សវនាការជំនុំជម្រះអសាធារណៈរបស់សាលាឧទ្ធរណ៍នារសៀលថ្ងៃទី០៥ខែកក្កដាឆ្នាំ២០១៣នេះ ដែលមានឯកឧត្ដម សេង ស៊ីវុត្ថា អនុប្រធានសាលាឧទ្ធរណ៍ និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានសម្រេចតម្កល់សេចក្ដីសម្រេចរបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្ដកំពង់ស្ពឺទុកជាបានការ គឺមិនអនុញ្ញាតឱ្យបុគ្គលិកសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា និងកម្មកររោងចក្រកាត់ដេរសាប្រ៊ីណា ចំនួន៨នាក់ដែលកំពុងជាប់ឃុំខ្លួននោះបានឋិតនៅក្រៅឃុំបណ្ដោះអាសន្ន តាមសំណើរបស់មេធាវីការពារក្ដីឱ្យជនត្រូវចោទឡើយ ។
នៅក្រោយសវនាការរបស់សាលាឧទ្ធរណ៍ ដែលគ្មានវត្ដមានរបស់ជនត្រូវចោទទាំង៨នាក់នោះ លោកមេធាវី កៅ ទី ជាមេធាវីការពារក្ដីឱ្យជនត្រូវចោទ បានប្រាប់ថា លោកនឹងធ្វើការប្ដឹងសាទុក្ខទៅតុលាការកំពូលតាមនីតិវិធីបន្ដទៀត ដើម្បីឱ្យតុលាការកំពូលពិចារណាទៅលើសំណើរបស់លោកដែលសុំឱ្យកូនក្ដីបាននៅក្រៅឃុំបណ្ដោះអាសន្ន ។
គួររម្លឹកជូនថា ក្រោមទម្ងន់នៃបណ្ដឹងចុះថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៣ របស់លោកស្រី ឈិន ស៊ីងអ៊ីង (Chen Xingying ) សញ្ជាតិចិន នាយិកាក្រុមហ៊ុនរោងចក្រកាត់ដេរសាប្រ៊ីណា(ខេមបូឌា) ហ្គាមេន មានទីតាំងឋិតនៅភូមិត្រពាំងឫស្សី ឃុំសំបូរស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ទៅតុលាការខេត្ដកំពង់ស្ពឺ បន្ទាប់ពីលេចមានករណីអំពើហិង្សាក្នុងពេលកម្មករ កម្មការិនីរោងចក្រកាត់ដេរសាប្រ៊ីណាធ្វើកូដកម្មនាថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៣នោះ កងកម្លាំងសមត្ថកិច្ចបានចាប់ឃាត់ខ្លួនបុគ្គលិកសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា និងកម្មកររោងចក្រកាត់ដេរសាប្រ៊ីណាចំនួន៨នាក់នៅថ្ងៃទី០៣ខែមិថុនាឆ្នាំ២០១៣ បញ្ជូនសំណុំរឿងទៅតុលាការ និងត្រូវ បានសាលាដំបូងខេត្ដកំពង់ស្ពឺចេញដីកាឃុំខ្លួនបណ្ដោះអាសន្ននៅថ្ងៃទី០៤ខែមិថុនាឆ្នាំ២០១៣ទល់បច្ចុប្បន្ន ដោយចោទប្រកាន់ពីបទផ្ដើមគំនិតក្នុងអំពើហិង្សាដោយចេតនា និងក្នុងអំពើធ្វើឱ្យខូចខាតដោយចេតនា ដោយមានស្ថានទម្ងន់ទោស ។ លើសពីនេះ បុគ្គលិកសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា និងកម្មករ រោងចក្រសាប្រ៊ីណាចំនួន៨នាក់ផ្សេងទៀត ក៏ត្រូវទទួលរងការចោទប្រកាន់ពីតុលាការផងដែរ ប៉ុន្ដែមិនទាន់ត្រូវបានចាប់ឃាត់ខ្លួន និងឃុំខ្លួននៅឡើយ ។
នៅថ្ងៃទី០៦ខែមិថុនាឆ្នាំ២០១៣ លោកមេធាវី កៅ ទី ជាមេធាវីការពារក្ដីឱ្យជនត្រូវចោទទាំង៨នាក់ ដែលកំពុងជាប់ឃុំខ្លួន បានដាក់ពាក្យស្នើសុំឱ្យកូនក្ដីរបស់លោកបាននៅក្រៅឃុំបណ្ដោះអាសន្នទៅតុលាការ តែត្រូវបានលោក ឆឹម ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងខេត្ដកំំពង់ស្ពឺបដិសេធតាមដីកាសម្រេចលេខ១៣៥១ចុះថ្ងៃទី០៧ខែមិថុនាឆ្នាំ២០១៣ ។ ក្រោយមកលោកមេធាវី កៅ ទី បានប្ដឹងឧទ្ធរណ៍បន្ដ ហើយក៏ត្រូវបានសាលាឧទ្ធរណ៍សម្រេចបដិសេធនៅរសៀលថ្ងៃនេះទៀត ។
លោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាធ្លាប់បានធ្វើលិខិតផ្លូវការគោរពជូនឯកឧត្ដមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដើម្បីស្នើសុំជួយអន្ដរាគមន៍ឱ្យមានការស៊ើបអង្កេតលើករណីអំពើហិង្សានៅរោងចក្រសាប្រ៊ីណាប្រកបដោយសុក្រឹតភាព និងស្នើសុំជួយអន្ដរាគមន៍ឱ្យមានការដោះ លែងបុគ្គលិកសហជីពនិងកម្មកររោងចក្រសាប្រ៊ីណាចំនួន៨នាក់ដែលកំពុងជាប់ឃុំខ្លួនផងដែរ ប៉ុន្ដែមិនទាន់ទទួលបានលទ្ធផលជាវិជ្ជមានទេ ៕