ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

សូម​បារមី​ទេវធីតា​ឆ្នាំ​ថ្មី ​ឆ្នាំម្សាញ់ ​ជួយ​តម្រង់ផ្លូវ​ឱ្យ​រាស្ដ្រ​ម្ចាស់​ឆ្នោត​បោះ​​ឆ្នោត​ត្រូវ​ជ្រើសរើស​បាន​ថ្នាក់ដឹកនាំ​ល្អ​

ឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ​ ឆ្នាំម្សាញ់​ បញ្ច​ស័ក​ ពុទ្ធសករាជ​២៥៥៧​ គ្រឹ​ស្ដ​សករាជ​២០១៣​ នឹង​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃអាទិត្យ​ ៤​កើត​ ខែចេត្រ​ ត្រូវ​នឹង​ថ្ងៃ​ទី​១៤​ ខែមេសា​ ឆ្នាំ​២០១៣​ វេលា​ម៉ោង​០២​និង​១២​នាទី​
រំលង​អធ្រាត្រ​ខាង​មុខ​ ។

​នៅ​ពេល​មហាសង្ក្រាន្ដ​ឆ្នាំ​ថ្មី​ឆ្នាំម្សាញ់​ បញ្ច​ស័ក​ចូល​មក​ដល់​នឹង​មាន​ទេវធីតា​មួយ​ព្រះ​អង្គ​ព្រះ​នា​មធុ​ង្សៈ​ទេវី​ ជា​មគ្គនាយិកា​ដឹកនាំ​ទេវបុត្រ​ ទេវធីតា​ចំនួន​មួយ​សែន​កោដិ​ប្រោះ​​ព្រំ​នូវ​សិរី​សួស្ដី​ ជ័យ​មង្គល​ ជន្មាយុ​យឺនយូរ​ដល់​ទេវតា​ និង​មនុស្ស​សត្វ​ផង​ទាំងឡាយ​ឱ្យ​បាន​ចម្រុងចម្រើន​សុខក្សេមក្សាន្ដ​តរៀង​ទៅ​ ។​

​រីឯ​កាលបរិច្ឆេទ​នៃ​ការ​រៀបចំ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​អាណត្ដិ​ទី​៥(២០១៣-២០១៨)​ដែល​គ្រោង​ប្រព្រឹត្ដ​ទៅ​នៅ​ថ្ងៃអាទិត្យ​ ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០១៣​ខាង​មុខ​ ក៏​កាន់តែ​ខិតចូល​ជិត​មក​ដល់​ដែរ​។​

​តាម​រយៈ​ការ​បោះ​ឆ្នោត​អាច​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​មាន​ឱកាស​ដើម្បី​ជ្រើសរើស​នូវ​តំណាង​របស់​ខ្លួន​ ឬ​ថ្នាក់ដឹកនាំ​ប្រទេស​របស់​ខ្លួន​ដោយ​សេរី​ ។​ ចំពោះ​រដ្ឋ​ណា​ក៏​ដោយ​ក្នុង​ពិភពលោក​បើ​អំណាច​រដ្ឋាភិបាល​មិន​បាន​កើត​ចេញពី​ឆន្ទៈ​ប្រជាពលរដ្ឋ​ពិតប្រាកដ​ទេ​នោះ​ រ​ដ្ឋា​ភិ​បាល​នោះ​តែងតែ​បង្ក​នូវ​អ​ស្ថិរភាព​សង្គម​ អយុត្ដិធម៌​សង្គម​ និង​រមែង​ប្រើ​អំពើ​ផ្ដាច់​ការ​ក្នុង​ការ​គ្រប់គ្រង​អំណាច​របស់​ខ្លួន​ ។​ ​ដូច​គ្នា​នេះ​ ប្រសិនបើ​គណបក្ស​នយោបាយ​ឈ្នះ​ឆ្នោត​ដោយសារ​តែ​មានការ​ប៉ិន​ប្រសប់​ក្នុង​ការ​ឃោសនា​ បញ្ឆោត​ បោកប្រាស់​ ឬ​ដោយ​ការ​ទិញ​ដូរ​សន្លឹក​ឆ្នោត​ ឬ​ដោយ​ការ​គំរាមកំហែង​ ឬ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ជឿ​លង់​ ខ្វះ​ការ​ពិ​ចា​ណារ​ដិត​ដល់​ ឬ​មានការ​ភ័យ​ខ្លាច​យល់ព្រម​បោះ​ឆ្នោត​ឱ្យ​នោះ​ គឺ​គណបក្ស​នយោបាយ​ដែល​ឈ្នះ​ឆ្នោត​នោះ​ក៏​មិន​អាច​ដឹកនាំ​រដ្ឋាភិបាល​ធ្វើ​ឱ្យ​មាន​ស្ថិរភាព​សង្គម​ និង​យុត្ដិធម៌​សង្គម​បាន​ដែរ​ ។​

លើស​ពី​នេះ​ទៀត​ សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​ យើង​បើ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ជ្រើសរើស​បាន​រាជរដ្ឋាភិបាល​ប្រភេទ​នោះ​ នឹង​អាច​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រង​ទុក្ខវេទនា​អស់​មួយ​អាណត្ដិ​ (៥​ឆ្នាំ​)​ឬ​អាច​អស់​មួយ​ជីវិត​ផង​ក៏​ថា​បាន​ ។​

​ក្រៅ​អំពី​គណបក្ស​នយោបាយ​តូចៗ​ដែល​មាន​និន្នាការ​នយោបាយ​ដង្ហែ​ ឬ​គាំទ្រ​គណបក្ស​នយោបាយ​ធំៗ​នៅ​កម្ពុជា​ គឺ​មាន​តែ​គណបក្ស​នយោបាយ​ធំ​ពីរ​ប៉ុណ្ណោះ​ដែល​លេចធ្លោ​សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ជ្រើស​ស​រើស​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ដ្រ​អាណត្ដិ​ទី​៥​ខាង​មុខ​ ជា​អាទិ៍​ គណបក្ស​ប្រជាជន​កម្ពុជា​ជា​គណ​បក្សនយោបាយ​កាន់​អំណាច​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​(​គណបក្ស​នយោបាយ​ថ្មី​កើត​ចេញពី​ការ​រួបរួម​គ្នា​រវាង​គណបក្ស​សម​ រ​ង្ស៊ី​ និង​គណបក្ស​សិទ្ធិ​មនុស្ស​ )​ ។​

​នា​ឆ្នាំ​ចាស់​ ឆ្នាំរោង​ ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៤​នៃ​រដ្ឋសភា​ដែល​មាន​សម្ដេច​អគ្គ​មហា​សនា​បតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​ប្រមុខ​ បាន​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មា​ការ​អភិវឌ្ឍ​ច្រើន​ មាន​ស្ថិរភាព​នយោបាយ​ និង​សន្ដិភាព​ពេញ​បរិបូណ៌​ ព្រមទាំង​មានការ​កែទម្រង់​ ជា​ពិសេស​លើ​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​ស្ដី​ពី​ការ​ផ្ដល់​សេវា​សាធារណៈ​(Policy on public service delivery​)​។​ ទន្ទឹម​នឹង​នេះ​ក៏​នៅ​មាន​បញ្ហា​ប្រឈម​ និង​ការ​ខ្វះខាត​មួយ​ចំនួន​ទៀត​ដែល​រាជរដ្ឋាភិបាល​ ត្រូវ​ធ្វើការ​កែទម្រង់​បន្ដ​ និង​ធ្វើការ​ដោះស្រាយ​ គឺ​ប្រព័ន្ធ​តុលាការ​នៅ​ទន់ខ្សោយ​ ការ​ប្រកាន់​បក្ខពួក​និយម​ ការ​រើសអើង​គណបក្ស​នយោបាយ​ ការ​រើសអើង​សហជីព​និង​សមាគម​ ការ​ដោះស្រាយ​រឿង​ក្ដី​មាន​លក្ខណៈ​ កេង​ចំណេញ​ខាង​នយោបាយ​ច្រើន​ជាង​ការ​ប្រកាន់​លើ​គោលការណ៍​ ច្បាប់​ ព្រមទាំង​បញ្ហា​ដោះស្រាយ​ជាមួយ​ប្រទេស​ថៃ​ក្នុង​រឿង​បូ​រណ​ភាព​ទឹកដី​ ជា​ពិសេស​លើ​ករណី​ប្រាសាទព្រះវិហារ​…​។​

​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ ឆ្នាំម្សាញ់​ បញ្ច​ស័ក​ ដែល​នឹង​ចូល​មក​ដល់​នៅ​ពេល​ខាង​មុខ​ឆាប់ៗ​នេះ​ សូម​សំណូមពរ​ចំពោះ​ថ្នាក់ដឹកនាំ​ស្ថាប័ន​ជាតិ​ ព្រះ​មេត្ដា​ និង​មេត្ដា​ប្រព្រឹត្ដ​ និង​គោរព​តាម​រដ្ឋធម្មនុញ្ញ​ និង​ច្បាប់​ទាំង​ឡាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ដូច​បាន​ធ្វើ​សច្ចា​ប្រ​ណិ​ធាន​រួច​ហើយ​មុន​ចូល​គ្រង​រាជសម្បត្ដិ​ និង​មុន​ចូល​កាន់​មុខ​តំណែង​ ជា​ពិសេស​សំណូមពរ​ចំពោះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​នាយ​ឧត្ដម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ មេត្ដា​ខិតខំ​ខ្នះខ្នែង​ឱ្យ​អស់ពី​កម្លាំងកាយ​ កម្លាំងចិត្ដ​ ដកស្រង់​យក​បទ​ពិសោធន៍​ពី​ឆ្នាំ​ចាស់​ នាំ​មក​នូវ​រូបមន្ដ​ជា​គន្លឹះ​ថ្មីៗ​ល្អៗ​ ដើម្បី​ដឹកនាំ​កសាង​ប្រទេស​ឱ្យ​ទទួល​បាន​ជោគជ័យ​ថ្មី​ អភិវឌ្ឍន៍​ថ្មី​ និង​ការ​គោរព​ច្បាប់​​ បម្រើ​ដល់​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ ។​

​សូម​បួងសួង​ចំពោះ​ទេវធីតា​ឆ្នាំ​ថ្មី​ ឆ្នាំម្សាញ់​ បញ្ច​ស័ក​ ពុទ្ធសករាជ​ ២៥៥៧​ គ្រឹ​ស្ដ​សករាជ​២០១៣​ ព្រះ​នាម​ ធុ​ង្សៈ​ទេវី​ ជួយ​ប្រសិទ្ធិ៍​ពរ​ជ័យ​ និង​ទាញអារម្មណ៍​ដល់​ថ្នាក់ដឹកនាំ​ស្ថាប័ន​ជាតិ​ និង​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ឱ្យ​លះបង់​ចិត្ដជា​អកុសល​ ដូច​ជា​ការ​ច្រណែន​ និន្ទាឈ្នានីស​ កាច់​ផ្ដួល​ ចាក់រុក​ ឆ្កឹះឆ្កៀល​ ពុក​រលួយ​ កាប់សម្លាប់​ បាញ់ប្រហារ​ ប្រមាថ​ …​ឱ្យ​បាន​ជ្រះស្រឡះ​ ដើម្បី​សន្សំ​ចិត្ដជា​កុសល​ទទួល​បាន​នូវ​សិរី​សួស្ដី​ សុភមង្គល​ វិបុល​សុខ​គ្រប់​ប្រការ​តរៀង​ទៅ​ នៅ​លើ​ទឹកដី​អង្គរ​ដ៏​បវរ​ ប្រកបដោយ​កិត្យានុភាព​ ស័ក្ដិ​សមជា​នីតិរដ្ឋ​ពិតប្រាកដ​ ។​ លើស​ពី​នេះ​ សូម​បួងសួង​ទេវធីតា​ឆ្នាំ​ថ្មី​ជួយ​តម្រង់ផ្លូវ​ តម្រង់​ចិត្ដគំនិត​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​ឆ្នោត​បោះ​ឆ្នោត​ត្រូវ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ដ្រ​នីតិកាល​ទី​៥​នៅ​ពេល​ខាង​មុខ​ ដើម្បី​ជ្រើសរើស​បាន​អ្នកតំណាង​របស់​ខ្លួន​ ឬ​ថ្នាក់ដឹកនាំ​ប្រទេស​របស់​ខ្លួន​ជា​ប្រភេទ​ថ្នាក់ដឹកនាំ​ល្អ​ (Good Leader)​​​ ៕

Filed in: Feature, ទស្សនៈនយោបាយ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.