ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

សារាចរ​ថ្មី​របស់​រាជរដ្ឋាភិបាល​ធ្វើ​ឱ្យអំណាច​ឡាយព្រះហស្ដលេខា​របស់​ព្រះមហាក្សត្រ​លើ​ព្រះរាជ​ក្រឹត្យ​តាម​ព្រះរាជ​សិទ្ធិ​ព្រះ​អង្គ​បាត់​បង់​

​មាត្រា​១​ កថាខណ្ឌ​ទី​១,​ មាត្រា​៧​ កថាខណ្ឌ​ទី​១,​ មាត្រា​៨​ កថា​ខណ្ឌ​ទី​១,​ មាត្រា​២១​ កថាខណ្ឌ​ទី​២​ និង​មាត្រា ​២៧​នៃ​រដ្ឋធម្មនុញ្ញ​ ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​បាន​ចែង​ថា​ “​ប្រទេស​កម្ពុជា​ជា​ព្រះរាជាណាចក្រ​ដែល​ព្រះមហាក្សត្រ​ទ្រង់​ប្រតិបត្ដិ​តាម​រដ្ឋធម្មនុញ្ញ​ និង​តាម​លទ្ធិ​ប្រជា​ធិ​ប​តេ​យ្យ​ សេរី​ ពហុបក្ស​ ។​ ព្រះ​មហាក្សត្រ​កម្ពុជា​ទ្រង់​គ្រង​រាជ​សម្បត្ដិ​ ប៉ុន្ដែ​ទ្រង់​មិន​កាន់​អំណាច​ឡើយ​ ។​ ព្រះមហាក្សត្រ​ព្រះ​អង្គ​ទ្រង់​ជា​និមិត្ដរូប​ជាតិ​នៃ​ឯកភាព​ជាតិ​ និង​និរន្ដរភាព​ជាតិ​ ។​ តាម​សេចក្ដី​ស្នើ​របស់​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ព្រះមហាក្សត្រ​ទ្រង់​ឡាយព្រះហស្ដលេខា​លើ​ព្រះ​រាជក្រឹត្យ​តែងតាំង​ ផ្លាស់​ប្ដូរ​ឬ​ដក​ចៅ​ក្រ​មផ្នែ​ក​យុត្ដាធិការ​ ។​ ព្រះ​មហាក្សត្រ​ទ្រង់មាន​ព្រះរាជ​សិទ្ធិ​បន្ធូរ​បន្ថយទោស​ និង​លើកលែង​ទោស​ ។​”​ ។​

​នៅ​ពេល​នេះ​ គេហទំព័រ​សារ​ព័ត៌មាន​ដើម​ត្នោត​ សូម​លើកយក​ត្រឹម​ការ​តែងតាំង​ទីប្រឹក្សា​ ឬ​ជំនួយ​ការ​របស់​ព្រះមហាក្សត្រ​ និង​ការ​តែងតាំង​ជន​មួយ​ចំនួន​ជា​ឧកញ៉ា​ ឬ​អ្នកឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​ មក​និយាយ​តែ​ប៉ុណ្ណោះ​ ។​

​តាម​ការ​កត់សម្គាល់​នា​ពេល​កន្លង​មក​ បាន​បង្ហាញ​ថា​ មាន​ព្រះ​រាជក្រឹត្យ​មួយ​ចំនួន​តិចតួច​ដែល​បាន​តែងតាំង​ឥស្សរជន​ជាទី​ប្រឹក្សា​ព្រះ​មហាក្សត្រ​ដោយ​យោង​តាម​សេច​ក្ដី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្ដេច​ អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ (​ឧទាហរណ៍​ការ​ តែងតាំង​ឯកឧត្ដម​ សួន​ សាលី​ម​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/​០៥០៩/៥១៤​ ចុះ​ថ្ងៃ​ទី​១៩​ខែឧសភា​ឆ្នាំ​២០០៩)​ រីឯ​ការ​តែងតាំង​ភាគ​ច្រើន​មិន​បាន​ឆ្លងកាត់​ការ​យោង​តាម​សេចក្ដី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ទេ​(​សូម​មើល​ឯកសារ​ព័ស្ដុតាង​ជូន​ភ្ជាប់​)​ ។​

​ដោយឡែក​ការ​តែងតាំង​ជន​ជា​ឧកញ៉ា​ ឬ​អ្នកឧកញ៉ា​ក៏​ដូច​គ្នា​ដែរ​ គឺ​មានការ​តែងតាំង​ខ្លះ​ដោយ​យោង​តាម​សេចក្ដី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្ដេច​ប្រធានរដ្ឋសភា​ (​ការ​តែងតាំង​ឯកឧត្ដម​ ឈាង​ ប៉េ​ត្រូ​ ជា​ឧកញ៉ា​ដោយ​ព្រះរាជ​ក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨០៧/៣៤៥​ចុះ​ថ្ងៃ​ទី​០៩​ខែសីហា​ឆ្នាំ​២០០៧)​ តាម​សេចក្ដី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្ដេច​ប្រធាន​ព្រឹទ្ធសភា​ (​ការ​តែងតាំង​ឯកឧត្ដម​ តេ​ង​ ស៊ី​ថា​ ជា​ឧកញ៉ា​ដោយ​ព្រះរាជ​ក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២០៧/០៥៤​ ចុះ​ថ្ងៃ​ទី​០៧​ខែកុម្ភៈ​ឆ្នាំ​២០០៧)​ តាម​សេចក្ដី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ (​ការ​ តែងតាំង​ឯកឧត្ដម​ សួន​ សិ​ទ្ធី​ ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១០៧/០១២​ ចុះ​ថ្ងៃ​ទី​០៨​ខែមករា​ឆ្នាំ​២០០៧)​ ។​ ប៉ុន្ដែ​មានការ​តែងតាំង​ភាគច្រើន​ទៀត​មិន​បាន​ឆ្លងកាត់​តាម​ការ​យោង​សេចក្ដី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្ដេច​ប្រធាន​ព្រឹទ្ធសភា​ក្ដី​ សម្ដេច​ប្រធានរដ្ឋសភា​ក្ដី​ និង​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ក្ដី​ឡើយ​(​ឧទាហរណ៍​ ការ​តែងតាំង​លោក​ ឌួ​ង​ ងៀប​ ជា​ឧកញ៉ា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥០៨/៥៥៧​ ចុះ​ថ្ងៃ​ទី​២០​ខែឧសភា​ឆ្នាំ​២០០៨,​ ការ​តែង​តាំង​ឯកឧត្ដម​ ពុង​ ឃាវ​សែ​ ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១០៩/០៧៥​ ចុះ​ថ្ងៃ​ទី​២៦​ខែមករា​ឆ្នាំ​២០០៩,​ ការ​តែង​តាំង​លោក​ជំទាវ​ ចាប​ ច័ន្ទ​ម៉ា​នី​កា​ ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១០/៤៨០​ ចុះ​ថ្ងៃ​ទី​០៧​ខែមិថុនា​ឆ្នាំ​២០១០​។​ល​។​)​។​

​អនុលោម​តាម​ទម្រង់​នៃ​ការ​ចេញ​ព្រះរាជក្រឹត្យ​ឡាយព្រះហស្ដ​លេខា​ដោយ​ព្រះមហាក្សត្រ​ក្នុង​ការ​តែងតាំង​ជន​ជា​ឧកញ៉ា​កន្លង​មក​មាន​ចំនួន​រាប់​ភ្លេច​ គឺ​បាន​បង្ហាញ​ថា​ ក្រៅពី​សេចក្ដី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្ដេច​ប្រធាន​ព្រឹទ្ធសភា​ សម្ដេចព្រះ​ប្រធានរដ្ឋសភា​ និង​សម្ដេច​នាយក​រដ្ឋមន្ដ្រី​នោះ​ គឺ​ព្រះ​មហាក្សត្រ​ទ្រង់មាន​ព្រះរាជ​សិទ្ធិ​ ប្រោស​ប្រទាន​តែងតាំង​ជន​ជា​ឧកញ៉ា​បាន​តាម​ព្រះ​ទ័យ​របស់​ព្រះ​អង្គ​ផ្ទាល់​ ។​

​ឥឡូវនេះ​ រាជរដ្ឋាភិបាល​បាន​ចេញ​សារាចរ​មួយ​លេខ​០៣​សរ​ ចុះ​ថ្ងៃ​ទី​២៩​ខែឧសភា​ឆ្នាំ​២០១៣​ ស្ដី​ពី​ការ​អនុវត្ដ​គោលការណ៍​ណែនាំ​អំពី​នីតិវិធី​និង​វិធានការ​នៃ​ការ​តាក់​តែង​សេចក្ដីព្រាងច្បាប់​ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ដ​ផ្សេង​ទៀត​ គឺ​បាន​តម្រូវ​ឱ្យ​ការ​តាក់តែង​ព្រះរាជក្រឹត្យ​ស្ដី​ពី​ការ​តែងតាំង​(​ឬ​ប្រទាន​ងារ​)​ អ្នកឧកញ៉ា​ ឬ​ឧកញ៉ា​ ត្រូវ​យោង​ តាម​សេចក្ដី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ។​ លើស​ពី​នេះ​ ការ​តាក់តែង​ព្រះរាជ​ក្រឹត្យ​ស្ដី​ពី​ការ​បន្ធូរ​បន្ថយទោស​ និង​លើកលែងទោស​ក៏​ត្រូវ​យោង​តាម​សេចក្ដី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ដែរ​ ។​

​សរុបសេចក្ដី​មក​ យោង​តាម​សារាចរ​របស់​រាជរដ្ឋាភិបាល​នេះ​ គឺ​អំណាច​ឡាយព្រះហស្ដលេខា​របស់​ព្រះមហាក្សត្រ​លើ​ព្រះរាជ​ក្រឹត្យ​តាម​ព្រះរាជ​សិទ្ធិ​របស់​ព្រះ​អង្គ​ផ្ទាល់​ ត្រូវ​បាន​បាត់បង់​ទាំង​ស្រុង​ហើយៗ​ត្រូវ​អនុវត្ដន៍​តាម​ការ​ស្នើ​របស់​“​សម្ដេច​តេ​ជោ​សែន​”​ជា​នាយក​រដ្ឋមន្ដ្រី​ជា​បុរស​ខ្លាំង​របស់​កម្ពុជា​ជា​ដរាប​ និង​សិទ្ធិ​មួយ​ចំនួន​របស់​សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម​ ប្រធាន​ព្រឹទ្ធសភា​ និង​សិទ្ធិ​របស់​សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធាន​រដ្ឋ​សភា​ លើ​ការ​ស្នើ​ទៅ​ព្រះ​មហា​ក្សត្រ​តែងតាំង​ជន​ជា​ឧកញ៉ា​ដូច​បាន​ធ្លាប់​ធ្វើ​កន្លង​មក​ ក៏​បាត់បង់​ទៅ​ទាំងអស់​គ្នា​ដែរ​ ។​ ឯវំ​ !​ ។​!​

King-Sig3-For-Web2  King-Sig3-For-Web1  King-Sig3-For-Web

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.