លោក ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងជាតំណាងអយ្យការទទួលបន្ទុក សំណុំរឿងបានសម្រេចតម្កល់រឿងទុកឥតចាត់ការទៅលើបណ្ដឹងរបស់លោក សួង សុភ័ណ្ឌ ដែលបានប្ដឹងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ពីបទផ្ដើមគំនិតក្លែងបន្លំ ឯកសារសាធារណៈ បណ្ដោយឱ្យជនជាតិយួនចូលមកស្រុកខ្មែរខុសច្បាប់នោះរួចហើយ តាមដីកាសម្រេចតម្កល់រឿងទុកឥតចាត់ការលេខ៥៤៤អយច ចុះថ្ងៃទី០៤ខែកក្កដាឆ្នាំ២០១៣ម្សិលមិញនេះ។
លិខិតជូនដំណឹងស្ដីពីការសម្រេចតម្កល់រឿងទុកឥតចាត់ការ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញទៅលើបណ្ដឹងរបស់លោក សួង សុភ័ណ្ឌ នោះ ត្រូវបានលោក សួង សុភ័ណ្ឌ ជាដើមបណ្ដឹងបានទទួលនៅថ្ងៃទី០៥ខែកក្កដាឆ្នាំ២០១៣នេះ ។
នេះគឺជាចំណាត់ការគម្រប់ចំនួន២លើកហើយរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចតម្កល់រឿងទុកឥតចាត់ការទៅលើបណ្ដឹងរបស់លោក សួង សុភ័ណ្ឌ យុវជនជំនាន់ក្រោយរបស់គណបក្សប្រឆាំង ដោយបានប្ដឹងប្រឆាំងនឹងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបុរសខ្លាំងនៃកម្ពុជា ខណៈដែលតុលាការមិនបានធ្វើការកោះហៅ “សម្ដេចតេជោសែន”ជាជនសង្ស័យឱ្យចូលខ្លួនបំភ្លឺដោះបន្ទុកនៅតុលាការតាមនីតិវិធីនៃច្បាប់ឡើយ ។
គួររម្លឹកថា កាលពីថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១២ លោក សួង សុភ័ណ្ឌ បានដាក់ពាក្យបណ្ដឹងទៅតុលាការ ប្ដឹងប្រឆាំង“សម្ដេចតេជោសែន” ដោយចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន ធ្វើឱ្យប្រជាពលរដ្ឋខ្មែរស្លាប់ចំនួន៣៥៣នាក់ និងរងរបួសជាង៤០០នាក់ នៅលើស្ពានពេជ្រនៃមជ្ឈមណ្ឌលកម្សាន្ដកោះពេជ្រ នារាត្រីថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០១០ ។ ពាក្យបណ្ដឹងនេះត្រូវបានលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ សម្រេចតម្កល់រឿងទុកឥតចាត់ការ ដោយដីកាសម្រេចលេខ១១៣៨អយឆ ចុះថ្ងៃទី១៨ខែធ្នូឆ្នាំ២០១២ ។
លុះនៅថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៣ លោក សួង សុភ័ណ្ឌ ក៏បានដាក់ពាក្យបណ្ដឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញជាលើកទី២ ដោយប្ដឹង“សម្ដេចតេជោសែន”ពីបទផ្ដើមគំនិតក្លែងបន្លំឯកសារសាធារណៈ បណ្ដោយឱ្យជនជាតិយួនចូលមកស្រុកខ្មែរដោយខុសច្បាប់ និងមានអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរកាន់គ្រប់ដៃ ។ ឥឡូវ ពាក្យបណ្ដឹងនេះក៏ត្រូវបានលោក ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញសម្រេចតម្កល់រឿងទុកឥតចាត់ការដូចពាក្យបណ្ដឹងកាលពីលើកទី១ដែរ ដោយដីកាសម្រេចលេខ៥៤៤អយច ចុះថ្ងៃទី០៤ខែកក្កដាឆ្នាំ២០១៣ ។
លោក សួង សុភ័ណ្ឌ ដែលជាដើមបណ្ដឹងក្នុងការប្ដឹងប្រឆាំងនឹង “សម្ដេចតេជោសែន”បានប្រាប់ គេហទំព័រសារព័ត៌មានដើមត្នោត នាវេលាល្ងាចថ្ងៃទី០៥ខែកក្កដាឆ្នាំ២០១៣នេះថា លោកនឹងប្ដឹងឧទ្ធរណ៍បន្ដទៀតប្រឆាំងនឹងដីកាសម្រេចតម្កល់រឿងទុកឥតចាត់ការរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនោះ ។
មជ្ឈដ្ឋានអ្នកច្បាប់បានធ្វើការពិចារណាថា ទាក់ទងនឹងបណ្ដឹងរបស់លោក សួង សុភ័ណ្ឌ ដែលប្ដឹងប្រឆាំងនឹង“សម្ដេចតេជោ សែន”តុលាការកោះហៅដើមបណ្ដឹងឱ្យចូលទៅបំភ្លឺការពារលើបណ្ដឹងរបស់ខ្លួននៅថ្ងៃទី០១ខែ កក្កដាឆ្នាំ២០១៣ ហើយតុលាការមិនបានធ្វើការកោះហៅ“សម្ដេចតេជោសែន”ដែលជាជនសង្ស័យឱ្យចូលមកបំភ្លឺដើម្បីដោះបន្ទុក បែរជាតុលាការអាចប្រើប្រាស់ឆន្ទានុសិទ្ធិរបស់ខ្លួនសម្រេចតម្កល់រឿងទុកឥតចាត់ការនៅថ្ងៃទី០៤ខែកក្កដាឆ្នាំ២០១៣ (ពិនិត្យរឿងត្រឹមតែរយៈពេលប្រមាណ៣ថ្ងៃ) ទៅវិញគឺពិតជាអស្ចារ្យខ្លាំងណាស់ សម្រាប់ស្ថាប័នតុលាការកម្ពុជា ៕