អ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែលមានចំនួនប្រមាណ ៧ម៉ឺននាក់ ពីដំបូងក្នុងអារម្មណ៍របស់ពួកគេគឺត្រឹមត្រៀមខ្លួនមកចូលរួមទទួលដំណើរមាតុភូមិនិវត្តន៍របស់ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិចាកចេញពីបរទេសមកកាន់ព្រះរាជាណាចក្រកម្ពុជាវិញនាព្រឹកមិញ ដើម្បីបានជួបមុខ និងលើកកម្លាំងចិត្តដល់ឯកឧត្តមប្រធានដ៏មានប្រជាប្រិយភាពរូបនេះប៉ុណ្ណោះ។
ប៉ុន្តែ អ្វីៗវាខុសពីការគិតជាបឋមទាំងអស់នៅពេលដែលដំណើរមាតុភូមិនិវត្តន៍របស់ឯកឧត្តម សម រង្ស៊ី នាពេលនេះគឺវាបានក្លាយទៅជាយុទ្ធនាការឃោសនារកសំឡេងឆ្នោតគាំទ្ររបស់គណបក្សសង្គ្រោះជាតិដ៏ធំសម្បើមក្រោមសំឡេងអបអរសាទរឯកឧត្តម សម រង្ស៊ី ផង និងបង្ហាញអំពីរូបភាពនៃការលើកប្រជាប្រិយភាពគាំទ្ររបស់គណបក្សសង្គ្រោះជាតិទាំងមូលផង ដើម្បីឈានឆ្ពោះទៅរកប្រៀបឈ្នះនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខ។
មិនត្រឹមតែចំពោះអ្នកគាំទ្រគណបក្សសង្គ្រោះជាតិប៉ុណ្ណោះទេ សូម្បីប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយ និងក្បែរមហាវិថីសហព័ន្ធរុស្ស៊ី និងអ្នកធ្វើដំណើរតាមដងមហាវិថី ឬវិថីនានាដែលក្បួនដង្ហែមាតុភូមិនិវត្តន៍របស់ឯកឧត្តម សម រង្ស៊ី ឆ្លងកាត់នោះគឺសុទ្ធតែមានអារម្មណ៍រំភើប និងស្ញប់ស្ញែងទៅនឹងសន្ទុះនៃការគាំទ្រពីគ្រប់មជ្ឈដ្ឋានជាពិសេសស្រទាប់យុវជនសម័យថ្មីទៅលើគណបក្សសង្គ្រោះជាតិដែលជាគណបក្សនយោបាយប្រឆាំងដ៏ធំនៅកម្ពុជា។
ដូច្នេះ វាជារឿងជោគជ័យទ្វេដងនឹកស្មានមិនដល់មួយ ដែលដំណើរមាតុភូមិនិវត្តន៍របស់ឯកឧត្តម សម រង្ស៊ី នាព្រឹកនេះបានក្លាយទៅជាយុទ្ធនាការឃោសនារបស់គណបក្សសង្គ្រោះជាតិដែលមានអ្នកគាំទ្រភ្លូកទឹកភ្លូកដី ដ៏គួរឲ្យចាប់អារម្មណ៍បំផុត៕