ថ្ងៃ សុក្រ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០២១

​ទំនងជា​ពិបាកទៅ​រួច​ដែល​ឱ្យ​គណៈមេធាវី​កម្ពុជា​មិន​ទទួល​ឥទ្ធិពល​ពី​អ្នកនយោបាយ​ឬ​ពី​អ្នកមាន​អំណាច​

​មាត្រា​១,​មាត្រា​៨,​មាត្រា​៩​ និង​មាត្រា​១៣​នៃ​ច្បាប់​ស្ដី​ពី​លក្ខន្ដិកៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចែង​ថា​ “​វិជ្ជាជីវៈ​មេធាវី​ ជា​វិជ្ជាជីវៈ​ឯករាជ្យ​ និង​សេរី​ ដែល​ចូលរួម​បម្រើ​វិស័យ​យុត្ដិធម៌​ ។​ វិជ្ជា​ជីវៈ​មេធាវី​ប្រព្រឹត្ដ​ទៅ​បាន​តែ​ក្នុង​ក្របខ័ណ្ឌ​នៃ​គណៈមេធាវី​។​ គណៈ​ មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជា​អង្គការ​ប្រមូលផ្ដុំ​មេធាវី​ទាំងអស់​ ដែល​តាំង​ការិយាល័យ​នៅ​ក្នុង​ព្រះ​ រាជាណាចក្រ​កម្ពុជា​ ។​ មេធាវី​ ម្នាក់ៗ​ត្រូវជា​សមាជិក​ពេញ​សិទ្ធិ​ នៃ​គណៈមេធាវី​ក្រោយ​ពី​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​គណៈមេធាវី​ ។​ គណៈ​មេធាវី​ត្រូវ​បាន​ដឹកនាំ​ដោយ​ប្រធាន​មួយ​រូប​ និង​គ្រប់គ្រង​ដោយ​ក្រុម​ប្រឹក្សា​គណៈមេធាវី​ ។​…​គណៈ​មេធាវី​មិន​ឋិត​នៅ​ក្រោម​គណបក្ស​នយោបាយ​ណាមួយ​ ឬ​អង្គការ​សាសនា​ណាមួយ ​ឬ​អង្គការ​នានា​ ផ្សេង​ទៀត​ឡើយ​ ។​…”​ ។​

ដូច្នេះ​ បើ​អនុលោម​តាម​ច្បាប់​ស្ដី​ពី​លក្ខន្ដិកៈ​មេធាវី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ គឺ​គណៈមេធាវី​ មិន​ត្រូវ​ទទួល​ឥទ្ធិពល​ពី​គណបក្ស​នយោបាយ​ណាមួយ ឬ​ពី​អ្នក​ន​យោ​បាយ​ណាមួយ​ ឬ​ពី​អ្នកមាន​អំណាច​ណាមួយ​ ឬ​ពី​សាសនា​ណាមួយ​ ឬ​ពី​អង្គការ​ផ្សេង​ទៀត​ឡើយ​ ។​

​ទំនងជា​បាន​សង្កេត​ឃើញ​ថា​ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន​កំពុង​ទទួល​រង​ឥទ្ធិ​ពល​ពី​អ្នកនយោបាយ​ឬ​ពី​អ្នកមាន​អំណាច​ណាមួយ​ហើយ​ ទើប​លោក​មេធាវី​ ជេ​ម​ ហ៊ី​ណា​ន​ (James​​ He​enan)​ជាម​ន្ដ្រី​តំណាង​កា​រិ​យា​ល័យ​ឧត្ដមស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ក្នុង​ពិធី​ផ្សព្វផ្សាយ​ក្រម​សីលធម៌​មេធាវី​ថ្មី​ឆ្នាំ​២០១២​នៅ​សណ្ឋាគារ​ឡឺ​រ៉ូ​យ៉ា​ល់​ (Le Royal Hotel)​​​ កាលពី​ថ្ងៃ​ទី​០៥​ខែមេសា​ឆ្នាំ​ ២០១៣​ បាន​ធ្វើការ​ក្រើនរម្លឹក​ គណៈមេធាវី​កម្ពុជា​ថា​ មិន​ត្រូវ​ទទួល​ឥទ្ធិពល​ពី​អ្នកនយោបាយ​ ឬ​ពី​អ្នកមាន​អំណាច​នោះ​ទេ​ ។​

​ចូរ​ក្រឡេក​ទៅ​មើល​គណៈ​មេធាវី​កម្ពុជា​សព្វថ្ងៃ​នេះ​គឺ​ឯកឧត្ដម​មេធាវី​ ប៊ុ​ន​ ហុ​ន​ជា​ប្រធាន​គណៈ​មេធាវី​ និង​មាន​តួនាទី​មួយទៀត​ ជា​សមាជិក​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​(​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២០៩/​ ១៥១​ចុះ​ថ្ងៃ​ទី​០៧​ខែកុម្ភៈ​ឆ្នាំ​២០០៩)​ ដែល​ស្ថាប័ន​នេះ​មាន​ឯកឧត្ដម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ឧបនាយក​រដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​ជា​ប្រធាន​ ។​ ​

រីឯ​សមាជិក​ក្រុមប្រឹក្សា​គណៈ​មេធាវី​មួយ​ចំនួន​ត្រូវ​បាន​តែងតាំង​ជា​សមាជិក​បម្រុង​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ ដូច​ជា​ឯកឧត្ដម​មេធាវី​ លី​ ច័ន្ទ​តុលា​ (​មាន​ឋានៈ​ស្មើ​អគ្គនាយក​)​តែងតាំង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​ ដូច​ជា​ឯកឧត្ដម​មេធាវី​សុក​ ស៊ី​ផា​ន់​ណា​ (​មាន​ឋានៈ​ស្មើ​រដ្ឋមន្ដ្រី​)​តែងតាំង​ជា​មេធាវី​រាជរដ្ឋាភិបាល​ ដូច​ជា​ ឯកឧត្ដម​មេធាវី​ សួង​ ចាន់​ថន​ (​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​)​ ឯកឧត្ដម​មេធាវី​ឡុ​ង​ ដា​រ៉ា​ (​មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​)…​។

​ការ​កត់សម្គាល់​បាន​បង្ហាញ​ថា​ ជា​ប្រពៃណី​ច្រើន​ឆ្នាំ​មក​ហើយ​ គឺ​ប្រធាន​គណៈមេធាវី​ និង​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​មួយ​ចំនួន​ ឬ​ភាគច្រើន​ត្រូវ​បាន​តែងតាំង​ឱ្យ​មាន​ងារ​ជា​“​ឯកឧត្ដម​” ​ដែល​មាន​ការ​ពាក់ព័ន្ធ​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​ស្ថាប័ន​នយោបាយ​ ។​ លើស​ពី​នេះ​ នៅ​មាន​មេធាវី​មួយ​ចំនួន​ទៀត​ដែល​ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​គណៈ​មេធាវី​ក្ដី​ និង​ជា​សមាជិក​គណៈ​មេធាវី​សាមញ្ញ​ក្ដី​ត្រូវ​បាន​តែងតាំង​ ឱ្យ​មាន​ងារ​ជា​“​ឯកឧត្ដម​”​និង​មាន​ សកម្មភាព​ចុះ​ពង្រឹង​គណបក្ស​នៅ​មូលដ្ឋាន​យ៉ាង​សកម្ម​ ហើយ​ក៏​ទទួល​បាន​ឥទ្ធិពល​ពី​គណបក្ស​នយោបាយ​ រៀងៗ​ខ្លួន​ ។​

​ថ្វី​ដ្បិត​មុខ​តំណែង​និង​ងារ​ជា​ “​ឯកឧត្ដម​”​ដ៏​ឧត្ដុង្គឧត្ដម​នោះ​ជា​ ករណី​បុគ្គល​ផ្ទាល់ខ្លួន​ក្ដី ​តែ​បុគ្គល​ទាំងនោះ​មានមុខ​តំណែង​នៅ​ក្នុង​គណៈមេធាវី​ ជា​អាទិ៍​ ប្រធាន​គណៈមេធាវី​ សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​ និង​ជា​មេធាវី​កំពុង​ប្រកប​វិជ្ជាជីវៈ​ ដូចនេះ​ចង់​ឬ​មិន​ចង់​ វា​ត្រូវ​តែ​មានការ​ពាក់ព័ន្ធ​នឹង​កិច្ចការ​របស់​គណៈមេធាវី​ ព្រោះ​ គណៈមេធាវី​ដឹកនាំ​និង​គ្រប់គ្រង​ដោយ​មនុស្ស​ជា​មេធាវី​ ។​ ម្យ៉ាង​ទៀត​ ការ​តែងតាំង​មុខ​តំណែង​ មាន​ងារ​ជា​“​ឯកឧត្ដម​”​ឱ្យ​មេធាវី​ និង​សកម្មភាព​ប្រកប​វិជ្ជាជីវៈ​មេធាវី​ នៅ​ស្ថាប័ន​តុលាការ​បច្ចុប្បន្ន​ គឺ​បាន​បង្ហាញ​ថា​ មានការ​រើសអើង​យ៉ាង​ខ្លាំង​ ព្រោះ​មន្ដ្រី​តុលាការ​ខិលខូច​តែង​ត្រូវការ​ក្រុម​មេធាវី​ជា​បក្ខពួក​គ្នា​គេ​ងាយស្រួល​ធ្វើ​ការ​ជាមួយ​គ្នា​ ពុក​រលួយ​ជាមួយ​គ្នា​ រំលោភ​បំពាន​នីតិវិធី​ច្បាប់​ និង​វិជ្ជា​ជីវៈ​ ក្រមសីលធម៌​ជាមួយ​គ្នា​ ទើប​គ្មាន​នរណា​ដឹង​ (Sic!)​ ។​

​សរុបសេចក្ដី​មក​ ឋិត​នៅ​ក្នុង​ស្ថានភាព​ការ​គ្រប់គ្រង​និង​ដឹកនាំប្រទេស​នា​ពេល​បច្ចុប្បន្ន​នេះ​ គឺ​ទំនងជា​ពិបាកទៅ​រួច​ដែល​ឱ្យ​គណៈ​មេធាវី​កម្ពុជា​មិន​ទទួល​ឥទ្ធិពល​ពី​អ្នកនយោបាយ​ឬ​ពី​អ្នកមាន​អំណាច​ ពីព្រោះ​សមាជិក​គណៈមេធាវី​មួយ​ចំនួន​ដែល​កំពុង​មាន​ឥទ្ធិពល​ពី​គណបក្ស​នយោបាយ​ទៅ​ហើយ​នោះ​ បាន​ស្ម័គ្រចិត្ដ​ឥត​ងាករេ​ ដង្ហែ​តាម​អ្នកនយោបាយ​ និង​បក្ខពួក​​ ៕

Bun-Hon

ឯកឧត្តមមេធាវី ប៊ុន ហុន ប្រធានគណៈមេធាវី

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.