ប្រភពព័ត៌មានចុងក្រោយពីខេត្ដរតនគិរី បានឱ្យដឹងថា បុរសជើងខ្លាំងឈ្មោះ សាត សឿន ហៅសឿន ផែនដី ដែលបានបាញ់បោះសេរីជាច្រើនគ្រាប់ ធ្វើឱ្យផ្អើលហាងខារ៉ាអូខេមួយឈ្មោះ ពន្លកមាស ឋិតនៅភូមិឡាប៉ូ សង្កាត់ យក្សឡោម ក្រុងបានលុង ខេត្ដរតនគិរី កាលពីរាត្រីថ្ងៃទី០៦ខែកក្កដាឆ្នាំ២០១៣នោះ ត្រូវបាន សាលាដំបូងខេត្ដរតនគិរីសម្រេចចោទប្រកាន់និងឃុំខ្លួនបណ្ដោះអាសន្នអំពីបទប្រើប្រាស់អាវុធខុសច្បាប់រួចហើយ នាថ្ងៃទី០៨ខែកក្កដាឆ្នាំ២០១៣នេះ ។
គួររម្លឹកជូនថា កាលពីរាត្រីថ្ងៃទី០៦ខែកក្កដាឆ្នាំ២០១៣ បុរសជើងខ្លាំងឈ្មោះ សាត សឿន ហៅសឿន ផែនដី ដែលល្បីល្បាញខាងមានរឿងអាស្រូវក្នុងបទល្មើសព្រៃឈើ រហូតជាប់ឈ្មោះក្នុងបញ្ជីខ្មៅរបស់អង្គការឃ្លាំមើលបរិស្ថានមួយឈ្មោះ Global Witness បាន ចូលទៅច្រៀងខារ៉ាអូខេនៅខេត្ដ រតនគិរីឈ្មោះ ពន្លកមាស ក្នុងបន្ទប់លេខ៨៨៨ ព្រោះតែខឹងនឹងស្រីខារ៉ាអូខេមិនអង្គុយច្រៀងជាមួយ ក៏បានបាញ់បោះជាច្រើនគ្រាប់ធ្វើឱ្យផ្អើលពេញហាងខារ៉ាអូខេនោះទាំងយប់ ។
ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ដរតនគិរីក៏បានចុះមកអន្ដរាគមន៍ហាមឃាត់ជនបង្កឈ្មោះ សឿន ផែនដី នេះដែរ ប៉ុន្ដែបុរសជើងខ្លាំងរូបនេះមិនស្ដាប់តាមបង្គាប់របស់សមត្ថកិច្ចទេ ដោយអាងលើលោកឧកញ៉ា ទ្រី ភាព ជាអ្នកចេញមុខធានា ចាំដោះស្រាយនៅពេលក្រោយ ។
កាលពីដើមឡើយ លោកឧកញ៉ា ទ្រី ភាព នៅពេលមិនទាន់មានទ្រព្យសម្បត្ដិដូចបច្ចុប្បន្ន ធ្លាប់បានបុរសឈ្មោះ សាត សឿន ហៅសឿន ផែនដី ជាអ្នកជួយជ្រោមជ្រែងក្នុងការប្រកបមុខរបររកស៊ីឈើនៅតាមបណ្ដាខេត្ដកំពង់ ចាម ក្រចេះ និងខេត្ដភូមិភាគឦសាន ។ ដល់ពេលបុរសជើងខ្លាំងឈ្មោះ សឿន ផែនដី មានទុក្ខវិញម្ដង លោកឧកញ៉ា ទ្រី ភាព ក៏បានចេញមុខជួយធានាការពារឱ្យឈ្មោះ សឿន ផែនដី ដើម្បីទុកជាការដឹងគុណ ។
ទោះជាយ៉ាងណាក៏ដោយ លោកឧកញ៉ា ទ្រី ភាព មិនអាចបិទបាំងនូវអំពើល្មើសរបស់ឈ្មោះ សឿន ផែនដី បានរហូតទេ ហើយក៏ត្រូវបានសមត្ថកិច្ចតុលាការធ្វើការចោទប្រកាន់និងសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅថ្ងៃទី០៨ខែកក្កដាឆ្នាំ២០១៣នេះតែម្ដង ។
ប្រភពព័ត៌មានពីអ្នករកស៊ីឈើនៅបណ្ដាខេត្ដភូមិភាគឦសាន បានបង្ហើបប្រាប់ឱ្យដឹងថា លោកឧកញ៉ា ទ្រី ភាព មានសកម្មភាពរកស៊ីឈើយ៉ាងសកម្ម ហើយមានបុរសជើងខ្លាំងឈ្មោះ សឿន ផែនដី ជាអ្នកចេញមុខកាងក្នុង មុខរបរនេះជាច្រើនឆ្នាំមកហើយ។
លោកឧកញ៉ា ទ្រី ភាព ធ្លាប់ត្រូវបានតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើរដ្ឋលេខាធិការ ដោយព្រះរាជក្រឹត្យលេខនស/រកត/០១០៩/១១០ ចុះថ្ងៃទី៣០ខែមករាឆ្នាំ២០០៩ ប៉ុន្ដែក្រោយមកដោយសារតែមានកំហុសឆ្គងមួយចំនួន ទើបត្រូវបានរាជរដ្ឋាភិបាលដកហូតមុខតំណែងជាទីប្រឹក្សារាជរដ្ឋាភិបាលនេះវិញ ដោយព្រះរាជក្រឹត្យលេខនស/រកត/ ០៤១០/២៧៣ចុះថ្ងៃទី០២ខែមេសាឆ្នាំ២០១០ ៕