ប្រភពព័ត៌មានចុងក្រោយបំផុតពីសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា លោកឧកញ៉ា ឃី គឹមលន់ ដែលជាជនដៃដល់ បង្កឱ្យមានការផ្ទុះអាវុធរំខានដល់ដំណើរការហែក្បួនឃោសនារបស់គណបក្សសង្គ្រោះជាតិកាលពីរាត្រីថ្ងៃទី០៥ខែកក្កដាឆ្នាំ២០១៣ នៅចំណុចផ្លូវលេខ១៣៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានី ភ្នំពេញនោះ ត្រូវបានលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជាផ្លូវការហើយ នាល្ងាចថ្ងៃទី០៨ខែកក្កដាឆ្នាំ២០១៣ ពីបទប្រើប្រាស់អាវុធខុសច្បាប់ ។
ព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញនេះ ក៏បានឱ្យដឹងដែរថា ចំពោះមន្ដ្រីកងរាជអាវុធហត្ថខេត្ដកណ្ដាលម្នាក់ឈ្មោះអ៊ុង ចាន់ថន ភេទប្រុស អាយុ២៦ឆ្នាំ ដែលជាមេនាំភ្លើងឱ្យមានហេតុការណ៍ផ្ទុះអាវុធនោះកើតឡើង ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដោះលែងវិញហើយ បន្ទាប់ពីសាកសួរចប់សព្វគ្រប់រួចមក ។
ប្រភពព័ត៌មានមួយចំនួនផ្សេងទៀតបានឱ្យដឹងដែរថា លោកឧកញ៉ា ឃី គឹមលន់ ក៏មានឈ្មោះឋិតនៅក្នុងក្របខ័ណ្ឌជាមន្ដ្រីកងរាជអាវុធហត្ថផងដែរ ដោយមានឋានន្ដរស័ក្ដិថ្នាក់វរសេនីយ៍ឯក (សូមចូលអានគេហទំព័រសារព័ត៌មានដើមត្នោតចុះផ្សាយថ្ងៃទី០៨ខែកក្កដាឆ្នាំ២០១៣បន្ថែម) ៕