លោកសែម សុវណ្ណដេត អាយុ៥៦ឆ្នាំអតីតនាយកប្រតិបត្ដិស្ថានីយ៍ទូរទស្សន៍ វិទ្យុអាស៊ីអាគ្នេយ៍ និងជា ពាណិជ្ជករសញ្ជាតិពីរ(ខ្មែរ-អាមេរិក)ម្នាក់ដែលមានឧបនិស្ស័យក្នុងការដឹកនាំលើវិស័យសិល្បៈ បានទទួលរងការចោទប្រកាន់និងផ្ដន្ទាទោសដាក់ពន្ធនាគារចំនួនពីរបទល្មើសទាំងមិនសមទំនង គឺ ៖
I-បទរំលោភលើសេចក្ដីទុកចិត្ដ ៖ ប្រព្រឹត្ដនៅរាជធានីភ្នំពេញនាអំឡុងឆ្នាំ២០០៧-២០០៩ ក្រោមទម្ងន់នៃបណ្ដឹងចោទប្រកាន់ចុះថ្ងៃទី០៧ខែតុលាឆ្នាំ២០០៩ របស់ឯកឧត្ដមបណ្ឌិត កៅ គឹមហួន រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្ដិការអន្ដរជាតិ ជាទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើរដ្ឋមន្ដ្រី ជាអនុប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធាន CEOនៃស្ថានីយ៍ទូរទស្សន៍ វិទ្យុអាស៊ីអាគ្នេយ៍ ។
ក្នុងសាច់រឿងទំនាស់ផ្ទៃក្នុង រវាងឯកឧត្ដមកៅ គឹមហួន និងលោកសែម សុវណ្ណដេត ដែលប្រើប្រាស់លុយកាក់របស់ជប៉ុននេះ គឺលោកសែម សុវណ្ណដេតត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទរំលោភលើសេចក្ដីទុកចិត្ដនិងឃុំខ្លួនបណ្ដោះអាសន្នដាក់ពន្ធនាគារនាថ្ងៃទី១៤ ខែតុលាឆ្នាំ២០០៩ ។ ក្រោយមក ស្ថាប័នតុលាការ ទាំងបីថ្នាក់ចាប់ពីសាលាដំបូងរាជធានីភ្នំពេញ សាលាឧទ្ធរណ៍ រហូតដល់តុលាការកំពូល បានវិនិច្ឆ័យសេចក្ដីផ្ដន្ទាទោសលោក សែម សុវណ្ណដេត ដាក់ពន្ធនាគារចំនួន៣ឆ្នាំ០៦ខែ ពីបទរំលោភលើសេចក្ដីទុកចិត្ដ និងបង្គាប់ឱ្យលោក សែម សុវណ្ណដេត សងសំណង ឱ្យទៅឯកឧត្ដមកៅ គឹមហួន ជា ដើមបណ្ដឹងរដ្ឋប្បវេណីជាទឹកប្រាក់ចំនួន៤.៩៩០.២៦២ដុល្លារអាមេរិក (ចោទប្រាក់កិបកេងចំនួន៤.៧៤០. ២៦២ដុល្លារអាមេរិក និងប្រាក់ជំងឺចិត្ដចំនួន២៥០.០០០ដុល្លារអាមេរិក) តាមអំណាចសាលដីកាព្រហ្មទណ្ឌ លេខ២០៩ ចុះថ្ងៃទី០៤ខែវិច្ឆិកាឆ្នាំ ២០១១ របស់តុលាការកំពូល ។
តាមឯកសារជាព័ស្ដុតាងដែលមេធាវីការពារក្ដីឱ្យលោកសែម សុវណ្ណដេត រៀបចំដើម្បីដោះបន្ទុកជូនលោកសែម សុវណ្ណដេតនៅតុលាការកំពូលដែលអាចយកជាការបាន តែមិនត្រូវបានតុលាការកំពូលពិចារណានោះ គឺបាន បង្ហាញថា ទឹកប្រាក់លម្អៀងក្នុងការអនុវត្ដគម្រោងសាងសង់និង បំពាក់សម្ភារៈឧបករណ៍ឱ្យស្ថានីយ៍ទូរទស្សន៍ វិទ្យុអាស៊ីគ្នេយ៍ជាបឋម អនុវត្ដន៍ដោយលោក សែម សុវណ្ណដេត មានចំនួនត្រឹម ១.៧២៦.២៩៣ដុល្លារអាមេរិក ប៉ុណ្ណោះ ពីព្រោះវិក្កយបត្រមួយចំនួនត្រូវបានបាត់បង់ ខណៈពេលលោកសែម សុវណ្ណដេត ជាប់ឃុំខ្លួនក្នុងពន្ធនាគារ ។ ឥឡូវ ទ្រព្យសម្បត្ដិទាំងអស់ ដែលជាញើសឈាមរបស់លោក សែម សុវណ្ណដេតមានតាំងពីមុនស្គាល់ឯកឧត្ដមកៅ គឹមហួន ត្រូវបានតុលាការរឹបអូសលក់ឡាយឡុងយកទៅសងបំណុលឱ្យឯកឧត្ដម កៅ គឹមហួនរលីងរលាត់ហើយៗ នៅជំពាក់ជាច្រើនលានដុល្លារអាមេរិកទៀត មិនដឹងឆ្នាំណាសងរួច ឬទាល់តែចាស់ជរាក៏មិនដឹង។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនិងអ្នកតាមដានសំណុំរឿងក្ដីរវាង ឯកឧត្ដមកៅ គឹមហួន និងលោក សែម សុវណ្ណដេត តាំងពីដើមទីមក បានលើកឡើងថា រឿងក្ដីនេះមានភាពមិនប្រក្រតីនិងមានចំណុចគួរឱ្យសង្ស័យយ៉ាងច្រើន ជាអាទិ៍៖
១-ឯកឧត្ដមកៅ គឹមហួន ជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ ពោលគឺជាសមាជិករាជរដ្ឋាភិបាល ចុះហេតុអ្វី ឯកឧត្ដមរូបនេះអាចធ្វើជាអនុប្រធានក្រុមប្រឹក្សាភិបាលស្ថានីយ៍ទូរទស្សន៍វិទ្យុអាស៊ីអាគ្នេយ៍ និងជាប្រធានសាកលវិទ្យាល័យកម្ពុជាទៅកើត ? ឬជាការប្រព្រឺត្ដខុសច្បាប់ទាំងស្រុង ?
២-អាជ្ញាប័ណ្ណទូរទស្សន៍ វិទ្យុអាស៊ីអាគ្នេយ៍ជារបស់លោកសែម សុវណ្ណដេត ហើយយកមកប្រើប្រាស់រួមដៃគ្នាជាមួយឯកឧត្ដមកៅ គឹមហួន ដើម្បីសាងសង់ស្ថានីយ៍ទូរទស្សន៍ វិទ្យុអាស៊ីអាគ្នេយ៍ ប្រើលុយកាក់របស់ជប៉ុន ហើយឯកឧត្ដមកៅ គឹមហួន ជាអ្នកទំនាក់ទំនងផ្ទាល់ជាមួយខាងភាគីជប៉ុនក្នុងរឿងលុយកាក់ ដូច្នេះបើចោទថា លោកសែម សុវណ្ណដេត មានចេតនាកិបកេងលុយកាក់ជាប្រយោជន៍ផ្ទាល់ខ្លួនធ្វើឱ្យស្ថានីយ៍ ទូរទស្សន៍ វិទ្យុអាស៊ីអាគ្នេយ៍ដួលរលំដូចជាពិបាកជឿ ។ ម្យ៉ាងទៀត លោកសែម សុវណ្ណដេត ក៏មិនអាចមានថ្លើមធំពាសមេឃហ៊ានបន្លំលុយកាក់ដល់ថ្នាក់វាល់លានដុល្លារអាមេរិក ជាមួយឯកឧត្ដម កៅ គឹមហួន ជាទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្ដ្រីកើតដែរ ។
៣-បើចង់ដឹងថា លោកសែម សុវណ្ណដេត កិបកេងលុយកាក់ ចុះហេតុអ្វីឯកឧត្ដមកៅ គឹមហួន មិនរង់ចាំឱ្យលោកសែម សុវណ្ណ ដេត អនុវត្ដន៍គម្រោងបានចប់សព្វគ្រប់សិន រួចហើយសឹមប្រជុំក្រុមប្រឹក្សាភិបាលត្រួតពិនិត្យបញ្ជីស្នាមលុយកាក់មើលឱ្យឃើញការពិត បែរជាប្រញាប់ប្ដឹងនិងចាប់លោក សែម សុវណ្ណដេត យកទៅដាក់គុកទៅវិញ ?
៤-ឯកឧត្ដមកៅ គឹមហួន ដំបូងប្ដឹងលោកសែម សុវណ្ណដេត ចោទថា កិបកេងលុយជាង៧លានដុល្លារអាមេរិក ក្រោយមកទទួលស្គាល់ថា កិបកេងលុយជាង៤លានដុល្លារអាមេរិកវិញ តែយោងតាមឯកសារព័ស្ដុតាងដោះបន្ទុកបញ្ជាក់ថា ប្រាក់លម្អៀងបឋមត្រឹមជាង១ លានដុល្លារអាមេរិកប៉ុណ្ណោះ ដូច្នេះ បណ្ដឹងរបស់ឯកឧត្ដមកៅ គឹមហួន បង្កប់ដោយភាពមិនប្រក្រតី ។
៥-ស្ថាប័នតុលាការទាំងបីថ្នាក់ មិនបានចាត់នីតិវិធីឱ្យមានក្រុមហ៊ុនសវនកម្មឯករាជ្យចុះត្រួតពិនិត្យបញ្ជីស្នាមទាក់ទងនឹងការអនុវត្ដគម្រោងផ្ទាល់តាមសំណើរបស់លោកសែម សុវណ្ណដេត ដើម្បីឱ្យដឹងការពិតទេ បែរជាប្រញាប់កាត់ក្ដី“ចាក់ពុម្ព”តៗគ្នាសម្រេចដាក់គុកនិងឱ្យលោក សែម សុវណ្ណដេត សងលុយឱ្យទៅឯកឧត្ដម កៅ គឹមហួន រហូតដល់ជិត៥ លានដុល្លារអាមេរិកទៅវិញ ។ សរុបសេចក្ដីមក នៅក្នុងរឿងទំនាស់ផ្ទៃក្នុងទុកជាមេរៀនជីវិតនេះ គឺលោកសែម សុវណ្ណដេត អស់ទាំងទ្រព្យសម្បត្ដិ អស់ទាំងកិត្ដិយស អស់ទាំងសុខភាព-ពេលវេលា អស់ទាំងអាជ្ញាប័ណ្ណទូរទស្សន៍ វិទ្យុអាស៊ីអាគ្នេយ៍និងខ្លួនជាប់គុកមកទល់បច្ចុប្បន្នថែមទៀត ។
II-បទអំពើប៉ះពាល់កម្មសិទ្ធិ នៃទ្រព្យសម្បត្ដិសាធារណៈនិង អំពើកាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុំព័ទ្ធកាប់កាប់ដីព្រៃ ៖ ប្រព្រឹត្ដនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្ដកំពត នាអំឡុងឆ្នាំ២០០៥ ក្រោមទម្ងន់នៃបណ្ដឹងចោទប្រកាន់របស់អាជ្ញាធររដ្ឋបាលព្រៃឈើ និងការសើរើ ចោទប្រកាន់ឡើងវិញរបស់តំណាងអយ្យការអមសាលាដំបូងខេត្ដកំពត។ ដំណើររឿងទាក់ទិននឹងដីធ្លីនេះមានដូចតទៅ ៖
អំឡុងឆ្នាំ២០០៤- ២០០៥ លោកសែម សុវណ្ណដេត បានប្រមូលទិញដីធ្លីចំនួនប្រមាណ៤០០ហិកតាពីប្រជាជនចំនួន៨០គ្រួសារ ឋិតនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង (ឃុំបង្កើតថ្មីនាឆ្នាំ២០០១)ស្រុកឈូក ខេត្ដកំពត ដោយមានការទទួលស្គាល់ដឹងឮពី អាជ្ញាធរមូលដ្ឋានរហូតដល់អាជ្ញាធរខេត្ដកំពត ។ ជាមួយគ្នានេះ ក្នុងនាមជាម្ចាស់ក្រុមហ៊ុនឯកជនមួយឈ្មោះ អភិវឌ្ឍន៍កសិកម្ម កំពត លោកសែម សុវណ្ណដេត ក៏បានដាក់ពាក្យសុំអនុញ្ញាតឈូសឆាយដីធ្លីដែលទិញបាននោះទៅអាជ្ញាធរខេត្ដកំពត រហូតទទួលបានការឯកភាពពីអាជ្ញាធរខេត្ដកំពតត្រឹមត្រូវ ។ ដោយមានរឿងរ៉ាវទាក់ទងនឹងដីធ្លីនេះ នៅអំឡុងឆ្នាំ២០០៦ អាជ្ញាធរខេត្ដកំពតបានដកហូតដីធ្លីទាំងអស់ពីក្រុមហ៊ុនលោក សែម សុវណ្ណដេតទុកជាសម្បត្ដិរដ្ឋវិញ។ លើសពីនេះ តំណាងអយ្យការអមសាលាដំបូងខេត្ដកំពតបានចោទប្រកាន់លោកសែម សុវណ្ណដេត ពីបទអំពើប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្ដិសាធារណៈ និងអំពើកាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុំព័ទ្ធកាន់កាប់ដីព្រៃ ប្រព្រឹត្ដនៅអំឡុងឆ្នាំ២០០៥ ។ ប៉ុន្ដែបន្ទាប់ពីបាន អង្កេតស្រាវជ្រាវប្រមូលព័ស្ដុតាង និងពិនិត្យសំណុំរឿងក្ដីចប់សព្វគ្រប់រួចមក ចៅក្រមស៊ើបសួរសាលាដំបូងខេត្ដកំពតបានសម្រេចលើកលែងការចោទប្រកាន់លើលោក សែម សុវណ្ណដេត វិញ ដោយដីកាសម្រេចលើកលែងចោទប្រកាន់ លេខ២៩២ចុះថ្ងៃទី២៨ខែធ្នូឆ្នាំ ២០០៦ ហើយដីកាសម្រេចនេះ មិនមានភាគីពាក់ព័ន្ធណាមួយប្ដឹងជំទាស់ទេ ។ ទើបនៅថ្ងៃទី១១ខែធ្នូឆ្នាំ២០០៩ (រយៈពេល៣ឆ្នាំក្រោយមក)តំណាងអយ្យការអមសាលាដំបូងខេត្ដកំពត បានគាស់កកាយសើរើចោទប្រកាន់លើលោកសែម សុវណ្ណដេត សាជាថ្មី ពីបទអំពើប៉ះពាល់កម្មសិទ្ធិ នៃទ្រព្យសម្បត្ដិសាធារណៈ និង អំពើកាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុំព័ទ្ធកាន់កាប់ដីព្រៃ ប្រព្រឹត្ដនៅ ភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្ដកំពត កាលពីអំឡុងឆ្នាំ២០០៥ ដែលជាបទល្មើសដដែល អង្គហេតុដដែលនិងទីតាំងដដែល។ ចៅក្រមស៊ើបសួរសាលាដំបូងខេត្ដកំពតក៏បានសម្រេចឃុំខ្លួនលោក សែម សុវណ្ណដេត ក្នុងរឿងចោទប្រកាន់នេះនៅថ្ងៃទី១៥ខែធ្នូឆ្នាំ ២០០៩ ។
ការនឹកឃើញសើរើរឿងក្ដីលោកសែម សុវណ្ណដេត ពាក់ព័ន្ធនឹងករណីដីធ្លីនៅខេត្ដកំពតរបស់តុលាការខេត្ដកំពតនេះ គឺបន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើចំណារ ចុះថ្ងៃទី០៣ខែធ្នូឆ្នាំ២០០៩អនុញ្ញាតឱ្យលោកសែម សុវណ្ណដេត បាននៅក្រៅឃុំបណ្ដោះអាសន្នក្នុង សំណុំរឿងទំនាស់ផ្ទៃក្នុងរវាង ឯកឧត្ដមកៅ គឹមហួន និងលោក សែម សុវណ្ណដេត នៅរាជធានីភ្នំពេញ ប៉ុន្ដែមិនទាន់បានចេញពីគុកផង មានបណ្ដាញមន្ដ្រីមួយចំនួនបានរត់ទៅរាយការណ៍និងផ្ដល់យោបល់ជូនសម្ដេចនាយក រដ្ឋមន្ដ្រីទប់ស្កាត់កុំឱ្យលោកសែម សុវណ្ណដេត បាននៅក្រៅឃុំ ទើប សម្ដេចនាយករដ្ឋមន្ដ្រីធ្វើចំណារ សាជាថ្មីចុះថ្ងៃទី១០ខែធ្នូឆ្នាំ២០០៩ (ជាថ្ងៃឈប់សម្រាកទិវាសិទ្ធិមនុស្ស អន្ដរជាតិ)មិនអនុញ្ញាតឱ្យលោក សែម សុវណ្ណដេត បាននៅក្រៅឃុំវិញ ហើយបានបង្គាប់ឱ្យស្រាវជ្រាវរឿងរ៉ាវដីធ្លីនៅខេត្ដកំពត ដែលលោកសែម សុវណ្ណដេត បានប្រព្រឹត្ដពីពេលមុន ។ មានមន្ដ្រីបញ្ជូនដំណឹងអំពីការសម្រេចរបស់សម្ដេចនាយករដ្ឋមន្ដ្រីទៅតុលាការខេត្ដកំពតជាបន្ទាន់ ទើបខណៈដែលស.ជ.ណទីស្ដីការគណៈរដ្ឋមន្ដ្រី និងលិខិតរបស់ក្រសួងយុត្ដិធម៌មិនទាន់បានចេញផង(ស.ជ.ណទីស្ដីការគណៈរដ្ឋមន្ដ្រី ចេញថ្ងៃទី១៥ខែធ្នូឆ្នាំ២០០៩ និងលិខិតរបស់ក្រសួងយុត្ដិធម៌ចេញ នៅថ្ងៃទី១៦ខែធ្នូឆ្នាំ២០០៩)តំណាងអយ្យការអមសាលាដំបូងខេត្ដកំពត ចាត់ការសំណុំរឿងក្ដីលោកសែម សុវណ្ណដេត រួចជាស្រេចកាលពី ថ្ងៃទី១១ខែធ្នូឆ្នាំ២០០៩ ។
ចាប់តាំងពីសាលាដំបូងខេត្ដកំពតរហូតមកដល់តុលាការសាលាឧទ្ធរណ៍បានវិនិច្ឆ័យសេចក្ដីចាក់ពុម្ពសម្រេចផ្ដន្ទាទោសលោក សែម សុវណ្ណដេត ដាក់ពន្ធនាគារកំណត់៨ឆ្នាំនិងពិន័យជាប្រាក់ចំនួន២០លានរៀល ពីបទអំពើប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្ដិសាធារណៈ និងអំពើកាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុំព័ទ្ធកាន់កាប់ដីព្រៃប្រព្រឹត្ដនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្ដកំពត កាលពីអំឡុងឆ្នាំ២០០៥ ខណៈដែលដីធ្លី ដែលលោកសែម សុវណ្ណដេត បានទិញពីប្រជាពលរដ្ឋមានរឿងរ៉ាវនោះ ត្រូវបានអាជ្ញាធរខេត្ដកំពតបែងចែក ឱ្យទៅប្រជាជនកាន់កាប់ជាកម្មសិទ្ធិជាសម្បទានសង្គមកិច្ចកាលពីឆ្នាំ២០១០-២០១១អស់ទៅហើយ ។ លុះមកដល់ថ្ងៃទី២០ ខែមីនាឆ្នាំ ២០១៣ តុលាការកំពូលបានបើកសវនាការជំនុំជម្រះនិងប្រកាសសាលដីកានាថ្ងៃទី០៣ខែមេសាឆ្នាំ២០១៣ កន្លងទៅនេះសម្រេចតម្កល់ចាក់ពុម្ពសាលដីកាសាលាឧទ្ធរណ៍ទុកជាបានការដដែល ។
មានន័យថា លោក សែម សុវណ្ណដេត ត្រូវជាប់គុកចំនួន៨ឆ្នាំក្នុងរឿងដីធ្លីនៅខេត្ដកំពតនេះ ខណៈដែលមនុស្សដទៃទៀតទៅទិញដីទីនោះដូចគ្នានឹងលោក សែម សុវណ្ណដេត ដែរ បានរួចខ្លួន និងឯកឧត្ដមពុត ចិន្ដារិទ្ធ អតីតអភិបាលខេត្ដកំពត ជាអ្នកទទួលស្គាល់លើការទិញ លក់ដីរវាងលោក សែម សុវណ្ណដេតនិងប្រជាពលរដ្ឋនិងអនុញ្ញាតឱ្យលោកសែម សុវណ្ណដេត ឈូសឆាយដីក៏បានរួចខ្លួនមិនជាប់គុកច្រវាក់ទល់បច្ចុប្បន្នឡើយ ហើយបានតែងតាំងឱ្យធ្វើជាទីប្រឹក្សារាជរដ្ឋាភិបាលទៀត ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនិងអ្នកតាមដានសំណុំរឿងក្ដីលោក សែម សុវណ្ណដេត តាំងពីដើមរៀងមកបានលើកឡើងថា អនុលោមតាមច្បាប់ភូមិបាល គឺអ្នកទិញដីដោយសុទ្ធចិត្ដដូចករណីលោក សែម សុវណ្ណដេត បើស៊យប៉ះចំដីរដ្ឋដែលប្រជាជនយកមកលក់ឱ្យ ហើយអាជ្ញាដឹងឮនិងអនុញ្ញាតឱ្យធ្វើការឈូសឆាយទៀត គឺមិនត្រូវជាប់គុកច្រវាក់ទេ ពីព្រោះអ្នក លក់ជាអ្នកទទួលខុសត្រូវចំពោះអ្នកទិញ ម្យ៉ាងទៀតអាជ្ញាធរអាចត្រឹមដកហូតយកដីធ្លីពីលោកសែម សុវណ្ណដេត វិញប៉ុណ្ណោះ ប៉ុន្ដែ ចំឡែកចំពោះករណីលោកសែម សុវណ្ណដេត បែរជាជាប់គុកដល់ទៅចំនួន៨ឆ្នាំ ដូចមានគេរៀបចំចង់ឱ្យជាប់គុកអ៊ីចឹង ។ លើសពីនេះទៀត រឿងរ៉ាវដីធ្លីនេះក៏ទំនងដូចជាចប់រួចទៅហើយ ទើបតែឯកឧត្ដមកៅ គឹមហួន ប្ដឹងលោក សែម សុវណ្ណដេត ពីបទរំលោភលើសេចក្ដីទុកចិត្ដ ក៏នាំឱ្យសម្ដេចនាយករដ្ឋមន្ដ្រីនឹកឃើញនិងតុលាការខេត្ដកំពតក៏ចាប់កម្រើកខ្វែងដៃខ្វែងជើងចាត់ការឡើងវិញយ៉ាងក្ដៅគគុកតែម្ដងទៅ ។
សរុបសេចក្ដីមក ក្នុងរឿងដីធ្លីខេត្ដកំពតនេះ គឺសម្រាប់លោក សែម សុវណ្ណដេត លុយកាក់ក៏អស់លើការទិញដី និងការឈូសឆាយដី ព្រមទាំងខ្លួនក៏ជាប់គុកចំនួន៨ឆ្នាំម្នាក់ឯងទៀត ។ ទាំងនេះគឺជារឿងរ៉ាវដ៏អយុត្ដិធម៌បំផុតចំពោះលោក សែម សុវណ្ណដេត បានក្លាយជាតួអង្គម្នាក់ជាប់គុកច្រវាក់ដែលស្ថាប័នតុលាការស្រុកខ្មែរមិនអាចផ្ដល់យុត្ដិធម៌ជូនបានឡើយ ។ ហើយទាំងនេះ ក៏គួរឱ្យសោកស្ដាយបំផុតផងដែរ ចំពោះប្រព័ន្ធច្បាប់និងប្រព័ន្ធតុលាការព្រមទាំងប្រព័ន្ធយុត្ដិធម៌នៅព្រះរាជាណាចក្រកម្ពុជា ៕