ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

ឯកឧត្ដម ​សុខ ​អាន ​និង​គណៈ​មេធាវី​គួរ​ពិនិត្យ​មើល​ឯកឧត្ដម​មេធាវី ​ប៉ា ​អង់​តូ​នី​ផង​ព្រោះ​មាន​រឿងអាស្រូវ​ច្រើន​ណាស់​

​អ្នក​ដែល​មិនសូវ​យល់​ដឹង​អំពី​ប្រព័ន្ធ​ច្បាប់​កម្ពុជា​ និង​អ្នក​ធ្លាប់​ទុកចិត្ដ​ធ្លាប់​ផ្ដល់​តម្លៃ​ចំពោះ​ឯកឧត្ដម​មេធាវី​ ប៉ា​ អង់​តូ​នី​ បាន​ក្លាយជា​ជន​រង​គ្រោះ​ចាញ់បោក​ឯកឧត្ដមរូប​នេះ​អស់​ទឹកប្រាក់​រាប់​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​មិន​តិច​នាក់​ឡើយ​ ។​

​ជន​រង​គ្រោះ​ដែល​ធ្លាប់​ចាញ់បោក​ឯកឧត្ដម​ ប៉ា​ អង់​តូ​នី​ បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ​ជា​ច្រើន​ករណី​ ដោយ​ខ្លះ​ក៏​សម្របសម្រួល​គ្នា​តាម​រយៈ​ការ​សង​ជា​ប្រាក់​វិញ​ និង​ខ្លះ​ទៀត​នៅ​ជាប់​ប​ណ្ដឹ​កំពុង​ដោះស្រាយ​នៅ​តុលាការ​នៅ​ឡើយ​ ដូច​ជា​ក្រុមហ៊ុន​ CCJ ធ្លាប់​ប្ដឹង​ឯកឧត្ដម​ ប៉ា​ អង់​តូ​នី​ ពី​បទ​រំលោភ​លើ​សេចក្ដី​ទុកចិត្ដ​នូវ​ទឹកប្រាក់​ចំនួន​៤៥.៥០០​ដុល្លារ​អា​មេ​រិ​ក​,​ ស្ដ្រី​បរទេស​ម្នាក់​ធ្លាប់​ប្ដឹង​ពី​បទ​ឆបោក​នូវ​ទឹកប្រាក់​ចំនួន​៣០.០០០​ដុល្លារ​អា​មេ​រិ​ក​ និង​កាលពី​ឆ្នាំ​២០១២​កន្លង​ទៅ​ មាន​បុរស​រង​គ្រោះ​ម្នាក់​បាន​ប្ដឹង​ឯកឧត្ដម ​ប៉ា​ អង់​តូ​នី​ ពី​បទ​ឆបោក​ទឹកប្រាក់​ចំនួន​ ៨៣.០០០​ដុល្លារ​អា​មេ​រិ​ក​(​សំណុំ​រឿង​ក្ដី​នេះ​កំពុង​ដោះស្រាយ​នៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ )​ ។​

​ជន​រង​គ្រោះ​ទាំងឡាយ​ធ្លាក់ខ្លួន​ចាញ់បោក​ឯកឧត្ដម ​ប៉ា​ អង់​តូ​នី​ តាម​រយៈ​ការ​ពឹងពាក់​កិច្ចការ​មួយ​ចំនួន​ឱ្យ​ឯកឧត្ដម​រូប​នេះ​ធ្វើ​ ជា​អាទិ៍ៈ​ រត់ការ​បង្កើត​ក្រុមហ៊ុន​ថ្មី ​ឬ ​ប្តូរនាម​ករ​ណ៍​ក្រុមហ៊ុន​រត់ការ​ចូលសញ្ជាតិ​ខ្មែរ​…​។​ល​។​ (​អាន​សារព័ត៌មាន​ដើម​ត្នោត​លេខ​១៧៣​បន្ថែម​)​។

​ក្រោម​ទម្ងន់​នៃ​បណ្ដឹង​របស់​ក្រុម​ជន​រង​គ្រោះ​ ឯកឧត្ដម​ ប៉ា​ អង់​តូ​នី​ បាន​ជាប់​ឈ្មោះ​ជា​ជន​ត្រូវ​ចោទ​ជា​ហូរហែ​នៅ​ស្ថាប័ន​តុលាការ​ រួម​មាន​ បទ​ឆបោក​ផង​ បទ​រំលោភ​លើ​សេចក្ដី​ទុកចិត្ដ​ផង​។​

​លោក ប៉ា​ អង់​តូ​នី​ (​Pa Anthony​ )​ អាយុ​៦២​ឆ្នាំ​ សញ្ជាតិ​ខ្មែរ​-​អា​មេ​រិ​ក​ ត្រូវ​បាន​តែងតាំង​ជា​សមាជិក​ក្រុម​ប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្ដីការ​គណៈ​រដ្ឋមន្ដ្រី​លើក​ដំបូង​ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ ដោយ​ព្រះរាជ​ក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០០៤/២៩១​ ចុះ​ថ្ងៃ​ទី​០៤​ខែតុលា​ឆ្នាំ​២០០៤​ គឺ​ទទួល​បាន​ងារ​ជា​ឯកឧត្ដម​ ។​

​ឯកឧត្ដម​ ​ប៉ា​ អង់​តូ​នី​ បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​ក្នុង​ក្របខ័ណ្ឌ​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នា​ថ្ងៃ​ទី​១០​ខែតុលា​ឆ្នាំ​២០០៦​ មាន​អត្ដលេខ​៤៩០​ ។​ មុន​នឹង​ក្លាយ​ជា​មេធាវី​ពេញ​សិទ្ធិ​ ឯកឧត្ដម​ប៉ា​ អង់់​តូ​នី​ ត្រូវ​ជាប់​កាតព្វកិច្ច​ធ្វើ​កម្ម​សិក្សា​រយៈពេល​១​ឆ្នាំ​ ដោយ​មាន​ឯកឧត្ដម​មេធាវី​ សួង​ ចាន់​ថន​ អត្ដលេខ​១៨៣(​មេធាវី​រាជរ​ដ្ឋា​ភិ​បាល​)​ធ្វើ​ជា​គ្រូ​កម្មសិក្សា​ ។​

​ខណៈ​កំពុង​ធ្វើ​ជា​មេធាវី​កម្ម​សិក្សា​ ឯកឧត្ដម​ ប៉ា​ អង់​តូ​នី​ ត្រូវ​ទទួល​រង​ការ​ប្ដឹង​ពី​ក្រុមហ៊ុន​CCJ​ ពី​បទ​រំលោភ​លើ​សេចក្ដី​ទុកចិត្ដ​នូវ​ទឹកប្រាក់​ចំនួន​៤៥.៥០០​ដុល្លារ​អា​មេ​រិ​ក​ជា​ហូរ​ហែ​មក​បាត់​ទៅ​ហើយៗ​ក៏​បាន​ជាប់​ឈ្មោះ​ជា​ជន​ត្រូវ​ចោទ​នៅ​ស្ថាប័ន​តុលាការ​ ។​

​មាន​ភាព​ចម្លែក​ខុស​ប្លែក​ពី​សហ​ភាតា​មេធាវី​ដទៃ​ទៀត​ គឺ​នៅ​ត្រង់​ថា​ ទម្រាំ​បាន​ក្លាយជា​មេធាវី​ពេញ​សិទ្ធិ​ ឯកឧត្ដម​ ប៉ា​ អង់​តូ​នី​ ត្រូវ​ចំណាយ​ពេលវេលា​អស់​ចំនួន​៤​ឆ្នាំ​យ៉ាងតិច​ ។​

​ថ្វី​ដ្បិត​លេច​ចេញ​មានរឿង​អាស្រូវ​នៅ​ស្ថាប័ន​តុលាការ​ជា​ហូរ​ហែ​ក៏​ដោយ​ ក៏​ឯកឧត្ដម ​ប៉ា​ អង់​តូ​នី​ ហៅ​អង់​ តូ​នី​ប៉ា​ ក្នុង​នាម​ជា​សមាជិក​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ ត្រូវ​បាន​រាជរដ្ឋាភិបាល​តែងតាំង​ជាស​មា​ជិ​ក​គណៈកម្មការ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​កូដកម្ម​ បាតុកម្ម​នៅ​តាម​គ្រប់មុខ​សញ្ញា​ ដោយ​សេចក្ដី​សម្រេច​លេខ​៣២​សសរ​ ចុះ​ថ្ងៃ​ទី​០៨​ខែធ្នូ​ឆ្នាំ​២០០៨​ ។​ លើស​ពី​នេះ​ ឯកឧត្ដម​ប៉ា​ អង់​តូ​នី​ ត្រូវ​បាន​តែង​តាំង​ជា​សមាជិក​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​សា​ជា​ថ្មី​ មាន​ឋានៈ​ស្មើ​អនុរ​រដ្ឋ​លេខា​ធិ​ការ​ដដែល​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២០៩/១៥១​ ចុះ​ថ្ងៃ​ទី​០៧​ខែកុម្ភៈ​ឆ្នាំ​២០០៩​ ។​

តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដែល​មាន​លោក ​មាស​ ច័ន្ទ​ពិសិដ្ឋ​ ជា​ព្រះរាជ​អាជ្ញា​រង​ទទួល​បន្ទុក​សំណុំរឿង​ ធ្លាប់​បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ចុះ​ថ្ងៃ​ទី​២១​ខែសីហា​ឆ្នាំ​២០១២​ ឱ្យ​មន្ដ្រី​នគរបាល​យុត្ដិធម៌​ដែល​មាន​សមត្ថកិច្ច​ត្រួតពិនិត្យ​តាម​ច្រក​ព្រំ​ដែន​ទាំង​ផ្លូវគោក​ ទាំង​ផ្លូវអាកាស​ ទាំង​ផ្លូវទឹក​ ធ្វើការ​ហាមឃាត់​ ឯកឧត្ដម​មេធាវី​ ប៉ា​ អង់​តូ​នី​ ក្នុង​ការ​ចាកចេញ​ដំណើរ​ពី​ប្រទេស​កម្ពុជា​ឆ្ពោះទៅ​កាន់​បរទេស​ ​ដើម្បី​ទុក​ឱកាស​ឱ្យ​តុលាការ​មាន​មូលដ្ឋាន​ធ្វើការ​ស៊ើបអង្កេត​ ។​

​យោង​តាម​សេចក្ដីសម្រេច​លេខ​០៣​សសរ​ ចុះ​ថ្ងៃ​ទី​២២​ខែមករា​ឆ្នាំ​២០១៣​ របស់​រាជរដ្ឋាភិបាល​ ស្ដី​ពី​ការ​តែងតាំង​សមាសភាព​គណៈ​កម្ម​ការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​ បាតុកម្ម​នៅ​តាម​គ្រប់មុខ​សញ្ញា​ គឺ​រាជរដ្ឋាភិបាល​លែង​តែង​តាំង​ឯកឧត្ដម​ ប៉ា​ អង់​តូ​នី​ ឱ្យធ្វើ​ជា​សមា​ជិ​ក​គណៈកម្មការ​នេះ​តទៅ​ទៀត​ហើយ​ ។​ ​

សរុបសេចក្ដី​មក​ ឯកឧត្ដម​ ប៉ា​ អង់​តូ​នី​ មានរឿង​អាស្រូវ​ទាក់ទង​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ច្រើន​ករណី​ជា​ហូរហែ​ឥត​ដាច់​នៅ​ស្ថាប័ន​តុលាការ ​តាំងពី​ធ្វើ​ជា​មេធាវី​កម្ម​សិក្សា​រហូត​ដល់​ក្លាយជា​មេធាវី​ពេញ​សិទ្ធិ​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​និង​មជ្ឈដ្ឋាន​អ្នក​ធ្លាប់​រង​គ្រោះ​ព្រោះ​ចាញ់បោក​ឯកឧត្ដម​មេធាវី​ ប៉ា​ អង់​តូ​នី​ បាន​សំណូមពរ​ដល់​ឯកឧត្ដម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ឧបនាយករដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រី​ទទួល​បន្ទុក​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​អ្នក​ច្បាប់​ មេត្ដា​ពិនិត្យ​និង​មាន​វិធានការ​ដក​ហូត​មុខ​តំណែង​ឯកឧត្ដម​ ប៉ា​ អង់​តូ​នី​ ពី​សមាជិក​ក្រុមប្រឹក្សា​អ្នក​ច្បាប់​ផង​ ដើម្បី​រក្សា​មុខមាត់​ស្ថាប័ន​ក្រុមប្រឹក្សា​អ្នក​ច្បាប់​កុំឱ្យ​អាប់ឱន​ ព្រោះតែ​បុគ្គល​មានរឿង​អាស្រូវ​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ និង​ការពារ​កុំឱ្យ​បុគ្គល​ខិលខូច​យក​ ងារ​ជា​ឯកឧត្ដម​ក្នុង​នាម​ជាស​មា​ជិ​ក​ក្រុមប្រឹក្សា​អ្នក​ច្បាប់​ឱ្យ​គេ​ផ្ដល់​តម្លៃ​ និង​ទុកចិត្ដ​ បាន​ឱកាស​ឆបោក​អ្នកដទៃ​តទៅ​ទៀត​ ។​ ជាមួយ​គ្នា​នេះ​ ក៏​សំណូមពរ​ដល់​ឯកឧត្ដម​មេធាវី​ ប៊ុ​ន​ ហុ​ន​ ជា​ប្រធាន​គណៈមេធាវី​ និង​ជា​សមាជិក​ក្រុមប្រឹក្សា​អ្នក​ច្បាប់​ នៃ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ មេត្ដា​ពិនិត្យ​ និង​មាន​វិធានការ​តាម​ច្បាប់​ទៅ​លើ​មេធាវី​មានរឿង​អាស្រូវ​ដូច​លោក​មេធាវី​ ប៉ា​ អង់​តូ​នី​ ផង​ ជៀសវាង​គេ​សង្ស័យ​ថា​ ប្រធាន​គណៈមេធាវី​មាន​ភាព​លម្អៀង​ ព្រោះ​ជាស​មា​ជិ​ក​ក្រុមប្រឹក្សា​អ្នក​ច្បាប់​ មាន​ងារ​ជា​ឯកឧត្ដម​ដូច​គ្នា និងដើម្បី​រក្សា​កិ​ត្យា​នុ​ភាព​របស់​ស្ថាប័ន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ៕

 

 

 

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.