ថ្ងៃ សុក្រ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០២១

អតីត​អនុប្រធាន​មន្ទីរ​អធិការ​កិច្ច​ជាប់ចោទ​ពី​បទ​ក្លែង​សាលក្រម​ត្រូវ​តុលាការខេត្ដ​ព្រៃវែង​ដាក់​ឱ្យ​ឋិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​

​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ពី​សាលាដំបូង​ខេត្ដព្រៃវែង​បានឱ្យ​ដឹង​ថា​ នៅ​វេលា​ព្រឹក​នា​ថ្ងៃ​ទី​ ៣០ ​ខែ​មេ​សា​ ឆ្នាំ​២០១៣ ​នេះ​ ឈ្មោះ​ង៉ែត​ វុ​ទ្ធី​​ អតីត​អនុប្រធាន​មន្ទីរ​ទំនាក់​ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​ ខេត្ដព្រៃវែង​(​បច្ចុប្បន្ន​ ចូល​និវត្ដន៍​ )​ដែល​ជាប់ចោទ​ពី​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​ (​ក្លែង​សាលក្រម​តុលាការ​)​ប្រព្រឹត្ដ​នា​អំឡុង​ខែមីនា​ឆ្នាំ​២០០៩​នោះ​ មិន​ត្រូវ​បាន​លោក​ សុខ​ កល្យាណ​ ជា​ប្រធាន​សាលាដំបូង​ខេត្ដព្រៃវែង​ និង​ជា​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​តាម​ការ​ប្ដឹង​របស់​លោក​កើត​ វ​ណ្ណា​រ៉េ​ត​ ជា​ព្រះ​រាជអាជ្ញា​ទេ​ ប៉ុន្ដែ​បាន​សម្រេច​ដាក់​ឱ្យ​ឋិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ ។​

​លោក​មេធាវី ​កៅ​ ទី​ ជា​មេធាវី​តំណាង​សិទ្ធិ​និង​ការពារ​ក្ដី​ឱ្យ​លោក​ ងិ​ន​ មាស​ ជា​ជន​រង​គ្រោះ​(​ដើម​ បណ្ដឹងរដ្ឋប្បវេណី​)​បាន​មាន​ប្រសាសន៍​ប្រាប់​សារព័ត៌មាន​ដើម​ត្នោត​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃ​ទី​៣០​ខែមេសា​ឆ្នាំ​២០១៣​នេះ​ថា​ លោក​បានដឹង​អំពី​ចំណាត់ការ​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ដ​ព្រៃវែង​ដែល​សម្រេច​មិន​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ ​ង៉ែត​ វុ​ទ្ធី​ នោះ​រួច​ហើយៗ លោក​មានការ​ភ្ញាក់ផ្អើល​ដែរ​នៅ​ត្រង់​ថា​ ចៅក្រម​ស៊ើបសួរ​មិន​សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​តាម​ ការ​ប្ដឹង​របស់​លោក​ព្រះរាជអាជ្ញា​ដែល​សុំ​ឱ្យ​មានការ​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ និង​លោក​ព្រះរាជអាជ្ញា​ក៏​ បែរជា​សម្រេច​តាម​ចៅក្រម​ស៊ើប​សួរ​លើ​ការ​មិន​ឃុំខ្លួន​ជន​ត្រូវ​ចោទ​នេះ​ទៅ​ទៀត​ ដោយ​មិន​អនុវត្ដន៍​តាម​ការ​សម្រេច​របស់​ខ្លួន​ទៅ​វិញ​។​

​លោក​មេធាវី​ កៅ​ ទី​ បានឱ្យ​ដឹង​ទៀត​ថា​ ទោះ​យ៉ាងណា​លោក​នឹង​តាមដាន​ និង​ពិនិត្យ​ទៅ​លើ​នីតិវិធី​របស់​តុលាការ​ឱ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន​ សឹម​សម្រេច​ថា​ ត្រូវ​តវ៉ា​យ៉ាងណា​ក្នុង​រឿង​តុលាការ​មិន​ឃុំខ្លួន​ជន​ត្រូវ​ចោទ​នោះ​ ។​

​គួរ​រម្លឹក​ថា​ក្រោម​ទម្ងន់​នៃ​បណ្ដឹង​ របស់​លោក​ ងិ​ន​ មាស​ ជា​កសិករ​ រស់នៅ​ភូមិ​រោង​ ឃុំ​ចាម​ ស្រុក​ កំពង់ត្របែក​ ខេត្ដព្រៃវែង​ ធ្វើ​ឱ្យ​លោក​ ង៉ែត​ វុ​ទ្ធី​ អតីត​អនុប្រធាន​មន្ទីរ​អធិការកិច្ច​ខេត្ដព្រៃវែង​ និង​ គូកន​ ត្រូវ​បាន​អយ្យការ​អម​សាលា​ដំបូង​ខេត្ដព្រៃវែង​ចោទប្រកាន់​ពី​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​(​ក្លែង​បន្លំ​សាលក្រម​តុលាការខេត្ដ​ព្រៃវែង​)​ ប្រព្រឹត្ដ​នា​អំឡុង​ខែមីនា​ឆ្នាំ​២០០៩​ តាម​បញ្ញត្ដិ​មាត្រា​៦២៩​នៃ​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ស្នើ​សុំ​ឱ្យ​ចៅក្រម​ស៊ើបសួរ​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ​ង៉ែត​ វុ​ទ្ធី​ នេះ​ ដើម្បី​ធានា​ជន​ត្រូវ​ចោទ​ទុក​ជូន​តុលាការ​ចាត់ការ​តាម​នីតិវិធី​។​

​នៅ​ក្នុង​សំណុំរឿង​ក្លែងបន្លំ​សាល​ក្រម​តុលាការខេត្ដ​ព្រៃវែង​នេះ​ មាន​ការ​ពាក់ព័ន្ធ​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​លោកស្រី​ក្រឡាបញ្ជី​សាលាដំបូង​ខេត្ដព្រៃវែង​ម្នាក់​ទៀត​ឈ្មោះ​សុក​ ចាន់​បូ​ ពីព្រោះ​តាម​ចម្លើយ​បំភ្លឺ​របស់​ជន​ត្រូវ​ចោទ​ឈ្មោះ​ង៉ែត​ វុ​ទ្ធី​ បាន​បញ្ជាក់​ថា​ ខ្លួន​បាន​ទទួល​សាល​ក្រម​តុលាការខេត្ដ​ព្រៃវែង​នោះ​ពី​ក្រឡាបញ្ជី​ឈ្មោះ​សុក​ ចាន់​បូ​ ៕

Kert-Vanaret1

លោកព្រះរាជអាជ្ញា កើត វណ្ណារ៉េត

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.