ថ្ងៃ សុក្រ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០២១

ដំណើរការ​ស្រាវជ្រាវ​លើ​ករណី​ឧកញ៉ា​ជៀម​ផែន​ប្រើប្រាស់​ឯកសារ​ក្លែង​រំលោភ​យក​ដី​ប្រជារាស្ដ្រ​នៅ​ភូមិ​កែវ​ផុស​ហាក់​ស្ងៀមស្ងាត់​

​ទោះបី​មហិច្ឆតា​លោភលន់​ ស្រេកឃ្លាន​ដីធ្លី​ប្រជារាស្ដ្រ​ចំនួន​៤៩​គ្រួសារ​ ទំហំ​៣៥២​ហិ​កតា​ ឋិត​នៅ​ភូមិ​កែវ​ផុស​ ឃុំ​ទំនប់​រលក​ ស្រុក​ស្ទឹង​ហាវ​ ខេត្ដ​ព្រះ​សីហ​នុ​ (​អតីត​ឃុំ​ជ្រោយ​ស្វាយ​ ស្រុកស្រែ​អំបិល​ ខេត្ដកោះកុង​)​របស់​លោក​ឧកញ៉ា​ ជៀម​ ផែន​ ថៅកែ​ក្រុម​ហ៊ុន​ស្រា​បៀរ​លី​អូ​ បាន​រលាយ​សាបសូន្យ​អស់​ក៏​ពិតមែន​ ប៉ុន្ដែ​មុន​ហ្នឹង​ខណៈ​ដែល​លោក​ឧកញ៉ា​ ជៀម​ ផែន​ កំពុង​សប្បាយ​លើ​គំនរ​លុយកាក់​និង​អំណាច​ គឺ​ក្រុម​ប្រជារាស្ដ្រ​៤៩​គ្រួ​សារបាន​ទទួល​ រង​ទុក្ខវេទនា​សឹង​រក​ពាក្យ​ថ្លែង​មិន​កើត​ ព្រោះ​ដីធ្លី​ ផ្ទះសម្បែង​ត្រូវ​រឹបអូស​ និង​វាយ​កម្ទេច​ចោល​ រស់​នៅ​ដោយ​គ្មាន​ទីជម្រក​ សាលា​រៀន​សាងសង់​នៅ​ឆ្នាំ​២០០៦​ក្រោម​ គម្រោង​ PAP​ ក៏​វាយ​ចោល​អស់​ កូនចៅ​នាំ​គ្នា​រៀនសូត្រ​នៅ​ក្រោម​ដើមឈើ​ និង​ប្រជារាស្ដ្រ​មួយ​ចំនួន​ជាប់គុក​ច្រវាក់​ ព្រមទាំង​មួយ​ចំនួន​ទៀត​រត់គេច​ពី​ដីកា​ស្វែងរក​ចាប់​ខ្លួន​របស់​តុលាការ​ ។​

​ភាព​រង​ទុក្ខវេទនា​របស់​ប្រជា​រាស្ដ្រ​៤៩​គ្រួសារ​ដូច​បាន​រៀបរាប់​ត្រួសៗ​ខាងលើ​ គឺ​បង្ក​កើត​ចេញពី​ របាយការណ៍​និង​ការ​ផ្ដល់​យោបល់​របស់​ឯកឧត្ដម​​​ ប៊ិន ឈិ​ន​ ឧបនាយក​រដ្ឋមន្ដ្រី​ទទួល​បន្ទុក​ប្រធាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ នាំ​ឱ្យ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​សម្រេច​មិន​ទទួលយក​របាយការណ៍​និង​ការ​ផ្ដល់​ យោបល់​របស់​ឯកឧត្ដម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ​ ដែល​បាន​ប្រគល់​ដី​ទំនាស់​ទំហំ​៣៥២​ហិ​កតា​ប្រគល់​ឱ្យ​ប្រជា​រាស្ដ្រ​ជា​កម្មសិទ្ធិ​ ហើយ​បែរជា​សម្រេច​ប្រគល់​ដី​ទំនាស់​ទំហំ​៣៥២​ហិ​កតា​ឱ្យទៅ​លោក​ឧកញ៉ា​ ជៀម​ ផែន​ កាន់កាប់​ជា​កម្មសិទ្ធិ​ទៅ​វិញ​ (​អាន​សារព័ត៌មាន​ដើម​ត្នោត​លេខ​១៧៥​បន្ថែម​)​ ។​

​បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​សម្រេច​ចំនួន​៦​លើក​(​ស​.​ជ​.​ណ​ ទី​ស្ដី​ការ​គណៈរដ្ឋមន្ដ្រី​ចំនួន​៦)​មាន​ ខ្លឹមសារ​ខុសៗ​គ្នា​វិល​ចុះ​វិល​ឡើង​ ត្រឡប់ត្រឡិន​លើ​ករណី​ដី​ទំនាស់​តែ​មួយ​រួច​មក​ ទំនងជា​រាសី​លោក​ឧកញ៉ា​ជៀម​ ផែន​ ស្រុត​ចុះ​ ព្រោះ​ត្រូវ​បណ្ដាសា​របស់​ក្រុម​ប្រជារាស្ដ្រ​រង​គ្រោះ​បាត់បង់​ដីធ្លី​និង​ទីជម្រក​ ព្រមទាំង​រង​ការ​ជាប់គុក​ច្រវាក់​ ទើប​រាជរដ្ឋាភិបាល​ភ្ញាក់រលឹក​បាន​ចេញ​សេចក្ដីសម្រេច​លេខ​១២​សសរ​ ចុះ​ថ្ងៃ​ទី​១៧​ខែមីនា​ឆ្នាំ​២០១៣​ លុប​ចោល​ស្មារតី​លិខិត​លេខ​៦៦៩​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​០៧​ខែមិថុនា​ឆ្នាំ​២០១១​ របស់​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ ដែល​សម្រេច​ប្រគល់​ដី​ទំនាស់​ឱ្យទៅ​លោក​ឧកញ៉ា​ ជៀម​ ផែន​ ជា​កម្មសិទ្ធិ​តាម​ការ​លើក​យោបល់​របស់​ឯកឧត្ដម​ ប៊ិ​ន​ ឈិ​ន​ ជា​អសារ​បង់​ ។​

​ក្រោយមក​ទៀត​ រាជរដ្ឋាភិបាល​បាន​សម្រេច​ប្រគល់​ដី​ទំនាស់​ទំហំ​៣៥២​ហិ​កតា​ឱ្យទៅ​ក្រុម​ប្រជារាស្ដ្រ​៤៩​គ្រួសារ​ជា​កម្មសិទ្ធិ​,​ ឱ្យ​ដោះ​លែង​ប្រជារាស្ដ្រ​ដែល​កំពុង​ជាប់​ឃុំ​ និង​លើកលែង​ចោទប្រកាន់​លើ​ប្រជារាស្ដ្រ​មួយ​ចំនួន​ដែល​ទទួល​រង​ការ​ចោទប្រកាន់​ដោយ​តុលាការ​ពាក់ព័ន្ធ​នឹង​ដី​ទំនាស់​ និង​បង្គាប់​ឱ្យ​បើក​ការ​ស្រាវជ្រាវ​ពី​ដើម​រហូត​ដល់​ចប់​ ទៅ​លើ​លោក​ឧកញ៉ា​ ជៀម​ ផែន​ ដោយ​ចាប់ផ្ដើម​ស្រាវជ្រាវ​ តាម​របាយការណ៍​ចុះ​ថ្ងៃ​ទី​១២​ខែ​មិថុនា​ឆ្នាំ​២០០៨​របស់​ឯកឧត្ដម​ ស​ ខេ​ង​ ធ្វើ​ជា​មូលដ្ឋាន​ តាម​ស្មារតី​លិខិត​លេខ​៤៩៦​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​១៩​ខែមីនា​ឆ្នាំ​២០១៣​ របស់​ទី​ស្ដី​ ការ​គណៈរដ្ឋមន្ដ្រី​ ។​

​របាយការណ៍​ចុះ​ថ្ងៃ​ទី​១២​ខែ​មិថុនា​ឆ្នាំ​២០០៨​ របស់​ឯកឧត្ដម​ ស​ ខេ​ង​ ដែល​បាន​គោរព​ជូន​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​ទទួល​បាន​ចំណារ​ឯកភាព​ចុះ​ថ្ងៃ​ទី​១៧​ខែមិថុនា​ឆ្នាំ​២០០៨​ របស់​“​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​”​មាន​ចំនួន​២​ចំណុច​ គឺ​ ៖​ ១-​ប្រគល់​ដី​ទំនាស់​ទំហំ​៣៥២​ហិ​កតា​ឱ្យទៅ​ប្រជារាស្ដ្រ​៤៩​គ្រួសារ​ កាន់កាប់​និង​ប្រើប្រាស់​អាស្រ័យ​ផល​ជា​កម្មសិទ្ធិ​ ។​ ២-​ទុក​លទ្ធភាព​ជូន​ប្រជារាស្ដ្រ​ប្ដឹង​ទៅ​តុលាការ​ ដើម្បី​ទារ​សំណង​ពី​លោក​ឧកញ៉ា​ ជៀម​ ផែន​ និង​បក្ខពួក​ដែល​បាន​កាប់​បំផ្លិចបំផ្លាញ​ផលដំណាំ​ ទ្រព្យ​សម្បត្ដិ​របស់​ប្រជារាស្ដ្រ​ និង​ដោយ​ឡែក​ បើ​លោក​ឧកញ៉ា​ជៀម​ ផែន​ នៅ​តែ​បន្ដ​ប្រើប្រាស់​លិខិត​ឬ​ឯក​សារ​ក្លែងក្លាយ​តទៅ​ទៀត​ គួរ​មាន​វិធានការ​អនុវត្ដន៍​តាម​ច្បាប់​ព្រហ្ម​ទណ្ឌ​។​

យោង​តាម​របាយការណ៍​ខាង​លើ​របស់​ឯកឧត្ដម​ស​ ខេ​ង​ គឺ​បាន​សបញ្ជាក់​ឱ្យ​ឃើញ​ថា​ លោក​ឧកញ៉ា​ ជៀម​ ផែន​ បាន​ប្រើប្រាស់​ឯក​សារ​ក្លែងក្លាយ​ដើម្បី​តតាំង​យក​ប្រៀប​ឈ្នះ​ក្នុង​រឿង​ក្ដី​ជាមួយ​ប្រជា​រាស្ដ្រ​៤៩​គ្រួសារ​ជា​ជន​ក្រីក្រ​ ទើប​បន្ដ​មក​ដល់​រាជរដ្ឋាភិបាល​សម្រេច​ប្រគល់​ដី​ទំនាស់​ឱ្យទៅ​លោក​ឧកញ៉ា​ ជៀម​ ផែន​ ជា​កម្មសិទ្ធិ​តាម​ស្មារតី​លិខិត​លេខ​៦៦៩​ស​ជ​ណ​ចុះ​ថ្ងៃ​ទី​ ០៧​ខែមិថុនា​ឆ្នាំ​២០១១​របស់​ទី​ស្ដី​ការ​គណៈរដ្ឋមន្ដ្រី​ ក្រោម​ការ​ផ្ដួច​ផ្ដើម​ផ្ដល់​យោបល់​របស់​ឯកឧត្ដម​ ប៊ិ​ន​ ឈិ​ន​ ។​

​ឥឡូវនេះ​ ដំណើរការ​ស្រាវជ្រាវ​លើ​ករណី​ឧកញ៉ា​ជៀម​ ផែន​ ថៅ​កែ​ក្រុមហ៊ុនស្រា​បៀរ​លី​អូ​ប្រើប្រាស់​ឯកសារ​ក្លែងបន្លំ​រំលោភ​បំពាន​យក​ដីធ្លី​របស់​ប្រជារាស្ដ្រ​៤៩​គ្រួសារ​រង​ទុក្ខវេទនា​អស់​រយៈពេល​ជិត​១០​ឆ្នាំ​នោះ​ ហាក់ដូចជា​មាន​សភាព​ស្ងាត់​ស្ងៀម​ទៅៗ​ ឬ​មួយ​“​សម្ដេច​តេ​ជោ​សែន​”​និង​ឯកឧត្ដម​ប៊ិ​ន​ ឈិ​ន​ “​ភ្លេច​”​អស់ហើយ​ទេ​ដឹង​ ឬ​មួយ​ក៏​ទាំង​សម្ដេច​ ទាំង​ឯកឧត្ដម​ប្រុង​រៀបចំ​ “​បំភ្លេច​”?

​ដូច្នេះ​ គប្បី​រាជរដ្ឋាភិបាល​បន្ដ​ចំណាត់ការ​ស្រាវជ្រាវ​ទៅ​លើ​អំពើ​របស់​លោក​ឧកញ៉ា ​ជៀម​ ផែន​ ពាក់ព័ន្ធ​នឹង​ករណី​ដី​ទំនាស់​នេះ​ឱ្យ​បាន​ច្បាស់លាស់​ ដើម្បី​ផ្ដល់​យុ​ត្ដិ​ធម៌​ពិតប្រាកដ​តាម​ច្បាប់​ជូន​ប្រជា​រាស្ដ្រ​៤៩​គ្រួសារ​រស់នៅ​ភូមិ​កែវ​ផុស​ ឃុំ​ទំនប់​រលក​ ស្រុក​ស្ទឹង​ហាវ​ ខេត្ដ​ព្រះ​សីហ​នុ​ ដែល​ធ្លាប់​ទទួល​រង​ទុក្ខ​យ៉ាង​ឆ្អែតឆ្អន់​ក្រោម​មហិច្ឆតា​របស់​លោក​ឧកញ៉ា ​ជៀម​ ផែន​ ៕

Cheam-Phen2 Bin-Chhin-1

កូនចៅរាស្រ្ត៤៩គ្រួសាររៀនក្រោមឈើក្រោយសាលារៀនត្រូវកម្ទេចចោលនិងឯកឧត្តមប៊ិនឈិន

Cheam-Phen-@6

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.