រឹតតែប្លែក និងគួរឱ្យចាប់អារម្មណ៍ថែមទៀត សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៥នេះ គឺគណបក្សសង្គ្រោះជាតិដែលជាគណបក្សនយោបាយប្រឆាំងដ៏ធំនៅកម្ពុជា មិនត្រឹមមានអ្នកចូលរួមច្រើនលើសលប់ហួសពីការស្មាននោះទេ សូម្បីតែអ្នកគាំទ្រ ជាពិសេសស្រទាប់យុវជន បាននាំគ្នាកាត់ម៉ូដសក់ផ្ទាល់ខ្លួនតំណាងឱ្យគណបក្សសង្គ្រោះជាតិដែលពួកខ្លួនស្រឡាញ់ពេញចិត្ដថែមទៀត។
យុវជនអ្នកគាំទ្រគណបក្សសង្គ្រោះជាតិមួយចំនួនបាននាំគ្នាកាត់ច្នៃម៉ូដសក់ចេញជារូបរាងលេខ7តំណាងឱ្យលេខរៀងគណបក្សសង្គ្រោះជាតិឋិតនៅលើសន្លឹកឆ្នោត និងឈ្មោះគណបក្សសរសេរកាត់ជាភាសាអង់គ្លេសថា CNRP បូករួមទាំងទម្រង់ជាស្លាកសញ្ញា LOGO (សញ្ញាព្រះអាទិត្យរះ) របស់គណបក្សទៀតផង ។
សាស្ដ្រាចារ្យបង្រៀននៅសាកលវិទ្យាល័យមួយនៅរាជធានីភ្នំពេញ បាននិយាយថា ធ្លាប់តែឃើញក្រុមកីឡាករល្បីៗកាត់ម៉ូដសក់ប្លែកៗ ឬហៅថា“លេងម៉ូដសក់”សម្រាប់ព្រឹត្ដិការណ៍ប្រកួតបាល់ទាត់ពិភពលោក ប៉ុន្ដែឥឡូវនេះ នៅកម្ពុជាយុវជនអ្នកគាំទ្រគណបក្សសង្គ្រោះជាតិបាននាំគ្នាកាត់ច្នៃម៉ូដសក់របស់ខ្លួនតំណាងឱ្យគណបក្សនយោបាយដែលខ្លួនពេញចិត្ដ និងគាំទ្រមិនចាញ់ ក្រុមកីឡាករល្បីៗនៅលើពិភពលោកឡើយ ។
មជ្ឈដ្ឋានអ្នកវិភាគកិច្ចការសង្គម នៅកម្ពុជាបានលើកឡើងថា សន្ទុះនៃការគាំទ្ររបស់ប្រជាពលរដ្ឋ ជាពិសេសស្រទាប់យុវជនទៅលើគណបក្សសង្គ្រោះជាតិសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៥ខាងមុខនេះ មានកម្លាំងខ្លាំងក្លាគួរឱ្យកត់សម្គាល់ ពីព្រោះពួកគេចង់ឱ្យមានការផ្លាស់ប្ដូរនូវប្រព័ន្ធនៃការដឹកនាំប្រទេសជាតិបច្ចុប្បន្ន ដែលញាំញីដោយរលកជន់ជោរនៃអំពើពុករលួយបក្ខពួកនិយម និងសម្ភារៈនិយម ពេញបន្ទុក ៕