ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

ប្រពន្ធ​-​កូន​អ្នកធំ​បើក​ក្រុមហ៊ុន​រកស៊ី​ព្រោងព្រាត​នាំ​ឱ្យ​របរជំនួញ​គ្មាន​ការ​ប្រកួតប្រជែង​ដោយ​ស្មោះ​ត្រង់​

​បញ្ញត្ដិ​មាត្រា​១២០​ថ្មី​(​មាត្រា​១០១​ចាស់​)​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ បាន​ចែង​ថា​ “​មុខងារ​នៃ ​សមាជិក​រាជរ​ដ្ឋា​ភិ​បាល​មាន​វិសមិតភាព​នឹង​សកម្ម​ភាព​ខាង​វិជ្ជាជីវៈ​ផ្នែក​ពាណិជ្ជកម្ម​ ឬ​ឧស្សាហកម្ម​ ហើយនឹង​ការ​កាន់​តំណែង​ណាមួយ​ក្នុង​មុខងារ​សា​ធារ​ណៈ​ ។​ ”​ ។​

​មាត្រា​១០​ កថាខណ្ឌ​ទី​២​នៃ​ច្បាប់​ស្ដី​ពី​លក្ខន្ដិកៈ​ទូទៅ​នៃ​សហ​គ្រាស​សាធារណៈ​ បាន​ចែង​ថា​ “​មុខងារ​នៃ​ប្រធាន​អគ្គនាយក​ អគ្គនាយក​ ឬ​សមាជិក​ក្រុមប្រឹក្សា​ភិ​បាល​នៃ​សហគ្រាស​សាធារណៈ​ មាន​វិសមិតភាព​ជាមួយ​មុខងារ​នៃ​សមាជិក​រដ្ឋសភា​ ឬ​សមាជិក​រាជ​ រដ្ឋាភិបាល​ ។​ ”​ ។​

​ដោយឡែក​ ច្បាប់​ស្ដី​ពី​លក្ខន្ដិកៈនៃ​មន្ដ្រីរាជការ​ស៊ី​វិល​និង​ច្បាប់​ស្ដី​ពី​លក្ខន្ដិកៈ​ទូទៅ​ចំពោះ​យោធិន​នៃ​កង​យោធពលខេមរភូមិន្ទ​ ក៏​បាន​ចែង​ហាមឃាត់​មន្ដ្រីរាជការ​ស៊ី​វិល​ និង​យោធិន​អាជីព​ មិន​ឱ្យ​យក​ម៉ោង​រដ្ឋបាល​ទៅ​ប្រកប​វិជ្ជាជីវៈ​ជា​ឯក​ជន​ និង​មិន​ឱ្យ​ចូល​ជា​សមាជិក​នៃ​ក្រុមប្រឹក្សាភិបាល​ឬ​គ្រប់គ្រង​ក្រុម​ហ៊ុន​ជា​លក្ខណៈ​ឯកជន​ដែរ​ ។​

​ដ្បិត​មានច្បាប់​ចង​ដូច្នេះ​ ទើប​អ្នកធំ​នៅ​ស្រុក​ខ្មែរ​ដែល​មានមុខ​ងារ​ជា​សមាជិក​រាជរដ្ឋាភិបាល​ ឬ​មន្ដ្រី​រាជការ​ក្របខ័ណ្ឌ​មុខងារសាធារណៈ​ មាន​បំណង​ចង់​ប្រកប​មុខរបរ​ជំនួញ​ គឺ​មិន​ហ៊ាន​ចេញ​មុខ​បើក​ក្រុមហ៊ុន​រកស៊ី​ផ្ទាល់​ទេ​ ប៉ុន្ដែ​បាន​បើកផ្លូវ​ឱ្យ​ប្រពន្ធ​-​កូន​-​ប្អូន​-​ក្មួយ​របស់​ខ្លួន​ឈរ​ឈ្មោះ​ជា​ម្ចាស់​ក្រុមហ៊ុន​ជំនួស​វិញ​។​

​ព័ស្ដុតាង​ដែល​បង្ហាញ​អំពី​រូប​ភាព​ប្រពន្ធ​-​កូន​អ្នកធំ​រកស៊ី​បើក​ក្រុមហ៊ុន​ប្រកប​មុខរបរ​ជំនួញ ​មាន​ដូច​តទៅ​ ៖

១-​លោកស្រី​ ហ៊ុន​ ម៉ា​ណា​ (​កូនស្រី​បង្កើត​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​)​ប្រធាន​ក្រុម​ប្រឹក្សា​ភិ​បា​លអិន​វី​អិន​ ខ​ប​ភើ​រេ​សិន​,​ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​បាយ័ន​ ស៊ី​អិ​ម​ អរ​ហ្គា​ណាយ​សឺ​ ខូ​ អិ​ល​ធី​ឌី​,​ អភិបាល​ក្រុមហ៊ុន​អា​លុ​យ​មី​ណា​(​ខេ​ម​បូ​ឌា​-​វៀតណាម​)​ អភិបាល​ក្រុមហ៊ុន​ដ្រេ​ហ្គ​ន​ រ៉ូ​យ៉ា​ល់​ ធេ​លី​ខម​,​ ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ក្រុមហ៊ុន​កម្ពុជា​ថ្មី​ប្រចាំ​ថ្ងៃ​ …​។ ​លោកស្រី​ ហ៊ុន​ ម៉ា​ណា​ ដែល​ត្រូវជា​ភរិយា​របស់​លោក​ឧត្ដម​សេនីយ៍​ទោ​ឌី​ វិជ្ជា​ ហៅ​ដោក​ (​ត្រូវ​ជា​កូនប្រុស​បង្កើត​របស់​ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍​ ហុ​ក​ ឡង​ឌី​ អតីត​អគ្គស្នងការ​នគរបាល​ជាតិ​)​ មានមុខ​របរ​ក្នុង​ក្រុមហ៊ុន​ច្រើន​ផ្នែក​ណាស់​ គឺ​ទាំង​បណ្ដាញឃោសនា​ (​វិទ្យុ​ ទូរទស្សន៍​បាយ័ន​ និង​កាសែត​កម្ពុជា​ថ្មី​ប្រចាំ​ថ្ងៃ​ ព្រមទាំង​គេហ​ទំព័រ​ផង​)​ ទាំង​ធនាគារ​ ទាំង​ប្រេង​ឥន្ធនៈ​ ទាំង​សេវា​អចលនវត្ថុ​ ទាំង​សេវា​ទូរស័ព្ទ​ ទាំង​សេវា​នាំ​ចេញ​ នាំ​ចូល​…​។​ល​។​

Hun-Manaលោកស្រី ហ៊ុន ម៉ាណា កូនស្រីនាយករដ្ឋមន្ត្រី

២-​លោក​ជំទាវ​ ម៉ែ​ន​ ភក្ដី​ (​ភរិយា​ឯកឧត្ដម​ហុ​ក​ ឡង​ឌី​)​ប្រ​ធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ឌី​&​អិ​ម​(​បា​វិត​)​អេស​អ៊ី​ហ្សិត​ ខូ​ អិ​ល​ធី​ឌី​ ។​

៣-​លោក​ជំទាវ​ ណុ​ព្វ​ ស៊ី​ដា​រ៉ា​ (​ភរិយា​ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍​ ប៉ុ​ល​ សា​រឿ​ន​ អគ្គមេបញ្ជាការ​កង​យោធពលខេមរភូមិន្ទ​)​អភិបាល​ក្រុមហ៊ុន​រតនៈ​ ស្ទោ​ន​(​ខេ​ម​បូ​ឌា​)​ ឌី​វេឡុ​ប​មេន​ គ្រុប​ អ៊ី​ន​ ។​

Nop-Sidara-12លោកជំទាវ ណុព្វ ស៊ីដារ៉ា ប៉ុល សារឿន

៤-​លោក​ជំទាវ​​ ម៉ៅ​ ម៉ា​ល័យ​ (​ភរិយា​ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍​ កែ​ គឹ​ម​យ៉ា​ន​ ឧបនាយករដ្ឋមន្ដ្រី​ ទទួល​បន្ទុក​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​)​អភិ​បាល​ក្រុមហ៊ុន​ហ្គ្រេ​ន​ភ្នំពេញ​ ហ្គោ​ល​ ខូ​ លី​មី​ធី​ត​ ។​

៥-​លោក​ជំទាវ​​ ជា​ ខេ​ង​ (​ភរិយា​ឯកឧត្ដម​ ស៊ុ​យ​ សែ​ម​ រដ្ឋមន្ដ្រី​ក្រ​សួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​)​ អភិបាល​ក្រុមហ៊ុន​ខេ​ឌី​ស៊ី​ អ៊ិ​ន​ធើ​ណេ​សិន​ណ​ល​ ។​

៦-​លោក​ជំទាវ ​គាត​ កុ​ល​ណី​ (​ភរិយា​ឯកឧត្ដម​ ឆាន់​ សា​ផា​ន​ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ និង​ត្រូវជា​ប្អូនស្រី​បង្កើត​របស់​ឯកឧត្ដម​កិត្ដិ​សេដ្ឋា​បណ្ឌិត​ គាត​ ឈ​ន់​ ឧបនាយករដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រី​ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​)​ ប្រធាន​ក្រុមប្រឹក្សា​អភិបាល​ក្រុម​ហ៊ុន​ផល​ វឌ្ឍនភាព​,​ អភិបាល​ក្រុម​ហ៊ុន​មៀង​ លី​ហេង​ គ្រុប​ អាហរ័ណ​ នីហរ័ណ​…​។​

៧-​លោក​ជំទាវ​ បាន​ ស្រី​មុំ​ (​ភរិយា​ឯកឧត្ដម​អ៊ី​ ឈាន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ដ​ប៉ៃលិន​)​ប្រ​ធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​រិច​តូ​រី​យ៉ា​.​វ៉ា​យ​.​អ៊ី​ន​ ។​

៨-​លោក​ជំទាវ​ ចាប​ ចាន់​ម៉ូ​នី​កា​ (​ភរិយា​ឯកឧត្ដម​ ជា​ ចំរើន​ សមាជិក​រដ្ឋសភា​)​អភិបាល​ក្រុម​ហ៊ុន​ចំរើន​ នី​កា​ គ្រុប​ ។​

៩-​លោក​ជំទាវ​ ចម​ និម្មល​ (​កូនស្រី​បង្កើត​ឯកឧត្ដម​ចម​ ប្រសិទ្ធ​ ទេស​រដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម​)​ជា​សមាជិក​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​យ៉ាំ​ង​អន​ត្រឺ​ប្រឺ​នើ​រ​ ។​

១០-​លោក​ឧត្ដមសេនីយ៍ទោ​ ឌី​ វិជ្ជា ​(​ស្វាមី​របស់​លោកស្រី​ ហ៊ុន​ ម៉ា​ណា​ និង​ត្រូវជា​កូនប្រសា​របស់​នាយក​រដ្ឋមន្ដ្រី​)​អភិបាល​ក្រុមហ៊ុន​ (​ខេ​ម​បូ​ឌា​)​ខូ​ល​ផត​,​ អភិបាល​ក្រុម​ហ៊ុន​សុខា​អ៊ែ​ឡាញ​,​ អភិបាល​ក្រុម​ហ៊ុន​ឌី​ខ​ប​ ខូ​អិ​ល​ធី​ឌី​…​។​

Dy-Vichea-1លោកឧត្តមសេនីយ៍ទោប៉ូលិស ឌី វិជ្ជា

១១-​លោក​ឧកញ៉ា​​ ស្រី​ សុធា​ (​កូនប្រសា​ឯកឧត្ដម​នាយ​ឧត្ដម​សេនីយ៍​ ឯម​ សំ​អាន​ រដ្ឋ​លេខា​ធិ​ការ​ក្រសួងមហាផ្ទៃ​ )​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​៧​អេ​ន​ជី​នី​ ខូ​អប​ភើ​រេ​សិន​ និង​លោកស្រី​ ច​ន្ធូ​ អភិបាល​ក្រុមហ៊ុន​៧​អេ​ន​ជី​ គ្រុប​ និង​អភិបាល​ក្រុមហ៊ុន​៧​អេ​ន​ជី​ អេ​ហ្គ្រី​ខ​ល​ឈ័​រ​…​។​

១២-​លោក​ យ៉ិ​ន​ទៀង​ ពុទ្ធិ​រ៉ា​ (​កូនប្រុស​បង្កើត​របស់​ឯកឧត្ដម​បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ ទេស​រដ្ឋ​មន្ដ្រី​ ទទួល​បន្ទុក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​)​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ឡុ​ង​ សូ​រិ​យា​ អ៊ី​ម​ផត​ អ៊ិ​ច​ផត​ ។​

១៣-​លោក​ ឌី​ ចូ​ច ​(​ក្មួយ​ប្រុស​របស់​នាយក​រដ្ឋមន្ដ្រី​) ​អភិបាល​ក្រុម​ហ៊ុន​អ៊ឹម​លាង​ ឌី​ ចូ​ច​ សោ​ភ័​ណ្ឌ​។​ល​។​

​ក្រុម​អ្នក​ប្រកប​របរជំនួញ​នៅ​កម្ពុជា​ បាន​លាន់មាត់​ថា​ ក្នុង​នាម​ជា​អ្នកជំនួញ​ដូច​គ្នា​គឺ​ពិបាក​ប្រកួត​ប្រជែង​ខ្លាំង​ណាស់​ជាមួយ​ម្ចាស់​ក្រុមហ៊ុន​ដែល​ជា​ភរិយា​ ឬ​ជា​កូន​ ឬ​ជា​ក្មួយ​…​របស់​អ្នកធំ​ អ្នកមាន​អំណាច​ ពីព្រោះ​ពួក​គេ​មាន​ដើម​ទុន​ធំ​ផង​និង​មាន​បក្ខពួក​រឹង​មាំ​ផង​ ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ​តែង​បង្ក​លក្ខណៈ​ងាយស្រួល​ឱ្យ​អ្នកជំនួញ​ត្រូវ​ជា​ភរិយា​ឬ​ជា​កូន​អ្នកធំ​ជា​ដា​រាប​។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​ និង​អ្នកជំនាញ​ខាង​ពាណិជ្ជកម្ម​ បាន​លើក​ឡើង​ថា​ មន្ដ្រី​អ្នកមាន​អំណាច​និង​អ្នកមាន​លុយកាក់​នៅ​កម្ពុជា​ ភាគច្រើន​បាន​ប្រគល់​ភារ​កិច្ច​ឱ្យ​ប្រពន្ធ​ ឬ​កូន​ ក្មួយ​របស់​ពួក​គេ​ចេញ​មុខ​ធ្វើ​ជា​អ្នកជំនួញ​ដែល​មាន​លទ្ធភាព​ជា​ប្រព័ន្ធ​ខាង​ទទួល​បាន​ប្រាក់​ចំណេញ​ និង​អាច​លាង​លុយកខ្វក់​បាន​មក​ពី​អំពើ​ពុក​រលួយ​ ឱ្យ​ក្លាយទៅជា​លុយ​ស​ស្អាត​បាន​ តាម​រយៈ​មុខ​ជំនួញ​របស់​ពួក​គេ​ ។​ លើស​ពី​នេះ​ ដោយសារ​សង្គម​កម្ពុជា​ឱ្យ​តម្លៃ​ទៅ​លើ​អំណាច​ និង​លុយកាក់​ ព្រមទាំង​បក្ខពួក​និយម​ផង​ ដូច្នេះ​ការ​ប្រកួតប្រជែង​ក្នុង​មុខរបរ​ជំនួញ​ពាណិជ្ជកម្ម​ ឧស្សាហ​កម្ម​ និង​សេវាកម្ម​រវាង​ប្រពន្ធ​-​កូន​ ក្មួយ​ បងប្អូន​អ្នកធំ​ និង​អ្នកជំនួញ​ដទៃ​ទៀត​ គឺ​គ្មាន​ភាព​ស្មោះត្រង់​ និង​គ្មាន​យុត្ដិធម៌​ពិតប្រាកដ​ឡើយ​ ៕

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.