ថ្ងៃ សុក្រ ទី ១៩ ខែ សីហា ឆ្នាំ ២០២២

ក្រុមហ៊ុន​អភិវឌ្ឍន៍​កោះ​ពេជ្រ​របស់​ឯកឧត្ដម​ឧកញ៉ា​ពុង​ឃាវ​សែ​មាន​អំណាច​ចាក់​ដី​លុប​ទន្លេបាសាក់​ជា​ប្រវត្ដិសាស្ដ្រ​

​តាម​ការ​សិក្សា​និង​ផ្ដល់​យោបល់​របស់​ឯកឧត្ដម​ លឹ​ម​ គាន​ហោ​ រដ្ឋ​មន្ដ្រី​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ និង​ជា​ប្រធាន​គណៈកម្មាធិការ​កំណត់​ផ្ទៃ​ទីតាំង​បឹងបួរ​ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ នាំ​ឱ្យ​រាជរ​ដ្ឋា​ភិ​បាល​ដែល​មាន​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​ប្រមុខ​ បាន​សម្រេច​កំណត់​ផ្ទៃដី​កោះ​ពេជ្រ​ឋិត​ក្នុង​សង្កាត់​ទន្លេ​បា​សាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំ​ពេញ ​ទំហំ​៧៦,២៨​ហិ​កតា​សម្រាប់​អនុវត្ដន៍​គម្រោង​អភិវឌ្ឍន៍​កោះ​ពេជ្រ​កាលពី​ថ្ងៃ​ទី​១១​ខែមិថុនា​ឆ្នាំ​២០០៨​ ដែល​ប្រគល់​ឱ្យទៅ​ឯកឧត្ដម​ឧកញ៉ា​ ពុង​ ឃាវ​សែ​ អគ្គ​នាយក​ក្រុមហ៊ុន​OCIC​ និង​ដែល​គេ​ស្គាល់​ដែរ​ថា​ ជា​អគ្គនាយក​ធនា​គារ​កា​ណា​ឌី​យ៉ា​ ។​

​បទដ្ឋាន​បច្ចេកទេស​ទាក់ទង​នឹង​របប​ជលសា​ស្ដ្រ​ក្នុង​ការ​អនុវត្ដ​គម្រោង​អភិវឌ្ឍន៍​កោះ​ពេជ្រ​នោះ​ ត្រូវ​បាន​រាជរដ្ឋាភិបាល​កំំ​ណ​ត់​ក្នុង​ជំហាន​ទី​១​ដូច​ខាងក្រោម​ ៖

១-​ទន្លេបាសាក់​តូច​ ៖​ ត្រូវ​ស្ដារ​ទទឹង​មាត់​លើ​ពី​៩០-១០០​ម៉ែត្រ​ ទទឹង​បាត​ក្រោម​ពី​៤០-៥០​ម៉ែត្រ​ និង​ក្រិត​កម្ពស់​បាតទន្លេ​ក្រោយ​ពី​ស្ដារ​ហើយ​ស្មើនឹង​-១​ម៉ែត្រ​(​ធៀប​នឹង​កម្ពស់​ទឹកសមុទ្រ​)​ ពោល​គឺ​ទាប​ជាង​កម្ពស់​ទឹក​នៅ​រដូវប្រាំង​១,៥០​ម៉ែ​ត្រ និង​មាន​ជម្រាល​ជើង​ទេរ​ទន្លេ​(​m​=1:5,00)​។​ ក្នុង​ករណី​អនុវត្ដន៍​លក្ខខណ្ឌ​នេះ​មិន​បាន​ ចាំ​ បាច់​ត្រូវ​ធ្វើការ​រុះរើ​សំណង់​ការ​ពារ​ច្រាំង​ដែល​បាន​ធ្វើ​រួច​កន្លង​មក​។​

២-​ទន្លេបាសាក់​ធំ​ ៖​ ត្រូវ​ស្ដារ​ដី​នៅ​ច្រាំង​ជាប់​នឹង​កោះ​ពេជ្រ​ដោយ​រក្សា​ជម្រាល​ជើងទេរ​ទន្លេ​ជាប់​កោះ​ពេជ្រ​(​m​=1:7,00)​នៅ​ផ្នែក​ខាងលើ​ក្រិត​កម្ពស់​ទឹក​អប្បបរមា​ និង​(m​=1:10)​ នៅ​ផ្នែក​ខាងក្រោម​ក្រិត​កម្ពស់​ទឹក​អប្បបរមា​ ហើយ​និង​ទទឹង​មាត់​លើ​ពី​៤២០-៤៥០​ម៉ែត្រ​នៅ​រដូវវស្សា​ ។​

៣-​ច្រាំង​ទន្លេ​នៅ​ប៉ែក​ខាង​កោះន​រា​ ៖​ ចាំបាច់​ត្រូវធ្វើ​ការ​ការ​ពារ​ច្រាំង​ដំណាលគ្នា​នឹង​ការ​អនុវត្ដ​គម្រោង​អភិវឌ្ឍន៍​កោះ​ពេជ្រ​ ។​

​ក្រោយមក​ទៀត​ រាជរ​ដ្ឋា​ភិ​បាល​បាន​សម្រេច​កំណត់​បន្ថែម​ផ្ទៃដី​ចំនួន​២៣,៧២​ហិ​កតា​ នៅ​ផ្នែក​ខាងជើង​ង​និង​ខាងកើត​កោះ​ពេជ្រ​ឱ្យទៅ​ក្រុមហ៊ុន​OCIC​ របស់​ឯកឧត្ដម​ឧកញ៉ា​ ពុង​ ឃាវ​សែ​ សម្រាប់​អនុវត្ដន៍​គម្រោង​អភិវឌ្ឍន៍​កោះ​ពេជ្រ​ កាលពី​ថ្ងៃ​ទី​០៩​ខែមីនា​ឆ្នាំ​២០១០​ ។​

​បទដ្ឋាន​បច្ចេកទេស​ទាក់ទង​នឹង​របប​ជលសា​ស្ដ្រ​ក្នុង​ការ​អនុវត្ដ​គម្រោង​អភិវឌ្ឍន៍​កោះ​ពេជ្រ​ជំហាន​ទី​២​នេះ​ ត្រូវ​បាន​រាជរដ្ឋាភិបាល​កំណត់​ដូច​តទៅ​ ៖​ ពង្រឹង​ច្រាំង​ទន្លេបាសាក់​ផ្នែក​ខាង​កោះន​រា​ ដោយ​ត្រូវ​ចាក់​បំពេញ​និង​កែសម្រួល​ច្រាំង​មាន​ប្រវែង​ពី​៣០-៥០​ម៉ែត្រ​ពី​មាត់ច្រាំង​បច្ចុប្បន្ន​ ។​ ផ្នែក​ទន្លេ​បា​សាក់​ធំ​ ត្រូវ​រក្សា​ទទឹង​ទន្លេ​ ប្រវែង​៣៨២​ម៉ែត្រ​(​ខាងជើង​)​ និង​រួម​តូច​ដល់​ប្រវែង​២៩០​ម៉ែត្រ​ (​ខាងត្បូង​)​ ។​ កាយ​ផ្ទៃដី​ដែល​ដុះ​ចាក់​បំពេញ​លើស​ចំនួន​១៨,៣០​ហិ​កតា​ចេញ​ដើម្បី​រៀបចំ​ច្រាំង​កោះ​ពេជ្រ​ ។​

​យោង​តាម​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​ទាំង​ពីរ​លើក​ លើ​ការ​អនុវត្ដ​គម្រោង​អភិវឌ្ឍន៍​កោះ​ពេជ្រ​នេះ​ គឺ​ផ្ទៃដី​កោះ​ពេជ្រ​សរុប​ចំនួន​១០០​ហិ​កតា​ត្រូវ​បាន​ប្រគល់​ឱ្យ​ទៅ​ឯកឧត្ដម​ឧកញ៉ា​ ពុង​ ឃាវ​សែ​ អគ្គនាយក​ក្រុមហ៊ុន​OCIC​ ធ្វើការ​អភិវឌ្ឍន៍​កោះ​ពេជ្រ​ទាំងមូល​ ។​

​បច្ចុប្បន្ន​ ដើម្បី​ឈាន​ទៅ​សម្រេច​គម្រោង​អភិវឌ្ឍន៍​ទីតាំង​កោះ​ពេជ្រ​របស់​ខ្លួន​នោះ​ ក្រុម​ហ៊ុន​របស់​ឯកឧត្ដម​ឧកញ៉ា​ ពុង​ ឃាវ​សែ​ បាន​ធ្វើ​សកម្មភាព​ចាក់​ដី​លុប​ផ្ទៃ​ទន្លេបាសាក់​នៅ​ផ្នែក​ខាង​ជើង​និង​ខាងកើត​កោះ​ពេជ្រ​យ៉ាង​សកម្ម​ទាំង​យប់​ទាំង​ថ្ងៃ​ ។​

​ក្រុម​មន្ដ្រីរាជការ​និង​និស្សិត​ដែល​បាន​និង​កំពុង​សិក្សា​ផ្នែក​របប​ជលសា​ស្ដ្រ​ បាន​សម្ដែង​នូវ​ការ​ព្រួយបារម្ភ​ទៅ​លើ​សកម្មភាព​ចាក់​ដី​លុប​ផ្ទៃ​ទន្លេបាសាក់​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​កោះ​ពេជ្រ ​ដែល​អាច​នាំ​ឱ្យ​ប៉ះពាល់​ដល់​របប​ជល​ សាស្ដ្រ​នៃ​ទន្លេចតុមុខ​(​ទន្លេ​បួន​មុខ​)​ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​ចរាចរណ៍​បន្លាស់​ទី​របស់​មច្ឆា​ជាតិ​ចូល​បឹង​ទន្លេសាប​ទៀត​ផង​។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា​ ដំណើរការ​អភិវឌ្ឍន៍​កោះ​ពេជ្រ​របស់​ឯកឧត្ដម​ឧកញ៉ា​ ពុង​ ឃាវ​សែ​ ដោយ​ធ្វើការ​ចាក់​ដី​លុប​ផ្ទៃ​ទន្លេ​បា​សាក់​ជា​ប្រវត្ដិសាស្ដ្រ​នោះ​ គ្មាន​យន្ដការ​ណាមួយ​អាច​ទប់ស្កាត់​បាន​ឡើយ​ ពីព្រោះ​ឯកឧត្ដម​ឧកញ៉ា​ ពុង​ ឃាវ​សែ​ អគ្គនាយក​ក្រុមហ៊ុន​ OCIC​ និង​ជា​អគ្គនាយក​ ធនាគារ​កា​ណា​ឌី​យ៉ា​ និង​រាជរ​ដ្ឋា​ភិ​បាល​ ជា​ពិសេស​ជាមួយ​“​សម្ដេច​តេ​ជោ​សែន​”​សឹង​ក្លាយទៅជា​មនុស្ស​តែ​មួយ​ និង​ទ្រព្យសម្បត្ដិ​ភាគហ៊ុន​តែ​មួយ​ទៅ​ហើយ​ ។​

​គួរ​រម្លឹក​ជូន​ដែរ​ថា​ ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍន៍​កោះ​ពេជ្រ​នេះ​ គឺ​មជ្ឈមណ្ឌល​កម្សាន្ដ​កោះ​ពេជ្រ​ធ្លាប់​បាន​បន្សល់​ទុក​នូវ​អនុស្សាវរីយ៍​សោកនាដកម្ម​ជា​ប្រវត្ដិសាស្ដ្រ​មួយ​ ដោយ​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លាប់​ចំនួន​៣៥៣​នាក់​ និង​រង​របួស​ជាង​៤០០​នាក់​នៅ​លើ​ស្ពាន​ពេជ្រ​ (​ឥឡូវ​គេ​វាយ​កម្ទេច​ចោល​អស់​ហើយ​)​នា​រាត្រី​ថ្ងៃ​ទី​២២​ខែវិច្ឆិកា​ឆ្នាំ​២០១០​កន្លង​មក​ ខណៈ​ដែល​ប្រជាពលរដ្ឋ​មក​ចូលរួម​សប្បាយ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្ដែតប្រទីប​ សំពះ​ព្រះ​ខែ​ និង​អកអំបុក​ រៀបចំ​ដោយ​រាជរ​ដ្ឋា​ភិ​បាល​ ។​ មន្ដ្រី​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​កម្មវិធី​បុណ្យ​ និង​ឯកឧត្ដម​ ឧកញ៉ា​ ពុង​ ឃាវ​សែ​ អគ្គនាយក​ក្រុមហ៊ុន​ OCIC​ ជា​ម្ចាស់​ទីតាំង​ បង្ក​ឱ្យ​មនុស្ស​ស្លាប់​និង​របួស​រាប់​រយ​នាក់​នោះ​ មិន​បាន​ទទួលទោស​ទណ្ឌ​ក្នុង​នាម​ជា​អ្នក​ទទួលខុសត្រូវ​លើ​ករណី​នេះ​ទេ​ ។​

​លោក​ ពុង​ ឃាវ​សែ​ អគ្គនាយក​ក្រុមហ៊ុន​ OCICជ​ និង​ជា​អគ្គនាយក​ធនាគារ​កា​ណា​ឌី​យ៉ា​ ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ មាន​ឋានៈ​ស្មើ​ រដ្ឋមន្ដ្រី​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០០៨/១០៨៣​ ចុះ​ថ្ងៃ​ទី​០៤​ខែតុលា​ឆ្នាំ​២០០៨​ មាន​ងារ​ជា​ឯកឧត្ដម​(​ក្រោយ​ទទួល​បាន​គម្រោង​អភិវឌ្ឍន៍​កោះ​ពេជ្រ​លើ​ផ្ទៃដី​ទំហំ​១០០​ហិ​កតា​)​។​

​បន្ទាប់​មក​ ឯកឧត្ដម​ ពុង​ ឃាវ​សែ​ ត្រូវ​បាន​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១០៩/០៧៥​ ចុះ​ថ្ងៃ​ទី​២៦​ខែមេសា​ឆ្នាំ​២០០៩​ ៕

Pong-Khieu-Se-1

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.