ថ្ងៃ សុក្រ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០២១

សូម​ចូលរួម​ទាំងអស់​គ្នា​ដើម្បី​ការពារ​និង​អភិរក្ស​ដើម​ត្នោត

​​​ដើម​ត្នោត​ត្រូវ​បាន​ចាត់ទុកជា​ប្រភេទ​រុក្ខជាតិ​និមិត្ដរូប​ជាតិ​តាម​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៣០៥/​១៤៩​ចុះ​ថ្ងៃ​ទី​២១​ខែមីនា​ឆ្នាំ​២០០៥​ ស្ដី​ពី​ការ​កំណត់​ប្រភេទ​សត្វ​ និង​រុក្ខ​ជាតិ​ សម្រាប់​និមិត្ដរូប​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​ ក្នុង​គោលបំណង​រក្សា​នូវ​កេរដំណែល​នៃ​មរតក​ធម្ម​ជាតិ​នេះ​ឱ្យ​បាន​គង់វង្ស​ជា​និរន្ដរ៍​ ។​

​បន្ទាប់​មក​ រាជរដ្ឋាភិបាល​បាន​ចេញ​បទបញ្ជា​មួយ​លេខ​០៥​បប​ ចុះ​ថ្ងៃ​ទី​១៥​ខែវិច្ឆិកា​ឆ្នាំ​២០០៦​ ស្ដី​ពី​វិធានការ​ការពារ​និង​អភិរក្ស​ដើម​ត្នោត​ ដើម្បី​ធានា​បាន​នូវ​ការ​គ្រប់​ គ្រង​និង​ការ​ប្រើប្រាស់​ដើម​ត្នោត​ ប្រកបដោយ​និរន្ដរភាព​ ទោះជា​ក្នុង​រូបភាព​ឯកជន​ គ្រួសារ​ សមូហ​ភាព​ ឬ​សាធារណៈ​ក្ដី​ និង​ដើម្បី​រក្សា​បាន​នូវ​ផលប្រយោជន៍​សង្គម​​សេដ្ឋកិច្ច​ បរិស្ថាន​ និង​វប្បធម៌​របស់​ប្រទេស​ជាតិ​ ។​

​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​នៅ​ត្រង់​ចំណុច​ទី​៦​និង​ចំណុច​ទី​៧​ បាន​ចែង​ថា​ “​ប្រជាពលរដ្ឋ​គ្រប់​រូប​ត្រូវ​ចូលរួម​ថែរក្សា​ការពារ​ អភិរក្ស​និង​ត្រូវ​ចូលរួម​ដាំ​ដើម​ត្នោត​នៅ​លើ​ដី​កម្មសិទ្ធិ​របស់​ខ្លួន​ ។​ កម្ម​សិទ្ធិករ​ដើម​ត្នោត​ត្រូវ​បាន​រក្សា​សិទ្ធិ​ក្នុង​ការ​ប្រើប្រាស់​ដើម​ត្នោត​ និង​ផលិតផល​ពី​ដើម​ត្នោត​របស់​ខ្លួន​ប្រកបដោយ​និរន្ដរភាព​ ។​”​ ។​

​ទោះបី​មាន​បទបញ្ជា​របស់​រាជ​រដ្ឋាភិបាល​ដូច្នេះ​ក៏​ដោយ​ ក៏​តាម​ការ​កត់សម្គាល់​ជាក់ស្ដែង​ គឺ​ប្រជា​កសិករ​ខ្លះ​ ឬ​អាជីវករ​ខ្លះ​យល់​ឃើញ​ថា​ ដើម​ត្នោត​បាន​ដុះ​ក្នុ​បរិវេណ​ដី​កម្មសិទ្ធិ​របស់​ខ្លួន​ ខ្លួន​មាន​សិទ្ធិ​ប្រើ​ប្រាស់​ និង​លក់​​ ដូរ​ទៅ​តាម​តម្រូវ​ការ​ ដោយ​មិន​បាន​ពិចារណា​ថា​ ដើម​ត្នោត​ជា​រុក្ខជាតិ​ដែល​ផ្ដល់​អត្ថ​ប្រយោជន៍​ច្រើន​យ៉ាង​ យូរអង្វែង​សម្រាប់​ជីវភាព​រស់នៅ​របស់​ខ្លួន​ជា​រុក្ខជាតិ​តំណាង​ឱ្យ​និមិត្ដរូប​ជាតិ​ និង​តំណាង​ឱ្យ​វប្ប​ធម្ម​ខ្មែរ​ដូច​មាន​ ចម្លាក់​នៅ​លើ​ជញ្ជាំង​អង្គរវត្ដ​ជា​សក្ខីភាព​ស្រាប់​ និង​មិន​ដែល​នឹក​ស្មានថា​ កេរ​មរតក​ធម្មជាតិ​នេះ​អាច​ឈាន​ទៅ​រក​ការ​ផុត​ពូជ​ពី​ទឹក​ដី​យើង​ ក៏​ដូច​ជា​ធ្វើ​ឱ្យ​បាត់បង់​អត្ដ​សញ្ញាណ​វប្បធម៌​ អារ្យធម៌​ និង​ប្រវត្ដិសាស្ដ្រ​ធម្មជាតិ​របស់​ជាតិ​ឡើយ​ ។​

​ព័ស្ដុតាង​បាន​បង្ហាញ​ថា​ ដើម​ត្នោត​ទាំង​ចាស់​ទាំង​ខ្ចី​ត្រូវ​បាន​គេ​កាប់​បំផ្លាញ​យ៉ាង​រង្គាល​នៅ​ភូមិ​អូរ​រូង​ និង​ភូមិ​ស្វាយ​ក្រោម​ ឃុំ​តា​ជេស​ ស្រុក​កំពង់ត្រឡាច​ ខេត្ដ​កំពង់ឆ្នាំង​ ដើម្បី​យក​ដីធ្លី​បម្រើ​ឱ្យ​ផលប្រយោជន៍​ផ្សេង​ទៀត​ ដោយ​គ្មាន​ការ​ស្ដាយស្រណោះ​ដល់​ដើម​ត្នោត​ទាំងនោះ​បន្ដិច​សោះ​ ។​

​បំណង​ល្អ​ពី​សារព័ត៌មាន​ដើម​ត្នោត​សូម​សំណូមពរ​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​ មេត្ដា​ចូលរួម​ការពារ​ និង​អភិរក្ស​ដើម​ត្នោត​ដែល​ជា​និ​មិត្ដ​រូប​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​បាន​គង់វង្ស​ជា​និរន្ដរ៍​ ៕​

DSCN2325 DSCN2326

ទិដ្ឋភាពដើមត្នោតត្រូវបានគេកាប់បំផ្លាញយ៉ាងរង្គាលនៅឃុំតាជេសស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.