ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

ព្រះ​តម្រិះ​សម្ដេចឪ​ ៖​ វៀត​ណា​ម​ចូល​មក​រាជាណាចក្រ​កម្ពុជា​ទី​២​ទទួល​ជា​ស្វ័យប្រវត្ដិ​សញ្ជាតិ​ខ្មែរ​និង​មាន​សិទ្ធិ​បោះ​ឆ្នោត

​បញ្ហា​ជនអន្ដោប្រវេសន៍​វៀត​ណា​ម​ចូល​មក​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​នៃ​យើង​នេះ​ បាន​ក្លាយ​ជា​ប្រធានបទ​ដ៏​ក្ដៅ​គគុក​ក្នុង​ការ​វែកញែក​អះអាង​រៀងៗ​ខ្លួន​ ពោល​គឺ​មជ្ឈដ្ឋាន​អ្នកគាំទ្រ​គណបក្ស​នយោបាយ​ប្រឆាំង​ ក៏​ដូច​ជា​ប្រិ​យ​មិត្ដ​បណ្ដាញ​ព័ត៌មាន​សង្គម​ហ្វេ​ស​ប៊ុ​ក​យល់​ឃើញ​ថា​ វត្ដមាន​ជន​អន្ដោប្រវេសន៍​វៀតណាម​ចូល​មក​កម្ពុជា​មាន​ចំនួន​ខ្ទង់លាន​នាក់​ រីឯ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​អះអាង​ថា​ វត្ដមាន​ជនជាតិ​វៀតណាម​នៅ​លើ​ទឹកដី​កម្ពុជា​មាន​ចំនួន​ប្រមាណ​១០​ម៉ឺន​នាក់​ប៉ុណ្ណោះ​ ។​

​និយាយ​ទាក់ទង​នឹង​រឿង​ជន​អន្ដោប្រវេសន៍​វៀតណាម​ចូល​មក​រាជាណាចក្រ​កម្ពុ​ជាទី​២​នេះ​ គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​​ សូម​ធ្វើការ​ដកស្រង់​នូវ​ព្រះ​តម្រិះ​របស់​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​នរោត្ដម​ សីហ​នុ​ អតីត​ព្រះ​មហាក្សត្រ​ និង​អតីត​ព្រះ​មហា​វីរក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ កាល​ព្រះ​អង្គ​នៅ​មាន​ព្រះ​ជន្ម​នៅ​ឡើយ​ ព្រះ​អង្គ​បាន​ព្រះ​តម្រិះ​នៅ​ក្នុង​រាជ​សារ​របស់​ព្រះ​អង្គ​ចុះ​ថ្ងៃ​ទី​១៧​ខែកក្កដា​ឆ្នាំ​២០០៣​ថា​ ៖​

ចំនួន​ជនអន្ដោប្រវេសន៍​វៀតណាម​ដែល​មាននៅ​ក្នុង​សម័យ​សង្គម​រាស្ដ្រ​និយម​ គឺជា​ការ​ទទួលខុសត្រូវ​ទាំង​ស្រុង​របស់​អាណានិគមនិយម​បារាំង​ ដែល​បាន​ត្រួតត្រា​កម្ពុជា​ពី​ឆ្នាំ​១៨៦៣​មក​ទល់​នឹង​ថ្ងៃ​ដែល​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពេញ​បរិបូរណ៍​នៅ​ថ្ងៃ​ទី​០៩​ខែវិច្ឆិកា​ឆ្នាំ​១៩៥៣​ ។​

ជនជាតិ​វៀតណាម​បាន​មក​តាំងទី​លំនៅ​ឋាន​នៅ​កម្ពុជា​បង្កបង្កើត​កូនចៅ​ ហើយ​រស់នៅ​កម្ពុជា​ពុំ​ ព្រម​វិល​ត្រឡប់​ទៅ​ប្រទេស​របស់​ខ្លួន​វិញ​ទេ​ ។​

នៅ​ពេល​ដែល​សង្គម​រាស្ដ្រ​និយម​បង្កើត​ឡើង​ រាជរ​ដ្ឋា​ភិ​បាល​ រដ្ឋអំណាច​ជាតិ​ពុំ​បាន​អនុញ្ញាត​ឱ្យ​ជនអន្ដោប្រវេសន៍​មាន​ជនជាតិ​វៀតណាម​ ថៃ​ លាវ​ ។​ល​។​ ចូល​មក​កម្ពុជា​ស្រេច​តែ​ទំនើងចិត្ដ​នោះ​ទេ​។​ រាជាណាចក្រ​កម្ពុ​ជាទី​១​មានច្បាប់​សម្រាប់​ជន​អន្ដោប្រវេសន៍​គោរព​និង​អនុវត្ដន៍​។​ ខ្ញុំ​មាន​អំណាច​រដ្ឋបាល​ មាន​មធ្យោបាយ​ដើម្បី​ធ្វើ​ស្ថិតិ​ជំរឿន​ប្រជារាស្ដ្រ​បាន​យ៉ាង​ជាក់ច្បាស់​អំពី​ចំនួន​ជនជាតិ​ខ្មែរ​ វៀតណាម​ ថៃ​ លាវ​ ចិន​ ។​ល​។​ បើ​តាម​ការ​ចង​ចាំ​របស់ខ្ញុំ​ ជនជាតិ​វៀតណាម​ ទាំង​បុរស​ទាំង​ស្ដ្រី​ កុមា​រា​ កុមារី​ មាន​ចំនួន​ប្រហែល​ជាង​៤០​ម៉ឺន​នាក់​ ។​

ជា​ការ​ពិត​ណាស់​ ជនជាតិ​វៀតណាម​រស់នៅ​ក្នុង​សម័យ​សង្គម​រាស្ដ្រ​និយម​ជាង​៩៩​ភាគរយ​ពុំ​អាច​ ចូលសញ្ជាតិ​ខ្មែរ​ឬ​ទិញ​យក​សញ្ជាតិ​ខ្មែរ​បាន​ទេ​ ។​

​នៅ​ក្នុង​ព្រះរាជ​សារ​របស់​អង្គ​សម្ដេចឪ​ ទ្រង់​បាន​ព្រះ​តម្រិះ​ទៀត​ថា​ ៖ គួរ​ចោទសួរ​ថា​ ហេតុ​អ្វី​បានជា​ជនអន្ដោប្រវេសន៍​វៀតណាម​នៅ​រាជាណាចក្រ​កម្ពុ​ជាទី​២​នេះ​មាន​ចំនួន​តិច​ណាស់​ បើ​ប្រៀបធៀប​ទៅ​នឹង​ចំនួន​ជនអន្ដោប្រវេសន៍​វៀតណាម​នា​សម័យ​សង្គម​រាស្ដ្រ​និយម​ ?​

ខ្ញុំ​សូម​លើក​ពាក្យ​សម្ដី​របស់​អ្នក​ឯករាជ្យ​ជា​ច្រើន​នាក់​ដែល​មិន​រណប​គណបក្ស​ណា​ និង​សម្ដី​របស់​ប្រជារាស្ដ្រ​ដែល​រស់នៅ​ជាប់​ព្រំដែន​ជាមួយ​វៀតណាម​ឱ្យ​ដឹង​ថា​ ជនជាតិ​វៀតណាម​ជា​ច្រើន​លាន​ នាក់​បាន​មក​រស់នៅ​ពាសពេញ​នៅ​ក្នុង​រាជាណាចក្រ​កម្ពុ​ជាទី​២​ ។​ ចំពោះ​បញ្ហា​នេះ​ ខ្ញុំ​មិន​ហ៊ាន​អារ​កាត់​ទេ​អំពី​ចំនួន​នេះ​ ដ្បិត​ខ្ញុំ​គ្មាន​អំណាច​ គ្មាន​មធ្យោបាយ​និង​ធ្វើ​ស្ថិតិ​ជំរឿន​ជនអន្ដោប្រវេសន៍​វៀត​ណា​ម​ ។​

តាម​មតិ​ដ៏​ស្ដួចស្ដើង​នៃ​ខ្ញុំ​​ ចំនួន​ជនអន្ដោប្រវេសន៍​វៀតណាម​មាន​តិច​យ៉ាងនេះ​ គឺ​ ៖

១-​មក​ពី​អ្នកមាន​អំណាច​គ្មាន​ចំណង់​ធ្វើ​ស្ថិតិ​ជំរឿន​ចំនួន​ជន​អន្ដោប្រវេសន៍​វៀតណាម​ ។​

២-​ជនជាតិ​វៀតណាម​ដែល​ចូល​មក​រាជាណាចក្រ​កម្ពុ​ជាទី​២​ ទទួល​ជា​ស្វ័យប្រវត្ដិ​សញ្ជាតិ​ខ្មែរ​ ព្រមទាំង​មាន​សិទ្ធិ​បោះ​ឆ្នោត​ថែម​ទៀត​ផង​ ។​

៣-​ខ្ញុំ​បាន​សរសេរ​អត្ថបទ​សម្រាប់​ប្រវត្ដិសាស្ដ្រ​នៅ​រដ្ឋធានី​ប៉េ​កាំ​ង​នា​ពេល​ថ្មីៗ​នេះ​ថា​ ជន​ជាតិ​វៀតណាម​សព្វថ្ងៃ​នៅ​កម្ពុជា​មាន​តែ​នៅ​ក្នុង​ស្ថាន​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សង្គមនិយម​វៀត​ ណា​ម​ទេ​ ដ្បិត​គាត់​ជា​អ្នកតំណាង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ហើយ​ពុំ​អាច​ធ្វើ​ជា​ជនជាតិ​ខ្មែរ​ឡើយ​ ។​

៤-​ជនរួមជាតិ​ដែល​បាន​ទៅ​ដល់​ព្រំដែន​ ហើយ​អ្នកស្រុក​ដែល​រស់នៅ​ភូមិ​ជាប់​ជាមួយ​វៀតណាម​ និយាយ​ថា​ នៅ​សម័យ​សង្គម​រាស្ដ្រ​និយម​មាន​ស្រុកភូមិ​ជា​ច្រើន​ដែល​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម​ តែ​ឥឡូវ​ស្រុកភូមិ​ទាំងនោះ​បាន​ក្លាយ​ទៅ​ជា​កម្មសិទ្ធិ​របស់​វៀតណាម​ ហើយ​កងទ័ព​គេ​បាន​បោះទីតាំង​ការពារ​យ៉ាង​រឹង​មាំ​ ។​ ជនជាតិ​ខ្មែរ​ដែល​រស់នៅ​ក្នុង​ស្រុកភូមិ​ទាំងនេះ​ មាន​ផ្លូវ​តែ​មួយ​គត់​ គឺ​ត្រូវ​រត់​ចោល​ស្រុក​ ភូមិកំណើត​របស់​ខ្លួន​ ឬ​ក៏​ក្លាយជា​ជនជាតិភាគតិច​នៅ​លើ​ស្រុក​កំណើត​របស់​ខ្លួន​ ។​

​បើ​ប្រិ​យ​មិត្ដ​អ្នក​អាន​បានដឹង​ឮ​អំពី​ព្រះ​តម្រិះ​របស់​អង្គ​សម្ដេចឪ​នេះ​ហើយ​ សូម​ឱ្យ​ប្រិ​យ​មិត្ដ​ធ្វើការ​ ពិចារណា​ផង​ចុះ​ តើ​ជន​អន្ដោ​ប្រវេសន៍​វៀតណាម​មាន​ខ្ទង់លាន​នាក់​ប្រាកដ​មែនឬ​ក៏​មាន​តែ​ប្រមាណ​១០​ម៉ឺន​នាក់​ ដូច​“​សម្ដេច​តេ​ជោ​សែន​”​បាន​អះអាង​ ?​ ៕

Vietnam-in-Cambodia

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.