សាលាដំបូងរាជធានីភ្នំពេញដែលមានលោកស្រី ចាំង ស៊ីណាត ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ, លោកស្រីសែម សក្ដិកូឡា និង លោកលាង សំណាត់ ជាចៅក្រមប្រឹក្សាបានប្រកាសសាលក្រម កាលពីថ្ងៃទី០១ខែមេសាឆ្នាំ២០១៣ កន្លងទៅនេះ ដោយសម្រេចឱ្យ ជនជាប់ចោទជាជនជាតិចិនម្នាក់ឈ្មោះ ហ៊ី មីងឆាយ (He Ming Chai )ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរមេការត្រួតពិនិត្យនៅរោងចក្រកាត់ដេរអ៊ីស៊ាង បានរួចផុតពីការចោទប្រកាន់ក្នុងបទសមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុនទៅលើជនជាតិចិនដូចគ្នាឈ្មោះ zou Jian Chang ប្រព្រឹត្ដនៅបន្ទប់លេខ៨០៥ជាន់ទី៨នៃសណ្ឋាគារណាហ្គាវើល ឋិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១០តាមសាលក្រមព្រហ្មទណ្ឌលេខ១៨កប៥ ចុះថ្ងៃទី០១ខែមេសាឆ្នាំ២០១៣ ។ ស្របពេលនឹងការសម្រេចឱ្យជនជាប់ចោទឈ្មោះ He Ming Chai បានរួចផុតពីបទចោទប្រកាន់នេះដែរ ក្រុមប្រឹក្សាជំនុំជម្រះបានសម្រេចកែប្រែបទចោទប្រកាន់លើឈ្មោះWu Wen Hsiang ហៅ ជែ ជាជនជាតិចិន ពីបទឃាតកម្មគិតទុកជាមុន ទៅជាបទមនុស្សឃាតដោយចេតនាវិញនិងផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល១៣ឆ្នាំ, កែប្រែបទចោទប្រកាន់លើឈ្មោះ Qian Yue Fei ជាជនជាតិចិន ពីបទឃាតកម្មគិតទុកជាមុន ទៅជាបទសមគំនិតក្នុងអំពើមនុស្សឃាតដោយចេតនាវិញ និងផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល១១ឆ្នាំ និងកែប្រែបទចោទប្រកាន់លើឈ្មោះ សយ សារិន ជាជនជាតិខ្មែរ ពីបទសមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន ទៅជាបទសមគំនិតក្នុងអំពើមនុស្សឃាតដោយចេតនាវិញ និងផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ រយៈពេល១១ឆ្នាំ ។ លើសពីនេះ តុលាការក៏បានសម្រេចបង្គាប់ឱ្យជនជាប់ចោទឈ្មោះWu Wen Hsiang ហៅជែ,ឈ្មោះ Qian Yue Fei និងឈ្មោះ សយ សារិន រួមគ្នាសងសំណងរដ្ឋប្បវេណីចំនួន៥០លានរៀលឱ្យដើមបណ្ដឹងរដ្ឋប្បវេណីឈ្មោះ Cao Huiling និងចេញដីកាបង្គាប់ឱ្យចាប់ខ្ល្ញួនឈ្មោះ សយ សារិន ។
លោកមេធាវីកៅ ស៊ូផា ជាមេធាវីការពារក្ដីឱ្យឈ្មោះHe Ming Chai បានមានប្រសាសន៍ប្រាប់សារព័ត៌មានដើមត្នោតតាមទូរស័ព្ទនាថ្ងៃសុក្រទី០៥ខែមេសាឆ្នាំ២០១៣ នេះថា ការសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះដែលឱ្យកូនក្ដីរបស់លោកឈ្មោះHe Ming Chai បានរួចផុតពីបទចោទប្រកាន់ គឺជាការត្រឹមត្រូវហើយៗក៏មានន័យថា ការកាត់ក្ដីមានយុត្ដិធម៌ដែរ ពីព្រោះក្នុងសំណុំរឿងនេះ គឺមិនមានព័ស្ដុតាងដាក់បន្ទុកទាល់តែសោះទៅលើឈ្មោះHe Ming Chai ឱ្យមានពិរុទ្ធពីបទសមគំនិតក្នុងអំពើឃាតកម្មនោះទេ ។ ប៉ុន្ដែលោកមានការសោកស្ដាយ គឺទំរាំកូនក្ដីលោកឈ្មោះHe Ming Chai ទទួលបានយុត្ដិធម៌វិញ ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារទាំងអយុត្ដិធម៌អស់រយៈពេលជាង២ឆ្នាំមកហើយ ខណៈដែលជនជាប់ចោទឯទៀតរត់គេចខ្លួនអស់ ។
បុរសឈ្មោះHe Ming Chai ជាជនជាតិចិនត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១០ និងត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារនាថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១០ ក្រោមការចោទប្រកាន់ពីបទសមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុនទៅលើឈ្មោះZou Jian Chang ប្រព្រឹត្ដនៅបន្ទប់លេខ៨០៥ ជាន់ទី៨នៃសណ្ឋាគារណាហ្គាវើល ឋិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០១០ ដែលការចោទប្រកាន់នេះត្រូវបានមជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យធ្វើការរិះគន់ថា ជាការចោទប្រកាន់ដោយអយុត្ដិធម៌ គ្មានព័ស្ដុតាង(អានសារព័ត៌មានដើមត្នោតលេខ១៧៥បន្ថែម) ៕