ថ្ងៃ សុក្រ ទី ១៩ ខែ សីហា ឆ្នាំ ២០២២

ទង់ជាតិ​ខ្មែរ​រាប់​ម៉ឺន​រាប់​សែន​សន្លឹក​ឬ​ផ្ទាំង​ត្រូវ​បាន​គណបក្ស​កាន់​អំណាច​បោះពុម្ព​ខុស​ពី​សញ្ញាណទង់ជាតិ​ខ្មែរ​ពិតប្រាកដ​

Cambodian-Flag3​ទង់ជាតិ​ខ្មែរ​ចំនួន​រាប់​ម៉ឺន​រាប់​សែន​សន្លឹក​ឬ​ផ្ទាំង​ ត្រូវ​បាន​គណ​បក្ស​ប្រជាជន​កម្ពុជា​ធ្វើការ​បោះ​ពុម្ព​ខុស​ ចែកចាយ​ឱ្យទៅ​អ្នកគាំទ្រ​ និង​សកម្មជន​គណបក្ស​ ក្នុង​ឱកាស​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ នា​សម័យ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៥​នេះ​ ដោយ​អម​ជាមួយនឹង​ទង់​ស្លាក​សញ្ញា​របស់​គណបក្ស​ ។​ ប៉ុន្ដែ​អ្វី​ដែល​គួរ​ឱ្យ​សោកស្ដាយ​និង​ភ្ញាក់​ផ្អើល​បំផុត​នោះ​ គឺ​ទង់ជាតិ​ខ្មែរ​ដែល​គណបក្សកាន់អំណាច​បោះ​ពុម្ព​ចែកចាយ​នោះ​ គឺ​ខុសពី​សញ្ញាណ​ទង់ជាតិ​ខ្មែរ​ពិត ប្រាកដ​ដែល​មាន​ចែង​នៅ​ក្នុង​មាត្រា​៦​ វាក្យខណ្ឌ​ទី​១​ ឧ​ប​សម្ព័ន្ធ​ទី​១នៃ​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងស្រុង​ ។​

​សញ្ញាណ​ទង់ជាតិ​ខ្មែរ​ពិតប្រាកដ​ត្រូវ​បាន​ចែង​យ៉ាង​ច្បាស់​នៅ​ក្នុង​មាត្រា​៦​ វាក្យខណ្ឌ​ទី​១​ ឧ​ប​សម្ព័ន្ធ​ទី​១​នៃ​រដ្ឋ​ ធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ។​

ស្ថាប័ន​ជាតិ​ទាំងអស់​ជា​អាទិ៍​ ៖​ ស្ថាប័ន​នីតិប្បញ្ញត្ដិ​(​ព្រឹទ្ធសភា​ រដ្ឋ​សភា​)​ ស្ថាប័ន​នីតិប្រតិបត្ដិ​(​រាជរ​ដ្ឋា​ភិ​បាល​)​ និង​ស្ថាប័ន​តុលាការ​ ព្រម​ទាំង​ស្ថាប័ន​ព្រះមហាក្សត្រ​ ត្រូវ​តែ​គោរព​និង​ប្រតិបត្ដិ​តាម​រដ្ឋ​ធម្ម​នុ​ញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​ លើស​ពី​នេះ​ទៀត​ ច្បាប់​និង​សេចក្ដី​សម្រេច​ទាំងឡាយ​នៃ​ស្ថាប័ន​នានា​របស់​រដ្ឋ​ ត្រូវ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ជា​ដាច់ខាត​(​មាត្រា​១៥០​ថ្មី​នៃ​រដ្ឋ​ធម្មនុញ្ញ​ )​ ។​ ​ដូច្នេះ​ ការ​បោះពុម្ព​ផលិត​និង​ការ​ប្រើប្រាស់​ទង់ជាតិ​ខ្មែរ​ដែល​មិន​ស្រប​ទៅ​នឹង​សញ្ញាណ​ទង់ជាតិ​ខ្មែរ​ដែល​មាន​ចែង​កំណត់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​ កម្ពុជា​ គឺ​ត្រូវ​តែ​ចាត់​ទុក​ថា​ ជា​ការ​ផលិត​និង​ប្រើប្រាស់​ទង់ជាតិ​ខ្មែរ​ខុសឆ្គង​ ។​

​មន្ដ្រី​ចំណាស់​ម្នាក់​ដែល​ធ្លាប់​បម្រើ​ការងារ​រដ្ឋ​នា​សម័យ​សង្គម​រាស្ដ្រ​និយម​ បាន​មាន​ប្រសាសន៍​ថា​ កាល​ជំនាន់​សម្ដេចឪ​ដឹកនាំ​សង្គម​រាស្ដ្រ​និយម​ គឺ​ការ​ផលិត​ និង​ការ​ប្រើប្រាស់​ទង់ជាតិ​ ភ្លេងជាតិ​ និង​សញ្ញា​ជាតិ​ មានការ​ប្រុង​ប្រយ័ត្ន​ណាស់​ មិ​ន​មានការ​ធ្វេសប្រហែស​ទេ​ ហើយ​មានការ​ឯកភាព​គ្នា​តែ​មួយ ​ទាំង​ការ​ប្រើប្រាស់​នៅ​ក្នុង​ ប្រទេស ​ទាំង​ការ​ប្រើប្រាស់​នៅ​បរទេស​ទៀត​ផង​ ពោល​មិនមែន​ចេះ​តែ​បោះពុម្ព​ផលិត​ពាស​វាល​ពាស​កាល​ខុសៗ​គ្នា​ស្រេច​នឹង​ចិត្ដ​ដើម្បី​ឱ្យ​ប្រជារាស្ដ្រ​យក​ទៅ​ប្រើ​ប្រាស់​នោះ​ទេ​ ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ការ​ប្រើ​ប្រាស់​ទង់ជាតិ​ខ្មែរ​មានការ​ខុស​ឆ្គង​នេះ​ អាច​បណ្ដាល​មក​ពី​ការ​ធ្វេសប្រហែស​ ឬ​ការ​ប្រមាទ​លើ​ការ​ត្រួតពិនិត្យ​ឱ្យ​បាន​ល្អិតល្អន់​ និង​ច្បាស់លាស់​ ទាំង​មន្ដ្រី​ ទាំង​អ្នក​នយោបាយ​ ទាំង​ប្រជារាស្ដ្រ​ ក្នុង​ការ​បោះពុម្ព​ផលិត​ និង​ការ​ប្រើ​ប្រាស់​ ។​ ម្យ៉ាងទៀត​ បើ​ការ​ធ្វេស​ ប្រហែស​ ឬ​អំពើ​ប្រមាទ​កើត​ចេញ​ពី​អ្នកនយោបាយ​កំពូលៗ​ និង​មន្ដ្រី​ស្ថាប័ន​ជាតិ​ គឺជា​ករណី​កំហុស​ធ្ងន់ធ្ងរ​ណាស់​ ពីព្រោះ​អ្នក​ទាំង​នោះ​ជា​អ្នកដឹកនាំ​ប្រទេស​ជាតិ​ ដែល​ត្រូវធ្វើ​ជា​គំរូ​ដល់​ប្រជារាស្ដ្រ​។​

​វចនានុក្រម​សម្ដេច​ព្រះសង្ឃ​រាជ​ ជួន​ ណាត​ បាន​ចែង​ជា​ពាក្យ​កាព្យ​ថា​ “​ជន​ណា​ប្រមាទ​ ប្រព្រឹត្ដ​ឃ្លៀងឃ្លាត​ ចាក​ធម៌​សុច​រិ​ត​ ជន​នោះ​ទោះបី​ នៅ​មានជីវិត​ តាម​ដោយ​ការណ៍​ពិត​ ថា​ស្លាប់​ស្រេច​ហើយ​ ។​ ”​ ការ​ចែង​ជា​ ពាក្យកាព្យ​របស់​សម្ដេច​ព្រះសង្ឃ​រាជ​ ជួន​ ណាត​ នៅ​ក្នុង​វចនា​នុ​ក្រម​ខ្មែរ​នេះ​ គឺ​ត្រូវ​នឹង​ពុទ្ធភាសិត​ថា​ ៖​ ជន​ណា​ប្រមាទ​ ជន​នោះ​ទុក​ដូច​ជា​បុគ្គល​ស្លាប់​ គឺ​ស្លាប់​ប្រយោជន៍​ក្នុង​លោក​នេះ​ និង​ក្នុង​បរលោក​ ។​

​សរុបសេចក្ដី​មក​ សូម​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​កាន់កាប់​អំណាច​ដ៏​ធំ​នៅ​កម្ពុជា​ មេត្ដា​ចាត់ការ​បង្គាប់​ឱ្យ​មន្ដ្រី​ក្រោម​ឱវាទ​ប្រមូល​យក​ទង់ជាតិ​ខ្មែរ​ដែល​បោះពុម្ព​ខុស​ចំនួន​រាប់​ម៉ឺន​រាប់​សែន​សន្លឹក​ឬ​ផ្ទាំង​នោះ​មក​រក្សា​ទុក​ក្នុង​ឃ្លាំង​ឬ​បំផ្លាញ​ចោល​វិញ​ ដើម្បី​កុំឱ្យ​ធ្លាក់​ទៅ​ដល់​ដៃ​ប្រជារាស្ដ្រ​យក​ទៅ​ប្រើប្រាស់​ ទាំង​ខុសឆ្គង​របៀប​នេះ​តទៅ​ទៀត​ ៕

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.