គេហទំព័រសារព័ត៌មានដើមត្នោត(WWW.DTN7.COM)ទទួលបានការអនុញ្ញាតឱ្យផ្សព្វផ្សាយជាផ្លូវការ ដោយក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា តាមលិខិតប្រកាសលេខ២១៩ពម.ប្រកចុះថ្ងៃទី២៦ខែមីនាឆ្នាំ២០១៣ ។
គិតត្រឹមថ្ងៃទី០៨ខែកក្កដាឆ្នាំ២០១៣នេះ គឺគេហទំព័រសារព័ត៌មាន ដើមត្នោត ដំណើរការផ្សព្វផ្សាយបានត្រឹមរយៈពេលជាង០៣ខែប៉ុណ្ណោះ ប៉ុន្ដែទទួលបានការគាំទ្រជាលំដាប់ពីប្រិយមិត្ដអ្នកអានគ្រប់មជ្ឈដ្ឋាន ដែលការគាំទ្រនេះក្លាយជាចលករជំរុញលើកទឹកចិត្ដ ឱ្យគេហទំព័រសារព័ត៌មានដើមត្នោតខិតខំប្រឹងប្រែងផលិតនូវព័ត៌មានតាមបាវចនារបស់ខ្លួន គឺ “ឯករាជ្យ សុក្រឹត ឥតលម្អៀង” ដើម្បីចែកចាយជូនដល់អារម្មណ៍នៃការ តាមដានស្វែងយល់ព័ត៌មានរបស់ប្រិយមិត្ដអ្នកអានបន្ដទៅទៀត ។
ឆ្លុះបញ្ចាំងតាមរយៈការគាំទ្ររបស់ប្រិយមិត្ដអ្នកអាននេះហើយទើបគេហទំព័រសារព័ត៌មានដើមត្នោតទទួលបានការវាយតម្លៃផ្ដល់ចំណាត់ថ្នាក់ពីគេហទំព័របរទេសមួយឈ្មោះALEXA.COM ដែលជាគេហទំព័រមានជំនាញបច្ចេកទេសខាងផ្ដល់ចំណាត់ថ្នាក់ទៅលើគេហទំព័រនានាក្នុងពិភពលោកនោះ បង្ហាញថា គេហទំព័រសារ ព័ត៌មានដើមត្នោត ឋិតនៅលំដាប់ថ្នាក់លេខរៀងទី៧៦(គិតត្រឹមថ្ងៃទី០៨ខែកក្កដាឆ្នាំ២០១៣ ) ។
លទ្ធផលដែលគេហទំព័រសារព័ត៌មានដើមត្នោតទទួលបានតាមការផ្ដល់ចំណាត់ថ្នាក់របស់គេហទំព័របរទេសឈ្មោះ ALEXA.COM ពីឋិតនៅលំដាប់ថ្នាក់លេខរៀងជាង២.០០០ មកឋិតនៅលំដាប់ថ្នាក់លេខរៀងត្រឹមទី៧៦នេះបានចង្អុលបង្ហាញឱ្យឃើញថា ជាលទ្ធផលវិជ្ជមានដោយការគាំទ្រពីប្រិយមិត្ដអ្នកអានទាំងអស់គ្រប់ទិសទីមកលើគេហទំព័រសារព័ត៌មានដើមត្នោត ដែលមានអាយុកកើតទើបតែជាង០៣ខែប៉ុណ្ណោះ ។
ជាមួយនឹងលទ្ធផលវិជ្ជមាននេះ គណៈគ្រប់គ្រងគេហទំព័រសារព័ត៌មានដើមត្នោត សូមសម្ដែងនូវការអរគុណជាអនេកប្បការចំពោះប្រិយមិត្ដអ្នកអានទាំងអស់ដែលបាននិងកំពុង និងបន្ដគាំទ្រមកលើគេហទំព័រសារព័ត៌មានដើមត្នោត ។ ឆ្លៀតក្នុងឱកាសនេះផងដែរ គណៈគ្រប់គ្រងគេហទំព័រសារព័ត៌មាន ដើមត្នោត សូមគោរពជូនពរដល់ ប្រិយមិត្ដអ្នកអានទាំងអស់ទទួលបាននូវពុទ្ធពរទាំង៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈនិងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ៕