ថ្ងៃ អាទិត្យ ទី ១៩ ខែ មករា ឆ្នាំ ២០២០

មេធាវី​ដាក់​ពាក្យសុំ​ជំរុញ​ការ​អនុវត្ដ​សាលដីកា​តុលាការ​កំពូល​សា​ជា​ថ្មី​បន្ទាប់​ពី​ក្រុមប្រឹក្សាធម្មនុញ្ញ​សម្រេច​

​កាលពី​ថ្ងៃ​ទី​១៣​ខែមិថុនា​ឆ្នាំ​២០១៣​ លោក​មេធាវី​ កៅ​ ស៊ូ​ផា​ បាន​ដាក់​ពាក្យ​ទៅ​សាលាដំបូង​ រាជធានី​ភ្នំពេញ​ស្នើ​សុំ​ ជំរុញ​ការ​អនុវត្ដ​អំណាច​សាលដីកា​រដ្ឋប្បវេណី​លេខ​១៤១​ ចុះ​ថ្ងៃ​ទី​១១​ខែកក្កដា​ឆ្នាំ​២០០៥​ របស់​តុលាការ​កំពូល​ សា​ជា​ថ្មី​ ដើម្បី​ប្រគល់​ដី​ទំនាស់​ឱ្យទៅ​អាជ្ញាធរ​ភូមិ​ជម្ពូ​វ័ន​គ្រប់គ្រង​ជា​កម្ម​សិទ្ធិ​រួម​ភូមិ​(​ប្រយោជន៍​សាធារណៈ​)​ បន្ទាប់​ពី​ក្រុមប្រឹក្សាធម្មនុញ្ញ​សម្រេច​តាម​ស្មារតី​លិខិត​លេខ​០៣២/០១​ /២០១៣​កប​ធ​.​ស​ជ​ណ​ចុះ​ថ្ងៃ​ទី​២១​ខែមីនា​ឆ្នាំ​២០១៣​ ឱ្យ​អនុវត្ដន៍​សលា​ដីកា​តុលាការ​កំពូល​រួច​មក​ ។​

​ករណី​វិវាទ​ដីធ្លី​ទំហំ​ប្រមាណ​៤០០​ម៉ែត្រក្រឡា​ ឋិត​នៅ​ភូមិ​ជម្ពូ​វ័ន​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​(​អតីត​ខណ្ឌដង្កោ​)​រាជធានី​ភ្នំ​ពេញ​ បាន​កើត​មាន​ឡើង​តាំងពី​អំឡុង​ឆ្នាំ​១៩៩៣​ រវាង​បុគ្គល​ម្នាក់​ឈ្មោះ​កែវ​ ជី​ន​(​ដើមចោទ​)​និង​អាជ្ញាធរ​ភូមិ​ជម្ពូ​វ័ន​ តំណាង​ដោយ​លោក​ ​ជៀម​ វិ​ន​ (​អតីត​មេ​ភូមិ​ជម្ពូ​វ័ន​ជា​ចុង​ចម្លើយ​)​។​

​បន្ទាប់​ពី​ក្ដីក្ដាំ​គ្នា​នៅ​ស្ថាប័ន​តុលាការ​ទាំង​បី​ថ្នាក់​អស់​រយៈពេល​ជាង​១២​ឆ្នាំ​ នៅ​ទីបំផុត​តុលាការ​កំពូល​ដែល​មាន​ចៅក្រម​ជំនុំជម្រះ​រហូត​ដល់​ទៅ​ចំនួន​៩​នាក់​(​ជំនុំជម្រះ​លើ​បណ្ដឹងសាទុក្ខ​លើក​ទី​២)​ បាន​វិនិច្ឆ័យ​សេចក្ដីសម្រេច​ប្រគល់​ដី​ទំ​នា​ស់​នេះ​ឱ្យទៅ​អាជ្ញាធរ​ភូមិ​ជម្ពូ​វ័ន​គ្រប់គ្រង​ជា​កម្មសិទ្ធិរួម​ ប្រើប្រាស់​ជា​ផលប្រយោជន៍​សាធារណៈ​ និង​ហាមឃាត់​មិន​ឱ្យ​អាជ្ញាធរ​ផ្ទេរសិទ្ធិ​ ឬ​លក់ដូរ​ដី​ទំនាស់​ឱ្យទៅ​អ្នក​ដទៃ​ឡើយ​ តាម​អំណាច​សាលដីកា​រដ្ឋ​ប្បវេណី​លេខ​១៤១​ចុះ​ថ្ងៃ​ទី​១១​ខែ​កក្កដា​ឆ្នាំ​២០០៥​ របស់​តុលាការ​កំពូល​ ។​

​ថ្វី​ដ្បិត​សំណុំរឿង​ក្ដី​នេះ​ត្រូវ​បាន​ស្ថាប័ន​តុលាការ​សម្រេច​ជា​ស្ថាពរ​រួច​ហើយ​ក៏​ដោយ​ ក៏​ប៉ុន្ដែ​ក្រោយ​មក​តាម​ការ​ផ្ដល់​យោបល់​របស់​ឯកឧត្ដម​បណ្ឌិត ​អូន​ ព័ន្ធ​មុនី​រ័​ត្ន​ ប្រធាន​ឧត្ដម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​ និង​ជាទី​ប្រឹក្សា​ផ្ទាល់​“​សម្ដេច​តេ​ជោ​សែន​”​នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នាំ​ឱ្យ​រាជ​រដ្ឋាភិបាល​សម្រេច​ប្រគល់​ដី​ទំនាស់​ដដែល​ឱ្យទៅ​បុគ្គល​ឈ្មោះ​ កែវ​ ជី​ន​(​ជា​អ្នក​ចាញ់ក្ដី​នៅ​ស្ថាប័ន​តុលា​ការ​)​កាន់កាប់​ជា​កម្មសិទ្ធិ​ស្របច្បាប់​វិញ​ តាម​ស្មារតី​លិខិត​លេខ​១៩៦៩​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​២៩​ខែវិច្ឆិកា​ឆ្នាំ​ ២០០៥​ របស់​ទីស្ដីការ​គណៈ​រដ្ឋ​មន្ដ្រី​ ។​

​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​ (​ស្ថាប័ន​នីតិប្រតិបត្ដិ​)​តាម​ស្មារតី​លិខិត​លេខ​១៩៦៩​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​២៩​ខែវិច្ឆិកា​ឆ្នាំ​២០០៥​ របស់​ទី​ស្ដី​ការ​គណៈរដ្ឋមន្ដ្រី​ ដែល​មាន​ខ្លឹម​សារ​ផ្ទុយ​ឬ​រំលោភ​បំពាន​ទៅ​លើ​ការ​សម្រេច​របស់​ស្ថាប័ន​តុលាការ​ តាម​អំណាច​សាលដីកា​រដ្ឋប្បវេណី​លេខ​១៤១​ចុះ​ថ្ងៃ​ទី​១១​ខែកក្កដា​ឆ្នាំ​២០០៥​ របស់​តុលាការ​កំពូល​បែប​ នេះ​ ធ្វើ​ឱ្យ​មន្ដ្រី​ទទួល​បន្ទុក​អាជ្ញា​ សាលា​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​តែងតែ​ខ្លបខ្លាច​នឹង​អំណាច​ ស​.​ជ​.​ណ​ ទីស្ដីការ​គណៈ​រដ្ឋមន្ដ្រី​ស្រាប់​នោះ​ មិន​ហ៊ាន​ចុះ​អនុវត្ដន៍​អំណាច​សាលដីកា​របស់​តុលាការ​កំពូល​ឱ្យ​មាន​ប្រសិទ្ធភាព​តាម​នីតិវិធី​នៃ​ច្បាប់​ឡើយ​ ។​

​ដោយ​ឋិត​ក្នុង​ស្ថានភាព​ជាប់​គាំង​ដូច្នេះ​ ទើប​លោក​មេធាវី ​កៅ​ ស៊ូ​ផា​ ដាក់​ពាក្យបណ្ដឹង​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ឱ្យ​ពិនិត្យ​ធម្មនុញ្ញ​ភាព​នៃ​ស្មារតី​លិខិត​លេខ​១៩៦៩​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​២៩​ខែវិច្ឆិកា​ឆ្នាំ​២០០៥​របស់​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ ដែល​មាន​ខ្លឹមសារ​រំលោភ​បំពាន​ លើ​អំណាច​សាលដីកា​តុលាការ​កំពូល​នោះ​ តាម​រយៈ​ឯកឧត្ដម​ប្រ​ធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​ឯកឧត្ដម​ប្រធាន​តុលាការ​កំពូល​។​ ​ក្រុមប្រឹក្សាធម្មនុញ្ញ​ដែល​មាន​ឯកឧត្ដម​ ឯក​ សំ​អុល​ ជា​ប្រធាន​ បាន​ពិនិត្យ​និង​សម្រេច​នៅ​លើ​ពាក្យ​បណ្ដឹង​របស់​លោក​មេធាវី​ កៅ​ ស៊ូ​ផា​ ដោយ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​លាស់​ថា​ “​សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល​ត្រូវ​មាន​អានុភាព​អនុវត្ដន៍​”​តាម​ស្មារតី​លិខិត​លេខ​០៣២/០១/២០១៣​កប​ធ​.​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​២១​ខែមីនា​ឆ្នាំ​២០១៣​ ។​

​សូម​បញ្ជាក់​ជូន​ថា​ នា​ពេល​កន្លង​មក​ មិន​ត្រឹមតែ​មន្ដ្រី​តុលា​ការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ទេ​ សូ​ម្បី​តែ​ឯកឧត្ដម​ អង្គ​ វង្ស​វ​ឌ្ឍា​នា​ រដ្ឋមន្ដ្រី​ក្រសួងយុត្ដិធម៌​ក៏​ខ្លបខ្លាច​នឹង​អំណាច​លិខិត​ ស​.​ជ​.​ណ​ របស់​ទីស្ដីការ​គណៈ​រដ្ឋ​មន្ដ្រី​ដែរ​ ក្នុង​រឿង​វិវាទ​ដីធ្លី​ទី​ស្នាក់​ការ​ភូមិ​ជម្ពូ​វ័ន​នេះ​ ទោះបី​ដឹង​ថា​ ស​.​ជ​.​ណ​ ទីស្ដីការគណៈរដ្ឋមន្ដ្រី​ រំលោភ​លើ​អំណាច​របស់​ស្ថាប័ន​តុលាការ​ទាំង​ខុសច្បាប់​ក៏​ដោយ​ គឺ​សុខចិត្ដ​នាំ​គ្នា​សំងំសុខ​ រក្សា​បុណ្យស័ក្ដិ​ និង​លាភសក្ការៈ​ទៅ​ វិញ​ ៕

Cham-Pou-Van-5ទីតាំងដីទំនាស់រវាងបុគ្គលឈ្មោះ កែវ ជីន និងអាជ្ញាធរភូមិជម្ពូវ័ន

CCC-10

Filed in: Feature, តុលាការ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.