ប្រទេសកម្ពុជាធ្លាប់បានឈ្នះក្ដីលើប្រទេសថៃក្នុងសំណុំរឿងប្រាសាទព្រះវិហារ នៅតុលាការយុត្ដិធម៌អន្ដរជាតិទីក្រុងឡាអេ នាសម័យសង្គមរាស្ដ្រនិយម
ក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្ដេចព្រះនរោត្ដម សីហនុ តាមអំណាចនៃសាលក្រមលេខ៤៥ចុះថ្ងៃទី១៥ខែមិថុនាឆ្នាំ១៩៦២ របស់តុលាការយុត្ដិធម៌អន្ដរជាតិ ។
សាលក្រមលេខ៤៥ចុះថ្ងៃទី១៥ខែមិថុនាឆ្នាំ១៩៦២ របស់តុលាការយុត្ដិធម៌អន្ដរជាតិ បានសម្រេចទទួលស្គាល់តំបន់ប្រាសាទព្រះវិហារ ឋិតនៅក្នុងដែនអធិបតេយ្យភាពបូរណភាពទឹកដីរបស់ប្រទេសកម្ពុជា និងសម្រេចបង្គាប់ឱ្យប្រទេសថៃមានកាតព្វកិច្ចដកកម្លាំងទ័ព ឬនគរបាល ឬអ្នកថែរក្សា ឬឆ្មាំដទៃទៀតដែលថៃបានដាក់ពង្រាយក្នុងប្រាសាទ ឬ តំបន់ក្បែរជុំវិញប្រាសាទឱ្យអស់ ព្រមទាំងសម្រេចបង្គាប់ឱ្យថៃប្រគល់នូវសម្បត្ដិទ្រព្យមានតម្លៃជារបស់បុរាណដែលថៃបានយកទៅមកឱ្យ កម្ពុជាវិញ ។
ថ្វីដ្បិតសាលក្រមរបស់តុលាការយុត្ដិធម៌អន្ដរជាតិដែលឋិតនៅក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ បានសម្រេចដូចនេះក៏ដោយ ក៏ភាគីប្រទេសថៃបានប្រើប្រាស់កម្លាំងយោធាចូលមកទន្ទ្រានរំលោភឈ្លានពានកាន់កាប់ប្រាសាទព្រះវិហារយ៉ាងគឃ្លើន នាថ្ងៃទី០៣ខែមេសាឆ្នាំ១៩៦៦ ខណៈដែលសាលក្រមរបស់តុលាការយុត្ដិធម៌អន្ដរជាតិមិនទាន់បានចូលជាស្ថាពរ ។ ប៉ុន្ដែរយៈពេលបីថ្ងៃក្រោយមក គឺនៅថ្ងៃទី០៦ខែមេសាឆ្នាំ១៩៦៦ រាជរដ្ឋាភិបាលកម្ពុជានាសម័យសង្គមរាស្ដ្រនិយម បានសម្រេចប្រើប្រាស់កម្លាំងយោធាវាយរុញច្រានបណ្ដេញកងកម្លាំងយោធាថៃ ដណ្ដើមបានប្រាសាទព្រះវិហារយកមកកាន់កាប់ គ្រប់គ្រងជាអធិបតេយ្យភាពទាំងស្រុងវិញ ។
ក្រោយមក សាលក្រមលេខ៤៥ចុះថ្ងៃទី១៥ខែមិថុនាឆ្នាំ១៩៦២ របស់តុលាការយុត្ដិធម៌អន្ដរជាតិ បានចូលជាស្ថាពរនៅថ្ងៃទី១៥ខែមិថុនាឆ្នាំ១៩៧២ ដោយភាគីប្រទេសថៃជាភាគីចាញ់ក្ដី មិនបានប្ដឹងប្រឆាំងនឹងសាលក្រមនេះអស់រយៈពេល១០ឆ្នាំកន្លងផុតទៅ ។
ខណៈដែលប្រទេសកម្ពុជាធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិលរ៉ាំរ៉ៃក្រោយរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្ដម សីហនុ នាថ្ងៃទី១៨ខែ មីនាឆ្នាំ១៩៧០ ដោយលោក លន់ នល់ និងបក្ខពួករួចមក ប្រាសាទព្រះវិហារក៏មិនបានធ្លាក់ទៅក្នុងដៃរបស់ភាគីប្រទេសថៃដែរ ។
បន្ទាប់ពីរាជាណាចក្រកម្ពុជាទីពីរបានចាប់កំណើតឡើង(ពីឆ្នាំ១៩៣មក)នាថ្ងៃទី០៤ខែឧសភាឆ្នាំ២០០១ ស្រាប់តែសារព័ត៌មានឌឺ ណេសិន (The Nation) របស់ថៃបានចុះផ្សាយអត្ថបទក្រោមចំណងជើងថា “ថៃសង្ឃឹមថា នឹងបានជួលប្រាសាទព្រះវិហារ-Thailand hopes to lease Phra Viharn” ។ ប៉ុន្ដែព័ត៌មាននៃការចុះផ្សាយនេះ ត្រូវបានក្រសួងទេសចរណ៍កម្ពុជាប្រកាសបដិសេធ នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០០១ ដោយបានបំភ្លឺបញ្ជាក់ថា“រាជរដ្ឋាភិបាលកម្ពុជាកំពុងប្រឹងប្រែងថែរក្សា គ្រប់គ្រង ដើម្បីអភិវឌ្ឍតំបន់ប្រាសាទព្រះវិហារទុកជាតំបន់មរតកវប្បធម៌ និងប្រវត្ដិសាស្ដ្រមួយរបស់ព្រះរាជាណាចក្រកម្ពុជា ហើយក៏ពុំដែលមាននយោបាយដើម្បីជួលតំបន់ប្រាសាទព្រះវិហារឱ្យអ្នកវិនិយោគឡើយ។ ” ។
តាមសំណើរបស់ភាគីប្រទេសកម្ពុជា នៅថ្ងៃទី០៧ខែកក្កដាឆ្នាំ២០០៨ ប្រាសាទព្រះវិហារត្រូវបានអង្គការអប់រំវិទ្យាសាស្ដ្រនិងវប្បធម៌របស់សហប្រជាជាតិ ហៅកាត់ថា អង្គការយូណេស្កូសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។ ព្រមជាមួយគ្នានឹងប្រាសាព្រះវិហារដែលត្រូវបាន អង្គការយូណេស្កូចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺនៅថ្ងៃទី១៥ខែកក្កដាឆ្នាំ២០០៨ (ចំនួន១សប្ដាហ៍ក្រោយ) ប្រទេសថៃបានបញ្ជូនកងកម្លាំងយោធាប្រដាប់ដោយអាវុធគ្រប់ធុន ចូលមកទន្ទ្រាន ឈ្លានពានទឹកដីប្រទេសកម្ពុជា នៅតំបន់បរិវេណជុំវិញប្រាសាទព្រះវិហារ ។ រាជរដ្ឋាភិបាលបានប្រើប្រាស់វិធីការទូតចរចាជាមួយភាគីប្រទេសថៃដែលជាភាគីប្រទេសរំលោភឈ្លានពាន ដោយមិនប្រើប្រាស់កម្លាំងយោធាតបត ឬវាយប្រហារទៅលើកម្លាំងទាហានថៃឈ្លានពានវិញទេ រហូតដល់កាលបរិច្ឆេទបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រអាណត្ដិទី៤ (២០០៨-២០១៣) នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៨ បានមកដល់ ខណៈដែលប្រជារាស្ដ្រខ្មែរជាម្ចាស់ឆ្នោតកំពុងអបអរសាទរនឹងលទ្ធផលនៃការចុះបញ្ជីជាបេតិកភណ្ឌពិភពលោករបស់ប្រាសាទព្រះវិហារ តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងគគ្រឹកគគ្រេង ។
ជាលទ្ធផល គណបក្សប្រជាជនកម្ពុជាបានឈ្នះឆ្នោតទទួលបាន អាសនៈនៅក្នុងរដ្ឋសភានីតិកាលទី៤ចំនួន៩០អាសនៈ ក្នុងចំណោម អាសនៈរដ្ឋសភាសរុបចំនួន១២៣ ព្រោះតែប្រជាប្រិយភាពរបស់គណបក្សប្រជាជនកម្ពុជាបានកើនឡើងជាមួយនឹងជោគជ័យនៃការចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក ។
ទោះបីគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រអាណត្ដិទី៤ និងបានកាន់កាប់អំណាចក្ដី ក៏ជម្លោះទឹកដីនៅតំបន់ជុំវិញប្រាសាទព្រះវិហារជាមួយភាគីប្រទេសថៃមិនបានចប់ឡើយ ទល់បច្ចុប្បន្នរហូតបង្កឱ្យមានការផ្ទុះអាវុធ បណ្ដាលឱ្យខូចខាតប្រាង្គប្រាសាទព្រះវិហារ មានការជម្លៀសប្រជាជន និងឱ្យមានការស្លាប់ និងរបួសទាហានខ្មែរស្នេហាជាតិថែមទៀត កាលពីអំឡុងដើមឆ្នាំ២០១១កន្លងមក ។
នៅថ្ងៃទី១៨ខែកក្កដាឆ្នាំ២០១១ តាមសំណើនិងពាក្យបណ្ដឹងរបស់ភាគីប្រទេសកម្ពុជា ទើបតុលាការយុត្ដិធម៌អន្ដរជាតិបានចេញសាលដីកាបង្គាប់មួយ ឱ្យតំបន់ជម្លោះក្លាយជាតំបន់គ្មានកងទ័ពបណ្ដោះអាសន្ន (PDZ) ។ លើសពីនេះ ទាំងភាគីប្រទេសថៃ ទាំងភាគីប្រទេសកម្ពុជា កំពុងទន្ទឹងរង់ចាំមើលចំណាត់ការរបស់តុលាការយុត្ដិធម៌អន្ដរជាតិលើបណ្ដឹងរបស់ភាគីប្រទេសកម្ពុជា ដែលស្នើសុំឱ្យមានការបកស្រាយលម្អិតនូវសាលក្រមលេខ៤៥ចុះថ្ងៃទី១៥ខែមិថុនាឆ្នាំ១៩៦២របស់តុលាការយុត្ដិធម៌អន្ដរជាតិ ដែលនឹងត្រូវសម្រេចឱ្យដឹងនៅចុងឆ្នាំ២០១៣ខាងមុខ ខណៈដែលអាជ្ញាធរកម្ពុជាបានអំពាវនាវឱ្យប្រជាពលរដ្ឋស្ងប់ស្ងាត់ក្នុងចិត្ដ ក្នុងសំណុំរឿងក្ដីប្រាសាទព្រះវិហារដ៏រ៉ាំរ៉ៃ និងគួរឱ្យចាប់អារម្មណ៍នេះ ។
មជ្ឈដ្ឋានអ្នកវិភាគនយោបាយឯករាជ្យនៅកម្ពុជា បានបញ្ចេញទស្សនៈថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រអាណត្ដិទី៥ (២០១៣ -២០១៨)នៅថ្ងៃអាទិត្យទី២៨ខែកក្កដាឆ្នាំ២០១៣ខាងមុខនេះ គណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំប្រទេសបច្ចុប្បន្ន ទំនងជានឹងមិនទទួលបានប្រជាប្រិយភាពពីរឿងក្ដីប្រាសាទព្រះវិហារ ដូចការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រអាណត្ដិទី៤ (២០០៨-២០១៣)កន្លងមកឡើយ ព្រោះរឿងក្ដីប្រាសាទព្រះវិហារក្នុងស្ថានភាពបច្ចុប្បន្ននេះ មិន ទាន់ប្រាកដថា កម្ពុជាមានប្រៀបខ្លាំងលើភាគីប្រទេសថៃនោះទេ ៕