ថ្ងៃ ពុធ ទី ១២ ខែ ធ្នូ ឆ្នាំ ២០១៨

អច្ឆរិយ​ភាព ​នៃ​កំពូល​សម្ដេចព្រះ​សង្ឃរាជ​របស់​ខ្មែរ​

​ថ្វី​ដ្បិត​សម្ដេចព្រះ​មហា​សុមេធា​ធិ​បតី​ ជួន​ ណាត​ ជោ​ត​ញ្ញា​ណោ​ បាន​សោយ​ទិវង្គត​កន្លង​ផុត​ទៅ​ហើយ​ក្ដី​ ក៏​ប៉ុន្ដែ​ព្រះរាជ​កិត្ដិយស​ កិត្ដិ​ស័ព្ទ​ កិត្ដិគុណ​របស់​ព្រះ​អង្គ​ត្រូវ​បាន​ចារឹក​ទុក​ក្នុង​ឯកសារ​ប្រ​វ​ត្ដិ​សាស្ដ្រ​ និង​បង្កប់​ក្នុង​ដួងចិត្ដ​ ពុទ្ធសាសនិកជន​ស្រករ​ក្រោយ​ ពុំ​អាច​បំភ្លេច​បាន​ឡើយ​ ។​

​សម្ដេចព្រះសង្ឃរាជ​ ជួន​ ណាត​ ជោ​ត​ញ្ញា​ណោ​ប្រសូត​នៅ​ថ្ងៃ​ទី​១១​រោច​ ខែផល្គុណ​ ឆ្នាំវក​ ឆស័ក​ ព​.​ស​២៤២៧​ ត្រូវ​នឹង​ថ្ងៃ​ទី​១១​ ខែមីនា​ គ​.​ស​១៨៨៣​ នៅ​ភូមិ​កំ​រៀង​ ឃុំ​រកា​កោះ​ ស្រុក​គង​ពិសី​ ខេត្ដកំពង់ស្ពឺ​ ។​ ញោមប្រុស​នាម​ ជួន​ និង​ញោមស្រី​នាម​ យក់​ ជា​កសិករ​ ។​ ព្រះ​អង្គ​មាន​ប្អូន​ប្រុស​ម្នាក់​នាម​ឧកញ៉ា​សោ​ភ័​ណ្ឌ​មន្ដ្រី​ ជួន​ នុ​ត​ ។​

​សម្ដេចព្រះសង្ឃរាជ​ ជួន​ ណាត​ បាន​ចូល​សាង​ព្រះ​ផ្នួស​តាំង​ពី​បឋមវ័យ​រហូត​ដល់​អស់ព្រះជន្ម​ដោយ​ឧទ្ទិស​អ្វីៗ​ទាំងអស់​ដើម្បី​ព្រះ​ពុទ្ធសាសនា​ និង​វប្បធម៌​ជាតិ​ឱ្យ​បាន​រីក​ចម្រើន​ ។​ ព្រះ​មហាថេរ​អង្គ​នេះ​តែង​មាន​អំណត់​ព្យាយាម​ក្នុង​ការ​សិក្សា​ជា​និច្ចកាល​ ដោយ​ពុំ​មាន​ខ្លាច​អាជ្ញាធរ​ចាប់ទោស​កំហុស​ឡើយ​ ។​ ជំនាន់​រាជការ​​អាណាព្យាបាល​បារាំង​ គេ​បាន​ហាមឃាត់​ព្រះសង្ឃ​មិន​ឱ្យ​រៀន​ភាសាបរទេស​ មិន​ឱ្យ​រៀន​តាម​សៀវភៅ​ដែល​ចាត់​ទុក​ថា​ជា​ធម៌​ថ្មី​ គឺ​ឱ្យ​រៀន​តែ​តាម​សាស្ដ្រា​ស្លឹករឹត​ ដែល​ចាត់ជា​ធម៌​ចាស់​ បន្សល់​ទុក​ពី​បុរាណកាល​មក​ ។​ ទោះជា​មាន​ការ​ហាមឃាត់​យ៉ាងនេះ​ក្ដី​ ក៏​ព្រះ​ភិក្ខុ​ ជួន​ ណាត​ នៅ​តែ​ព្យាយាម​រៀន​សូត​ឥត​រា​ថយ​ ជួនកាល​ត្រូវ​បិទទ្វារ​កុដិ​ឱ្យ​ជិត​ដើម្បី​លួច​រៀន​ភាសា​បារាំង​ពី​សំណាក់​លោក​ ជួន​ នុ​ត​ ជា​ប្អូនប្រុស​របស់​ព្រះ​អង្គ​ រហូត​ចេះ​អាន​ ចេះ​សរសេរ​ និង​សន្ទនា​ ហើយ​គ្មាន​នរណា​បានដឹង​ថា​ ព្រះ​អង្គ​ចេះ​បារាំង​ផង​ ។​ មុន​នឹង​ចេញ​ទៅ​រៀន​ភាសាសំស្ក្រឹត​នៅ​ទីក្រុង​ហាណូយ​ក្នុង​សំណាក់​លោក​ ល្វី​ហ្វី​ណូ​តិ៍​ ចាងហ្វាង​សា​លា​បារាំងសែស​នៅ​ចុង​បូព៌ា​ប្រទេស​ ព្រះ​អង្គ​ធ្លាប់​ចេះ​សំស្ក្រឹត​ រួច​ទៅ​ហើយ​ ដោយ​ជួល​ក្លិង្គ​លក់​សណ្ដែកដី​ម្នាក់​ឱ្យមក​បង្រៀន​ព្រះ​អង្គ​ដល់​ក្នុង​កុដិ​ជាមួយនឹង​ព្រះ​គ្រូ​សង្ឃ​វិជ្ជា​ ហួត​ តាត​ ជា​មិត្ដ​កម្សត់​កម្រ​នឹង​គ្នា​ ។​ ទីបំផុត​ ដោយ​ការ​ព្យាយាម​ដ៏​អស្ចារ្យ​នេះ​ ព្រះ​អង្គ​បាន​យកឈ្នះ​គូប្រឆាំង​ដោយ​សន្ដិ​វិធី​ ទន្ទឹម​នឹង​ពុទ្ធិ​ដ៏​ឧត្ដុង្គឧត្ដម​រក​គូ​ប្រដូច​គ្នា​ ។​ ព្រះ​អង្គ​ចេះ​រហូត​ដល់​ជាង​១០​ភាសា​ក្នុង​សកលលោក​ និង​ក្លាយ​ទៅ​អ្នក​ប្រាជ្ញា​ខាង​អក្សរ​សាស្ដ្រ​ខ្មែរ​ ចាក់​ឆ្លុះ​ក្នុង​ព្រះ​ត្រៃ​បិដក​ដោយ​គ្មាន​ទើសទាល់​សល់​ចន្លោះ​ឡើយ​ ។​​ ក្រៅពី​ចំណេះវិជ្ជា​ផ្នែក​អក្សរសាស្ដ្រ​ ព្រះ​អង្គ​ក៏​នៅ​មាន​ព្រះ​លក្ខណៈ​ខុស​ប្លែក​ពី​ជន​ទាំងពួង​ដែរ​ ។​

តាម​សិស្សគណ​ខ្លះ​បាន​តំណាល​ថា​ ទោះបីជា​នឿយ​ព្រះ​កាយពល​យ៉ាងណា​ក្ដី​ ក៏​ព្រះ​អង្គ​តែងតែ​បំពេញ​ព្រះរាជ​តួនាទី​ជា​ស្ដេច​សង្ឃ​តម្រង់​វិន័យ​ព្រះពុទ្ធ​សាសនា​ជា​និច្ច​ ពិសេស​តែង​យក​ព្រះ​ទ័យ​ទុកដាក់​ទៅ​លើ​វចនានុក្រម​ខ្មែរ​ជាង​អ្វីៗ​ទាំងអស់​ ។​ បើសិនជា​ព្រះ​អង្គ​ចង់​ផ្ទំ​ ក៏​ផ្ទំ​លក់​ភ្លាម​មួយ​រំពេច​ គ្រាន់តែ​លាន់​ព្រះ​ឱស្ឋ​ប្រាប់​អ្នក​មក​គាល់​ថា​“​អាត្មា​សុំ​សឹង​មួយ​ម៉ោង​សិន​”​។​ ដល់កំណត់​មួយ​ម៉ោង​ ក៏​តើន​ឡើង​ភ្លាម​ ប៉ុន្ដែ​ព្រះរាជកិច្ច​ទៀត​ហាក់​ដូច​ជា​“​អ្នកសិល្ប៍​”​ចេះ​ដកហូត​ចិត្ដ​បាន​ ឬ​ក៏​ដូច​ព្រះអរហន្ដ​ចូល​ឈាន​សមាបត្ដិ​ ។​ ព្រះ​អង្គ​អាច​ស្ដាប់​ដឹង​ភាសាសត្វ​ដូច​ជា​ពេល​មួយ​មាន​សត្វ​ក្រ​លីង​ក្រ​លោង​មួយគូ​វា​យំ​កឹ​កៗ​ចង់​ចឹ​ង​សំបុក​អង្ក្រង​លើ​មែក​ ស្វាយ​ ដោយ​មិន​ព្រម​ហើរ​ទៅ​ណា​សោះ​ ។​ ព្រះ​អង្គ​ប្រើ​សិស្ស​ម្នាក់​ឱ្យ​ឡើង​ទៅ​មើល​ក្នុង​សំបុក​អង្ក្រង​ថា​ មាន​ស្វាយ​ទុំ​នៅ​ក្នុង​ហ្នឹង​ អា​សត្វ​ទាំង​ពីរ​នេះ​មាន​ចង់ស៊ី​ផ្លែ​ស្វាយ​ តែ​វា​ខ្លាច​អង្ក្រង​ខាំ​ ។​ សិស្ស​ឡើង​ទៅ​មើល​ក៏​ឃើញ​ស្វាយ​ទុំ​ក្រហម​រលោង​ពិត​ដូច​ព្រះរាជ​បន្ទូល​មែន​ ។​

ក្រៅពី​មាន​ទិព្វញ្ញាណ​ដូច​រៀបរាប់​នេះ​ សម្ដេច​ព្រះសង្ឃ​រាជ​​ ជួន​ ណាត​ តែង​មាន​ព្រះរាជ​បន្ទូល​ដាស់តឿន​ក្រើនរំលឹក​ចង់ឱ្យ​ អ្នក​ដទៃ​ចេះ​ដឹង​តាម​ព្រះ​អង្គ​ មិន​ចង់ឱ្យ​នៅ​ល្ងង់ខ្លៅ​ទេ​ ពោល​គឺ​ឱ្យ​ចេះ​រកស៊ី​តាម​សម្មាអាជីវោ​ កុំ​ដេក​តែ​ក្រ​ កុំ​ពឹង​លើ​ព្រេងវាសនា​ ។​ល​។​ ក្រៅពី​សៀវភៅ​ធម៌​ផ្សេងៗ​ដែល​ព្រះ​អង្គ​បាន​តែង​ទុក​ ក៏​នៅ​មាន​ព្រះរាជ​ឱវាទ​ខ្លះៗ​ដែល​យើង​សូម​ដកស្រង់​មក​ចុះ​ផ្សាយ​យ៉ាង​សង្ខេប​ជា​ឧទាហរណ៍​ដូច​តទៅ​នេះ​ ៖

-​ត្រូវ​រិះគន់​ខ្លួនឯង​ជា​មុន​ កុំឱ្យ​ស៊យ​ស៊ុន​ខុស​ទទេ​ បើ​ឆ្ងល់​មិន​យល់​ត្រូវ​សួរ​គេ​ ឥត​ថោក​អ្វី​ទេ​ថ្លៃ​ទេតើ​។

​ -​បាយ​វត្ដ​ជា​ភោជន៍​មាន​ព្រ​លឹ​ង​ គួរ​នឹង​រំពឹង​កុំ​ទី​ស​ទាស​ នា​ហ្មឺន​មន្ដ្រី​មក​ពី​រាស្ដ្រ​ គឺ​រាស្ដ្រ​ឡើង​ទៅ​ជាម​ន្ដ្រី​ ។​

​ព្រះរាជ​ដំបូន្មាន​ដ៏​ថ្លៃថ្លា​នេះ​នៅ​តែ​មាន​តម្លៃ​មិន​ចេះ​ស្លាប់​ ក្រៅពី​នេះ​ក៏​នៅ​មាន​ច្រើន​ទៀត​រាប់​ពុំ​អស់​ ។​ ទាំងនេះ​បញ្ជាក់​ឱ្យ​ដឹង​ថា​ សម្ដេច​នឹង​មាន​ព្រះ​ទ័យ​អាណិតអាសូរ​ដល់​ជនជាតិ​រួម​លោហិត​ មិន​ចង់ឱ្យ​ឃើញ​មនុស្ស​ល្ងង់ខ្លៅ​ មនុស្ស​ពាល​ មនុស្ស​ កម្សត់​ ទុរគត​អ្វី​ឡើយ​ គឺ​ព្រះ​អង្គ​ចង់ឱ្យ​មនុស្ស​រស់នៅ​ស្មើភាព​គ្នា​រាប់រក​គ្នា​ជា​ភាត​រៈ​ ។​

​ស្នា​ព្រះ​ហស្ដ​ខាង​តែង​និពន្ធ​របស់​សម្ដេចព្រះសង្ឃរាជ​ ជួន​ ណាត​ ដែល​សំខាន់​បំផុត​គឺ​ វចនា​នុ​ក្រម​ខ្មែរ​ ដែល​ចាត់ទុកជា​បេ​តិក​ ភណ្ឌ​ជាតិ​មាន​តម្លៃ​មហាសាល​ ។​ អ្នក​ស្នេហា​អក្សរសាស្ដ្រ​ជាតិ​មួយ​ចំនួន​តូច​តែងតែ​ថ្វាយបង្គំ​វចនា​នុ​ក្រម​រៀង​រាល់​ទិវារាត្រី​ ដោយ​ចាត់​ទុក​វត្ថុ​នេះ​ជា​គ្រឿង​សក្ការៈ​បូជា​ បន្ទាប់​ពី​ព្រះ​ត្រៃរតន៍​ “​ចុះ​ហេតុ​អ្វី​បានជា​ខ្មែរ​មួយ​ចំនួន​បែរ​ជា​មើល​រំលង​វចនានុក្រម​ ហើយ​នាំ​គ្នា​សរសេរ​អក្សរ​ពាស​វាល​ពាស​កាល​ខុស​អក្ខរាវិរុទ្ធ​ដែល​សម្ដេច​ជា​អម្ចាស់​បាន​ចងក្រង​ទុក​មក​នោះ​ទៅ​វិញ​ ?”​ ។​ ​

សម្ដេចព្រះ​មហាសុមេធាធិបតី​ ជួន​ ណាត​ ទ្រង់​សោយ​ទិវង្គត​នា​ថ្ងៃ​១៤​កើត​ ខែភទ្របទ​ ឆ្នាំរកា​ ឯកស័ក​ ព​.​ស​២៥១៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២៥​ខែកញ្ញា​គ​.​ស​១៩៦៩​ វេលា​ម៉ោង​២០​និង​២០​នាទី​ នៅ​ក្នុង​មហា​កុដិ​ព្រះ​អង្គនា​វត្ដ​ឧណ្ណាលោម​ រាជធានី​ភ្នំពេញ​ ក្នុង​ព្រះ​ជន្មាយុ​៨៦​ព្រះ​វស្សា​ ដោយ​ព្រះ​ជរាពាធ​។

​សរុបសេចក្ដី​មក​ សម្ដេចព្រះ​មហាសុមេធាធិបតី​ ជួន​ ណាត​ ជោ​ត​ញ្ញា​ណោ​ ស័ក្ដិសម​នឹង​ឋានៈ​ជា​ឯតទគ្គៈ​ដ៏​ឆ្នើម​លើស​សម្ដេច​ សង្ឃ​អង្គ​ឯទៀត​ដែល​គ្រប់គ្រង​ព្រះពុទ្ធ​សាសនា​ក្នុង​កម្ពុជរដ្ឋ​នា​រជ្ជកាល​ព្រះបាទ​នរោត្ដម​ សីហ​នុ​។​ ព្រះ​អង្គ​បាន​បន្សល់​ស្នា​ព្រះ​ហស្ដ​ជា​វចនានុក្រម​ខ្មែរ​ដ៏​ល្បីល្បាញ​មាន​តម្លៃ​ជា​អមតៈ​ និង​ស្នាដៃ​ជា​ច្រើន​ផ្សេង​ទៀត​ ៕ ( ​តាម​ឯកសារ​កម្ពុជសុរិយា​ )​​

Filed in: Feature, ស្រាវជ្រាវ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.