ថ្ងៃ ពុធ ទី ២៩ ខែ មិថុនា ឆ្នាំ ២០២២

ឯកឧត្តម សម រង្ស៊ី តម្កល់​ប្រយោជន៍​ទឹកដី​មាតុភូមិ និង​សាសនា​មានតម្លៃ​ជាង​ជីវិត​ផ្ទាល់ខ្លួន​

ក្តីរំភើប​រីករាយ​ឥត​គណនា​បាន​សណ្ឋិត​នៅក្នុង​អារម្មណ៍​របស់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជាពិសេស​អ្នកគាំទ្រ​ឯកឧត្តម សម រង្ស៊ី ជា​ប្រធាន​គណបក្ស​តែម្តង ដែល​បាន​ចូលរួម​អបអរសាទរ​ទទួល​ដំណើរ​មាតុភូមិនិវត្តន៍​របស់​ឯកឧត្តម សម រង្ស៊ី ចូលមក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​ប្រកបដោយ​សុវត្ថិភាព​នូវវេលា​ម៉ោង​០៩​និង​០៧ នាទី​ព្រឹក​នា​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៣​នេះ​។​

​សំឡេង​អបអរសាទរ​ហ៊ោកញ្ជ្រៀវ និង​សម្រែក​ជ័យ​ឃោស​ឲ្យ​មានការ​ផ្លាស់ប្តូរ «​ដូរ​» និង​ជ័យជម្នះ​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លាន់ឮ​កងរំពង​ចេញពី​មាត់​អ្នកចូលរួម​ចំនួន​ប្រមាណ​៧​ម៉ឺន​នាក់ តាំងពី​ពេល​ឯកឧត្តម សម រង្ស៊ី ចុះ​ពីលើ​យន្តហោះ​ដាក់​ជើង​ជាន់​លើទឹក​ដី​មាតុភូមិ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ «​ពោធិ៍ចិនតុង​» មកម្ល៉េះ រហូត​តាម​ដង​មហាវិថី​សហព័ន្ធរុស្ស៊ី​នៃ​ក្បួន​ហែ និង​បន្ត​មកដល់​ទីលាន​ប្រជាធិបតេយ្យ «​សួន​សេរីភាព​»​។​ ​

ក្រៅពី​មាន​អ្នកគាំទ្រ​ចូលរួម​ទទួល​ដំណើរ​មាតុភូមិនិវត្តន៍​របស់​ឯកឧត្តម សម រង្ស៊ី យ៉ាងច្រើន​កុះករ​នាពេលនេះ​គឺ​ចំណុច​ដែល​ធ្វើ​ឲ្យ​អ្នកចូលរួម​គាំទ្រ​ចាប់អារម្មណ៍​និង​ក្តុកក្តួល​ក្នុង​ចិត្ត​រហូតដល់​ស្រក់​ទឹកភ្នែក​នោះ​នៅពេល​បានឃើញ​ឯកឧត្តម សម រង្ស៊ី លុតជង្គង់​ចុះ​ក្រាប​សំពះ​ដល់​ព្រះធរណី​ក្នុងន័យ​នឹករលឹក​ដល់​ទឹកដី​មាតុភូមិ​ជាទី​ស្នេហា​ផង និង​អរគុណ​ដល់​ព្រះធរណី​ផង ខណៈ​ទើប​មកដល់​ព្រលានយន្តហោះ​ភ្លាម​។​ ​

មុននឹង​ធ្វើដំណើរ​ចាកចេញ​ពី​ប្រទេស​បារាំង​ឆ្ពោះ​មកកាន់​ទឹកដី​មាតុភូមិ​វិញ​នាពេលនេះ​គឺ​ឯកឧត្តម សម រង្ស៊ី បាន​អញ្ជើញ​ទៅ​ឲ្យ​ព្រះសង្ឃ​ប្រោះព្រំ​លើករាសី​ដល់​រូប​ឯកឧត្តម​ផង និង​សុំ​ឲ្យ​ជាតិខ្មែរ ទឹកដី​ខ្មែរ​រុងរឿង និង​គង់វង្ស​ផង​ព្រមទាំង​ធ្វើការ​បួងសួង​សុំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដែលមាន​លេខ​រៀង​ទី ៧ នៅលើ​សន្លឹកឆ្នោត​ទទួលបាន​ជ័យជម្នះ​សម្រាប់​ការបោះឆ្នោត​នាពេលខាងមុខ​ផង នៅ​វត្ត​របស់​ខ្មែរ​មួយ​ឈ្មោះ ធម្ម​រង្សី នៅ​ប្រទេស​បារាំង​។​

​វត្តមាន​របស់​ឯកឧត្តម សម រង្ស៊ី នៅលើ​ទឹកដី​មាតុភូមិ​នាពេលនេះ គឺ​បន្ទាប់់ពី​ឯកឧត្តម​ទទួលបាន​នូវ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​លើកលែងទោស​ពី​ព្រះមហាក្សត្រ​តាម​សំណើសុំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ​២០១៣ កន្លងមក ខណៈដែល​ទោសទណ្ឌ​របស់​ឯកឧត្តម ក្រោម​ការផ្តន្ទាទោស​ដោយ​តុលាការ​នោះ ព្រោះតែ​ឯកឧត្តម​បាន​ជួយ​ឈឺឆ្អាល​ទៅនឹង​ការ​ប្រឈម​បាត់បង់​ទឹកដី​របស់​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង នា​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០០៩​។​ ​តុលា​ការដែល​គ្មាន​ឯករាជ្យភាព​បានសម្រេច​ចោទប្រកាន់​និង​ផ្តន្ទាទោស​លើ​រូប​ឯកឧត្តម​ពីបទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៥ កម្ពុជា​-​វៀតណាម និង​ការ​ញុះញង់​ឲ្យ​មានការ​រើសអើង​ជាតិ​សាសន៍​។

អំពើ​របស់​ឯកឧត្តម សម រង្ស៊ី ដែល​ត្រូវបាន​អាជ្ញាធរ​ប្តឹង និង​តុលាការ​ចោទប្រកាន់​ព្រមទាំង​ផ្តន្ទាទោស​នៅពេលនោះ​មិនមែនជា​អំពើ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់​ឯកឧត្តម​ទេ គឺ​ដើម្បី​ទឹកដី​មាតុភូមិ​ដែលជា​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រងគ្រោះ​សុទ្ធសាធ​។​ ​

សរុបសេចក្តី​មក អនុលោម​តាម​ដំណើរ​ដើមទង​នៃ​សាច់រឿង​ជា​ហូរហែ​មក បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា ឯកឧត្តម សម រង្ស៊ី ដែល​ធ្លាប់បាន​បួស​ធ្វើជា​ព្រះសង្ឃ​តែងតែ​តម្កល់​ប្រយោជន៍​ជាតិ ទឹកដី និង​សាសនា​ជាធំ​ប្រកបដោយ​ជំនឿ​ជឿជាក់​បំផុត ពោលគឺ​អាចនិយាយបាន​ថា អំពើ​របស់​ឯកឧត្តម សម រង្ស៊ី បានផ្តល់​ទៅលើ​ទឹកដី​មាតុភូមិ និង​សាសនា ឲ្យ​មានតម្លៃ​ខ្ពង់​ខ្ពស់ជាង​ជីវិត​ផ្ទាល់ខ្លួន​របស់​ឯកឧត្តម​៕​

samrainsyback

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.