បើចង់បានសក់ស្អាតរលើបរលោង ជាប់ស្វិត ត្រូវថែទាំពីផ្នែកខាងក្នុងខ្លួនយើងផង ព្រោះការថែទាំតែផ្នែក ខាងក្រៅវាមិនទាន់គ្រប់គ្រាន់ឡើយ ។
អ្នកជំនាញខាងសរសៃសក់ បានបង្ហាញប្រាប់អំពីអាហារចំនួន៩មុខដែលមានប្រយោជន៍ជួយឱ្យសក់មានសុខភាពល្អដូចតទៅ ៖
១-សាច់សត្វ ៖ កោសិកាឫសសក់ប្រកបទៅដោយប្រូតេអ៊ីន ។ ដូច្នេះ យើងគួរតែទទួលទានអាហារដែលមានប្រូតេអ៊ីនខ្ពស់ ជាពិសេសអាហារពេលព្រឹក ។ ចំណែកអាហារពេលថ្ងៃត្រង់ បើចង់ទទួលបានលទ្ធផលខ្ពស់ គឺត្រូវទទួលទានសាច់សត្វដែលមិនជាប់ខ្លាញ់ ។
២-អូមេហ្គា ៖ អ្នកដែលមានសក់ស្ងួតបែកចុង គួរតែទទួលទានអាហារដែលសម្បូណ៌ទៅដោយខ្លាញ់ចាំបាច់ ជាពិសេសត្រីដែលមានខ្លាញ់ខ្ពស់ ដូចជាត្រីធូណា និងត្រីសូម៉ុង ដើម្បីជួយថែរក្សាសក់ឱ្យបានល្អ ។
៣-អង្ករសំរូប ៖ បាយអង្ករសំរូបជាប្រភេទអាហារម្យ៉ាងដែលផ្ដល់ថាមពលដល់រាងកាយបានយូរជាងអង្ករសម្រិត ជាពិសេសកាលណាយើងទទួលទានជាមួយប្រូតេអ៊ីន ពីព្រោះវាផ្ដល់សារធាតុអាហារដែលសរសៃសក់ត្រូវការបានគ្រប់ ដោយសារតែវាជាប្រភពដែលសម្បូណ៌ទៅដោយវីតាមីន B និងកាកសរសៃ ។
៤-ស៊ុត ៖ ភាគច្រើនយើងតែងយកស៊ុតក្រហមមកផ្អាប់សក់នឹងជួយឱ្យសក់ទន់ជាប់ស្វិត ។ ប៉ុន្ដែស៊ុតនៅមានប្រយោជន៍ដូចគ្នា កាលណាយើងយកមកទទួលទាន ពោលគឺស៊ុតសសម្បូណ៌ទៅដោយប្រូតេអ៊ីន និងអាស៊ីតអាមីណូចាំបាច់ដែលជាសមាសធាតុផ្សំសំខាន់ អាចជួយឱ្យសរសៃសក់ដុះជាប់ស្វិតល្អ ។
៥-គ្រាប់ធញ្ញជាតិ ៖ ពេលយើងទទួលទានគ្រាប់ធញ្ញជាតិជាអាហារសម្រន់ ក៏ជាវិធីមួយជួយបង្កើនប្រូតេអ៊ីនដល់រាងកាយ។ សូមទទួលទានគ្រាប់ល្ពៅ គ្រាប់ឈូករ័ត្ន និងល្ង ដែលទទួលទានទៅឆ្ងាញ់ផង និងមានប្រយោជន៍ ផង ។
៦-អាលម៉ង់(Almond) ៖ អាលម៉ង់ជាប្រភពប្រូតេអ៊ីនមានគុណភាពខ្ពស់ដែលរាងកាយងាយបឺតស្រូបយក ។
៧-ផ្លែឈើ ៖ ត្រូវទទួលទានបន្លែ-ផ្លែឈើក្នុងបរិមាណ៥ចំណែកក្នុងមួយថ្ងៃ ដើម្បីជំនួយដល់សរសៃសក់និងផ្នែកផ្សេងៗទៀតនៃរាងកាយ ។ បន្លែ-ផ្លែឈើសម្បូណ៌ទៅដោយវីតាមីនដែលមានប្រយោជន៍ចំពោះស្បែកក្បាល និងសរសៃសក់ ថែមទាំងសម្បូណ៌ទៅដោយសារធាតុដែលផ្ដល់សំណើម និងជួយទប់ស្កាត់រ៉ាឌីកាល់សេរី ។
៨-ទឹក ៖ សរសៃសក់ក៏ត្រូវការសំណើមដូចរាងកាយនិងស្បែកដែរ ។ ទឹកនឹងជួយឱ្យសរសៃសក់រលើបរលោងដូចសរសៃសូត្រ ។ ដូច្នេះ យើងត្រូវផឹកទឹកឱ្យបានពី៨-១០កែវក្នុងមួយថ្ងៃ ឬ១-២លីត្រក្នុងមួយថ្ងៃ ។
៩-អាហារបន្ថែមវីតាមីន ៖ យើងគួរតែបង្កើនប្រយោជន៍ពីអាហារបន្ថែមប្រភេទវីតាមីនចូលទៅព្រមជាមួយអាហារ ដោយជ្រើសរើសទទួលទានអាហារបន្ថែមនូវពពួកវីតាមីន B វីតាមីន C វីតាមីន E វីតាមីន A និងវីតាមីន K ពីព្រោះសុទ្ធតែជាវីតាមីនដែលជួយបន្ថែមធាតុដែក ៕