អង្គរវត្ដ គឺជានិមិត្ដរូបនៃដួងព្រលឹងខ្មែរ ។ ជាកំពូលស្ថាបត្យកម្មដ៏ប្រណីត ដែលបុព្វបុរសខ្មែរសម័យយុគកណ្ដាលបានសាង ទុកជាកេរដំណែលអមតៈ មិនត្រឹមតែសម្រាប់ពលរដ្ឋខ្មែរទេ គឺសម្រាប់មនុស្សក្នុងពិភពលោកទាំងមូលតែម្ដង ។ ជាក់ស្ដែង អង្គការយូ ណេស្កូ(UNESCO)ក៏បានចាត់បញ្ចូលប្រាង្គប្រាសាទអង្គរវត្ដទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួចហើយដែរ ។
ប្រាសាទអង្គរវត្ដដែលត្រូវបានគេសាងឡើងនៅសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទ សូរ្យវរ្ម័នទី២ ដើម្បីបង្ហាញពីតេជានុភាពនៃមហារាជាណាចក្រខ្មែរ បានក្លាយជាទីសក្ការៈបូជាមួយដ៏ស័ក្ដិសិទ្ធិដែលមនុស្សខ្មែរគ្រប់ជំនាន់តែងគោរពបូជា ។ ព្រមជាមួយនឹងមហិទ្ធិឫទ្ធិដ៏អាថ៌កំបាំងនៃប្រាសាទអង្គរនេះ បើតាមឯកសារបរទេសក៏បានឱ្យដឹងដែរថា មានមនុស្សសំខាន់ៗមិន តិចជាង១៣នាក់ទេដែលបានមកស្រាវជ្រាវក្នុងគោលបំណងអាថ៌កំបាំងផ្សេងៗពីអង្គរ ហើយត្រូវទទួលសំណាងអាក្រក់ ដោយខ្លះរហូតបាត់បង់ជីវិតនៅលើទឹកដីអង្គរទាំងបេសកកម្មរបស់ខ្លួនមិនទាន់ទាំងបានបញ្ចប់ផង ។ ជនទាំងនោះមានលោក PAUL CLAUDEL ជាអ្នកការទូត និងជាអ្នកកវីនិពន្ធជនជាតិបារាំង បន្ទាប់ពីការវិលត្រឡប់ពីទស្សនាប្រាសាទអង្គរវត្ដក្នុងប្រទេសកម្ពុជាលោកហាក់បីដូចជាមានការរស់នៅក្នុងអារម្មណ៍ភ័យខ្លាច ។ អរូបីអ្វីមួយនោះចេះតែសណ្ឋិតតាមយាយីមនោសញ្ចេតនារបស់គាត់មិនចេះបាត់ ជាហេតុនាំឱ្យលោកបានសរសេរថា “ប្រាសាទអង្គរបាននាំមកដល់មនុស្សទាំងឡាយនូវគ្រោះអន្ដរាយច្រើនជាងបណ្ដាផ្នូរកប់ខ្មោចរបស់ស្ដេច PHARAON ទាំងឡាយនៅក្នុងពីរ៉ាមីតនៃប្រទេសអេហ្ស៊ីបទៅទៀត” ។
នេះជាកន្លែងទីសក្ការៈមួយដែលទោះបីឋិតនៅក្នុងករណីណាមួយក៏ដោយ ក៏មិនត្រូវធ្វើការបំពារបំពានជាន់ឈ្លីឡើយ បើយើងទាំងឡាយចង់បានជីវិតដ៏សុខសាន្ដនោះ។
មិនត្រឹមលោក PAUL CLAUDEL ម្នាក់ប៉ុណ្ណោះទេ គឺនៅមានមនុស្សជាច្រើនផ្សេងទៀតបានអញ្ជើញទៅធ្វើការសិក្សាស្រាវជ្រាវអំពីប្រាសាទអង្គរវត្ដ សុទ្ធតែបានទទួលនូវការស្រមើស្រមៃអំពីអារម្មណ៍នៃការតាមសងសឹក ហើយចុងក្រោយក៏ទទួលនូវវាសនាដ៏សោកសៅយ៉ាងអាណោចអាធ័មដូចគ្នា ។
ក្នុងឆ្នាំ១៨៨០ លោក ហង់រី ម៉ូហូត ជនជាតិបារាំងដំបូងដែលបានរកឃើញប្រាសាទអង្គរវត្ដដែលដេកនៅក្នុងព្រៃជ្រៅ ប៉ុន្ដែក្នុងរយៈពេលពីរឬបីសប្ដាហ៍ក្រោយមក ដោយសារជំងឺគ្រុនចាញ់រ៉ាំរ៉ៃប្រចាំកាយមិនសះស្បើយនោះបានធ្វើឱ្យអ្នករុករកស្រាវជ្រាវនេះស្លាប់ក្នុងពេលដែលការងារសិក្សាស្រាវជ្រាវរបស់គាត់មិនទាន់បានបញ្ចប់នៅឡើយ ។ លោក DOUDARD ជាមន្ដ្រីទេសាភិបាលដំបូងរបស់បារាំងប្រចាំនៅក្នុងប្រទេសកម្ពុជា នាចុងឆ្នាំ១៨៦៣ គាត់រួមនឹងឧបការីរបស់គាត់២នាក់ មាន គម្រោងការចង់ជីកកកាយនូវប្រាសាទអង្គរវត្ដ តែដោយផែនការរបស់គាត់មិនទាន់បានយកមកអនុវត្ដន៍ផងនោះ គឺលោក DOUDARD បានស្លាប់បាត់បង់ជីវិតនៅលើដងទន្លេមេគង្គ ក្នុងពេលដែលគាត់កំពុងធ្វើដំណើរសិក្សាស្រាវជ្រាវនោះ ។
បន្ទាប់ពីមានការស្លាប់របស់ លោក DOUDARD នោះមក ភាពរន្ធត់ភ័យខ្លាចចេះតែមកយាយីលងដល់ឧបការីជនរបស់គាត់ ហាក់បីដូចជាមានការស្ដីបន្ទោសណាមួយពីអាទិទេព ហើយបីឆ្នាំក្រោយមក ឧបការីរូបនោះបានស្លាប់ ដោយមានភាពអាថ៌កំបាំងបំផុត ។ នៅសល់ឧបការីជនម្នាក់របស់លោក DOUDARD ម្នាក់ឈ្មោះ FRANCIS GARNIER បន្ទាប់ពីចេញទៅច្បាំងជាមួយទ័ពយួននៅប្រទេសវៀតណាមក៏បានត្រូវសម្លាប់ក្នុងសមរភូមិទៅ ។ បន្ទាប់មក ប្ដីប្រពន្ធអ្នកស្រាវជ្រាវ និងជាវិចិត្រករដ៏ល្បីល្បាញជនជាតិបារាំងឈ្មោះ COMAILLE ក៏បានទៅសិក្សាអំពីប្រាង្គប្រាសាទអង្គរវត្ដដែរ ។ គាត់បានសិក្សារៀបរៀងឡើងវិញនូវផ្ទាំងសិលាធំៗឱ្យទៅជាជញ្ជាំង រៀបសសរឡើងវិញទៅជាជើងទ្រ ព្រមទាំងផ្សារភ្ជាប់រូបសំណាកដែលត្រូវបាក់បែក ឡើងវិញ ។ល។ ការងារបាននិងកំពុងដំណើរការយ៉ាងល្អប្រពៃ គួរឱ្យលើកទឹកចិត្ដ បែរជាគាត់ត្រូវពួកក្រុមចោរលួចវត្ថុបុរាណសម្លាប់នៅតាមដងផ្លូវពេលដែលគាត់កំពុងធ្វើដំណើរពីអង្គរត្រឡប់មផ្ទះវិញ ។
ក្នុងឆ្នាំ១៩០៧ វិទ្យាស្ថានបុរាណវិទ្យាចុងបូព៌ា បានចាប់ផ្ដើមអនុវត្ដន៍ការជីកកកាយដើម្បីធ្វើការស្រាវជ្រាវបន្ថែមមកលើប្រាសាទអង្គរវត្ដ។ ព្រះអាចារ្យកាតូលិក CHARLES CARPEAUX រួមជាមួយវិស្វករម្នាក់ទៀត គឺលោក HENRY Du FOUR បានរួមដៃគ្នាស្វែងយល់ពីអតីតកាលដ៏រុងរឿងនិងភាពត្រចះត្រចង់របស់អង្គរវត្ដដ៏មហិមានេះ ។ ពួកគេរកឃើញស្លាកស្នាមប្រវត្ដិសាស្ដ្រដ៏ច្រើននៅប្រាសាទបាយ័ន និងរូបចម្លាក់ក្នុងសម័យអង្គរធំ…។ លទ្ធផលនៃការរុករកស្រាវជ្រាវនេះប្រមែប្រមូលបានវត្ថុបុរាណដ៏មានតម្លៃយ៉ាងច្រើន ក៏ប៉ុន្ដែពួកគេបានជួបប្រទះនូវការងារលំបាកក៏ច្រើនដែរ ។ ក្រោយមក អាចារ្យកាតូលិក CARPEAUX បានសុំវិលត្រឡប់ទៅប្រទេសបារាំងវិញ ។ ប៉ុន្ដែមិនដឹងជាមានហេតុការណ៍អ្វីព្រះអាចារ្យនេះកំពុងតែសប្បាយ រីករាយ ដើម្បីរង់ចាំជើងនាវាទៅបារាំងវិញ ស្រាប់តែមានជំងឺរាគដល់ស្លាប់ទៅ… សពរបស់ព្រះអាចារ្យកាតូលិកនេះគេមិនហ៊ាននាំទៅស្រុកកំណើតនៅបារាំងវិញទេ ដោយមានការភ័យខ្លាចនឹងជំងឺឆ្លង ។
ដល់ឆ្នាំ១៩៣៣ មានអ្នកបុរាណវិទូដ៏ក្មេងម្នាក់ឈ្មោះ GEORGES TROUVE បានដំណើរការជីកអណ្ដូងមួយយ៉ាងជ្រៅនៅខាង ក្រោមប្រាសាទបាយ័ន ក្នុងបំណងរករូបសំណាកព្រះបាទជ័យវរ្ម័នទី៧ ដែលបានជីកកប់ជាយូរមកហើយនោះ ។ អស់រយៈពេល២ឆ្នាំនៃការជីកគាស់នេះ ហើយចុងក្រោយក៏បានរកឃើញរូបសំណាកនោះដូចបំណង ។ នៅថ្ងៃដែលសម្ដេចព្រះ មុនីវង្ស បានធ្វើពិធីសម្ពោធកសាងឡើងវិញនូវរូបសំណាកនេះ គឺពេលនោះអ្នកបុរាណវិទ្យាដ៏ក្មេងនោះបានបាត់រលាយសូន្យទៅ គឺគាត់បានសម្លាប់ខ្លួនឯង(អត្ដឃាត) ដោយមូលហេតុមានទំនាស់ក្នុងគ្រួសារ ពោលគឺស្លាប់មុនមួយថ្ងៃនៃថ្ងៃដែលត្រូវលើកបន្ដុបរូបសំណាកនេះដើម្បីជាទីសក្ការៈ ។
ដូច្នេះ បើតាមការសន្និដ្ឋានប្រហែលជាពួកគេអស់ទាំងនោះគ្មានជំនឿ ហើយមានបំណងអាក្រក់ចង់សាងសោកនាដកម្មអ្វី ម្យ៉ាងទៅលើអង្គរហើយ ទើបបណ្ដាលឱ្យពួកគេត្រូវទទួលរងគ្រោះ ដោយគួរឱ្យខ្លោចផ្សាបែបនេះទាំងអស់ ។ នេះក៏អាចថា ជាមហិទ្ធិឫទ្ធិអរូបីនៃបារមីដ៏ស័ក្ដិសិទ្ធិរបស់ប្រាសាទអង្គរវត្ដតាមសងសឹកអ្នកដែលមកបំពារបំពានលើទីសក្ការៈនេះ ។
នៅឆ្នាំ១៩៥០ នៅពេលដែលកំពុងគ្រងរាជ្យដឹកនាំប្រទេសកម្ពុជា គឺដើម្បីការពារនូវវង្សត្រកូលព្រះមហាក្សត្ររបស់ខ្លួនឱ្យសុខសាន្ដ ស្ថិរភាព គឺព្រះករុណាសម្ដេច នរោត្ដម សីហនុ មិនបានយល់ព្រមអនុញ្ញាតនូវផែនការដឹករូបសំណាកព្រះបាទ ជ័យវរ្ម័នទី៧ទៅទីក្រុងប៉ារីសប្រទេសបារាំងដើម្បីធ្វើការតាំងពិព័រណ៍ឡើយ ហើយឱ្យតាំងរូបនេះនៅប្រទេសកម្ពុជាដដែល ។ ទាំងនេះសុទ្ធតែសឱ្យឃើញថា ព្រះអង្គមិនចង់ប្រឈមមុខទៅនឹងបារមីមហិទ្ធិឫទ្ធិដ៏ពិសិដ្ឋរបស់ប្រាសាទអង្គរវត្ដ ៕
(និពន្ធដោយ ៖ ធន ញាណមន្នី)
ប្រាង្គប្រាសាទអង្គរវត្តដ៏ល្បីល្បាញលើលោកថតពីលើយន្តហោះ
រូបគំនូរបស់លោក ហង់រី ម៉ូហូត ដែលបានឃើញប្រាសាទអង្គរវត្តពីដំបូង