មនុស្សខុសពីសត្វនៅត្រង់ថា មនុស្សមាន“ធម្មសញ្ញា” រីឯសត្វចេះត្រឹមតែត្រាប់តាមសភាវៈគតិប៉ុណ្ណោះ ។
ពាក្យ“ធម្មសញ្ញា” មានន័យថា ការដឹងខុស-ត្រូវ ដឹងបាប-បុណ្យ ដឹងគុណ-ទោស ដឹងអាក្រក់-ល្អ ដឹងស-ខ្មៅ ។
ដោយសារមាន“ធម្មសញ្ញា” នេះហើយ ទើបមនុស្សអាចចេះកែច្នៃកសាងស្ថាបនាសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ស្ពាន ផ្ទះសម្បែង…។ល។
“ធម្មសញ្ញា”ត្រូវបានផុតរលត់នៅពេលមនុស្សស្លាប់ទៅ ។ ដូច្នេះហើយទើបគេនិយាយថា មនុស្សមានតម្លៃនៅពេលខ្លួនរស់រានមានជីវិតប៉ុណ្ណោះ ។ លុះដល់ពេលស្លាប់ទៅ មនុស្សអន់ ឬឥតប្រយោជន៍ជាងសត្វទៅទៀត ពីព្រោះមនុស្សស្លាប់មិនត្រឹមតែមិនអាចយកប្រើការអ្វីកើត គឺធ្វើឱ្យគេខ្លាច និងរអើមថែមទៀត ។ ផ្ទុយពីមនុស្ស សត្វនៅពេលស្លាប់ទៅគេអាចយកទៅធ្វើជាម្ហូបអាហារ ជាចំណីរបស់មនុស្សឬក៏អាចយក ទៅកប់ក្នុងដីធ្វើជាជីដែរ ។ មានន័យថា សត្វធាតុមានតម្លៃប្រើការកើតតាំងពីនៅរស់រហូតដល់ស្លាប់។
ក្នុងសង្គមមនុស្សបច្ចុប្បន្ន និយាយដោយឡែកចំពោះសង្គមខ្មែរ គឺមានប្រភេទមនុស្សរស់នៅឥតន័យ និងមនុស្សស្លាប់ទៅឥតន័យចំពោះប្រទេសជាតិ ។
១-ប្រភេទមនុស្សរស់នៅឥតន័យ ៖
អ្នកមានទ្រព្យធនជាសេដ្ឋី ឧកញ៉ាក្ដី ជាឧត្ដមមន្ដ្រីក្ដី និងជាសាមញ្ញជនក្ដី តែងបានប្រព្រឹត្ដនូវអំពើរៀងៗខ្លួនពេលនៅរស់រានមានជីវិត ។ អ្នកខ្លះជាជនក្រីក្រ តូចតាច តែមានចិត្ដជាកុសលសម្រាប់ខ្លួនឯង សម្រាប់គ្រួសារ និងសម្រាប់សង្គមជាតិ មិនបានប្រព្រឹត្ដអំពើអ្វីជាការរំខានឬបំផ្លិចបំផ្លាញដល់គ្រួសារ និងប្រទេសជាតិទេ គឺសាងអំពើល្អ អំពើជាកុសលទៅតាមសមត្ថភាព និងលទ្ធភាពរបស់ខ្លួនមាន ។ មនុស្សខ្លះទៀតជាសេដ្ឋី ឧកញ៉ា ឬឧត្ដមមន្ដ្រីមានលុយកាក់ មានអំណាច ព្រោះតែងប់ងល់នឹងមហិច្ឆតាគ្មានព្រំដែន បានប្រើប្រាស់រូបភាពធ្វើ បុណ្យដាក់ទានតែសម្លឹងរកផលប្រយោជន៍ពីបុណ្យនោះមកវិញ ឬហៅថា ធ្វើអាជីវកម្មឬជំនួយវិនិយោគលើអំពើបុណ្យ (ឧទាហរណ៍ កសាងសាលារៀន ឬផ្ទះសម្បែងជូនប្រជាពលរដ្ឋ តែទាមទារឱ្យប្រជាពលរដ្ឋបោះឆ្នោតឱ្យ ខ្លួន ឬបក្សរបស់ខ្លួនវិញ)។ បុគ្គលមនុស្សប្រភេទនេះជាមនុស្សធ្វើបុណ្យដោយចិត្ដមិនស្មោះ មិនមានចិត្ដជាកុសល ។ លើសពីនេះ ជនដែលមានចិត្ដអកុសល តែងតែប្រឡាក់ប្រឡូសទៅនឹងអំពើបាប មានបាតដៃប្រព្រឹត្ដអំពើពុករលួយ អំពើបំផ្លិចបំផ្លាញជាតិដើម្បីផលប្រយោជន៍ខ្លួនឯង គ្រួសារ និងគណបក្សនយោបាយរបស់ខ្លួន…។ អំពើរបស់ជនប្រភេទនេះតែងធ្វើឱ្យសង្គមជាតិទទួលរងនូវផលវិបាកយ៉ាងច្រើន ដូចជាគ្រោះថ្នាក់មកពីគ្រឿងញៀន អសីលធម៌សង្គម និងអំពើហិង្សាគ្រប់រូបភាព…។ល។ ប្រភេទមនុស្សអាក្រក់ គឺធ្វើអ្វីៗ គ្រប់យ៉ាងឱ្យតែមានន័យសម្រាប់ខ្លួនឯង និងបក្ខពួក ប៉ុន្ដែគ្មានតម្លៃ និងគ្មាន័យសម្រាប់សង្គមជាតិឡើយ ។
២-ប្រភេទមនុស្សស្លាប់ទៅឥតន័យ ៖
មនុស្សល្អមានចិត្ដជាកុសលកាលនៅរស់រានមានជីវិតដោយមានគុណសម្បត្ដិចំពោះប្រទេសជាតិ លុះដល់ពេលស្លាប់ទៅបន្សល់ទុកនូវកេរ្ដិ៍ឈ្មោះក្រអូបសុសសាយដដែល និងត្រូវបានមនុស្សជំនាន់ក្រោយចារឹកចងចាំ ទុកនៅក្នុងចិត្ដជានិច្ច ។ ផ្ទុយទៅវិញមានប្រភេទមនុស្សខ្លះមិនទាន់បានធ្វើអំពើអ្វីជាគុណប្រយោជន៍សម្រាប់សង្គមគ្រួសារខ្លួននិងសង្គមជាតិខ្លួនឯងនៅឡើយ ក៏បានធ្វើ អត្ដឃាតតាមវិធីផ្សេងៗ ដូចជា ចងក លោតទឹក លោតពីលើស្ពាន លោតពីលើផ្ទះ ឬអគារខ្ពស់ លេបថ្នាំ ឬបាញ់សម្លាប់ខ្លួន…។ល។ ការស្លាប់របស់មនុស្សប្រភេទនេះគ្មានបានសន្សល់ទុកនូវគុណូបការៈសម្រាប់សង្គមជាតិអ្វីទេ ពីព្រោះជ្រើសរើសយកការស្លាប់មិនមែនដើម្បីប្រទេសជាតិ គឺដើម្បីបម្រើឱ្យការគិតខ្លីចំពោះខ្លួនឯងប៉ុណ្ណោះ។
នៅមានប្រភេទមនុស្សមួយទៀត គឺរស់ឥតន័យ(រស់នៅបំផ្លាញសង្គមជាតិ) និងស្លាប់ទៅក៏ឥតន័យ (ជ្រើសរើសយកការស្លាប់ដោយឥតប្រយោជន៍ចំពោះជាតិ) ។
៣-ប្រភេទមនុស្សរស់នៅមានន័យ និង ស្លាប់ទៅក៏មានន័យ ៖
លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានឃាតកបាញ់សម្លាប់នាអំឡុងឆ្នាំ២០០៤នៅរាជធានីភ្នំពេញ ។ មួយជីវិតរបស់លោកគ្មានសេចក្ដីលោភលន់ សម្រាប់ជាផលប្រយោជន៍ផ្ទាល់ខ្លួនទេ ។ គ្មានសល់ទ្រព្យសម្បត្ដិមហាសាលអ្វីទុកឱ្យគ្រួសារទេ ប៉ុន្ដែបានបន្សល់ទុកនូវកេរ្ដិ៍ឈ្មោះនិងវីរភាពដ៏ឧត្ដុង្គឧត្ដមក្នុងនាមជាវីរជនកម្មករ ក្នុងដួងចិត្ដរបស់កម្មករ កម្មការិនីខ្មែរជានិច្ច ។
លោក ឈុត វុទ្ធី ត្រូវបានបាញ់សម្លាប់កាលពីឆ្នាំ២០១២ នៅស្រុកមណ្ឌលសីមា ខេត្ដកោះកុង។ មួយជីវិតរបស់លោកគ្មានបន្សល់ទុកនូវទ្រព្យសម្បត្ដិអ្វីជាដុំកំភួនសម្រាប់ក្រុមគ្រួសាររបស់លោកទេ ប៉ុន្ដែវីរភាពរបស់លោកមានចំណែកធំធេងណាស់ក្នុងបេសកកម្មការពារធនធានព្រៃឈើនៅកម្ពុជា ដែលទទួលរងការកាប់បំផ្លាញដោយក្រុមឈ្មួញមានលុយ និងក្រុមមន្ដ្រីមានអំណាច ។ ប្រជាពលរដ្ឋដែលអាស្រ័យផលដោយសារធនធានអនុផលព្រៃឈើនៅតំបន់ព្រៃឡង់ បានចាត់ទុកលោក ឈុត វុទ្ធី ជាវីរបុរសការពារព្រៃឡង់ ។ ដូច្នេះ លោក ជា វិជ្ជា និងលោក ឈុត វុទ្ធី ត្រូវបានចាត់ទុក ជាប្រភេទមនុស្សរស់នៅក៏មានន័យ និងដល់ពេលស្លាប់ទៅក៏មានន័យ ចំពោះសង្គមជាតិដ៏ធំធេង ៕