សំណុំរឿងវិវាទដីធ្លីទីស្នាក់ការ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទំហំប្រមាណ៤០០ម៉ែត្រក្រឡា បានកើតមានឡើងតាំង ពីអំឡុងដើមឆ្នាំ១៩៩៣ រវាងបុគ្គលម្នាក់ឈ្មោះ កែវ ជីន និងអាជ្ញាធរភូមិជម្ពូវ័ន តំណាងដោយលោក ជៀម វិនអតីតជាមេភូមិជម្ពូវ័ន ។
បន្ទាប់ពីក្ដីក្ដាំគ្នានៅស្ថាប័នតុលាការទាំងបីថ្នាក់អស់រយៈពេលជាង១២ឆ្នាំរួចមក ទើបនៅទីបំផុត តុលាការកំពូលដែលមានចៅក្រមជំនុំជម្រះរហូតដល់ចំនួន៩រូបបានវិនិច្ឆ័យសម្រេចប្រគល់ដីទំនាស់ឱ្យទៅអាជ្ញាធរភូមិជម្ពូវ័នគ្រប់គ្រងជាកម្មសិទ្ធិរួមប្រើប្រាស់ជាផលប្រយោជន៍សាធារណៈនិងហាមឃាត់មិនឱ្យអាជ្ញាធរផ្ទេរសិទ្ធិ ឬ លក់ដូរដីទំនាស់នេះឱ្យទៅអ្នកដទៃឡើយ តាមអំណាចសាលដីការដ្ឋប្បវេណីលេខ១៤១ ចុះថ្ងៃទី១១ខែកក្កដាឆ្នាំ២០០៥ ។
ថ្វីដ្បិតសំណុំរឿងក្ដីនេះត្រូវបានស្ថាប័នតុលាការវិនិច្ឆ័យសេចក្ដី សម្រេចតាមអំណាចសាលដីការដ្ឋប្បវេណីលេខ១៤១ចុះថ្ងៃទី១១ខែកក្កដាឆ្នាំ២០០៥ របស់តុលាការកំពូលជាស្ថាពររួចហើយក៏ដោយ ក៏ប៉ុន្ដែក្រោយមកតាមការផ្ដល់យោបល់របស់ឯកឧត្ដមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ប្រធានឧត្ដមក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិ និងជាទីប្រឹក្សាផ្ទាល់ “សម្ដេចតេជោសែន”នាយករដ្ឋ មន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា តាមលិខិតចុះថ្ងៃទី១៩ខែកញ្ញាឆ្នាំ ២០០៥នាំឱ្យរាជរដ្ឋាភិបាលសម្រេច ប្រគល់ដីទំនាស់ឱ្យទៅបុគ្គលឈ្មោះ កែវ ជីន កាន់កាប់ជាកម្មសិទ្ធិ ស្របច្បាប់វិញតាមស្មារតីលិខិតលេខ១៩៦៩សជណ ចុះថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០០៥ របស់ទីស្ដីការ គណៈរដ្ឋមន្ដ្រី(យោងចំណារចុះថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០០៥របស់សម្ដេចនាយករដ្ឋមន្ដ្រី) ។
ការសម្រេចរបស់រាជរដ្ឋាភិបាលដែលជាស្ថាប័ននីតិប្រតិបត្ដិតាមស្មារតីលិខិតលេខ១៩៦៩សជណ ចុះថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០០៥របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី(ប្រគល់ដីទំនាស់ឱ្យទៅបុគ្គលឈ្មោះ កែវ ជីន ជាអ្នកចាញ់ក្ដីនៅស្ថាប័នតុលាការរួចហើយបានកាន់កាប់ជាកម្មសិទ្ធិ)និងការសម្រេចរបស់ស្ថាប័នតុលាការតាមអំណាចសាល ដីការដ្ឋប្បវេណីលេខ១៤១ចុះថ្ងៃទី ១១ខែកក្កដាឆ្នាំ២០០៥របស់តុលាការកំពូល(ប្រគល់ដីទំនាស់ឱ្យទៅអាជ្ញាធរភូមិជម្ពូវ័នគ្រប់គ្រងជាកម្មសិទ្ធិរួមប្រើប្រាស់ជាផលប្រយោជន៍សាធារណៈ)មានខ្លឹមសារផ្ទុយគ្នាធ្វើឱ្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញជាមន្ដ្រីទទួលបន្ទុកអនុវត្ដន៍មិនអាចអនុវត្ដន៍សាលដីការដ្ឋប្បវេណីលេខ១៤១ចុះថ្ងៃទី១១ខែកក្កដាឆ្នាំ២០០៥ របស់តុលាការកំពូលឱ្យមានប្រសិទ្ធភាពតាមច្បាប់បានឡើយ ព្រោះមន្ដ្រីតុលាការរមែងតែងខ្លបខ្លាចនឹងអំណាច ស.ជ.ណទីស្ដីការគណៈរដ្ឋមន្ដ្រីជាងគោរពសាលក្រមឬសាលដីកា ស្ថាពររបស់ស្ថាប័នតុលាការខ្លួនឯង។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យបានលើកឡើងថា ការសម្រេចរបស់រាជរដ្ឋាភិបាលដែលជាស្ថាប័ននីតិប្រតិបត្ដិតាមស្មារតីលិខិតលេខ ១៩៦៩សជណ ចុះថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០០៥របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី គឺមានខ្លឹមសាររំលោភទៅលើការសម្រេចរបស់ស្ថាប័នតុលាការតាមអំណាចសាលដីការដ្ឋប្បវេណីលេខ១៤១ចុះថ្ងៃទី១១ខែកក្កដាឆ្នាំ២០០៥របស់តុលាការកំពូល និងជាពិសេសគឺបានរំលោភទៅលើរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃ ព្រះរាជាណាចក្រកម្ពុជានៅត្រង់មាត្រា១២៨ថ្មី វាក្យខណ្ឌទី៣ និងមាត្រា១៣០ថ្មី ដែលបានចែង ថា “អំណាចតុលាការគ្របដណ្ដប់ទៅលើរឿងក្ដីទាំងអស់ រួមទាំងរឿងក្ដីរដ្ឋបាលផង។ គ្មានអង្គការណាមួយនៃអំណាចនីតិប្បញ្ញត្ដិឬនីតិប្រតិបត្ដិ អាចទទួលអំណាចតុលាការអ្វីបានឡើយ ។”ហើយបានធ្វើឱ្យខូចខាតដល់ផលប្រយោជន៍ច្បាប់យ៉ាងធ្ងន់ធ្ងរ ។
ក្នុងនាមជាមេធាវីម្នាក់ដែលចូលរួមបម្រើវិស័យយុត្ដិធម៌ និងជាមេធាវីតំណាងដោយអាណត្ដិឱ្យអាណត្ដិទាយកឈ្មោះជៀម វិន នៅក្នុងសំណុំរឿងអនុវត្ដន៍លេខ១៨៣ចុះថ្ងៃទី០១ខែធ្នូឆ្នាំ២០០៩ របស់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១២កន្លងមក លោកមេធាវីកៅ ស៊ូផា បានធ្វើលិខិតមួយច្បាប់គោរពជូន ឯកឧត្ដមប្រធានសាលាដំបូងរាជធានីភ្នំពេញ ស្នើសុំឱ្យជួយចាត់បញ្ជូនពាក្យបណ្ដឹងរបស់ខ្លួនទៅតុលាការ កំពូល ដើម្បីឱ្យតុលាការកំពូល បញ្ជូនបណ្ដឹងបន្ដទៅក្រុមប្រឹក្សាធម្មនុញ្ញបានពិនិត្យធម្មនុញ្ញភាពនៃស្មារតីលិខិតលេខ១៩៦៩សជណ ចុះថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០០៥របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលមានខ្លឹមសារផ្ទុយ ឬ រំលោភសាលដីការដ្ឋប្បវេណីលេខ១៤១ចុះថ្ងៃទី១១ខែកក្កដាឆ្នាំ២០០៥របស់តុលាការកំពូលតាមនីតិវិធីនៃច្បាប់ ។
នៅថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០១៣ ឯកឧត្ដម ជីវ កេង ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជូនពាក្យបណ្ដឹងចុះថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០១២របស់លោកមេធាវី កៅ ស៊ូផា គោរពជូនឯកឧត្ដមប្រធានតុលាការកំពូលនិងនៅថ្ងៃទី០៦ ខែមីនាឆ្នាំ២០១៣ ឯកឧត្ដមឌិត មុន្ទី ប្រធានតុលាការកំពូលបានបញ្ជូនពាក្យបណ្ដឹងរបស់លោកមេធាវីកៅ ស៊ូផា បន្ដទៅឯកឧត្ដមប្រធានក្រុមប្រឹក្សាធម្មនុញ្ញដើម្បីពិនិត្យនិងសម្រេចតាមច្បាប់ ។
លិខិតបញ្ជូនរបស់ឯកឧត្ដមប្រធានតុលាការកំពូលបានបង្កើតជាសំណុំរឿងលេខ១៩៨/០០២/ ២០១៣ ចុះថ្ងៃទី០៧ខែមីនាឆ្នាំ២០១៣របស់ក្រុមប្រឹក្សាធម្មនុញ្ញ ។
នៅថ្ងៃទី២១ខែមីនាឆ្នាំ២០១៣ ក្រុមប្រឹក្សាធម្មនុញ្ញបានបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួន ក្រោមអធិបតីភាពរបស់ឯកឧត្ដម ឯក សំអុល ជាប្រធានដើម្បីពិភាក្សានិង សម្រេចលើសំណុំរឿងលេខ១៩៨/ ០០២/២០១៣ ចុះថ្ងៃទី០៧ខែមីនាឆ្នាំ២០១៣ស្ដីពីការពិនិត្យធម្មនុញ្ញភាព នៃស្មារតីលិខិតលេខ១៩៦៩សជណ ចុះថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០០៥របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ។
ឯកឧត្ដម ឯក សំអុល ប្រធានក្រុមប្រឹក្សាធម្មនុញ្ញបានធ្វើលិខិតផ្លូវការមួយច្បាប់លេខ០៣២/០១/ ២០១៣កបធ.សជណ ចុះថ្ងៃទី២១ ខែមីនាឆ្នាំ២០១៣ គោរពជូន ឯកឧត្ដមប្រធានតុលាការកំពូល ដោយបញ្ជាក់ថា “ក្នុងកិច្ចប្រជុំពេញអង្គនាថ្ងៃទី២១ខែមីនាឆ្នាំ២០១៣ ក្រុមប្រឹក្សាធម្មនុញ្ញបានពិនិត្យពាក្យបណ្ដឹងរបស់លោកមេធាវី កៅ ស៊ូផា រួចហើយ ។ សំណើសុំអន្ដរាគមន៍របស់ឈ្មោះ កែវ ជីនទៅទីស្ដីការគណៈរដ្ឋមន្ដ្រី ដើម្បីកាន់កាប់ដីទំនាស់ទំហំ២៤ម៉ែត្រX២៤ម៉ែត្រ ឋិតនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានធ្វើឡើងក្រោយសាលដីកាស្ថាពរលេខ ១៤១ចុះថ្ងៃទី១១ខែកក្កដាឆ្នាំ២០០៥ របស់តុលាការកំពូល ។ តាមបទប្បញ្ញត្ដិនៃវាក្យខណ្ឌទី៣មាត្រា១២៨ថ្មីនៃរដ្ឋធម្មនុញ្ញ(អំណាចតុលាការគ្របដណ្ដប់ទៅលើរឿងក្ដីទាំងអស់ រួមទាំងរឿងក្ដីរដ្ឋបាលផង)។ សាលដីកាស្ថាពររបស់តុលាការកំពូលត្រូវមានអានុភាពអនុវត្ដន៍ ។” ។
លោកមេធាវីកៅ ស៊ូផា ធ្លាប់ បានមានប្រសាសន៍ប្រាប់សារព័ត៌មានដើមត្នោតតាមទូរស័ព្ទនាពេលកន្លងមកថា ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺបានផ្ដល់នូវតម្លៃនីត្យានុកូលភាពនៃច្បាប់ហើយៗ ក៏គឺជាសារមួយបញ្ជាក់ប្រាប់ទៅស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលទទួលបន្ទុកអនុវត្ដន៍សាលដីការដ្ឋប្បវេណីលេខ ១៤១ចុះថ្ងៃទី១១ខែកក្កដាឆ្នាំ២០០៥ របស់តុលាការកំពូលនោះ កុំឱ្យមានការខ្លបខ្លាចនឹងលិខិតលេខ ១៩៦៩សជណ ចុះថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០០៥របស់ទីស្ដីការគណៈរដ្ឋមន្ដ្រីដែលមិនមានអានុភាពអនុវត្ដន៍តាមច្បាប់ ដូចសាលដីកាស្ថាពរ របស់តុលាការកំពូលនៅក្នុងសំណុំរឿងក្ដីនេះតទៅទៀត(អានសារ ព័ត៌មានដើមត្នោតលេខ១៧៥បន្ថែម) ។
អនុលោមតាមការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញដែលជាការសម្រេចបិទផ្លូវតវ៉ា បានបង្ហាញថា នៅក្នុងសំណុំរឿងក្ដីវិវាទដីធ្លីទីស្នាក់ការភូមិជម្ពូវ័ន គឺខ្លឹមសារដែលមានចែងនៅក្នុងសាលដីការដ្ឋប្បវេណីលេខ១៤១ចុះថ្ងៃទី១១ខែកក្កដាឆ្នាំ២០០៥របស់តុលាការកំពូល (ប្រគល់ដីទំនាស់ឱ្យទៅអាជ្ញាធរភូមិជម្ពូវ័នគ្រប់គ្រងជាកម្មសិទ្ធិប្រើប្រាស់ជាផលប្រយោជន៍សាធារណៈ និងហាមឃាត់មិនឱ្យអាជ្ញាធរលក់ ដូរ ផ្ទេរសិទ្ធិឱ្យទៅអ្នកដទៃ)ទើប មានអានុភាពអនុវត្ដន៍ រីឯខ្លឹមសារដែលមានចែងនៅក្នុងស្មារតីលិខិត លេខ១៩៦៩សជណចុះថ្ងៃទី២៩ខែ វិច្ឆិកាឆ្នាំ២០០៥របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី (ប្រគល់ដីទំនាស់ឱ្យទៅឈ្មោះកែវ ជីន ដែលជាអ្នកធ្លាប់ចាញ់ក្ដីជាស្ថាពរនៅស្ថាប័នតុលាការរួចហើយគ្រប់គ្រង កាន់កាប់ជាកម្មសិទ្ធិ)មិនមានអានុភាពអនុវត្ដន៍តាមច្បាប់ឡើយ ។ លើសពីនេះក៏ បានឆ្លុះបញ្ចាំងឱ្យឃើញដែរថា ឯកឧត្ដមបណ្ឌិតអូន ព័ន្ធមុនីរ័ត្ន គឺជាមេខ្លោងផ្ដល់យោបល់ឱ្យសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា“ធ្វើចំណារឯកភាព”និងនាំឱ្យមានការចេញលិខិត ស.ជ.ណទីស្ដីការគណៈរដ្ឋមន្ដ្រីរំលោភបំពានច្បាប់ទាំងកំរោល ៕
ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ដ៏មានឥទ្ធិពល