ឯកឧត្ដម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដ៏មានប្រជាប្រិយភាព បានធ្វើដំណើរមាតុភូមិនិវត្ដន៍មកដល់ទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជាដោយសុវត្ថិភាពហើយ នៅវេលាម៉ោង០៩ព្រឹកនិង០៧នាទី ថ្ងៃទី១៩ខែ កក្កដាឆ្នាំ២០១៣នេះ ។
មនុស្សម្នាដែលជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិបានទៅចូលរួមទទួលដំណើរមាតុភូមិនិវត្ដន៍ យ៉ាងច្រើនកុះករនៅទាំងក្នុងទាំង ក្រៅបរិវេណអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ក្នុងចំនួនខ្ទង់ម៉ឺននាក់ ។
សំឡេងហ៊ោអបអរសាទរ និងសំឡេងទាមទារឱ្យមានការផ្លាស់ប្ដូរបានលាន់ឮកងរំពងពេញអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ខណៈដែលឯកឧត្ដម សម រង្ស៊ី បានឈានជើងចុះពីលើជណ្ដើរយន្ដហោះភ្លាមៗ ដោយឯកឧត្ដម សម រង្ស៊ី បានសម្ដែងនូវការសប្បាយរីករាយ ព្រមទាំងបានមានប្រសាសន៍ថា “ខ្ញុំសប្បាយចិត្ដខ្លាំងណាស់ពេលបានមកជួបផ្ទាល់បងប្អូនទាំងអស់គ្នា” ។
តាមគម្រោងដែលបានគ្រោងទុករបស់គណបក្សសង្គ្រោះជាតិ គឺនៅវេលាល្ងាចនាថ្ងៃនេះដែរ គណបក្សសង្គ្រោះជាតិនឹងធ្វើការ ហែក្បួនឃោសនារកសំឡេងឆ្នោតគាំទ្រនៅរាជធានីភ្នំពេញ ព្រមជាមួយនឹងមានវត្ដមានចូលរួមរបស់ឯកឧត្ដម សម រង្ស៊ី ជាប្រធានគណបក្សតែម្ដង បន្ទាប់ពីបានធ្វើការជួបជុំទទួលទានអាហារថ្ងៃត្រង់សាមគ្គី នៅទីលានប្រជាធិបតេយ្យ ជាមួយអ្នកគាំទ្រគណបក្សសង្គ្រោះជាតិរាប់ពាន់រាប់ម៉ឺននាក់រួចមក ៕