កាលពីថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៣ម្សិលមិញនេះ ក្រុមការងារឃោសនាចល័តរបស់គណបក្សប្រជាជនកម្ពុជា ខេត្ដព្រះសីហនុ បានចុះឃោសនារកសំឡេងឆ្នោតគាំទ្រពីប្រជារាស្ដ្រជាម្ចាស់ឆ្នោត នៅភូមិសាស្ដ្រឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនៅក្នុងឱកាសយុទ្ធនាការឃោសនារកសំឡេងឆ្នោតគាំទ្រ របស់គណបក្សប្រជាជនកម្ពុជាខេត្ដព្រះសីហនុនោះ គឺរថយន្ដមួយគ្រឿងលម្អតុបតែងយ៉ាងស្រស់ឆើតឆាយដោយស្លាកសញ្ញា (LOGO) គណបក្សប្រជាជនកម្ពុជា និងជាពិសេសរូបថតតំណាងឱ្យ “សម្ដេចទាំងបី”ជាថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា បានជាប់ផុងទៅមុខលែងរួចនៅលើផ្លូវលំក្រាលក្រួសក្រហម១ខ្សែ ជាហេតុធ្វើឱ្យ សកម្មជនរបស់គណបក្សត្រូវបង្ខំចិត្ដនាំគ្នាចុះរុញរថយន្ដថយក្រោយវិញ ។
រូបភាពដែលជាព័ស្ដុតាងជាក់ស្ដែង និងត្រូវបានបង្ហោះតាមគេហទំព័របណ្ដាញព័ត៌មានសង្គមហ្វេសប៊ុកទៀតនោះ បានបង្ហាញឱ្យឃើញថា សមិទ្ធផលកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដោយគណបក្សនយោបាយកាន់អំណាច ដែលតែងតែអះអាងថា“អភិវឌ្ឍន៍គ្រប់វិស័យ”នោះមិនមានលក្ខណៈជាការពិតទេ ពីព្រោះផ្លូវថ្នល់ ក្រាលក្រួសក្រហមទាំងមូលគ្រាន់តែភ្លៀងមួយមេធ្វើឱ្យរថយន្ដហែក្បូនឃោសនាគណបក្សជាប់ផុងបាត់ទៅហើយៗលុយកាក់ចេះតែចំណាយជាប់លើការធ្វើផ្លូវ ដូចពាក្យគេពោលថា “ផ្លូវធ្វើជាប់”។
រូបភាពនៃរថយន្ដហែក្បួនឃោសនាគណបក្សប្រជាជនកម្ពុជាខេត្ដព្រះសីហនុដែលជាប់ផុងទៅមុខលែងរួចនៅលើផ្លូវថ្នល់ដែលជាសមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជា គឺបានបំបាក់មុខមាត់“សម្ដេចទាំងបី” ជាថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជាយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យងើបមុខលែងរួចដូចរថយន្ដដែលជាប់ផុងដូច្នោះដែរ ៕
រថយន្តឃេសនារកសំឡេងឆ្នោតរបស់គណបក្សកាន់អំណាចជាប់ផុងទៅមុខលែងរួច