ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

មើល​មុខកំពូល​មេ​បោក​ឆ្លង​ដែន​ដែល​មាន​ងារ​ជា​ឯកឧត្ដម​នៅ​ក្រុម​ប្រឹក្សា​អ្នក​ច្បាប់​

​សាលាដំបូង​រាជធានី​ភ្នំពេញ​កំពុង​តែ​ចាត់ការ​ទៅ​លើ​អំពើ​ល្មើស​ ក្នុង​រឿង​ព្រហ្មទណ្ឌ​របស់​អតីត​មេធាវី​ម្នាក់​ ឈ្មោះ​ ប៉ា​ អង់​តូ​នី​ (Pa Anthony​)​​ ឬ​ហៅ​ អង់​ តូ​នី​ប៉ា​ ដែល​មាន​សញ្ជាតិ​ខ្មែរ​-​អា​មេ​រិ​ក​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ឆបោក​ប្រាក់​ចំនួន​៨៣.០០០​ដុល្លារ​អា​មេ​រិ​ក​ ។​

​ទាក់ទង​នឹង​ករណី​ឆបោក​ប្រាក់​អ្នក​ដទៃ​ចំនួន​៨៣.០០០​ដុល្លារ​អា​មេ​រិ​ក​ ក្នុង​ការ​ធានា​រត់ការ​ឱ្យ​ជន​ជាតិចិន​ចំនួន​២​នាក់​បាន​ចូល​សញ្ជាតិ​ខ្មែរ​ក្នុង​តម្លៃ​ទឹកប្រាក់​សរុប​ចំនួន​៩០.០០០​ដុល្លារ​អា​មេ​រិ​ក​នោះ​ តុលាការ​សាលាដំបូង​រាជធានី​ភ្នំ​ពេញ​ ធ្លាប់​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​មន្ដ្រី​នគរបាល​យុត្ដិធម៌​មាន​សមត្ថ​កិច្ច​ត្រួតពិនិត្យ​តាម​ច្រកព្រំដែន​ ទាំង​ផ្ល្លូ​វ​គោក​ ទាំង​ផ្ល្ញូ​វ​អាកាស​ ទាំង​ផ្លូវទឹក​ ធ្វើការ​ហាមឃាត់​ឈ្មោះ​ប៉ា​ អង់​តូ​នី​ ក្នុង​ការ​ចាក​ចេញដំណើរ​ពី​ប្រទេស​កម្ពុជា​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ដទៃ​ជា​បណ្ដោះ​អាសន្ន​ ។​ លើស​ពី​នេះ​ តុលាការ​ក៏​បាន​សម្រេច​ចោទប្រកាន់​ជន​ជា​មេ​បោក​ឈ្មោះ​ប៉ា​ អង់​តូ​នី​ ឱ្យ​ជាប់​ឈ្មោះ​ជា​ជន​ត្រូវ​ចោទ​នៅ​ស្ថាប័ន​តុលាការ​ផង​ដែរ​ ។​

​តាម​ឯកសារ​ជា​ព័ស្ដុតាង​បាន​បង្ហាញ​ថា​ ឈ្មោះ​ ប៉ា​ អង់​តូ​នី​ នេះ​មិនមែន​ធ្វើ​សកម្មភាព​បោកប្រាស់​គេ​ត្រឹម​មួយ​ករណី​នោះ​ទេ​ គឺ​មាន​ច្រើន​ករណី​ណាស់​ ហើយ​ក៏​ត្រូវ​បាន​គេ​ប្ដឹងផ្ដល់​ទៅ​តុលាការ​ជា​ហូរ​ហែ​ដែរ​ ដូច​ជា​ក្រុមហ៊ុន​ CCJ​ ប្ដឹង​ពី​បទ​រំលោភ​លើ​ទំនុកចិត្ដ​នូវ​ទឹក​ប្រាក់​ចំនួន​៤៥.៥០០​ដុល្លារ​អា​មេ​រិ​ក​ និង​ស្ដ្រី​បរទេស​ម្នាក់​ប្ដឹង​ពី​បទ​ ឆបោក​ទឹកប្រាក់​ចំនួន​៣០.០០០​ ដុល្លារ​អា​មេ​រិ​ក​ …​។​ល​។​

​ព្រោះតែ​មានរឿង​អាស្រូវ​ច្រើន​ពេក​នៅ​ស្ថាប័ន​តុលាការ​ផង​ និង​មាន​កំហុសឆ្គង​ក្នុង​ការ​ប្រកប​វិជ្ជាជីវៈ​មេធាវី​ផង​ ព្រមទាំង​មាន​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ​ប្ដឹងផ្ដល់​មក​គណៈមេធាវី​ច្រើន​ករណី​ផង​ ទើប​នៅ​ថ្ងៃ​ទី​០៤​ខែមិថុនា​ ឆ្នាំ​២០១៣​កន្លង​មក​ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​សម្រេច​លុបឈ្មោះ​លោក​មេធាវី​ ប៉ា​ អង់​តូ​នី​ ចេញពី​បញ្ជី​គណៈ​មេធាវី​តែ​ម្ដង​(​សូម​ចូល​អាន​គេហ​ទំព័រ​សារព័ត៌មាន​ដើ់ម​ត្នោត​ ចុះ​ ថ្ងៃ​ទី​០៧​ខែមិថុនា​ឆ្នាំ​២០១៣​បន្ថែម​)​។​

​ក្រៅពី​បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​ ក្នុង​ក្រប​ខ័​ណ្ឌ​គណៈមេធាវី​នា​ថ្ងៃ​ទី​១០​ខែ​តុលា​ឆ្នាំ​២០០៦​ មាន​អត្ដលេខ​៤៩០​នោះ​ ឈ្មោះ​ ប៉ា​ អង់​តូ​នី​ អាយុ​៦២​ឆ្នាំ​ សញ្ជាតិ​ខ្មែរ​-​អា​មេ​រិ​ក​រូប​នេះ​ ក៏​ត្រូវ​បាន​តែងតាំង​ផង​ដែរ​ ជា​សមាជិក​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​​ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២០៩/​ ១៥១​ចុះ​ថ្ងៃ​ទី​០៧​ខែកុម្ភៈ​ឆ្នាំ​២០០៩​ (​តែងតាំង​លើក​ដំបូង​ដោយ​ព្រះ​ រាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០០៤/​២៩១​ ចុះ​ថ្ងៃ​ទី​០៤​ខែតុលា​ឆ្នាំ​២០០៤)​ ពោល​គឺ​ឈ្មោះ​ប៉ា​ អង់​តូ​នី​ មាន​ងារ​ជា​ឯកឧត្ដម​ ។​

​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ​ ថ្វី​ដ្បិត​ឈ្មោះ​ ប៉ា​ អង់​តូ​នី​ ជាប់​ឈ្មោះ​ជា​កំពូល​មេ​បោក​ឆ្លង​ដែន​ មានរឿង​រ៉ាវ​គេ​ប្ដឹងផ្ដល់​ច្រើន​ទៅ​តុលាការ​ និង​ត្រូវ​បាន​គណៈ​មេធាវី​លុបឈ្មោះ​ចេញពី​បញ្ជី​គណៈមេធាវី​រួច​ហើយ​ក៏​ដោយ​ ក៏​គេ​មិន​ទាន់​ឃើញ​ឯកឧត្ដម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ឧបនាយក​រដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រី​ទទួល​បន្ទុក​ទី​ស្ដី​ ការ​គណៈរដ្ឋមន្ដ្រី​ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​ មាន​វិធានការ​ដក​ហូត​មុខ​តំណែង​កំពូល​មេ​បោក​ឆ្លង​ដែន​ឈ្មាះ​ ប៉ា​ អង់​តូ​នី​ ចេញពី​សមាជិក​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នោះ​នៅឡើយ​ទេ​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា​ ឈ្មោះ​ ប៉ា​ អង់​តូ​នី​ ជា​កំពូល​មេ​បោក​ឆ្លង​ដែន​ពោរពេញ​ទៅ​ដោយ​រឿង​អាស្រូវ​ប៉ុណ្ណឹង​ហើយ​ គួរតែ​ឯកឧត្ដម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ដក​តំណែង​បុគ្គល​រូប​នេះ​ ចេញពី​សមាជិក​ក្រុមប្រឹក្សា​អ្នក​ច្បាប់​ ដែល​មាន​ងារ​ជា​ឯកឧត្ដម​នោះ​ចោល​ទៅ កុំ​អែអង់​យូរ​នាំ​ឱ្យ​អាប់ឱន​ដល់​កិត្យានុភាព​របស់​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​ទាំងមូល​ ៕

Pa-Angtony-Sok-An

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.