ដូច្នេះ​ដោយសារ​អាចារ្យ A មាន​ខ្នង​ក្រាស់​ពោះ​គ្រើម​ដែលជា​អ្នកធំ អ្នកមានអំណាច នៅ​កម្ពុជា កាង​ពីក្រោយ និង​ម្យ៉ាងទៀត​អាចារ្យ A នេះ​ក៏មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​ធំៗ​នៅក្នុង​គណបក្ស​ភឿ​ថៃ​នៅ​ប្រទេស​ថៃ ដែលជា​គណបក្សនយោបាយ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ផងដែរ​៕​

nec-to-moi

abc

 
Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.