ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

អ្នកបោះឆ្នោត​សូម​យាង និមន្ត និង​អញ្ជើញ​ទៅ​បោះឆ្នោត​តាម​ព្រះតម្រិះ​របស់​ព្រះមហាក្សត្រ​

​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ «២០១៣-២០១៨» សម្រាប់​គណបក្សនយោបាយ​ទាំង​៨ ដែល​ចូលរួម​ប្រកួតប្រជែង​បានបញ្ចប់​ជា​ស្ថាពរ​កាលពី​ថ្ងៃ​ម្សិលមិញ​រួចហើយៗ​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃអាទិត្យ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ស្អែក​នេះ​ចាប់ពី​ម៉ោង​០៧ ព្រឹក​រហូតដល់​ម៉ោង​១៥ រសៀល​។​ ​

ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ នៅ​ឆ្នាំ​២០១៣​នេះ មាន​អ្នកបោះឆ្នោត​សរុប​ចំនួន ៩.៦៧៥.៤៥៣​នាក់ និង​មាន​ការិយាល័យ​បោះឆ្នោត​សរុប​នៅ​ទូទាំងប្រទេស​ចំនួន​១៩.០០៩​ការិយាល័យ​។​ ​

ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​នេះដែរ កាលពី​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០១៣ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​បានចេញ​ព្រះរាជសារ​មួយ​ផ្ញើជូន​ជនរួមជាតិ បងប្អូន កូនក្មួយ​ជាទីគោរព​ស្នេហា​ដ៏​ជ្រាលជ្រៅ​បំផុត​របស់​ព្រះអង្គ ដោយ​ទ្រង់​បាន​មាន​ព្រះតម្រិះ​ថា «​ដោយ​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​កាន់តែ​ខិតជិត​មកដល់​ហើយ ខ្ញុំ​សូម​ធ្វើ​សេចក្តីអំពាវនាវ​ជា​ឱឡារិក​ជូន​ជនរួមជាតិ បងប្អូន កូនក្មួយ សូមកុំ​ឲ្យ​មានការ​ព្រួយបារម្ភ​ចំពោះ​ការគាបសង្កត់ ការគំរាមកំហែង ឬ​សម្លុត​ពី​ជន​ណាមួយ បក្ស​ណាមួយ​ឲ្យ​សោះ​។

ការបោះឆ្នោត​នៅ​ថ្ងៃអាទិត្យ ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ គឺជា​ការបោះឆ្នោត​សម្ងាត់ ហើយ​ដែល​នឹង​ប្រព្រឹត្តធ្វើ​ទៅតាម​លទ្ធិប្រជាធិបតេយ្យ​សេរី​។ ហេតុដូចនេះ​ខ្ញុំ​សូម​បងប្អូន កូនក្មួយ មេត្តា​ប្រើ​សិទ្ធិ​របស់ខ្លួន​គឺ​ការបោះឆ្នោត​ទៅតាម​សតិសម្បជញ្ញៈ​របស់ខ្លួន​ម្នាក់ៗ ដែលមាន​ទំនុកចិត្ត​ទៅលើ​បេក្ខជន​ណាមួយ បក្ស​ណាមួយ​បាន​ដោយ​សេរី​។​»​។​ ​

ដូច្នេះ សូមអ្នក​បោះឆ្នោត​ទាំងអស់​មេ​ត្ត​យាង និមន្ត និង​អញ្ជើញ​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​នៅ​ថ្ងៃស្អែក​នេះ​តាម​ព្រះតម្រិះ​របស់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៃ​យើង​។​ ​

ឆ្លៀត​ក្នុងឱកាស​នេះដែរ គេហទំព័រ​សារព័ត៌មាន​ដើមត្នោត​សូម​ជូនពរ​ដល់​អ្នកបោះឆ្នោត​ទាំងអស់​ធ្វើដំណើរ​ទៅ​បោះឆ្នោត​បាន​ប្រកបដោយ​សុវត្ថិភាព​គ្រប់ៗ​គ្នា​កុំបី​ខាន​៕​

Sihamuni-Letter

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.