ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

អនិច្ចា​ស្ដា​ដ​ខ្មែរ​ !

​មិត្ដ​អ្នក​អាន​ស្នេហា​ជាតិ​របស់​សារព័ត៌មាន​ដើម​ត្នោត​ម្នាក់​ បាន​សម្ដែង​នូវ​ការ​ចាប់អារម្មណ៍​ទៅ​នឹង​រូបភាព​អភិវឌ្ឍន៍​នានា​នៅ​ជុំ​ វិញ​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ ដែល​ជា​កេរដំណែល​ស្នាដៃ​ខ្មែរ​ពី​សម័យ​សង្គម​រាស្ដ្រ​និយម​ ។​ ការ​អភិវឌ្ឍ​បាន​ធ្វើ​ឱ្យ​ទំហំ​ពហុ​កីឡដ្ឋាន​ជាតិ​(​ស្ដា​ដ​)​អូ​ឡាំ​ពិ​ក​កាន់តែ​រួញ​តូច​ និង​បារម្ភ​ខ្លាច​ពេល​អនាគត​ ខណៈ​ដែល​មាន​ពហុ​កី​ឡ​ដ្ឋា​ន​ជាតិ​មរតក​តេ​ជោ​ថ្មីស្រឡាង​ បែរជា​បំបាត់​រូបភាព​ដើម​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​តែ​ម្ដង​ ។​

​ដូច្នេះ​ មិត្ដ​អ្នក​អាន​ស្នេហា​ជាតិ​រូប​នោះ​បាន​សរសេរ​កំណាព្យ​មួយ​មាន​ចំនួន​១៥​ល្បះ​ផ្ញើ​ជូន​មក​ឱ្យ​សារព័ត៌មាន​ដើម​ត្នោត​ធ្វើការ​ចុះ​ផ្សាយ ​ទុក​គ្រាន់​ឱ្យ​ថ្នាក់ដឹកនាំ​ប្រទេស​ បាន​ពិចារណា​ ដូច​តទៅ​ ៖

អនិច្ចា​ស្ដា​ដ​ខ្មែរ​!

(​បទ​ពាក្យ​៧)

                                ១-​អនិច្ចា​ស្ដា​ដ​(១)​ខ្មែរ​សំណង់​ចាស់​ ​​​                ទីតាំង​ប្រើប្រាស់​ច្រើន​របប​

                               ​ទីលានកីឡា​យ៉ាង​សម​ស្រប​ ​                           កាក់កប​ជា​ដ្ឋា​ន​កីឡា​ជាតិ​ ។​

                               ២-​បម្រើ​កីឡា​បាន​ច្រើន​យ៉ាង​ ​                         មាន​ទាំង​ព័ស្ដុតាង​គ្រប់គ្រាន់​ទៀត​

​                               រង​ក្ដៅ​រងា​ប្រឹង​ខ្មីឃ្មាត​                                   ​ ​ស្មោះត្រង់​នឹង​ជាតិ​ និង​កីឡា​ ។​

                               ៣-​បម្រើ​បាល់ទះ​និង​បាល់ទាត់​ ​                     វាយ​សី​ទាញព្រ័ត្រ​ បុក​ប៊ី​យ៉ា​

                               ​រត់​ លោត​ ជិះ​កង់​ច្រើន​អាត្មា​ ​                        ចង់​រូប​សង្ហា​មក​ហាត់ប្រាណ​ ។​

                               ៤-​អត្ដពលកម្ម​ តេ​ក្វា​ន់​ដូ​ ​ ​                            យូ​ដូ​ បោះ​ប៊ូល​ រាំ​កម្សាន្ដ​

                               ហែល​ទឹក​ប្រដាល់​យ៉ាង​ក្លាហាន​                  ​មិន​ដែល​រំខាន​សង្គម​ជាតិ​ ។​

                              ៥-​បម្រើ​កីឡា​ទោះ​រូប​ចាស់​ ​                         សេដ្ឋី​ច្រើន​ណាស់​មានមារយាទ​

                             ចង់បាន​ដី​ស្ដា​ដ​ប្រឹង​ខ្មីឃ្មាត​                         ​ប្រើ​ស្នៀត​មាន​ល្បិច​អភិវឌ្ឍន៍​ ។​

                            ៦-​ដី​ស្ដា​ដ​ពី​មុន​ច្រើន​ហិ​កតា​ ​                      ឥឡូវ​ទុ​ក្ខា​គេ​រុំ​ព័ទ្ធ​ ​

                            សល់​តូច​ចង្អៀត​គ្មាន​អ្នក​ឃាត់​                    ​អ្នកតូច​បិទ​មាត់​មិន​ហ៊ាន​ថ្លែង​ ។

                            ៧-​ក្រៅ​សង់ផ្ទះ​ល្វែង​យ៉ាង​សង្ហា                ​ ធ្វើ​ទីតាំង​ផ្សារ​យ៉ាង​ខែងរ៉ែង

​ ​                          ​ លក់ដូរ​ជួល​ចត​មិន​កោតក្រែង​ ​                  ស្ដា​ដរ​ង​ចម្បែង​សែន​វេទនា​ ។​

                           ៨-​ក្នុង​ធ្វើ​ចំណត​ឡាន​ ម៉ូតូ​ ​                         ​ពុះ​ច្រៀក​លក់ដូរ​ពេញទី​ធ្លា

​ ​                          រោង​ឡាន​ជួសជុល​ដូច​អគារ​                      ​ដី​ស្ដា​ដ​ក្លាយជា​ឈ្មួញ​កាន់កាប់​ ។

                         ​ ៩-​មេ​ស្ដា​ដ​បាន​ឆ្ងាញ់​សំងំសុខ​ ​                  គ្មាន​អ្វី​កើតទុក្ខ​ឬ​ ខ្លាច​ច្បាប់​ ​

                        មន្ដ្រី​តូចតាច​រង​ចុកចាប់​ ​ ​                           លក្ខខណ្ឌ​និង​ច្បាប់​នៅ​លើ​មាត់​ ។​

                        ១០-​អនិច្ចា​ស្ដា​ដ​ខ្មែរ​គ្រា​ឥឡូវ​ ​                    ទុក្ខ​ច្រើន​ពេក​កូវ​ព្រោះ​អភិវឌ្ឍន៍​

                       ​ បុរាណ​បាន​ផ្ដាំ​ឱ្យ​ចាំ​ស្ទាត់​                         ​ ​កុំ​យក​សេះ​ធាត់​ដូរ​សេះ​ស្គម​ ។​

                       ១១-​អភិវឌ្ឍន៍​បែប​នេះ​ថា​ល្អ​ណាស់​            ព្រោះ​បាន​លុយ​ក្រាស់​មេ​ធំ​ព្រម

                        ​លោក​ធំ​ស៊ីធំ​ ល្មម​ស៊ី​ល្មម​ ​                        ​លោក​តូច​សំគម​បាន​សើម​មាត់​ ។​

                       ១២-​អ្នកលេង​កីឡា​បម្រើ​ជាតិ​ ​                  មាន​ប្រៀប​ក្បាច់​ស្នៀត​ត្រូវ​គេ​ឃាត់​

                       ​បើ​គ្មាន​បក្ខពួក​ជា​គ្នា​គាត់​ ​ ​                       ទោះ​ជំនាញ​ស្ទាត់​ក៏​ថា​ស្ទើរ​ ។​

                       ១៣-​ស្ដា​ដ​ខ្មែរ​ហូរហែ​ធ្លាក់​អាប់អន់​         ​ ជួប​គ្រោះអាសន្ន​ទាំង​ក្រោម​លើ​ ​

                       បាត់បង់​សោភ័ណ​គ្រឹះ​រង្គើ​ ​                     ​គ្មាន​អ្នក​អើពើ​ជួយ​គាំពារ​ ។​

                        ១៤-​មរតក​តេ​ជោ​ឈ្មោះ​ស្ដា​ដ​ថ្មី​             ​ទំនើប​ហើយ​ល្បី​ធំ​អស្ចារ្យ​

                       ​សង់​ជូន​កុលបុត្រ​ជាតិ​ខេមរា​ ​                ប្រើប្រាស់​រក្សា​ឱ្យ​គង់វង្ស​ ។​

                       ១៥-​បើ​បាន​ស្ដា​ដ​ថ្មី​កុំ​ចោល​ចាស់​          មាន​ប្រយោជន៍​ណាស់​ពី​យូរលង់​

                        ​កុំ​លក់​ កុំ​ជួល​ កុំ​ឆោតល្ងង់​ ​                   ​រក្សា​ឱ្យ​គង់​ដំណែល​ខ្មែរ​ ៕

                       (១)​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​

START-OLP-(6) START-OLP-(12)

រូបភាពនៃការពុះច្រៀកទីតាំងដីស្តាដអូឡាំពិកក្រោមរូបភាពអភិវឌ្ឍន៍និងរូបភាពស្តាដអូឡាំពិកដែលជាដំណែលខ្មែរ

Filed in: Feature, កីឡា

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.