ថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែ កញ្ញា ឆ្នាំ ២០២១

ថ្ងៃ​ទី​០៥-០៦​កក្កដា​ជា​សង្គ្រាម​មួយ​ចម្អិន​កំពឹស​នៅ​កណ្ដាល​ទីក្រុង​កាលពី​១៦​ឆ្នាំ​មុន​

​សំឡេង​គ្រាប់កាំភ្លើង​តូច​ ធំ​បាន​លាន់​កក្រើក​នៅ​កណ្ដាល​រាជ​ធានី​ភ្នំពេញ​ ជាមួយនឹង​ផ្សែង​ខ្មួល​ខ្មាញ់​ ដោយ​ការ​ឆេះ​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​ ហាង​លក់ទំនិញ​ និង​ឆេះ​ខូចខាត​រថពាសដែក​…​ទិដ្ឋភាព​ក្នុង​រាជធានី​ភ្នំពេញ​ដែល​ធ្លាប់តែ​អ៊ូអរ​ បែរ​ក្លាយជា​ស្ងប់ស្ងាត់​មនុស្ស​បណ្ដើរៗ​ ដោយ​ការ​ភៀសខ្លួន​ចាក​ចេញ​ទៅ​តាម​បណ្ដា​ខេត្ដ​សុវត្ថិភាព​ផ្សេងៗ​ ហើយ​ជំនួស​មក​វិញ​ដោយ​​ការ​ចល័ត​កម្លាំង​ទ័ព​ប្លែកៗ​តែ​ប៉ុណ្ណោះ​…​។​ នេះ​គឺជា​ព្រឹត្ដិការណ៍​សង្គ្រាម​បង្ហូរឈាម​មួយ​ចម្អិន​កំពឹស​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​កាលពី​១៦​ឆ្នាំ​មុន​(​ថ្ងៃ​ទី​០៥-០៦​ខែកក្កដា​ឆ្នាំ​១៩៩៧)​ ។​

​ក្រោយ​កិច្ចព្រមព្រៀង​ស្ដី​ពី​ដំណោះស្រាយ​នយោបាយ​រួម​មួយ​នៃ​ជម្លោះ​កម្ពុជា​ថ្ងៃ​ទី​២៣​ខែតុលា​ឆ្នាំ​១៩៩១ (​ហៅ​កាត់​ថា​កិច្ច​ព្រម​ព្រៀង​សន្ដិភាព​ទី​ក្រុងប៉ារីស​ស្ដី​ពី​កម្ពុជា​)​ និង​ក្រោម​ការ​រៀបចំ​ដោយ​អាជ្ញាធរ​បណ្ដោះអាសន្ន​ អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​(​ហៅ​កាត់​ថា​អ៊ុ​ក​តាក់​)​ ជា​មួយ​នឹង​ទឹកប្រាក់​ចំនួន​ជាង​២.០០០​លាន​ដុល្លារ​អា​មេ​រិ​ក​ កម្ពុជា​បាន​ដំណើរការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​១(១៩៩៣​ -១៩៩៨)​របស់​ខ្លួន​នៅ​ឆ្នាំ​១៩៩៣​ គឺ​លទ្ធផល​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​របស់​សម្ដេចក្រុមព្រះ​នរោត្ដម​ រណឫទ្ធិ​ (​កាល​ណោះ​នៅ​ជា​ព្រះ​ អង្គ​ម្ចាស់​)​ទទួល​បាន​ចំនួន​៥៨​អាសនៈ​ ឈ្នះ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​គណបក្ស​នយោបាយ​កាន់​ អំណាច​អស់​រយៈពេល​១៤​ឆ្នាំ​ ពី​ឆ្នាំ​១៩៧៩​មក​ ដែល​ទទួល​បាន​ចំនួន​៥១​អាសនៈ​នៅ​ក្នុង​អាសនៈ​រដ្ឋ​សភា​សរុប​ចំនួន​១២០​ ខណៈ​ដែល​មិន​មានការ​ចូលរួម​បោះ​ឆ្នោត​ពី​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ​(​ខ្មែរ​ក្រហម​)​ ។​

​លទ្ធផល​នៃ​ការ​ចាញ់ឆ្នោត​ដ៏​ជូរ​ចត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ជំរុញ​ឱ្យ​មានការ​យន្ដការ​បង្រួប​បង្រួម​ផ្សះផ្សា​ជាតិ​(​ព្រោះ​ក្រោយ​ការ​ចាញ់ឆ្នោត​លេច​ចេញ​មានការ​បង្កើត​តំបន់អបគមន៍​)​ ហើយ​ក៏​បង្កើត​ជា​រាជរដ្ឋាភិបាល​ចម្រុះ​ដែល​មាន​សហនាយករដ្ឋមន្ដ្រី​(​នាយក​រដ្ឋមន្ដ្រី​ពីរ​)​ដ៏​ចម្លែក​នៅ​លើ​ពិភព​លោក​(​សម្ដេចក្រុមព្រះ​នរោត្ដម​ រណឫទ្ធិ​ ជា​នាយក​រដ្ឋមន្ដ្រី​ទី​១​ និង​សម្ដេច​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋ​មន្ដ្រី​ទី​២)​ ខណៈ​ដែល​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​ នរោត្ដម​ សីហ​នុ​ អង្គ​សម្ដេចឪ​គង់​ជា​ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​ កម្ពុ​ជាទី​២​ ។​

​ដោយ​ការ​អនុវត្ដ​កិច្ចព្រមព្រៀង​សន្ដិភាព​ទី​ក្រុងប៉ារីស​ស្ដី​ពី​កម្ពុជា​មិន​បាន​ពេញលេញ​ ទើប​រដ្ឋសភា​នីតិកាល​ទី​១​បាន​អនុម័ត​បង្កើត​ច្បាប់​ស្ដី​ពី​ការ​ដាក់​ក្រុម​“​កម្ពុជា​ប្រជា​ធិ​ប​តេ​យ្យ​”​ឱ្យ​នៅ​ក្រៅច្បាប់​នា​ដើមខែ​កក្កដា​ឆ្នាំ​១៩៩៤​ ដែល​នៅ​ពេល​នោះ​អង្គ​ព្រះមហាក្សត្រ​សម្ដេច​ព្រះ​នរោត្ដម​ សីហ​នុ​ មិន​បាន​សព្វ​ព្រះរាជ​ហឫទ័យ​ទៅ​លើ​ច្បាប់​នេះ​ទេ​ ។​

​ថ្វី​ដ្បិត​មានច្បាប់​ស្ដី​ពី​ការ​ដាក់​ក្រុម​“​កម្ពុជា​ប្រជាធិបតេយ្យ​”​ឱ្យ​នៅ​ក្រៅច្បាប់​ក៏​ដោយ​ ក៏​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ទាំង​ពីរ​បាន​ប្រកួតប្រជែង​គ្នា​ធ្វើការ​ទាក់ទាញ​ឱ្យ​កម្លាំង​ខ្មែរក្រហម​(​ក្រុម​កម្ពុជា​ប្រជាធិបតេយ្យ​)​ធ្វើការ​ចុះចូល​ ដោយ​សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ទី​២​ ទាក់ទាញ​តាម​រយៈ​លោក​ អៀង​ សារី​ រហូត​ដល់​មាន​ការ​លើកលែងទោស​ឱ្យ​លោក​ អៀង​ សារី​ ទៀត​ផង​ ដើម្បី​ជន្ល​បំបែក​កម្លាំង​ពួក​ឧទ្ទាម​សេសសល់​ រីឯ​សម្ដេចក្រុមព្រះ​ នរោត្ដម​ រណឫទ្ធិ​ នាយក​រដ្ឋមន្ដ្រី​ទី​១​ ខំប្រឹង​ទាក់ទាញ​ក្រុម​លោក​ ខៀវ​ សំ​ផ​ន​,​ នួន​ ជា​ ដែល​គេ​ចាត់​ទុក​ថា​ជា​ក្រុម​ខ្មែរក្រហម​ក្បាលរឹង​ចុង​ក្រោយ​ ។​ ​បញ្ហា​ទាក់ទាញ​ក្រុម​ខ្មែរក្រហម​ឱ្យ​ចុះចូល​នេះ ​ធ្វើ​ឱ្យ​នាយក​រដ្ឋមន្ដ្រី​ទាំង​២​ប្រទាញប្រទង់​គ្នា​យ៉ាង​ខ្លាំង​ក្នុង​កម្រិត​ចង់​ឈ្នះ​ចាញ់​ ដើម្បី​ពង្រឹង​“​តុល្យភាព​កម្លាំង​”​រៀងៗ​ខ្លួន​។​

​នៅ​ថ្ងៃ​ទី​២៤​ខែឧសភា​ឆ្នាំ​១៩៩៧​ អាវុធ​គ្រប់​ធុន​មាន​ទម្ងន់​ជិត​៣​តោន​ ត្រូវ​សមត្ថកិច្ច​ចាប់​បាន​នៅ​ខេត្ដ​ព្រះ​សីហ​នុ​ ដោយ​សមត្ថកិច្ច​អះ​អាង​ថា​ ជា​អាវុធ​នាំ​ចូល​ដោយ​សម្ដេចក្រុមព្រះ​នរោត្ដម​ រណឫទ្ធិ​ នាយក​រដ្ឋមន្ដ្រី​ទី​១​ តាម​ច្រក​កំពង់​ផែ​ក្រុងព្រះសីហនុ​ ។​ ​

ទីបំផុត​ព្រឹត្ដិការណ៍​ផ្ទុះអាវុធ​ដែល​ជា​“​សង្គ្រាម​បង្ហូរឈាម​មួយ​ចម្អិន​កំពឹស​”​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​ជា​បេះដូង​នៃ​ប្រទេស​ បាន​កើត​មាន​ឡើង​នៅ​ថ្ងៃ​ទី​០៥-០៦​ខែ​ កក្កដា​ឆ្នាំ​១៩៩៧​ ខណៈ​ដែល​សម្ដេចក្រុមព្រះ​នរោត្ដម​ រណឫទ្ធិ​ នាយក​រដ្ឋមន្ដ្រី​ទី​១​ យាង​ទៅ​គង់​នៅ​ឯ​បរទេស​រួច​ជា​ស្រេច​ ។​ ​ក្នុង​ព្រឹត្ដិការណ៍​និង​ក្រោយ​ព្រឹត្ដិ​ការណ៍​សង្គ្រាម​បង្ហូរឈាម​នេះ​ មាន​ឧត្ដមសេនីយ៍​យោធា​និង​ ប៉ូលិស​ដែល​ស្និទ្ធ​ និង​គាំទ្រ​សម្ដេច​ក្រុមព្រះ​នរោត្ដម​ រណឫទ្ធិ​ជា​ច្រើន​នាក់​ ដូច​ជា​លោក​លី​ សេង​ហុង​,​ លោក​ក្រួច​ យឿ​ម​,​ លោក​ ចៅ​ សម្បត្ដិ​ ហៅ​ង៉ូ​វ​ និង​លោក​ ហូ​ សុខ​ ជាដើម​…​។​ល​។​ ត្រូវ​បាន​ស្លាប់​បាត់បង់​ជីវិត​ រួម​ទាំង​យោធា​ខ្មែរ​ក្រហម​ម្នាក់​ឈ្មោះ​ ភុ​ន​ ភាព​ ដែល​ដើរតួ​ជា​អ្នកក្លាហាន​ក្នុង​សង្គ្រាម​កណ្ដាល​រាជធានី​ភ្នំពេញ​ និង​ជា​អ្នក​ចេញ​មុខ​បកអាក្រាត​ផែនការ​របស់​សម្ដេចក្រុមព្រះ​ នរោត្ដម​ រណឫទ្ធិ​ ក្នុង​ការ​ទាក់ទាញ​កម្លាំង​ខ្មែរក្រហម​នោះ​ ក៏​ត្រូវ​ស្លាប់​ដែរ​។​

​ព្រឹត្ដិការណ៍​ផ្ទុះអាវុធ​ថ្ងៃ​ទី​០៥-០៦​ខែកក្កដា​ឆ្នាំ​១៩៩៧​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​មជ្ឈដ្ឋាន​មួយ​ចំនួន​ចោទប្រកាន់​ថា​ ជា​អំពើ​រដ្ឋប្រហារ​របស់​សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ទី​២​ ដើម្បី​ផ្ដួលរំលំ​សម្ដេចក្រុមព្រះ​នរោត្ដម​ រណឫទ្ធិ​ នាយក​រដ្ឋមន្ដ្រី​ទី​១​ ។​ ការ​ចោទ​ប្រកាន់​នេះ​ ធ្វើ​ឱ្យ​សម្ដេច​ ហ៊ុន​ សែន​ បញ្ចេញ​ប្រតិកម្ម​បដិសេធ​ ភ្លាមៗ​ និង​ក្ដៅ​គគុក​ចាប់តាំងពី​លើក​ដំបូង​ ។​

​ក្រោយ​ព្រឺ​ត្ដិ​ការណ៍​ផ្ទុះអាវុធ​ថ្ងៃ​ទី​០៥-០៦​ខែកក្កដា​ឆ្នាំ​១៩៩៧​ នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​ ដែល​នឹក​ស្មាន​មិន​ដល់​ ធ្វើ​ឱ្យ​អ្នកក្រុង​ភ្នំពេញ​ភ័យ​លោះ​ព្រលឹង​ចុង​សក់​នោះ​ បាន​ធ្វើ​ឱ្យ​សម្ដេចក្រុមព្រះ​ នរោត្ដម​ រណឫទ្ធិ​ លែង​បាន​ស្គាល់​រសជាតិ​ធ្វើ​ជា​នាយក​រដ្ឋមន្ដ្រី​តទៅ​ទៀត​ទល់​បច្ចុប្បន្ន​ និង​លើស​ពី​នេះ​ អង្គការ​ចាត់តាំង​នយោបាយ​ និង​យោធា​របស់​ក្រុម​ខ្មែរក្រហម​ទាំង​ក្បាលរឹង​ ទាំង​ក្បាល​ទន់​ក៏​ត្រូវ​រំលាយ​ឬ​បញ្ចប់​ជា​ស្ថាពរ​ដែរ​ ។​

​ឥឡូវ​ ប្រជាពលរដ្ឋ​កម្ពុជា​កំពុង​តែ​ទទួល​បាន​ផល​ពី​សន្ដិភាព​ និង​ស្ថិរភាព​នយោបាយ​ហើយៗ​សូម​ កុំឱ្យថ្នាក់ដឹកនាំ​ប្រទេស​លេងល្បែង​នយោបាយ​នាំ​មក​នូវ​សង្គ្រាម​កើត​មាននៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ តទៅ​ទៀត​ ៕

05-06-July-for-web

Filed in: Feature, ទស្សនៈនយោបាយ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.