ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

មួយ​វិនាទី​នៃ​ការសម្រេចចិត្ត​ខុស​តាមរយៈ​សន្លឹកឆ្នោតលោក អ្នកនឹង​រងទុក្ខវេទនា​៥​ឆ្នាំ ឬ​អាច​អស់​មួយជីវិត​

​នៅ​ថ្ងៃអាទិត្យ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ស្អែក​នេះ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ «២០១៣-២០១៨» នឹង​មកដល់​ដោយមាន​គណបក្សនយោបាយ​ចំនួន​៨ បាន​ចូលរួម​ប្រកួតប្រជែង​រក​សំឡេងឆ្នោត​គាំទ្រ​។​ ​

ការបោះឆ្នោត​ទៀងទាត់​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ព្រមទាំង​អាច​ជឿទុកចិត្ត​បាន​ផង​នោះ គឺជា​យន្តការ​គ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ​។ តាមរយៈ​នៃ​ការបោះឆ្នោត​នេះ​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​មានឱកាស​យ៉ាងពិត​ប្រាកដ ដើម្បី​ជ្រើសរើស​នូវ​តំណាង​របស់ខ្លួន​ដោយ​សេរី​។​ ​

រដ្ឋ​ណាក៏ដោយ​នៅក្នុង​ពិភពលោក បើ​អំណាចរដ្ឋាភិបាល​មិនបាន​កើតចេញពី​ឆន្ទៈ​ប្រជាពលរដ្ឋ​ពិតប្រាកដ​ទេនោះ គឺ​រដ្ឋាភិបាល​នោះ​តែងតែ​បង្ក​នូវ​អំពើ​អស្ថិរភាព​សង្គម អយុត្តិធម៌​សង្គម និង​តែងតែ​ប្រើ​អំពើ​ផ្តាច់ការ​ក្នុងការ​គ្រប់គ្រង​អំណាច​របស់ខ្លួន ព្រមទាំង​ប្រព្រឹត្ត​អំពើពុករលួយ បក្ខពួកនិយម គ្រួសារនិយម​យ៉ាង​ពេញបន្ទុក​។​ ​

ដូចគ្នានេះ ប្រសិនបើ​គណបក្សនយោបាយ​ឈ្នះឆ្នោត​ដោយសារតែ​មានការ​ប៉ិនប្រសប់​ក្នុងការ​ឃោសនា បញ្ឆោត​បោកប្រាស់ ឬ​ដោយ​ការ​ទិញដូរ​សន្លឹកឆ្នោត ឬ​ដោយ​ការគំរាមកំហែង ឬ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​ជឿ​លង់​ខ្វះ​ការពិចារណា​ដិតដល់ ឬ​ឲ្យ​មានការ​ភ័យខ្លាច​យល់ព្រម​បោះឆ្នោត​ឲ្យ​គណបក្ស​ខ្លួន​នោះ​ក៏​មិនអាច​ដឹកនាំ​រដ្ឋាភិបាល​ឲ្យ​មាន​ស្ថិរភាព​សង្គម និង​យុត្តិធម៌​សង្គម​បានដែរ​។​ ​

មាត្រា​៧៧ វាក្យខណ្ឌ​ទី​២ នៃ​រដ្ឋធម្មនុញ្ញ​ដែលជា​ច្បាប់កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចែងថា «​អាណត្តិ​អាជ្ញា​បញ្ជា​ទាំងឡាយ​ត្រូវ​ទុកជា​មោ​ឃៈ​» និង​មាត្រា​៧៨ វាក្យខណ្ឌ​ទី​១ និង​វាក្យខណ្ឌ​ទី​៥ នៃ​រដ្ឋធម្មនុញ្ញ​ដដែល​បាន​ចែងថា «​នីតិកាល​របស់​រដ្ឋសភា​មានកំណត់​៥​ឆ្នាំ ហើយ​ត្រូវ​ផុតកំណត់​នៅពេលដែល​រដ្ឋសភា​ថ្មី​ចូលកាន់​តំណែង​។ រដ្ឋសភា​មិនអាច​ត្រូវបាន​រំលាយ​មុន​ផុត​អាណត្តិ​បានឡើយ វៀរលែងតែ​ក្នុងករណី​ដែល​រដ្ឋាភិបាល​ត្រូវបាន​ទម្លាក់​២​ដង​ក្នុង​រយៈពេល​១២​ខែ​។​… ក្នុងពេល​មាន​សង្គ្រាម ឬ​ក្នុង​កាលៈទេសៈ​ពិសេស​ដទៃទៀត​ដែល​មិនអាច​ធ្វើការ​បោះឆ្នោត​កើត រដ្ឋសភា​អាច​ប្រកាស​បន្ត​នីតិកាល​របស់ខ្លួន​១​ដង បាន​មួយឆ្នាំ​តាម​សំណើ​របស់​ព្រះមហាក្សត្រ​។​»​។​ ​

អនុលោម​តាម​មាត្រា​៧៧ វាក្យខណ្ឌ​ទី​២ និង​មាត្រា​៧៨ វាក្យខណ្ឌ​ទី​១ និង​វាក្យខណ្ឌ​ទី​៥ នៃ​រដ្ឋធម្មនុញ្ញ​ខាងលើនេះ​បានបង្ហាញ​ឲ្យ​ឃើញថា ប្រសិនបើ​លោក អ្នក ជ្រើសរើស​តំណាង​របស់ខ្លួន​ខុស​ហើយ​នោះ គឺ​លោក អ្នក គ្មាន​សិទ្ធិ​តវ៉ា​ឲ្យ​ដកហូត​តំណាងរាស្ត្រ​ណា​ម្នាក់​ដែល​ព្រងើយកន្តើយ ឬ​មិនបាន​គិតគូរ​ដល់​សុខទុក្ខ​និង​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ ឬ​មិន​គោរព​តាម​ពាក្យសន្យា​នោះឡើយ ដ្បិត​ពាក្យ​ថា «​អាណត្តិ​អាជ្ញា​បញ្ជា​ទាំងឡាយ​ត្រូវ​ទុកជា​មោ​ឃៈ​» មានន័យថា ទោះបីជា​តំណាងរាស្ត្រ​ដែល​លោក អ្នក ជ្រើសរើស​បាន​នោះ​មាន​ទេពកោសល្យ​ឃោសនា​បោកប្រាស់​លោក អ្នក យ៉ាងណាក៏ដោយ ក៏​លោក អ្នក គ្មាន​សិទ្ធិ​ដាក់​កំហិត​ឲ្យ​តំណាងរាស្ត្រ​នោះ​គោរព​តាម​ពាក្យសន្យា​របស់គេ «​កាល​នៅ​ជា​បេក្ខជន​» ឡើយ គឺ​លោក អ្នក បានត្រឹមតែ​ឈឺចាប់​រងទុក្ខវេទនា​ប៉ុណ្ណោះ​។​ ​

លើសពីនេះ ជា​ចៃដន្យ​អាក្រក់​ប្រសិនបើ​នៅក្នុង​អាណត្តិ​ដែល​រដ្ឋាភិបាល​បោកប្រាស់​លោក អ្នក នោះ​ជា​រដ្ឋាភិបាល​ដែល​ចូលចិត្ត​សង្គ្រាម​ផង​គឺ​បងប្អូន​នឹងត្រូវ​កេណ្ឌ​យកទៅ​ឲ្យ​ធ្វើ​ទាហាន​ឲ្យ​ច្បាំង​សម្លាប់​គ្នា ដើម្បី​រក្សា​អំណាច​របស់​បក្ខ​ពួកគេ​ឲ្យ​ឋិតថេរ និង​រឹងមាំ​តែប៉ុណ្ណោះ​។ រីឯ​លទ្ធផល​ដែល​បងប្អូន​ទទួលបាន​មកវិញ​គឺ​ការព្រាត់ប្រាស​ប្តី ប្រពន្ធ កូនចៅ​ជាទី​ស្រឡាញ់ ឬ​ធ្លាក់ខ្លួន​ពិការ​ដៃជើង រងទុក្ខវេទនា​អស់​មួយជីវិត​។ ម្យ៉ាងទៀត ក្រោយ​ពេលដែល​បាន​អំណាច​ក្នុង​ដៃ​ហើយ​គេ​មិន​បង្ក​ជា​ចម្បាំងរាំងជល់​អ្វី​ទេ តែ​រដ្ឋាភិបាល​នោះ​មិនបាន​យកចិត្តទុកដាក់​ដល់​កិច្ចការ​ប្រទេសជាតិ ខ្វះ​សមត្ថភាព​ក្នុងការ​ដឹកនាំ បង្ក​ការកាប់បំផ្លាញ​ព្រៃឈើ​នាំ​ឲ្យ​ខូចខាត​ដល់​បរិស្ថាន បណ្តាល​ឲ្យ​មាន​គ្រោះធម្មជាតិ​ផ្សេងៗ ដូចជា​ទឹកជំនន់ ភាពរាំងស្ងួត ប្រព្រឹត្ត​អំពើពុករលួយ បង្ក​ឲ្យ​មាន​វប្បធម៌​និ​រ​ទណ្ឌ​ភាព និង​មិនបាន​គិតគូរ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​ជាតិ និង​អន្តរជាតិ​អំពី​បញ្ហា​ព្រំដែន បូរណភាព​ទឹកដី និង​ជនអន្តោប្រវេសន៍​ខុសច្បាប់ ហើយ​និង​បញ្ហា​ដទៃទៀត​ដូចជា ការដោះស្រាយ​បំបាត់​ជម្លោះដីធ្លី ការរំលោភ​ដីធ្លី និង​ការរំលោភ​សិទ្ធិ​ផ្សេងៗ​ដែល​គណបក្សនយោបាយ​នោះបាន​សន្យា​ទេ​គឺ​បងប្អូន​នឹង​វេទនា​បន្ថែម​ពីលើ​ទុក្ខលំបាក​ដែលមាន​កន្លងមក​ជាក់​ជាមិនខាន​។​

​សរុបសេចក្តី​មក ដើម្បី​ឲ្យ​ជីវិត និង​ប្រទេសជាតិ​របស់លោក អ្នក មាន​កិត្យានុភាព និង​មាន​ពន្លឺសុភមង្គល​ពិតប្រាកដ សូម​បងប្អូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​ទាំងអស់​មេត្តា​ធ្វើការ​ពិចារណា​ឲ្យ​បាន​ដិតដល់​មុននឹង​សម្រេចចិត្ត​ប្រគល់​សន្លឹកឆ្នោត​១​សន្លឹក​របស់លោក អ្នក ជូនទៅ​គណបក្សនយោបាយ​ណាមួយ ដែល​ខ្លួន​ពេញចិត្ត​នោះ​។ ប្រសិនបើ លោក អ្នក ខ្វះ​ការពិចារណា​ឲ្យ​ដិតដល់​ច្បាស់លាស់​ជឿ​លង់​តាម​ការឃោសនា លួងលោម​បោក​បញ្ឆោត បំភិតបំភ័យ គំរាមកំហែង​របស់​មេ​បណ្តាញ​ឬ​តាម​ការចែក​អំណោយ​បន្តិចបន្តួច​របស់​គណ​បក្សនយោបាយ​ណាមួយ​នោះ គឺ​លោក អ្នក នឹងត្រូវ​ទទួលរង​ទុក្ខវេទនា​មិន​ត្រឹម​តែមួយ​អាណត្តិ​រយៈពេល​៥​ឆ្នាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាច​អស់​មួយជីវិត ក៏​ថា​បាន​។​ ​

សូម​ឲ្យ​ការសម្រេចចិត្ត​តែមួយ​វិនាទី​ក្នុងការ​គូស​លើ​សន្លឹកឆ្នោត​ដែល​លោក អ្នក ពេញចិត្ត​ទៅលើ​គណបក្សនយោបាយ​ណាមួយ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​នេះ​បាន​នាំមក​ជូន​លោក អ្នក វិញ​នូវ​តំណាង​ស្របច្បាប់​ជាទី​ពេញចិត្ត​ពិតប្រាកដ ដែល​ពោរពេញ​ទៅដោយ​សមត្ថភាព និង​មាន​សីលធម៌​ខ្ពង់ខ្ពស់​ក្នុង​ការដឹកនាំ​ប្រទេសជាតិ​ដើម្បី​លើកស្ទួយ​កម្រិតជីវភាព​កម្មករ កសិករ មន្ត្រីរាជការ ទាំង​ស៊ីវិល ទាំង​ប្រដាប់អាវុធ ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​គ្រប់​ស្រទាប់​ឲ្យ​បាន​ខ្ពង់ខ្ពស់​ប្រកបដោយ​កិត្យានុភាព សេចក្តីថ្លៃថ្នូរ និង​មាន​សុខដុមរមនា​តរៀង​ទៅ​៕​

Tlok3

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.