ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

តុលាការខេត្ដ​ព្រៃវែង​កោះ​អតីត​អនុប្រធាន​មន្ទីរ​អធិការកិច្ច​ឱ្យ​ចូល​បំភ្លឺ​រឿង​ក្លែងបន្លំ​សាលក្រម​តុលាការ​

​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ពី​សាលាដំបូង​ខេត្ដព្រៃវែង​បានឱ្យ​ដឹង​ថា​ លោក ​ង៉ែត​ វុ​ទ្ធី​ អតីត​អនុ​ប្រធាន​មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​ ខេត្ដព្រៃវែង​ (​បច្ចុប្បន្ន​ចូល​និវត្ដន៍​)​ ដែល​ជាប់ចោទ​ពី​បទ​ក្លែងបន្លំ​ឯក​សារ​សាធារណៈ​កាលពី​អំឡុង​ខែមីនា​ឆ្នាំ​២០០៩​នោះ​ ត្រូវ​បាន​លោក​ សុខ​ កល្យាណ​ ប្រធាន​សាលា​ដំបូង​ខេត្ដព្រៃវែង​ និង​ជា​ចៅក្រម​ស៊ើបសួរ​ ចេញ​ដីកាកោះ​ឱ្យ​ចូលខ្លួន​ មក​ឆ្លើយ​បំភ្លឺ​តុលាការ​នៅ​វេលា​ព្រឹក​នា​ថ្ងៃ​ទី​៣០​ខែមេសា​ឆ្នាំ​២០១៣​ខាង​មុខ​ ។​

​លោក​ង៉ែត​ វុ​ទ្ធី​ និង​គូកន​ ត្រូវ​បាន​អយ្យការ​អម​សាលាដំបូង​ខេត្ដ​ព្រៃវែង​ ដែល​មាន​លោក​កើត​ វ​ណ្ណា​រ៉េ​ត​ ជា​ព្រះរាជអាជ្ញា​ចោទ​ប្រកាន់​ពី​បទ​ក្លែងបន្លំ​ឯកសារ​សា​ធារ​ណៈ​ ប្រព្រឹត្ដ​នៅ​ភូមិ​រោង​ ឃុំ​ចាម​ ស្រុក​កំពង់ត្របែក​ ខេត្ដ​ព្រៃ​វែង​ កាលពី​អំឡុង​ខែមីនា​ឆ្នាំ​២០០៩​ តាម​បញ្ញត្ដិ​មាត្រា​៦២៩​នៃ​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​ កម្ពុជា​ ។​ នៅ​ក្នុង​ការ​ចោទប្រកាន់​ (​បើក​ការ​ស៊ើបសួរ​)​នេះ​ លោក​ព្រះ​រាជអាជ្ញា​កើត​ វ​ណ្ណា​រ៉េ​ត​ ក៏​បាន​ប្ដឹង​ឱ្យ​ចៅក្រម​ស៊ើបសួរ​ធ្វើការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​លើ​ជន​ត្រូវ​ចោទ​ ឈ្មោះ​ង៉ែត​ វុ​ទ្ធី​ និង​គូកន​ផង​ដែរ​ ដើម្បី​ធានា​រក្សា​ជន​ត្រូវ​ចោទ​ទុក​ជូន​តុលាការ​ចាត់ការ​តាម​នីតិវិធី​។​

​គួរ​រម្លឹក​ជូន​ថា​ កាលពី​ថ្ងៃ​ទី​០៦​ខែធ្នូ​ឆ្នាំ​២០១១​ លោក​ងិ​ន​ មាស​ ជា​កសិករ​ រស់នៅ​ភូមិ​រោង​ ឃុំ​ចាម​ ស្រុក​កំពង់ត្របែក​ ខេត្ដព្រៃវែង​ បាន​ដាក់​ពាក្យបណ្ដឹង​ផ្ទាល់​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ដ​ព្រៃ​វែង​ ដោយ​ប្ដឹង​លោក​ង៉ែត​ វុ​ទ្ធី​ និង​គូកន​ពី​បទ​ក្លែងបន្លំ​សាលក្រម​របស់​តុលាការខេត្ដ​ព្រៃវែង​(​លិខិត​សាធារណៈ​)​នា​អំឡុង​ខែមីនា​ឆ្នាំ​២០០៩​ ។​

​ពាក្យបណ្ដឹង​របស់​លោក​ងិ​ន​ មាស​ បាន​រៀបរាប់​ថា​ នា​អំឡុង​ដើមឆ្នាំ​២០០៩​ លោក​និង​ឪពុក​របស់​លោក​ឈ្មោះ​ងិ​ន​ចាំ​(​បច្ចុប្បន្ន​មរណភាព​)​ដោយសារ​មិនសូវ​យល់​ដឹង​ពី​ច្បាប់ទម្លាប់​ក៏​បាន​ពឹងពាក់​ឱ្យ​លោក​ង៉ែត​ វុ​ទ្ធី​ ជួយ​រត់ការ​ឯកសារ​រឿង​ក្ដី​មួយ​នៅ​តុលាការ​ ដោយ​ប្រគល់​ប្រាក់​ចំនួន​៩.៨៥០.០០០​រៀល​ជា​៦​ដំណាក់កាល​ឱ្យទៅ​ លោក​ ង៉ែត​ វុ​ទ្ធី​ ។​ ក្រោយមក​ លោក​ ង៉ែត​ វុ​ទ្ធី​ បាន​យក​សាល​ក្រមរដ្ឋប្បវេណី​លេខ​០៨​ចុះ​ថ្ងៃ​ទី​២០​ខែមីនា​ឆ្នាំ​២០០៩​របស់សាលាដំបូង​ខេត្ដព្រៃវែង​មួយ​ច្បាប់​(​ថតចម្លង​)​ មាន​ចំនួន​៤​ទំព័រ​ និង​មាន​សេចក្ដី​សម្រេច​បញ្ចប់​ចំនួន​៤​ចំណុច​មក​ប្រគល​ឱ្យ​លោក​និង​ឪពុក​របស់​លោក​ ដោយ​មាន​ធ្វើ​លិខិតបញ្ជាក់​ ចុះ​ថ្ងៃ​ទី​០៣​ខែធ្នូ​ឆ្នាំ​២០០៩​ ជា​សំអាង​ថែម​ទៀត​ ។​ លុះ​រឿង​ក្ដី​បាន​មក​ដល់​សាលាឧទ្ធរណ៍​រា​ធានី​ភ្នំ​ពេញ​ ទើប​លោក​បានដឹង​ថា​ សាល​ក្រម​របស់​តុលាការខេត្ដ​ព្រៃវែង​ ដែល​លោក​ង៉ែត​ វុ​ទ្ធី​ បាន​យក​មក​ប្រគល់​ឱ្យ​លោក​នោះ​ គឺជា​សាល​ក្រម​ក្លែងបន្លំ​ មិន​មាននៅ​ក្នុង​សំណុំរឿង​ទេ​ រីឯ​សាលក្រម​ពិត​ប្រាក​ដដែល​មាននៅ​ក្នុង​សំណុំរឿង​ក្ដី​នៅ​សាលាឧទ្ធរណ៍​ គឺ​សាលក្រម​រដ្ឋប្បវេណី​លេខ​០៨​ចុះ​ថ្ងៃ​ទី​២០​ខែ​មីនា​ឆ្នាំ​២០០៩​ របស់​សាលាដំបូង​ខេត្ដព្រៃវែង​ មាន​សេចក្ដីសម្រេច​បញ្ចប់​ចំនួន​២​ចំណុច​ទៅ​វិញ​ ។​

​លោក​ងិ​ន​ មាស​ ជាដើម​បណ្ដឹង​រដ្ឋប្បវេណី​បាន​សំណូមពរ​ឱ្យ​តុលា​ការ​ធ្វើការ​ផ្ដន្ទាទោស​លើ​លោក​ ង៉ែត​ វុ​ទ្ធី​ និង​គូកន​ តាម​ច្បាប់​ ពី​បទ​ក្លែងបន្លំ​សាលក្រម​តុលាការ​,​ ទាមទារ​ទឹកប្រាក់​ខាតបង់​ចំនួន​៩.៨៥០.០០០​រៀល​ពី​លោក​ង៉ែត​ វុ​ទ្ធី​ មក​វិញ​ និង​ទាម​ទារជំងឺចិត្ដ​ពី​លោក​ង៉ែត​ វុ​ទ្ធី​ ស្មើនឹង​ទឹកប្រាក់​ចំនួន​៥​លាន​រៀល​ ។​

​លោក​មេធាវី​កៅ​ ទី​ ជា​មេធាវី​តំណាង​និង​ការពារ​ក្ដី​ឱ្យ​លោក​ងិ​ន​ មាស​ ជា​ជន​រង​គ្រោះ​ បាន​មាន​ប្រសាសន៍​សារព័ត៌មាន​ដើម​ត្នោត​តាម​ទូរស័ព្ទ​នា​ថ្ងៃអាទិត្យ​ទី​២៨​ខែ​មេ​សា​ឆ្នាំ​២០១៣​នេះ​ថា​ លោក​ក្នុង​នាម​ជា​មេធាវី​តំណាង​សិទ្ធិ​និង​ការ​ពារ​ក្ដី​ឱ្យ​ជន​រង​គ្រោះ​ បាន​ចូល​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខ​លោក​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ដព្រៃវែង​រួច​ហើយៗ​លោក​បាន​សំណូមពរ​ឱ្យ​តុលាការ​ធ្វើការ​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ​ង៉ែត​ វុ​ទ្ធី​ និង​គូកន​ ពីព្រោះ​អំពើ​ក្លែងបន្លំ​សាលក្រម​របស់​តុលាការ​ដូច្នេះ​ គឺ​ធ្វើ​ឱ្យ​ ប៉ះពាល់​ដល់​កិត្យានុភាព​របស់​ស្ថាប័ន​តុលាការ​ និង​ធ្វើ​ឱ្យ​ខូចខាត​ដល់​ផលប្រយោជន៍​របស់​ជន​រង​គ្រោះ​ធ្ងន់ធ្ងរ​ណាស់​ ៕

 Kert-Vanaret

លោកព្រះរាជអាជ្ញា កើត វណ្ណារ៉េត

Ngin-Meas

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.