អនុលោមតាមច្បាប់ស្ដីពីលក្ខន្ដិកៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មិនបានចែងបញ្ញត្ដិហាមឃាត់សហភាតាមេធាវីកំពុងប្រកបវិជ្ជាជីវៈមានជំនួយការរបស់ខ្លួននោះឡើយ ហើយក៏មិនបានកំណត់នូវចំនួននៃជំនួយការមេធាវីនោះដែរ ។
កាលពីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១៣កន្លងទៅថ្មីៗនេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានឯកឧត្ដម ប៊ុន ហុន ជាប្រធាន បានចេញសេចក្ដីជូនដំណឹងមួយជម្រាបដល់សមាជិក សមាជិកាគណៈមេធាវីទាំងអស់ ឱ្យធ្វើការទំនាក់ទំនងទៅគណៈមេធាវី ដើម្បីធ្វើប័ណ្ណសំគាល់ជំនួយការមេធាវីក្រោមឱវាទរបស់សហភាតានីមួយៗដែលមានតម្លៃចំនួន១៥ ដុល្លារអាមេរិកក្នុង១ប័ណ្ណ និងមានសុពលភាពរយៈពេល១ឆ្នាំ ។
សេចក្ដីជូនដំណឹងរបស់គណៈមេធាវីលេខ៧៣៤/គម/១៣ ចុះថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១៣ ដែលបានជម្រាបជូនសមាជិក សមា ជិកាគណៈមេធាវីឱ្យធ្វើប័ណ្ណសំគាល់ខ្លួនជំនួយការមេធាវីបែបនេះ គឺបានបញ្ជាក់ថា“ដើម្បីអនុវត្ដន៍ឱ្យបានត្រឹមត្រូវតាមខ្លឹមសារនៃវិធានវិជ្ជាជីវៈអ្នកគ្រប់គ្រងការិយាល័យមេធាវីទាំងអស់ ត្រូវធ្វើការត្រួតពិនិត្យការងាររបស់ជំនួយការមេធាវីនៅក្នុងការិយាល័យរបស់ខ្លួនឱ្យបានដិតដល់ ។ ម្យ៉ាងវិញទៀត ដើម្បីរក្សាឱ្យបាននូវតម្លៃវិជ្ជាជីវៈមេធាវី រាល់ជំនួយការមេធាវីទាំងអស់ត្រូវមានប័ណ្ណសំគាល់ខ្លួនដើម្បីបញ្ជាក់អំពីមុខងាររបស់ខ្លួន និងងាយស្រួលក្នុងការធ្វើការទំនាក់ទំនងជាមួយស្ថាប័នមានសមត្ថកិច្ចផ្សេងៗ ។” ។
ការចេញសេចក្ដីជូនដំណឹងរបស់គណៈមេធាវីនេះ ធ្វើឱ្យសហភាតាមេធាវីកំពុងប្រកបវិជ្ជាជីវៈមេធាវីមួយចំនួនមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ថា តម្លៃនៃការធ្វើប័ណ្ណសំគាល់ខ្លួនជំនួយការមេធាវីចំនួន១៥ដុល្លារអាមេរិកក្នុង១ប័ណ្ណ ដោយមានសុពលភាពរយៈពេល១ឆ្នាំ គឺមានតម្លៃខ្ពស់ជាងការធ្វើប័ណ្ណសំគាល់ខ្លួនមេធាវីទៅទៀត ដែលមានតម្លៃត្រឹមចំនួន៥ដុល្លារអាមេរិកក្នុង១ប័ណ្ណប៉ុណ្ណោះ ។ ម្យ៉ាងទៀត កាលពីពេលមុនគណៈមេធាវីមិនបានចាត់ការរបៀបនេះទេ គឺគ្រាន់តែតម្រូវឱ្យសហភាតាមេធាវីទាំងអស់ដែលមានជំនួយការធ្វើការជូនដំណឹងទៅគណៈមេធាវីជាការស្រេច រីឯការចេញប័ណ្ណសំគាល់ខ្លួនជំនួយការមេធាវីនៅក្នុងបន្ទុកឬការចាត់ចែងផ្ទាល់របស់សហភាតាមេធាវីនីមួយៗ ពីព្រោះជំនួយការមេធាវី ឋិតនៅក្រោមការទទួលខុសត្រូវផ្ទាល់របស់មេធាវីសាមីដែលមានជំនួយការនោះ ។
មជ្ឈដ្ឋានអ្នករិះគន់បានលើកឡើងថា សេចក្ដីជូនដំណឹងរបស់គណៈមេធាវីលើការចេញប័ណ្ណសំគាល់ខ្លួនជំនួយការមេធាវីបែបនេះ គឺជាការជ្រៀតជ្រែកទៅលើការងារ និងការងារទទួលខុសត្រូវផ្ទាល់របស់សហភាតាមេធាវីនីមួយៗដែលមានជំនួយការ និងមានលក្ខណៈជាការប្រមូលផ្ដុំអំណាចក្ដោបក្រសោប បំបិទសិទ្ធិសេរីភាពសមាជិកគណៈមេធាវី ។
ក្រុមអ្នករិះគន់បានលើកឡើងទៀតថា សូម្បីអង្គភាពសារព័ត៌មាននានាដែលត្រូវចេញប័ណ្ណសំគាល់ខ្លួនឱ្យទៅបុគ្គលិកឬភ្នាក់ងារយកព័ត៌មានដើម្បីបំពេញការងារយកព័ត៌មានក្នុងវិជ្ជាជីវៈ ឋិតក្រោមច្បាប់ស្ដីពីរបបសារព័ត៌មាននោះ ក៏ក្រសួងព័ត៌មានដែលជាក្រសួងអាណាព្យាបាល មិនបានដាក់កំហិតទៅលើអង្គភាពសារព័ត៌មានទាំងនោះត្រូវតែធ្វើប័ណ្ណសំគាល់ ខ្លួនឱ្យបុគ្គលិកឬអ្នកយកព័ត៌មាននៅក្រសួងព័ត៌មានផ្ដាច់មុខតែមួយដែរ គឺក្រសួងព័ត៌មានបានបើកច្រកឱ្យអង្គភាពសារព័ត៌មាននីមួយៗអាចចេញប័ណ្ណសំគាល់ខ្លួនឱ្យទៅបុគ្គលិកឬភ្នាក់ងារយកព័ត៌មានដោយផ្ទាល់បាន ។ ចុះប្លែកអ្វីតែ ស្ថាប័នគណៈមេធាវីដែលជាស្ថាប័នអ្នកចេះច្បាប់ទម្លាប់ទៅវិញ ?
សូមបញ្ជាក់ជូនថា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ដឹកនាំដោយឯកឧត្ដម ប៊ុន ហុន ជាប្រធាន ដែល ឯកឧត្ដមមេធាវីអត្ដលេខ១៤១រូបនេះ មានមុខងារមួយទៀតជាសមាជិកក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្ដីការគណៈរដ្ឋមន្ដ្រី មានឋានៈស្មើរដ្ឋលេខាធិការ និងគ្រប់គ្រងដោយសមាជិក សមាជិកាក្រុមប្រឹក្សាគណៈមេធាវីចំនួន២៧នាក់ ព្រមទាំងមានសមាជិកមេធាវីសរុបទាំងអស់ក្នុងរង្វង់ចំនួនក្រោម១.០០០នាក់ ៕